នៅក្នុងថ្ងៃទី២នៃការកាត់ទោសរបស់ខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់ អតីតឆ្មាំការពារគុក Auschwitz បាននិយាយលម្អិតកាលពីថ្ងៃពុធពីវិធីដែលរទេះភ្លើងដឹកគោផ្ទុកទៅដោយអំបូរជនជាតិជ្វីស បានមកដល់ជំរំមរណៈនៅក្នុងប្រទេសប៉ូឡូញដែលត្រួតត្រាដោយពួកណាស៊ី ពីរបៀបដែលពួកគេដកយករបស់របរពួកជ្វីស ហើយបន្ទាប់មកពីរបៀបពួកអំបូរជនជាតិជ្វីសជាច្រើន ត្រូវបានគេសម្លាប់ដោយឧស្ម័ន។
Oskar Groening បានរងការចោទប្រកាន់ចំនួន៣សែនករណីពីបទចូលដៃឃាតកម្មដែលពាក់ព័ន្ធទៅនឹងអំបូរជនជាតិជ្វីស៣សែននាក់ដែលត្រូវបានសម្លាប់នៅជំរំ Auschwitz កាលពីខែឧសភានិងខែមិថុនា ឆ្នាំ១៩៤៤បន្ទាប់ពីអំបូរជនជាតិជ្វីស៤សែន២ម៉ឺន៥ពាន់នាក់ បានត្រូវដឹកជញ្ជូនពីប្រទេសហុងហ្គារីទៅកាន់ជំរំនោះ។
អតីតឆ្មាំការពារគុក Nazi SS អាយុ៩៣ឆ្នាំរូបនេះ ប្រឈមមុខនឹងការជាប់គុកពី៣ឆ្នាំទៅដល់១៥ឆ្នាំប្រសិនបើត្រូវកាត់ឲ្យជាប់ទោស។ ការកាត់ទោស គ្រោងធ្វើឡើងរហូតខែកក្កដា។
សាព័ត៌មានអាល្លឺម៉ង់បានចាត់ទុក Groening ដែលបានបម្រើការងារនៅជំរំមរណៈពីឆ្នាំ១៩៤២ដល់ឆ្នាំ១៩៤៤ ថាជា «អ្នកកាន់បញ្ជីរ»ជំរំ Auschwitz ចំពោះអ្វីដែលជននោះ និយាយថា ជាភារៈកិច្ចដ៏សំខាន់របស់ខ្លួនគឺ ប្រមូលនិងរាប់លុយដែលបានរឹបអូសយកពីអ្នកទោសនៅជំរំមរណៈនោះ។
Groening បានប្រាប់ពួកចៅក្រមកាលពីថ្ងៃអង្គារនៅក្នុងការបើកការកាត់ទោសក្នុងទីក្រុង Lueneburg ជិតទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ថា «ចំពោះខ្ញុំ គ្មានសំណួរថា ខ្ញុំមានកំហុសខាងសីលធម៌នោះទេ»។ អ្នកនៅរស់រានមានជីវិតនិងសាច់ញាតិរបស់ជនរង្គ្រោះពីការសម្លាប់រង្គ្រាល Holocaust ប្រហែល៧០នាក់ បានចូលរួមសាវនាការកាត់ទោសនោះ។
Groening បានសារភាពថា គាត់បានដឹងអំពីការសម្លាប់ពួកអ្នកទោសដោយប្រើឧស្ម័ន ដែលភាពច្រើនជាអំបូរជនជាតិជ្វីស។ គាត់បានសុំឲ្យអភ័យទោសដល់គាត់ ដោយនិយាយទៀតថា តុលាការត្រូវតែសម្រេចដោយធ្វើការស្តីបន្ទោសគាត់៕