ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​បោះឆ្នោត​ជំទាស់​នឹង​ការ​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ក្នុង​រដ្ឋ Arizona


សមាជិករដ្ឋសភាទះដៃ ខណៈសមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ California លោក Kevin McCarthy ថ្លែងនៅក្នុងអង្គសម័យប្រជុំពេញអង្គក្នុងដំណើរការបញ្ជាក់ជាផ្លូវការលើលទ្ធផលនៃការបោះឆ្នោតរបស់អង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
សមាជិករដ្ឋសភាទះដៃ ខណៈសមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ California លោក Kevin McCarthy ថ្លែងនៅក្នុងអង្គសម័យប្រជុំពេញអង្គក្នុងដំណើរការបញ្ជាក់ជាផ្លូវការលើលទ្ធផលនៃការបោះឆ្នោតរបស់អង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

នៅ​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា​សហរដ្ឋ​អាមេរិក នា​យប់​ថ្ងៃ​ពុធ​ សមាជិក​រដ្ឋ​សភា​បាន​បោះឆ្នោតជំទាស់​ដោយ​សំឡេង ៣០៣ ទល់​នឹង​ ១២១ ទៅ​នឹង​ការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​រដ្ឋ Arizona ដែល​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Joe Biden បាន​ឈ្នះ។ នេះ​មាន​ន័យ​ថា លោក Biden នៅ​តែ​រក្សា​ជ័យជម្នះ​របស់​លោក ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​ក្នុង​រដ្ឋ​នេះ។ នេះ​បើ​យោងតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

នៅ​មុន​រដ្ឋ​សភា​និង​ព្រឹទ្ធសភា​បន្ត​សម័យ​ប្រជុំ​ពេញ​អង្គ​នេះ ក្រុម​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ​បាន​ឡោមព័ទ្ធ​វិមានសភា​នេះ​ ហើយ​អ្នក​ខ្លះ​បាន​សម្រុក​ចូល​ក្នុង​វិមាន​សភា ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​បញ្ជាក់​ជា​ផ្លូវការ​របស់​សភា​ទាំង​ពីរ​ថ្នាក់​ទៅ​លើ​ជ័យជម្នះ​របស់​លោក Joe Biden​ នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី។

លោក​ប្រធានាធិបតី Trump បាន​អះអាង​ដោយ​គ្មាន​ភស្តុតាង​ថា មាន​ការ​លួច​បន្លំ​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ដែល​លទ្ធផល​បាន​បង្ហាញ​ថា លោក​បាន​ចាញ់​លោក Biden បើ​ទោះបីជា​មន្ត្រី​បោះឆ្នោត​បាន​អះអាង​ថា គ្មានការ​លួច​បន្លំ​ក្តី។

បន្ទាប់​ពី​ការ​បោះឆ្នោត​ជំទាស់​នឹង​ការ​ប្រឆាំង​តវ៉ា​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្នុង​រដ្ឋ Arizona សភា​ទាំង​ពីរ​ថ្នាក់​ នឹង​បន្ត​អង្គ​សម័យ​ប្រជុំ​ពេញ​ទៀត​ ដើម្បី​បញ្ជាក់ជាផ្លូវការលើលទ្ធផលនៃការបោះឆ្នោតរបស់អង្គបោះឆ្នោតក្នុង​រដ្ឋ​ដទៃ​ទៀត ដែលមានការ​តវ៉ា​ប្រឆាំង៕

XS
SM
MD
LG