ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ចង់​បាន​ភស្តុតាង​សញ្ជាតិ​អាមេរិកាំង​​ដើម្បី​បោះឆ្នោត


ប្រធានសភាអាមេរិកលោក Mike Johnson (R-LA) សម្លឹងមើលអំឡុងពេលសន្និសីទសារព័ត៌មានរបស់សមាជិកសភាមកពីគណបក្សសាធារណរដ្ឋនៅវិមាន Capitol Hill ក្នុងរដ្ឋធានី Washington សហរដ្ឋអាមេរិក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
ប្រធានសភាអាមេរិកលោក Mike Johnson (R-LA) សម្លឹងមើលអំឡុងពេលសន្និសីទសារព័ត៌មានរបស់សមាជិកសភាមកពីគណបក្សសាធារណរដ្ឋនៅវិមាន Capitol Hill ក្នុងរដ្ឋធានី Washington សហរដ្ឋអាមេរិក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

សមាជិក​សភា​សហរដ្ឋ​អាមេរិក ​កាលពី​ថ្ងៃពុធ​នេះ ​ប្រុងប្រៀប​បោះឆ្នោត​លើ​ការតម្រូវ​ឱ្យ​បង្ហាញ​ភស្តុតាង​សញ្ជាតិ​អាមេរិកាំង​ ​សម្រាប់​ការចុះ​ឈ្មោះ​បោះឆ្នោត។ នេះ​ជា​សំណើ​មួយ​របស់​គណបក្ស​សាធារណរដ្ឋ ​ចាត់ទុក​ថា​ជា​អាទិភាព​ សម្រាប់​ការជជែក​ដេញដោល​គ្នា ​នៅឆ្នាំ​បោះឆ្នោត ​ទោះជា​ការស្រាវជ្រាវ ​បង្ហាញ​ថា​ការចុះឈ្មោះ​ និង​ការបោះឆ្នោត​ដោយ​ខុសច្បាប់​របស់​អ្នកគ្មាន​សញ្ជាតិ​អាមេរិកាំង​ នៅក្នុង​ការបោះឆ្នោត​សហព័ន្ធ ​ជារឿង​ដែល​កម្រ​កើតឡើង​ក៏ដោយ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។​

ទោះជា​សេចក្តី​ព្រាង​ច្បាប់​នេះ​ទទួល​បាន​ការអនុម័ត​ពី​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​ក៏ដោយ ​ក៏​សេចក្តី​ព្រាង​ច្បាប់​នេះ​មិនងាយ​ឆ្លងកាត់​ព្រឹទ្ធសភា ដែល​គណបក្ស​ប្រជាធិបតេយ្យ ​មាន​សំឡេង​ភាគច្រើន​ទេ។

រដ្ឋបាល​លោក Biden​ ក៏​បាន​និយាយ​ដែរ​ថា ​នឹង​ប្រឆាំង​ជំទាស់​យ៉ាងខ្លាំង ​ពីព្រោះ​ថា​មាន​វិធានការ​រួចស្រេច​អស់​ហើយ ​ដើម្បី​បញ្ជាក់​ថា​អ្នកបោះឆ្នោតមាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​ពិតប្រាកដ​ ហើយ​មាន​ច្បាប់​ប្រឆាំង​ទប់ទល់​នឹង​អ្នក​អត់​សញ្ជាតិ​ដែល​ព្យាយាម​បោះឆ្នោត។

ទោះជាយ៉ាងណា​ក៏ដោយ ​ការបោះឆ្នោត​របស់​រដ្ឋសភា ​នឹង​ផ្តល់ជូន​គណបក្ស​សាធារណ​រដ្ឋនូវ​ឱកាស​មួយ ​ដើម្បី​ធ្វើឱ្យ​មាន​ការចាប់អារម្មណ៍​ទៅលើ​បញ្ហា​ចម្បង​ ២​របស់​គណបក្ស ​នៅក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​នៅឆ្នាំ​នេះ ​គឺ​បញ្ហា​ព្រំដែន​ និង​បញ្ហា​សន្តិសុខ។

គណបក្ស​សាធារណ​រដ្ឋ ​ថែម​ទាំង​ប្រើប្រាស់​ការប្រឆាំង​ជំទាស់​របស់​គណបក្ស​ប្រជាធិបតេយ្យ ​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​នេះ​ជា​អាវុធ​សម្រាប់​ការអះអាង​របស់​លោក​អតីត​ប្រធានាធិបតី ​Donald Trump ​ដែល​ថា ​បក្ស​ប្រជាធិបតេយ្យ​បាន​លើក​ទឹកចិត្ត​ឱ្យ​មាន​ការកើនឡើង​នៃ​ជនចំណាក​ស្រុក ​ដើម្បី​អនុញ្ញាត​ឱ្យ​ពួកគេ​ចុះឈ្មោះ​និង​បោះឆ្នោត ​ដែល​ជា​រឿង​ខុសច្បាប់។

អ្នកគ្មាន​សញ្ជាតិ​អាមេរិក​មិនត្រូវ​បាន​អនុញ្ញាត​ឱ្យ​បោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​សហព័ន្ធ​ទេ ​ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​បោះឆ្នោត​ក្នុង​រដ្ឋ​ទាំងមូល​ដែរ។

ប្រធាន​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ ​លោក Mike Johnson ​ដែល​ជា​អ្នកគាំទ្រ​សំខាន់​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ ​បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​មួយ​ កាលពី​ដើម​សប្តាហ៍​នេះ​ថា ​ការជំទាស់​របស់​គណបក្ស​ប្រជាធិបតេយ្យ ​មាន​ន័យ​ថា​ បក្ស​ប្រជាធិបតេយ្យ ​«ចង់​ឱ្យ​អ្នករស់នៅ​ខុស​ច្បាប់​ ចូលរួម​នៅក្នុង​ការបោះឆ្នោត ​ចង់​ឱ្យ​ពួកគេ​បោះឆ្នោត‍»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG