ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In នឹងបញ្ជូនគណប្រតិភូពិសេសមួយក្រុមទៅប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទស្អែក ដើម្បីពិភាក្សាអំពីវិធីនានាដែលអាចធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើង និងដើម្បីបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យនេះ។
លោក Yoon Young Chan អ្នកនាំពាក្យរបស់លោកប្រធានាធិបតី Moon Jae In បានប្រាប់អ្នកសារព័ត៌មានថា៖ «គណប្រតិភូពិសេសនឹងធ្វើការពិភាក្សាដ៏ទូលំទូលាយលើបញ្ហាមួយចំនួនដូចជា ការបង្កើតលក្ខខណ្ឌដើម្បីឲ្យមានការចរចារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកជាដើម»។
ប៉ុន្តែ បេសកកម្មនេះអាចមានបញ្ហាដោយសារតែសមយុទ្ធយោធាដែលគ្រោងនឹងធ្វើឡើងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA របស់ប្រទេសកូរ៉េខាងជើង បានព្រមានថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងនឹង «ប្រឆាំងនឹងសហរដ្ឋអាមេរិក» ប្រសិនបើសហរដ្ឋអាមេរិកធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូងនៅខែមេសាខាងមុខនេះ។
គណប្រតិភូដែលមានសមាជិក ១០ នាក់នេះ នឹងដឹកនាំដោយលោក Suh Hoon ប្រធានទីភ្នាក់ងារជាតិស៊ើបការណ៍សម្ងាត់ និងលោក Chung Eui Yong ទីប្រឹក្សាសន្តិសុខជាតិកំពូលរបស់លោក Moon Jae In។ លោក Moon Jae In មិនទាន់ទទួលយកការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ឲ្យលោកទៅទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងនៅឡើយទេ។
បន្ទាប់ពីធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសកូរ៉េខាងជើង ក្រុមបេសកជនពិសេសកូរ៉េខាងត្បូងនេះនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីផ្ដល់ដំណឹងដល់មន្ត្រីរដ្ឋាភិបាលអាមេរិកាំងអំពីការពិភាក្សារបស់ពួកគេជាមួយនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាង៕