វ៉ាស៊ីនតោន៖ ក្រុមជនរងគ្រោះអន្ទះសារចង់បានយុត្តិធម៌ឆាប់នៅពេលតុលាការកាត់ទោសខ្មែរក្រហមកំពុងជួបប្រទះរឿងខ្វះថវិកានិងការស្លាប់របស់ជនជាប់ចោទអៀង សារី ដោយព្រមានថា ប្រសិនបើគ្មានការកាត់ទោសជនជាប់ចោទទាក់ទងនឹងការសម្លាប់មនុស្សជាងមួយលាននាក់ទេ ប្រជាជនខ្មែរជាជនរងគ្រោះលែងមានសង្ឃឹមលើវិស័យច្បាប់ទៀតហើយ។ នេះជាការអះអាងរបស់លោក ស៊ុំ រិទ្ធី អ្នករួចជីវិតម្នាក់ពីរបបខ្មែរក្រហមហើយជាដើមបណ្តឹងរដ្ឋប្បវេណីដែលបានថ្លែងក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃព្រហស្បតិ៍ទី២៥ខែមេសាឆ្នាំ២០១៣។
ដោយឡែកក្នុងកម្មវិធីហេឡូវីអូអេនោះដែរ កញ្ញា សេង ធារី ជាជនរងគ្រោះម្នាក់ ទៀតដែលដកពាក្យប្តឹងដោយសារមិនជឿលើតុលាការថ្លែងថា អាចរកយុត្តិធម៌ បានសម្រាប់នាងទេ។ កញ្ញា សេង ធារី បានបញ្ជាក់ថា អ្វីដែលតុលាការបានធ្វើ នៅពេលនេះមិនអាចផ្តល់ព័ត៌មានដល់ជនរងគ្រោះដូចការផ្តល់ព័ត៌មានពិត របស់វីអូអេទេ។ កញ្ញា សេង ធារី ចាត់ទុកថា តុលាការនេះជាថ្លុកល្ខោននិងជា វេទិកានយោបាយហើយកាន់តែធ្វើឲ្យនាងឈឺចាប់កាន់តែខ្លាំងថែមទៀត៕
តើអ្នកមានក្តីសង្ឃឹមកម្រិតណាដែរចំពោះយុត្តិធម៌ដែលនឹងផ្តល់ឲ្យដោយតុលាការខ្មែរក្រហម?