តារាអាមេរិកល្បីៗ រួមមាននាង Lady Gaga និងលោក Bruce Springsteen បានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោកប្រធានាធិបតី Joe Biden និងអ្នកស្រីអនុប្រធានាធិបតី Kamala Harris។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ពិធីអបអរកាលចូលកាន់តំណែងរបស់រដ្ឋបាលថ្មី បានបញ្ចប់នៅយប់ថ្ងៃពុធ ដោយនាង Katy Perry ច្រៀងបទ «Firework» ប្រែថា «កាំជ្រួច» នៅលើកាំជណ្ដើរនៃបូជនីយដ្ឋាន Lincoln អមដោយការដុតកាំជ្រួចចញ្ចាំងចញ្ចាចពេញផ្ទៃវេហា ជុំវិញរដ្ឋធានីវ៉ាស៊ីនតោន។
ប៉ុន្មានម៉ោងមុននោះ នាង Lady Gaga បានច្រៀងបទគោរពទង់ជាតិអាមេរិក ក្នុងទម្រង់ដ៏ទាក់ទាញតាមស្តាយរបស់ Lady Gaga ដោយបង្ហាញអារម្មណ៍មនោសញ្ចេតនា ក្នុងឈុតក្រហមខ្មៅ។ តាមពីក្រោយដោយតារា Jennifer Lopez ស្លៀកឈុតពណ៌ស ឆ្លៀតនិយាយជាភាសាអេស្ប៉ាញមួយឃ្លានៅពេលចៀងបទ «This Land is Your Land» និងបទ «America the Beautiful» ហើយលោក Garth Brooks ដែលបានឱបអតីតប្រធានាធិបតីនានា បន្ទាប់ពីច្រៀងបទ «Amazing Grace»។
កំពូលតារា Hollywood ទាំងបីនាក់ស្ថិតក្នុងចំណោមតារាល្បីៗជាច្រើននាក់ ដែលបានមកកាន់រដ្ឋធានីវ៉ាស៊ីនតោន ដោយផ្ទាល់ ឬតាមអនឡាញ ដើម្បីស្វាគមន៍រដ្ឋបាលថ្មីរបស់លោក Joe Biden និងអ្នកស្រី Kamala Harris ដែលមានប្រជាប្រិយភាពក្នុងចំណោមតារា Hollywood ដែលមិនចូលចិត្តលោកអតីតប្រធានាធិបតី Donald Trump។
កាលពី៤ឆ្នាំមុន ក្រុមតារាអាមេរិកភាគច្រើន ជៀសវាងមិនចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក Trump៕