ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​រដ្ឋសភា​អាមេរិក​លោក McCarthyនឹង​ជួប​ពិភាក្សា​ជាមួយ​លោក​ស្រី​ប្រធានាធិបតី​កោះ​តៃវ៉ាន់


រូប​ឯកសារ៖ ប្រធានាធិបតី​កោះ​តៃវ៉ាន់​លោក​ស្រី Tsai Ing-wen ចាកចេញ​ពី​សណ្ឋាគារ Lotte Hotel នៅ​សង្កាត់ Manhattan នៅ​ក្រុង New York សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២៣។
រូប​ឯកសារ៖ ប្រធានាធិបតី​កោះ​តៃវ៉ាន់​លោក​ស្រី Tsai Ing-wen ចាកចេញ​ពី​សណ្ឋាគារ Lotte Hotel នៅ​សង្កាត់ Manhattan នៅ​ក្រុង New York សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២៣។

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​លោក Kevin McCarthy​ មាន​គម្រោង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួប​នៅថ្ងៃ​ពុធ​នេះ​ជាមួយ​ប្រធានាធិបតី​កោះ​តៃវ៉ាន់​លោក​ស្រី Tsai Ing-wen នៅ​រដ្ឋCalifornia។

ការពិភាក្សា​ដែល​គ្រោង​ទុក​បាន​ជំរុញ​ឱ្យ​មាន​ការជំទាស់​ប្រឆាំង​ពី​ប្រទេស​ចិន​និង​ការគំរាម​កំហែងការ​ចាត់​វិធានការ​តបត​វិញ។

កាលពី​ឆ្នាំ​មុន លោក​ស្រី Tsai បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ទទួល​ដែល​កាលនោះ​គឺ​លោក​ស្រី Nancy Pelosi ​ប្រធាន​រដ្ឋសភា​នៅ​កោះ​តៃវ៉ាន់ ​ហើយ​ចិន​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​កាំភ្លើង​ពិតៗ​ដ៏​ធំ​បំផុត​របស់​ខ្លួន​ដែល​មិនធ្លាប់​មាន​ក្នុងប៉ុន្មាន​ទសវត្សរ៍​នៅ​ជុំវិញ​កោះ​តៃវ៉ាន់។

ចិន​បាន​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ទឹកដី​របស់​ខ្លួន​ផ្ទាល់ ហើយ​ស្ថានកុងស៊ុល​របស់​ចិននៅ​ក្នុង​ទីក្រុង Los Angeles បាន​និយាយ​មុន​ជំនួប​នៅ​ថ្ងៃ​ពុធ​នេះ​ថា​លោក​ស្រី Tsai ធ្វើ​ការចរចា​ដូច​នេះ​ដើម្បី​
«ជា​ការសម្តែងនយោបាយ»។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី Tsai ​ទៅកាន់​រដ្ឋ California​ កើត​មាន​ឡើង​បន្ទាប់ពី​ការ​ឈប់​សំចត​នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន​ជា​ទីកន្លែង​ដែល​លោក​ស្រី​បាន​ទៅ​បំពេញ​ទស្សនកិច្ចប្រទេស​មួយ​ចំនួន​តូច​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កោះ​តៃវ៉ាន់​ដូចជា​ប្រទេស​បេលី ​និង​ហ្គាតេម៉ាឡា។ ប្រទេស​ហុងឌុយរ៉ាស់​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ប្រកាស​ថា​ខ្លួន​បាន​កាត់ផ្តាច់​ចំណង​ទាក់ទង​ជាមួយ​កោះ​តៃវ៉ាន់​ទៅ​គាំទ្រចិន​វិញ។

លោក Jerome Cohen​ ជា​សាស្ត្រាចារ្យ​ចូល​និវត្តន៍​នៅឯ​សាលា​ច្បាប់នៅ​សាកលវិទ្យាល័យ New York ​បាន​ប្រាប់​វីអូអេ​ថា​ ដោយ​មាន​ជំនួប​របស់​លោក McCarthy​ នៅ​ក្នុង​រដ្ឋ California ​លោក​ស្រី Tsai បាន​ទទួល​ផ្នែក​ការទូត​ច្រើន​ជាង​លោក McCarthyនៅ​តៃវ៉ាន់​ហើយ​នឹង​ធ្វើ​ឱ្យ​មាន​ការឆ្លើយ​តប​យ៉ាង​ខ្លាំង​ដូច​ដែល​ចិន​បាន​ធ្វើ​ដល់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី Pelosi។

លោក Cohen បាន​ប្រាប់​វីអូអេ​ផ្សាយ​ជា​ភាសា​ចិន​កុកងឺ​ថា៖ «មិន​ត្រូវ​មាន​ប្រតិកម្ម​ខ្លាំង​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទេ។ ការណ៍​នេះ​ធ្វើ​ឱ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ហាក់ដូច​កាន់តែ​អាក្រក់​ឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គួរ​តែព្យាយាម​ធ្វើ​ឱ្យ​ទំនាក់​ទំនង​កាន់តែ​ប្រសើរ​ឡើង»។

លោក Robert Ross ជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅឯ​មហា​វិទ្យាល័យ Boston បាន​ប្រាប់​វីអូអេ​ផ្សាយ​ជា​ភាសា​ចិន​កុក​ងឺ​ថា​ជំនួប​នៅ​ថ្ងៃ​ពុធ​នេះ​មិន​ចាំបាច់​តែ​ទទួល​បានលទ្ធផល​ជាក់លាក់​អ្វីនោះ​ទេ។

លោក Ross បាន​និយាយ​ទៀត​ថា៖ «ចំពោះ​លោក​ស្រី​ប្រធានាធិបតី Tsai Ing-wen ជំនួប​នេះ​គឺ​អំពី​ការបង្កើត​វត្តមាន​នៅ​ក្នុង​ពិភពលោក ​បង្កើត​វត្តមាន​របស់​លោក​ស្រី​ជា​មេដឹកនាំ​តៃវ៉ាន់​ហើយ​នឹង​ការជោគជ័យ​របស់​លោក​ស្រី​នៅ​ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​អាមេរិក។ ចំពោះ​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​វិញ គោល​បំណង​របស់​លោក​គឺ​បង្កើត​កេរ្តិ៍ឈ្មោះ​ថា​ជា​អ្នក​គាំទ្រ​កោះ​តៃវ៉ាន់​ហើយ​នឹង​ជា​មនុស្ស​ម្នាក់​ដែល​ជំទាស់​ប្រឆាំង​ចិន។

ជំនួប​ជាមួយ​លោក​ស្រី​ប្រធានាធិបតី​តៃវ៉ាន់​អនុញ្ញាត​ឱ្យ​លោក McCarthy​និយាយ​ថា៖​ «ខ្ញុំ​កំពុង​ក្រោកឈរ​ប្រឆាំង​នឹង​ចិន។ ពួកគេ​មិន​ចង់​ឱ្យ​ខ្ញុំ​ធ្វើ​ដូច្នេះ​ទេ ​ក៏ប៉ុន្តែ ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​ខ្ញុំ​ត្រូវ​តែ​ធ្វើ»៕

វីអូអេ​ផ្សាយ​ជា​ភាសា​ចិន​កុកងឺ​ផ្តល់​ព័ត៌មាន​ខ្លះ​ដល់​សេចក្តី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFPនិង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

XS
SM
MD
LG