ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​បកប្រែ​នៅ​សាលាក្តី​ចូល​ធ្វើការ​វិញ​ក្រោយ​ពី​កូដកម្ម


លោក​នេត្រ ភត្រ្តា​ មន្ត្រីអ្នក​នាំពាក្យ​របស់​សាលាក្តី​ខ្មែរ​ក្រហម
លោក​នេត្រ ភត្រ្តា​ មន្ត្រីអ្នក​នាំពាក្យ​របស់​សាលាក្តី​ខ្មែរ​ក្រហម
ភ្នំពេញ៖​ បុគ្គលិក​អ្នក​បកប្រែ​ភាសា​បរទេស​នៅ​ក្នុងសាលា​ក្តី​ខ្មែរ​ក្រហម​ នៅថ្ងៃ​ច័ន្ទ​នេះ​បានសម្រេច​ចូល​ធ្វើ​ការងារ​នៅក្នុង​សាលា​ក្តីវិញ​ហើយ​ បន្ទាប់​ពីបាន​ធ្វើ​កូដកម្ម​មិន​ចូល​បំពេញ​ការងារ​អស់រយៈពេល​ជាង​ពីរ​សប្តាហ៍។​

កាល​ពី​ថ្ងៃទី​៤​ខែមីនា​នេះ​បុគ្គលិក​អ្នក​បក​ប្រែ​ភាសា​បរទេស​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ចំនួន​ប្រមាណ​៣០​នាក់​បាន​ធ្វើ​ពហិការ​មិន​ធ្វើ​ការងារ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នៅក្នុង​ពេលបើក​សវនាការ​ក្នុង​ខណៈពេល​ដែល​សាលាក្តី​កំពុង​ដំណើរ​ការ​លើសំណុំរឿង​០០២។​

នៅក្នុង​លិខិត​ចំហរ​របស់​ក្រុម​អ្នកបកប្រែ​ដែល​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក ​ទទួល​បាន ក្រុម​អ្នក​បក​ប្រែ​ភាសា​បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ប្រាក់ខែ​របស់​ ពួកគេ​ជា​បន្ទាន់។ ក្នុង​លិខិត​ដដែល​នោះ​ក្រុម​អ្នក​បកប្រែ​ភាសា​បាន​លើក​ឡើង​ថា ​មាន​ការ​ចរចា​អំពី​ស្ថានភាព​ប្រាក់ខែ ប៉ុន្តែ​មិន​មាន​ការ​សន្យា​ជាក់​លាក់។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ​ពួក​គេ​ទទួល​រង​ការ​គំរាម​ដកហូត​ការងារ​របស់​ពួកគេ​ទៀត​ផង។

ប្រភព​ពី​ក្រុម​អ្នក​បកប្រែ​ដែល​ស្នើសុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​ឲ្យ​ដឹង ​ថា ​ភ្លាមៗ​ក្រោយពី​ផ្ទុះ​ការធ្វើ​ពហិការ ​ក្រុម​រដ្ឋបាល​សាលាក្តី​ខ្មែរក្រហម​បាន​គំរាម​ជ្រើសរើស​បុគ្គលិក​អ្នកបកប្រែ​ពី​ ខាង​ភាគី​អន្តរជាតិ​ជំនួស​វិញ​និង​បាន​គំរាម​ពី​គ្រោះថ្នាក់​បាត់​បង់​ ការងារ​ធ្វើ​ដល់​ក្រុម​អ្នក​តវ៉ា។

លោក​នេត្រ ភត្រ្តា​ មន្ត្រីអ្នក​នាំពាក្យ​របស់​សាលាក្តី​ខ្មែរ​ក្រហម​បាន​និយាយ​ថា​បុគ្គលិក​អ្នក​បកប្រែ​ភាសា​បរទេស​ទាំង​នោះ​បាន​សម្រេច​ចូល​ធ្វើ​ការ​វិញ​ហើយ​ក្រោយ​ពី​មាន​ការ​សន្យា​ពី​ការិយា​ល័យ​រដ្ឋបាល​របស់​សាលាក្តី​ថានិង​បើក​ប្រាក់បៀវត្សរ៍​សម្រាប់​ខែធ្នូ​ដល់​ពួកគេ។

លោក​បាន​និយាយ​ថា​ការសន្យា​បើក​ប្រាក់​បៀវត្សរ៍​គឺធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​រយះពេល​មួយ​សប្តាហ៍​តែ​ប៉ុណ្ណោះ​ក៏​ប៉ុន្តែ​លោក​មិន​ទាន់​បាន​ដឹង​ពិត​ប្រាកដ​ថា​និង​បើក​នៅ​ពេលណា​ទេ។​

លោក​មានប្រសាសន៍​ថា​ប្រសិន​បើ​ការ​សន្យា​បើក​ប្រាក់​បៀវត្សរ៍​រហូត​ដល់​ថ្ងៃទី​៣១​មិន​បាន​បើក​ពួកគេ​នឹង​បន្តធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ​ជាថ្មី​ម្តង​ទៀត។​

«ពីពេល​នេះ​រហូត​ដល់ចុង​ខែហ្នឹង​កិច្ច​សន្យារបស់​ពួកគាត់​មិន​ត្រូវ​បាន​ពន្យាពេល​ទេ​នោះ​គឺពួកគាត់​នឹង​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​ឡើង​វិញ​គឺនៅថ្ងៃទី​១​ខែមេសា​ឆ្នាំ២០១៣»។​

សាលាក្តី​ខ្មែរ​ក្រហម​ប្រើប្រាស់​ភាសា​ផ្លូវការ​ចំនួន​បី​គឺ​ភាសា​ខ្មែរ​ អង់គ្លេស​និង​បារាំង។​

លោក​ឡាត់ គី​ អ្នក​សម្របសម្រួល​កម្មវិធី​ខ្មែរ​ក្រហម​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​និយាយ​ថា​ការ​វិល​ត្រឡប់​ចូល​បំពេញ​ការ​ងារ​វិញ​របស់​បុគ្គលិក​អ្នក​បកប្រែ​អាច​នឹង​ជួយ​ឱ្យ​ដំណើរ​ការ​សាលា​ក្តី​ខ្មែរ​ក្រហម​បន្ត​នីតិវិធី​របស់​ខ្លួន​នៅ​សប្តាហ៍​ខាង​មុខនេះ។​

លោក​បាន​និយាយ​ថា​ការ​អាក់​ខាន​កន្លង​មក​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដែល​បាន​តាម​ដានសាលាក្តី។​ គាត់ចង់បាន​យុត្តិធម៌​តាម​បទដ្ឋាន​អន្តរជាតិ​ដែល​ជាសេចក្តី​ប្រថ្នា​មួយ​យូរ​អង្វែង​សម្រាប់​ប៉ះប៉ូវ​នូវ​ភាព​រងគ្រោះរបស់​ពួកគេ។​

«ស្ថានភាព​ដែល​មាន​ការប្រែប្រួលចុង​ក្រោយនេះ​យើង​ឃើញ​ថាជនរងគ្រោះ​ជាដើម​បណ្តឹង​រដ្ឋប្ប​
វេណី​គាត់​មាន​ការពិបាក​ចិត្ត​យ៉ាង​ច្រើន​ទាក់​ទឹន​នឹង​បញ្ហា​នេះ»។​

ការ​វិល​ចូល​បម្រើ​ការងារ​របស់​អ្នក​បកប្រែ​ភាសា​បរទេស​បាន​ធ្វើឡើង​បន្ទាប់​ពី​លោក​អៀង សារី​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ស្លាប់​បាត់​បង់ជីវិត​កាល​ពីថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។​
សព​របស់​លោក​អៀង​ សារី​បាន​តម្កល់​ទុក​រយៈពេល​មួយសប្តាហ៍​នៅស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយ​មាន​ជ័យ​សម្រាប់​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​
XS
SM
MD
LG