ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ មេដឹកនាំ​យុវជន​ថា​ការ​ប្រើប្រាស់​​តួនាទី​រដ្ឋ​ ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​បាន​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ​នៅ​កម្ពុជា


លោក ឡុង គឹម ឃន ស្ថាបនិកនិងប្រធានអង្គការ​សភាយុវជនខ្មែរ ចូល​រួម​​ពិភាក្សា​អំពី​​ «វប្បធម៌នៃការប្រើប្រាស់មុខតំណែងសាធារណៈ​សម្រាប់ប្រយោជន៍ឯកជននៅកម្ពុជា» នៅ​ក្នុង​កម្មវិធី​វិទ្យុ Hello VOA ​នៅ​ក្នុង​បន្ទប់​ផ្សាយ​ VOA ភ្នំពេញ កាល​ពីថ្ងៃ​ព្រហស្បតិ៍​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦។ (លឹម សុធី/VOA)
លោក ឡុង គឹម ឃន ស្ថាបនិកនិងប្រធានអង្គការ​សភាយុវជនខ្មែរ ចូល​រួម​​ពិភាក្សា​អំពី​​ «វប្បធម៌នៃការប្រើប្រាស់មុខតំណែងសាធារណៈ​សម្រាប់ប្រយោជន៍ឯកជននៅកម្ពុជា» នៅ​ក្នុង​កម្មវិធី​វិទ្យុ Hello VOA ​នៅ​ក្នុង​បន្ទប់​ផ្សាយ​ VOA ភ្នំពេញ កាល​ពីថ្ងៃ​ព្រហស្បតិ៍​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦។ (លឹម សុធី/VOA)

លោក ឡុង គឺម ឃន ស្ថាបនិក​និង​ជា​ប្រធាន​អង្គការ​សភា​យុវជន​ខ្មែរ បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កម្មវិធី​ Hello VOA កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦

មេដឹកនាំ​ក្រុម​យុវជន​មួយ​លើកឡើង​ក្នុង​កម្មវិធី Hello VOA ​ថា ការ​បំពាន​អំណាច​ពី​សំណាក់​មន្ត្រី​សាធារណៈ ដោយយក​តួនាទី​រដ្ឋ​ ទៅ​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឬ​ប្រយោជន៍​ឯកជន កើត​មាន​ឡើង​នៅ​គ្រប់​ស្ថាប័ន​ទាំងអស់​របស់​កម្ពុជា។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​លើកឡើង​នេះ​ ធ្វើ​ឡើង ក្រោយ​ពី​មាន​ការ​បែក​ធ្លាយលិខិត​ពីរ​ច្បាប់​តាម​បណ្ដាញ Facebook កាល​ពី​ពេល​ថ្មីៗ​នេះ។ លិខិត​ទី​មួយ​គឺ​ជា​របស់​តំណាងរាស្ត្រ​ម្នាក់ ដែល​ប្រើ​ប្រាស់​តួនាទី​ផ្លូវការ​របស់​ខ្លួន​ ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​មន្ត្រី​ពាក់ព័ន្ធ​ សម្រាប់​ប្រយោជន៍មុខរបរ​ផ្ទាល់​ខ្លួន​និង​ក្រុម​គ្រួសារ​ ហើយ​មួយ​ទៀត ​គឺ​ជា​លិខិត​របស់​អភិបាល​ខេត្ត​ម្នាក់ ដែល​ប្រើ​ត្រា​ផ្លូវ​ការ​របស់​ស្ថាប័ន ដើម្បី​អញ្ជើញ​ភ្ញៀវ​ឲ្យ​ចូលរួម​ហែ​ជំនូន​ការ​កូន​របស់​ឯកឧត្ដម​ម្នាក់​ផ្សេង​ទៀត។

លោក ឡុង គឺម ឃន ស្ថាបនិក​និង​ជា​ប្រធាន​អង្គការ​សភា​យុវជន​ខ្មែរ បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កម្មវិធី​ Hello VOA កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦៖

«វា​មិនមែន​ជា​រឿង​កើត​ឡើង​ ដាច់​ដោយឡែក​ តែ​មួយ​ពីរ​ទេ ប៉ុន្តែ​យើង​សង្កេត​ឃើញ​ថា វា​ជា​ទម្លាប់ វា​ជា​របៀប​ដែល​កើត​ឡើង​នៅ​គ្រប់រចនា​សម្ព័ន្ធនិង​ស្ថាប័ន​របស់​រាជការ​ទាំង​មូល»។

ក្រុម​អ្នក​រិះ​គន់ ជា​រឿយៗ​ លើក​ឡើង​ថា ក្រសួង​និង​ស្ថាប័ន​រដ្ឋ​នៅ​កម្ពុជា ភាគច្រើន​មាន​លក្ខណៈ​ដូច​ជា​ស្ថាប័ន​គ្រួសារ ដែល​ពពាក់ពពូន​ទៅ​ដោយ​សាច់ញាតិ​និង​ក្រុម​បក្ស​ពួក​ ហើយ​មន្ត្រី​មួយ​ចំនួននៅ​តាម​ស្ថាប័ន​ទាំង​នេះ ឆ្លៀត​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ដោយ​ស្ងាត់​ស្ងៀម​និង​លាក់​កំបាំង ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន​និង​ក្រុម​គ្រួសារ​ បក្សពួក​របស់​ខ្លួន​ ជា​ជាង​មាន​ឆន្ទៈ​បម្រើ​ប្រយោជន៍​សាធារណៈ​ឲ្យ​ពិតប្រាកដ។​

លោក ឡុង គឺម ឃន ថ្លែង​ថា «នេះ​គឺ​ជា​ស្ថានភាព​ពុក​ផុយ​នៃ​ស្ថាប័ន​នយោបាយ​របស់​រាជការ​យើង»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​កាន់កាប់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ ធ្លាប់​បាន​ប្រកាស​ ព្រមាន​ដក​តំណែង មន្ត្រី​រដ្ឋាភិបាល​របស់​លោក ដែល​យក​ក្រសួង​ឬ​ស្ថាប័ន​ដែល​ពួកគេ​គ្រប់គ្រង​ ទៅ​ធ្វើ​ជា​«ក្រសួង​គ្រួសារ»។

ប៉ុន្តែ អ្នក​វិភាគ​ លើកឡើង​ថា គេ​កម្រ​ឃើញ​សកម្មភាព​ជាក់​ស្ដែង​ ដែល​លោក​នាយករដ្ឋមន្ត្រី​ធ្វើ​ដើម្បី​ដាក់​ពិន័យ​មន្ត្រី​ ដែល​ប្រព្រឹត្ត​ខុស​នឹង​តួនាទី​និង​សិទ្ធិ​អំណាច​របស់​ខ្លួនណាស់។

លោក ឡុង គឺម ឃន មាន​ប្រសាសន៍​ថា ទោះ​បី​ជា​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​នៅ​កម្ពុជា ផ្តល់​សិទ្ធិ​អំណាច​ ឲ្យ​ពលរដ្ឋ​ ប្ដឹងផ្ដល់​មន្ត្រី​រាជការ​សាធារណៈ នៅ​ពេល​ដែល​មាន​ការ​រំលោភ​បំពាន​អំណាច​ពី​មន្ត្រី​សាធារណៈ​ណា​មួយ​ក៏​ដោយ ក៏​ប្រព័ន្ធ​នេះ អត់​ដំណើរ​ការ​ដែរ​រហូត​មក​ដល់​ពេល​នេះ។

«ប្រព័ន្ធ​ហ្នឹង វា​អត់​ដើរ​ដូច្នេះ ចង់​ប្ដឹង​ទៅ​ណា​ក៏​វា​មិន​បាន​ផល​អ្វី​ដែរ»។

លោក ឡុង គឺម ឃន បន្ត​ថា អ្វី​ដែល​គេ​អាច​ធ្វើ​បាន​នៅ​ពេល​នេះ គឺ​មាន​តែ បង្ហាញ​សាធារណជន​ ឲ្យ​ឃើញ​ថា ទង្វើ​របស់​មន្ត្រី​រាជការ ដែល​យក​មុខតំណែង​និង​តួនាទី​សាធារណៈ​របស់​ខ្លួន ទៅ​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន​និង​ក្រុម​គ្រួសារ​ឬ​បក្ស​ពួក​របស់​ខ្លួន​នេះ គឺ​ជា​ទង្វើ​ខុសឆ្គង​ គឺ​ខុស​ទាំង​ច្បាប់ ខុស​ទាំង​សីលធម៌។

លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​គួរ​តែ​កត់​ចំណាំ​ទុក​ហើយ​ដាក់​ពិន្ទុមន្ត្រី​រាជការ​ណា​ដែល​បាន​បំពាន​អំណាច​រដ្ឋ ដោយ​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ ទៅ​បម្រើ​ប្រយោជន៍​ឯកជន​នេះ។

«ពី​ព្រោះ​កុំ​ឲ្យ​ទម្លាប់​អាក្រក់​បែប​ហ្នឹង​ កើត​ឡើង​នៅ​ក្នុង​រាជការ​ខ្មែរ»៕

XS
SM
MD
LG