ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump​ អះអាង​ថា មិន​មាន​កំហុស​ចំពោះ​ការ​ចោទប្រកាន់​សហព័ន្ធ​ក្នុង​សំណុំរឿង​ឯកសារ​សម្ងាត់


អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ចាកចេញ​​ក្រោយ​ពី​បង្ហាញ​ខ្លួន​នៅ​តុលាការ​សហព័ន្ធ Wilkie D. Ferguson Jr. ក្នុង​ទីក្រុង Miami រដ្ឋ Florida កាល​ពី​ថ្ងៃ​អង្គារ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៣។
អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ចាកចេញ​​ក្រោយ​ពី​បង្ហាញ​ខ្លួន​នៅ​តុលាការ​សហព័ន្ធ Wilkie D. Ferguson Jr. ក្នុង​ទីក្រុង Miami រដ្ឋ Florida កាល​ពី​ថ្ងៃ​អង្គារ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៣។

អតីត​ប្រធានាធិបតី​អាមេរិក លោក Donald Trumpបាន​ឆ្លើយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​លោក​មិន​មាន​ទោស​កំហុស​ចំពោះ​ការ​ចោទ​ប្រកាន់​ផ្នែក​ព្រហ្មទណ្ឌ​សហព័ន្ធ​ដែល​ថា ​លោក​បាន​រក្សា​ទុក​ឯកសារ​សន្តិសុខជាតិ​ដោយ​ខុសច្បាប់ នៅ​ពេល​លោក​ចេញ​ពី​តំណែង និង​កុហក​មន្ត្រី​ដែល​ស្វែងរក​ឯកសារ​ទាំងនោះ។

ការ​សារភាព​របស់ Trumpនៅ​ចំពោះ​មុខ​ចៅក្រម​អាមេរិក លោក Jonathan Goodman នៅ​ក្នុង​តុលាការ​សហព័ន្ធ​ក្នុង​ទីក្រុង Miami រដ្ឋ Florida បង្កើត​ឲ្យ​មាន​ការ​តស៊ូ​ផ្លូវច្បាប់​សម្រាប់​លោក Trumpនៅ​ប៉ុន្មាន​ខែ​ខាង​មុខ ខណៈ​ដែល​ លោក Trump ធ្វើ​យុទ្ធនាការ​បោះឆ្នោតឆ្នាំ២០២៤ សម្រាប់​តំណែង​ប្រធានាធិបតី។ អ្នក​ជំនាញ​និយាយ​ថា វា​អាច​ចំណាយ​ពេល​ដល់​ទៅ​មួយ​ឆ្នាំ​ ឬ​ច្រើន​ជាង​នេះ​ទៀត​ មុន​ពេល​ការ​កាត់ក្តី​កើត​ឡើង។

សវនាការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​កាមេរ៉ា​ចូល​ថត​ និង​ការ​ផ្សាយ​បន្តផ្ទាល់។ អតីត​ជំនួយការ​របស់​លោក Trump លោក Walt Nauta ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​នេះ​ផងដែរ ក៏​បាន​បង្ហាញខ្លួន​នៅ​ក្នុង​តុលាការ​ជាមួយ​ លោក Trumpផងដែរ។


លោក Trump គឺ​ជា​អតីត​ប្រធានាធិបតីអាមេរិក​ដំបូង​គេ​ដែល​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ ប៉ុន្តែ​គេ​មើល​ឃើញ​ថា វា​មិន​បាន​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់ក្តី​សង្ឃឹមត្រឡប់​ទៅ​កាន់​សេតវិមាន​របស់​លោក​នោះ​ទេ។

យោង​តាម​ការ​ស្ទង់មតិ​របស់ Reuters/Ipsos លោក Trump នាំមុខ​គូប្រជែង​សម្រាប់​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់គណបក្ស​សាធារណរដ្ឋ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២៤។ ហើយ ៨១% នៃ​អ្នក​បោះឆ្នោត​មក​ពី​គណបក្ស​សាធារណរដ្ឋ ចាត់​ទុក​ការ​ចោទ​ប្រកាន់​ប្រឆាំង​ លោក Trump ថា ​ជា​ចេតនា​នយោបាយ។

ការ​ចូល​សារភាព​នេះ​ជា​ការ​ឡើង​សវនាការ​លើក​ទីពីរ​របស់​លោក Trump ចាប់​តាំង​ពី​ខែ​មេសា នៅ​ពេល​លោក​បាន​អះអាង​ថា មិន​មាន​កំហុស​ចំពោះ​ការចោទ​ប្រកាន់​នៅ​ក្នុង​ទីក្រុង New York ទាក់ទង​នឹង​ការ​បង់​ប្រាក់​បំបិទ​មាត់ដល់​តារា​រឿង​អាសអាភាស។

បន្ទាប់​ពី​ចូល​បំភ្លឺ​នៅ​តុលាការ ក្នុង​ទីក្រុង Miami រដ្ឋ Florida ​នៅ​ម៉ោង ៣ រសៀល លោក Trump គ្រោង​នឹង​ហោះ​ត្រឡប់​ទៅ​ទីលាន​វាយ​កូន​ហ្គោល​នៅ​រដ្ឋ New Jersey ជា​កន្លែង​ដែល​លោក​គ្រោង​ឡើង​ថ្លែង​សុន្ទរកថា នៅ​ពេល​ល្ងាច ថ្ងៃ​អង្គារ​នេះ៕

XS
SM
MD
LG