ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធសាស្ត្រ​បញ្ចប់​តុលាការ​ខ្មែរក្រហម​ត្រូវ​គិត​ឲ្យ​ល្អិតល្អន់​​


សាលាក្តី​កាត់ទោស​ខ្មែរក្រហម
សាលាក្តី​កាត់ទោស​ខ្មែរក្រហម
​វ៉ាស៊ីន​តោន៖ ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា​ យុទ្ធសាស្ត្រ​បញ្ចប់​តុលាការ​កាត់ទោស​ពួក​អតីត​ មេ​ដឹកនាំ​ខ្មែរក្រហម​ជារឿង​ដែលត្រូវ​គិតគូរ​ឲ្យបាន​ល្អិតល្អន់។​ លោក​សុខ ខេមរា​នៃ​វីអូអេរាយការណ៍​ពីរដ្ឋធានី​វ៉ាស៊ីន​តោន​ថា​ ក្រុម​អ្នក​ឃ្លាំមើល​ខ្លះ​ក្នុង​ប្រទេស​ អាមេរិក​ព្រមាន​ជាមុន​ថា ​អ.ស.ប.​ ​កម្ពុជា​និង​តុលាការ​គួរ​ប្រយ័ត្ន​ប្រយែង​អំពី​កេរ​តំណែល​សាលាក្តី​ដែល​កើត​ចេញ​ពីការ​ស្វែងរក​យុត្តិធម៌​ដែល​គេ​ទន្ទឹង​រង់ចាំ​ ជាង​បី​ទស​វត្យរ៍​នេះ។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​បាន​ញ៉ាំញី​ដោយ​ការ​ចោទ​ប្រកាន់​រឿង​ពុករលួយ​ និង​រឿង​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ដែល​គេ​គិត​ថា ​ជា​ការ​បង្អាក់​ដំណើរការ​កាត់​ ទោស​នេះ។​ តុលាការ​នេះ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ថវិកា​ បញ្ហា​អាយុ​ចាស់​ជរា​ របស់​ជនជាប់​ចោទ​ និង​បញ្ហា​យឺតយ៉ាវ​ក្នុង​ដំណើរការ​កាត់ទោស​ដែល​មិន​ទាន់​ បាន​កាត់ទោស​ឧក្រិដ្ឋ​កម្ម​សំខាន់ៗ​ ហើយនឹង​ការស្លាប់​របស់​ជន​ជាប់​ចោទសំខា ន់ម្នាក់​គឺ​អៀងសារី​ ជាបង​ធំ​ទី៣​នៃ​របប​ខ្មែរក្រហម​កាលពី​ថ្ងៃ​១៤​មិនា។​ បញ្ហា​ស្មុគ្រស្មាញ​ជា​សម្ពាធ​ចុងក្រោយ​ទាំង​នេះ​ជារឿង​ដែល​អ.ស.ប.​ កម្ពុជា​ហើយ​នឹង​ តុលាការ​ត្រូវ​គិតគូរ​ពី​គម្រោង​ការ​បញ្ចប់​បេសក​កម្ម​របស់ខ្លួន​ដ៏​ប្រសើរ​មួយ​ សម្រាប់​កេរ​តំណែល​ផង​និង​ដើម្បី​ការ​ស្វះស្វែង​រក​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ​ ១លាន​៧សែន​នាក់​ដែលត្រូវ​ក្រុម​ខ្មែរក្រហម​កាប់​សម្លាប់​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​ ផង​ដែរ។​ ​

លោកស្រី ​នូស្ស៊ីន ​សាការាទី ​(Nushin Sarkarati ) ​មន្ត្រី​ច្បាប់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​របស់​ស.រ.អា ​Center​ for ​Justice and ​Accountability ​បាន​ថ្លែង​ថា៖​

«មាន​ភស្តុតាង​កាន់តែ​បង្ហាញ​ខ្លាំង​ឡើង​ថា​ តុលាការ​ខ្មែរក្រហម​មិន​ចង់​ចាប់ផ្តើម​ ដំណើរ​ការ​កាត់​ទោស​បទឧក្រិដ្ឋ​កម្ម​ដ៏ឃោរឃៅ​ដែល​ក្រុម​មេដឹកនាំ​ខ្មែរក្រហម​ ដែល​កំពុង​មាន​ជីវិត​សព្វថ្ងៃ​បាន​ប្រព្រឹត្ត​នៅ​ក្នុង​របប​ខ្មែរក្រហម​នោះ​ទេ។ ​ដូច្នេះ​ តុលាការ​គួរត្រូវ​បង្កើត​គម្រោង​បញ្ចប់​មួយ​ដែល​នឹង​បង្កើន​កេរតំណែល​របស់​ខ្លួន​ ហើយ​ផ្តល់​វិធាន​ការ​ខ្លះ​ដើម្បី​ប៉ះប៉ូវ​ទៅ​ដល់​ជន​រងគ្រោះ»។​

លោកស្រី​បាន​បន្ថែម​ថា​ តុលាការ​គួរ​បង្កើត​កន្លែង​រក្សា​ទុក​ឯកសារ​ជាប្រវត្តិ​សាស្ត្រ​មួយ​សម្រាប់​ឯកសារ​នានា​ចំពោះ​សំណុំ​រឿង​ទាំង​ឡាយ​ហើយ​នឹង​ការ​ រក្សា​សក្ខី​កម្ម​សាក្សី​ដើម​បណ្តឹង​រដ្ឋប្បវេណី​និង​ក្រុម​អ្នក​ជំនាញ​ដែល​បាន​សួរ​ ដេញ​ដោល​ ឬ​ធ្វើ​សក្ខី​កម្ម​ក្នុង​តុលាការ។

«កន្លែង​រក្សា​ទុក​ឯកសារ​ដែល​ងាយ​ចូល​បើក​មើល​នឹងផ្តល់​ឱកាស​ដល់អ្នក​រួច​ ជីវិត​និង​សាធារណជន​ក្នុង​ការ​ស្វែង​រក​ការណ៍​ពិត​ដោយខ្លួន​ឯង ​បើទោះបី​ជា​គ្មាន​ ការ​វិនិច្ឆ័យ​ទោស​ក្តី»។​

លោក​បណ្ឌិត​ចន ស៊ីយ៉ូស៊ីយ៉ារី ​(John Ciorciari) ​សាស្ត្រាចារ្យ​ផ្នែក​គោល​នយោ បាយ​សាធារណៈ ​Gerald Ford School ​of Public Policy​ នៃ​សាកល​វិទ្យាល័យ​ University of Michigan​ ថ្លែង​ថា​ សំណុំ​រឿង​០០២ជា​សំណុំ​រឿង​ដ៏​សំខាន់​ណាស់​ ដើម្បី​ឲ្យ​បាន​ដឹង​ថា ​តើ​របប​ខ្មែរក្រហម​ដំណើរការ​យ៉ាង​ម៉េច។ ​ហើយ​តុលាការ​ ត្រូវ​កាត់​ទោស​ជន​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត ​ដែល​បាន​ធ្វើ​គោល​នយោបាយ​ សម្រាប់​ការ​ដឹក​នាំ​របប​កម្ពុជា​ប្រជាធិតេយ្យ។​ លោក​បាន​បន្ថែម​ថា​ ប្រសិន​បើ តុលាការ​នេះ​មិន​អាច​បញ្ចប់​សំណុំរឿង​០០២​ដោយ​ជោគជ័យ​ទេ​ នោះ​សាលាក្តី​នេះ​ពិបាក​នឹងអាច​បន្សល់​ទុក​នូវ​កេរ​តំណែល​ជាវិជ្ជមាន​និង​មិន​អាច​ផ្សះផ្សារ​ផ្លូវ​ចិត្ត​ជន​រងគ្រោះ​ដែរ។​

«ខ្ញុំគិត​ថា​ ជន​រងគ្រោះ​នឹង​ខកចិត្ត​ដ៏​សមហេតុ​ផល​ ប្រសិន​បើគ្មាន​ការ​ចេញ​ សាលក្រម​សម្រាប់​សំណុំរឿង​០០២​ ដែល​ជា​ការ​កាត់ក្តី​ដ៏​សំខាន់​បំផុត​ ធ្វើ​តាំង​ពី ដំបូង​រហូត​មក។​ ដូច្នេះ​ជា​រឿង​ដ៏​ចាំបាច់​សម្រាប់​មន្ត្រីតុលាការ​ រដ្ឋាភិបាល​កម្ពុជា​ អ.ស.ប. ​និង​ម្ចាស់​ជំនួយ​ត្រូវ​បង្កើន​កិច្ច​ប្រឹង​ប្រែង​របស់​ខ្លួន​ទ្វេឡើង​ដើម្បី​បញ្ចប់​ សំណុំ​រឿង​នេះ​ប្រកប​ដោយ​ជោគជ័យ​និង​ឆាប់​រហ័ស»។​

ដោយ​មិនទាន់​គិត​ដល់​សំណុំរឿង​០០៣​និង​០០៤​ដែល​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​ ព្រោះតែ​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​នោះ​ ក្រុម​អ្នក​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​បាន​អះអាង​ពី​ឧបសគ្គ​ដែល​មាន​ការ​យឺត។​ បញ្ហា​ទាំង​នោះ​ត្រូវ​គេ​អះអាង​ថា​ កើត​ចេញ​ពីការ​បំបែក​សំណុំ​រឿង​០០២ ​ដែល​មាន​ជនជាប់​ចោទ​វ័យ​ចំណាស់ៗ​អាយុ​ជាង​៨០​ឆ្នាំ​៤​នាក់​ ការ​មិន​បរិច្ចាគថវិកា​បន្ថែម​ពី​ភាគី​កម្ពុជា​ ចំពោះ​ការ​ចំណាយ​ដល់​បុគ្គលិក​ផ្នែកភាគី​កម្ពុជា​ខ្លួន​ឯង​ ហើយ​អៀង សារី ​អាយុ​៨៧​ឆ្នាំ​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរក្រហម ​ដែល​ជា​ជនជាប់​ចោទ​ សំខាន់​ម្នាក់​ បាន​ស្លាប់​កាលពី​ថ្ងៃ​ទី១៤​មិនា​ ដោយ​គ្មាន​ការកាត់​ទោស។​ ដោយ​ ឡែក​ ភរិយា​របស់​គាត់​គឺ​អ្នកស្រី​អៀង ធីរិទ្ធ​ត្រូវ​តុលាការ​សម្រេច​ដោះលែង​ដោយ​ សារ​មាន​ជម្ងឺ​បាត់​ការ​ចងចាំ​ជាដើម។​ មួយផ្នែក​ទៀត​ ម្ចាស់​ជំនួយ​អន្តរជាតិ​ហាក់​ ដូចជា​មិន​ចង់​ផ្តល់​ថវិកា​បន្ថែម​សម្រាប់​ភាគី​កម្ពុជា។​ បញ្ហា​ទាំង​នេះ​ត្រូវ​ក្រុម​ អ្នក​ឃ្លាំមើល​ជាច្រើន​សង្ស័យ​ខ្លាំង​ថា​ តុលាការ​នេះ​មិន​អាច​បញ្ចប់​សំណុំរឿង​ ០០២​នេះ​បាន​ទេ ​បើទោះបី​ជា​នៅ​សល់​តែ​ជន​ជាប់ចោទ​ចំ​ណាស់ៗ​ពីរ​នាក់​គឺ ​នួន ជា​បង​ធំ​ទី២ ​បន្ទាប់ពី​ខ្មោច​ប៉ុល ពត​ និង​ខៀវ សំផន ​អតីតប្រមុខ​រដ្ឋ​ក្តី។​

លោក ​ភីធ័រ ម៉ាហ្គ្វៃអ័រ ​(Peter Maguire)​ សាស្ត្រាចារ្យ​សាកល​វិទ្យាល័យ​ស.រ.អា​មួយ​ ហើយ​និង​ជា​អ្នក​និពន្ធ​សៀវភៅ​ខ្មែរក្រហម​ដែល​មាន​ចំណង​ជើង​ថា ​«ប្រឈម​មុខ​នឹង​ការស្លាប់​ក្នុង​ប្រទេស​កម្ពុជា»​បាន​ថ្លែង​ថា​ លោក​មាន​ការ​សង្ស័យ​ ជានិច្ច​តាំងពី​ដំបូង​ថា ​តុលាការ​នេះ​មិន​អាច​បញ្ចប់​ការ​កាត់ក្តី​សំណុំ​រឿង​០០២​នេះ​បាន​ទេ។​
«នេះគឺជា​រឿង​សោកនាដ្ឋ​កម្ម​មួយ​និង​ជាការ​បាត់បង់​ឱកាស​មួយ​ដែល​គេ​មិន​អាច​ មាន​លទ្ធភាព​បញ្ចប់​ការ​កាត់ទោស​នេះ ​នៅក្នុងពេល​ដែល​ជន​ជាប់ចោទ​នៅ​មាន​ ជីវិត​នៅ​ឡើយ»។​

លោក​ថ្លែង​ថា​ តុលាការ​នេះ​នឹង​ពិបាក​រក​ថវិកា​សម្រាប់​បុគ្គលិក​ ជាពិសេស​ត្រូវ​ រក​វិធី​ផ្តល់​ប្រាក់ខែ​ដល់​បុគ្គលិក​ភាគី​កម្ពុជា​ ក្រៅពី​រិះគន់​ជំហរ​ទន់ជ្រាយ​របស់​ អ.ស.ប.។​ លោក​ថ្លែង​ថា​ នេះ​ជា​ធម្មតា​របស់​អ.ស.ប.​ទៅ​ហើយ​ដែល​មិន​បាន​សម្រេច​ជោគជ័យ​ក្នុង​ការ​រក​យុត្តិធម៌​នៅ​ពេល​ដែល​ជន​ជាប់​ចោទ​នៅ​មាន​ជីវិត។​ លោក​បានលើក​យក​សំណុំ​រឿង​ ស្លូបូដាន់​ មីឡូសូវិក ​(Slobodan Milosevic)​អតីត​មេដឹកនាំ​ប្រទេស​យូហ្គោស្លាវី​ ដែលបាន​ស្លាប់​កាលពី​ឆ្នាំ​២០០៦​ ពេល​កំពុង​កាត់ទោស​រយៈ​ពេល​៥ឆ្នាំ​ ពីបទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ដោយតុលាការ​ឧក្រិដ្ឋកម្ម​អន្តរ ជាតិ​របស់​អ.ស.ប.។​

ទោះជា​យ៉ាងណា​ក៏ដោយ​ អ្នកនាំពាក្យ​រង​អ.ស.ប.​ក្នុង​ទីក្រុង​ញូយ៉ក​គឺលោក​ស្រី អ៊ីរី កានេកូ ​(Eri Kaneko)​ បានថ្លែង​ប្រាប់វីអូអេ​ខេមរ​ភាសា​ពីជំហរ​របស់​អ.ស.ប.​ ចំពោះ​ការ​កាត់ទោស​ខ្មែរក្រហម​ ដោយ​បញ្ជាក់​ថា ​គឺ​អ.ស.ប.​ចង់នាំ​មក​នូវ​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​កម្ពុជា ​ដែលត្រូវ​រងគ្រោះ​ក្រោម​របប​ខ្មែរក្រហម។​

«លោក​អគ្គ​លេខាធិការ​អ.ស.ប.​ បាន់​គីមូន​បន្ត​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាត់​ទោស​ជនទាំង​ឡាយ​ដែល​ទទួល​ខុសត្រូវ​ចំពោះ​បទ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ​ដ៏​ធ្ងន់ធ្ងរ​ តាម​រយៈ​ដំណើរ​ការ​យុត្តិធម៌​ត្រឹមត្រូវ​ដោយ​មិន​លំអៀង។​ ជារឿង​គួរឲ្យ​សោក ស្តាយ​ដែល​ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម​ ក្រុមគ្រួសារ​ពួកគេ​ក៏​ដូចជា​សហគមន៍ ​អន្តរជាតិថែមទៀត​មិនមាន​ឱកាស​ឃើញ​ដំណើរការ​បញ្ចប់​តាម​សម្រួល​ហើយ​ ទទួល​បានដីការ​ក្នុង​សំណុំ​រឿង​អៀង សារី»។​

ទោះជា​យ៉ាងណា​ក៏ដោយ ​ថ្លែង​ប្រាប់វិទ្យុ​ WEBZ​ ក្នុង​ទីក្រុង​ ជីការហ្គោ​ (Chicago) រដ្ឋអ៊ីល្លីណយ​ ស.រ.អា.​កាលពី​សប្តាហ៍មុន​ ក្រោយ​ប៉ុន្មាន​ថ្ងៃ​ដែល​លោក​បាន​ជួប​ជា​មួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន​ដើម្បីពិភាក្សា​អំពីរឿង​ថវិកា​គាំទ្រ​សាលាក្តី​ខ្មែរក្រហម ​និង​ដំណើរការ​សាលាក្តី​បន្ត​នោះ​ លោក​ដាវីដ សេហ្វ័រ​ អ្នក​ជំនាញ​ការពិសេស​ផ្នែក​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​របស់​លោក​អគ្គ​លេខាធិការ​អ.ស.ប.​មានការ​មិន​សប្បាយ​ចិត្ត​ជាច្រើន​ ដូចជា​នៅ​ពេល​ដំណើរការ​តុលាការ​ត្រូវពន្យារ​ពេល​ មាន​ការ​ជំទាស់​ពីមេធាវី​ជន​ជាប់​ចោទ​នឹង​ការ​ស្លាប់​របស់​អៀង សារី​ មុនការ​កាត់ទោស។ ​តែលោក​ថា ​នេះ​គឺជា​ដំណើរ​ការ​ច្បាប់​នីតិ​វិធី​នៃតុលាការ​ដែល​មាន​រចនា​សម្ព័ន្ធ​ពិសេស​មួយ។​

«វាជា​រឿង​សៅម៉ង​ណាស់​ ជាពិសេស​ជន​ជាតិ​កម្ពុជា​ដែលចង់​បាន​យុត្តិធម៌​ត្រូវ​គេ ​ផ្តល់ឲ្យ​ភ្លាមៗ​ចំពោះ​ឧក្រិដ្ឋកម្ម​ទាំង​នេះ។ ​មើលន៎! ​អាយុ​ជនជាប់​ចោទ​ទាំង​នេះ​ ដែល​កំពុង​ស្ថិត​ក្នុង​បន្ទប់​តុលាការ​ចាស់ៗ​ហើយ។​ រួចទាមទារ​ថា​ ផ្តល់​យុត្តិធម៌​ឲ្យ​ បាន​ឆាប់​មក! ​ក៏​ប៉ុន្តែ​អ.ស.ប.​និង​រដ្ឋាភិបាល​បរទេស​នានា​បាន​តាំង​ចិត្ត​ថា ​ការ​កាត់​ទោស​នេះ​អាច​ដំណើរ​ការ​ដោយ​ប្រើ​ពេល​យូរ​តាម​បទដ្នាន​ច្បាប់​អន្តរជាតិ»។​

ថ្លែង​បញ្ជាក់​បន្ថែម​ប្រាប់វិទ្យុ ​WEBZ​ ដដែល​លោក​ដាវីដ សេហ្វ័រ​បាន​ទទួល​ស្គាល់​ពីការ​លំបាក​ក្នុង​ការ​រក​ថវិកា។​ តែ​លោក​បាន​ផ្តល់​ការ​ចាប់​អារម្មណ៍​ម្ចាស់​ជំនួយ​ ថា​ គេ​មិន​គួរ​ទុក​ចោល​តុលាការ​នៅ​កម្ពុជា ​ពេល​ដែល​សម្រេច​បាន​នូវ​យុត្តិធម៌​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត​ ដូចជា​តំបន់​បាល់កង់​ រ៉វាន់ដា​ និង​សេរាលីអូន​និង​នៅ​តំបន់​អាហ្រ្វិក​ដែលតុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​គ្រប​ដណ្តប់​បច្ចុប្បន្ន​នេះ​ទេ។ លោក​ចាត់​ទុក​ថា​ ជារឿង​មិន​គួរ​ឲ្យ​ជឿដែល​គេទុក​ចោល​បទឧក្រិដ្ឋម្ម​ធំៗ​ជាង​ប្រទេស​ផ្សេងៗ​នោះ​ដោយ​គ្មាន​ការ​កាត់​ទោស។​

«ប៉ុន្តែ​សាលាក្តី​នេះ​គឺការ​ជនុំជម្រះ​សំណុំរឿង​០០២​គឺសម្រាប់​ពលរដ្ឋ​១លាន​៧​សែន​នាក់​ដែល​បាន​ស្លាប់។​ វា​ពិតជា​សំខាន់​បំផុត​ដែល​មេដឹកនាំ​ធ្វើការ​ក្រោម​ប៉ុល ពតទាំងនេះ​ត្រូវនាំយក​មក​កាត់ទោស។​ នេះ​ជា​តុលាការ​នូរ៉ុមបឺក​ (Nuremberg) ​របស់កម្ពុជា ​នៅពេល​នេះ​។ ហើយ​តុលាការ​នេះ​ត្រូវតែ​ធ្វើឲ្យ​បាន​ចប់»។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ខ្វះ​ខាត​ថវិកា​យ៉ាង​ខ្លាំង​នៅ​ពេល​ម្ចាស់​ជំនួយ​ បរទេស​មិន​ផ្តល់​ថវិកា​គាំទ្រ​សាលាក្តី​នេះ។​ ភាគី​អ.ស.ប.​នឹង​អស់ថវិកា​ខ្លួន​នៅ​ខែ​ ឧសភា​ខាង​មុខ។ ​ចំណែក​ភាគីកម្ពុជា​កំពុង​ខ្វះខាត​ថវិកា​ប្រមាណ​៧​លាន​ដុល្លារ​ស.រ.អា. ​សម្រាប់ភាគី​កម្ពុជា​ដែល​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ទាមទារ​ឲ្យ​រដ្ឋា ភិបាល​កម្ពុជា​ផ្តល់វិភាគ​ទាន​ថែម​ទៀត​សម្រាប់​បុគ្គលិក​កម្ពុជា ​ដែលធ្លាប់​បាន​ ធ្វើ​បាតុកម្ម​តវ៉ា​រឿង​ប្រាក់​ខែ​នោះ។​

លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន​ រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​ហើយ​ជា​ ប្រធាន​ក្រុម​ការងារ​ពិសេស​សម្រាប់​កិច្ចការ​ចរចា​រឿងការ​កាត់ទោស​ខ្មែរក្រហម​ បាន​ថ្លែង​ប្រាប់​ឯក​អគ្គរដ្ឋ​ទូត​អូស្ត្រាលី​លោកស្រី​ Penny Richards ​នៅ​សប្តាហ៍​ មុន​នេះ​ថា​ កម្ពុជា​កំពុង​ធ្វើការ​ទាក់ទង​នឹង​ការ​កែ​សម្រួល​រចនាសម្ព័ន្ធ​ក្នុង​តុលាការ​ ខ្មែរក្រហម​គឺ​ការ​កាត់​បន្ថយ​ចំនួន​បុគ្គលិក​ កាត់​បន្ថយ​ការ​ចំណាយ ​និង​ការ​ផ្តល់​ អនុសាសន៍​ដល់​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​ធ្វើការ​ឲ្យ​បាន​លឿន​ទៅ​តាម​ផ្លូវ​ច្បាប់​ ដែល​មិនមែន​ជា​ការ​បង្គាប់​បញ្ជារបស់​រដ្ឋាភិបាល។​ នេះ​ជាការ​អះអាង​របស់​ លោកឯក​ ថា ​អ្នកនាំពាក្យ​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​ ដែល​បាន​ថ្លែង​ប្រាប់​វីអូអេ។ ​លោកបាន​បន្ថែម​ថា​ ការ​កែ​សម្រួល​រចនា​សម្ព័ន្ធ​របស់​តុលាការ​ នេះ​គឺធ្វើឲ្យ​តុលាការ​អាច​កាត់ទោស​ជនជាប់​ចោទ​ដែល​មាន​វ័យ​ចំណាស់​នៅ​ ពេល​មាន​ជីវិត ​ហើយមិន​ឲ្យ​មាន​បញ្ហា​រឿង​កង្វះ​ថវិកា។

«ចង់​និយាយ​ថា ​កាលណា​យើងមាន​កាល​វិភាគ​ និង​ពេល​វេលាច្បាស់​លាស់​ និង​ យុទ្ធសាស្ត្រ​ទាំងស្រុង​ តើយើង​ត្រូវធ្វើ​អ្វី​ពី​រយៈពេល​ណា​ទៅ ពេល​ណាធ្វើ​ការងារ​នេះ។ ​យើងគិត​ថា ​តុលាការ​កាន់តែ​មាន​ប្រសិទ្ធិភាព​របស់ខ្លួន​ ហើយ​ដំណើរការ​ហ្នឹង​កាន់​តែ​ទទួល​បាន​នូវ​ជោគជ័យ»។​
សាលាក្តី​កាត់ទោស​ខ្មែរក្រហម​បាន​ចំណាយ​ទឹកប្រាក់​ជាង​១៥០​លាន​ដុល្លារហើយ​តាំងពី​ចាប់ផ្តើម​កាត់​ទោស​កាលពី​ឆ្នាំ​២០០៦​មក។​ សាល​ក្រម​នៃ​ការកាត់ ទោស​វគ្គទី១នៃសំណុំ​រឿង​០០២​ទាក់ទង​នឹង​ការ​ជម្លៀស​ប្រជាជន​ចេញ​ពីទីក្រុង​ភ្នំពេញ​នោះ​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​ ហើយ​គេ​រំពឹង​ថា​ សាលក្រម​នឹង​ចេញ​នៅ ដើម​ឆ្នាំ​២០១៤៕
XS
SM
MD
LG