នៅក្នុងសារតាមវីឌីអូមួយជូនដល់សន្និសីទស្តីអំពីជំងឺបេះដូងរបស់ស្ត្រីមួយនៅក្នុងទីក្រុងញូយ៉ក លោកស្រី ខាថាលីន សេបេលីអ៊ស (Kathleen Sebelius) រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសេវាថែទាំមនុស្សបានមានប្រសាសន៍ថា ស្ត្រីអាមេរិកជិត៤៣លាននាក់ ដែលចំនួននេះស្មើនឹងមួយភាគបីនៃចំនួនស្ត្រីអាមេរិកាំងទាំងអស់ រស់នៅដោយមានជំងឺបេះដូង ឬមានគ្រោះថ្នាក់ដោយសារជំងឺបេះដូង។ លោកស្រីបានបន្ថែមថា ជំងឺបេះដូងយកជីវិតស្ត្រីនៅក្នុងសរអា ច្រើនជាង មូលហេតុនាំមុខ បួនផ្សេងទៀតរួមគ្នា។ លោកស្រី ខាថាលីន មានប្រសាសន៍ថា៖
«ក្រុមអ្នកស្រាវជ្រាវ និងក្រុមអ្នកវិទ្យាសាស្ត្រដឹងអំពីតួលេខទាំងនេះ។ ប៉ុន្តែវា«សំខាន់ត្រង់ថា ស្ត្រីក៏ត្រូវដឹងខ្លួនឯងផងដែរ ពីព្រោះសូម្បីតែស្ត្រីទំនងដូចជាស្លាប់ដោយជំងឺបេះដូងច្រើនជាងបុរសក៏ដោយ ក៏ស្ត្រីហាក់ដូចជាបានទទួលការថែទាំដែលមានការណែនាំឲ្យទប់ស្កាត់ជំងឺបេះដូងនោះតិចតួចណាស់»។
អ្នកចូលរួមកិច្ចប្រជុំបានកត់សម្គាល់ថា ស្ត្រីនៅអាមេរិក បានស្លាប់ដោយជំងឺបេះដូងច្រើនជាងបុរសចាប់តាំងពីឆ្នាំ១៩៨៤មក។ ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា ស្ត្រីភាគច្រើន មិនបង្ហាញរោគសញ្ញានៃជំងឺគាំងបេះដូង ដូចជាបុរសទេ។ លោកស្រីវេជ្ជបណ្ឌិត ណូអែល ប៊រហ្ស៍ (Noel Berz) នៃមជ្ឈមណ្ឌល Cedars-Sinai Medical Center នៅទីក្រុងឡូអានជ័រឡេស ( Los Angeles) បានចង្អុលសំដៅទៅលើលក្ខណៈរោគសញ្ញារបស់បុរសថា ជា «ជំងឺគាំងបេះដូងដែលឃើញជាក់ស្តែង» ដូចជាការឈឺទ្រូង ហើយដួលភ្លាមៗ។ លោកស្រីវេជ្ជបណ្ឌិត ប៊រហ្ស៍ មានប្រសាសន៍ថា៖
«ការដកដង្ហើមមិនស្រួល តឹងដើមទ្រូង ហើយដួល។ លោកអ្នកបានឃើញហេតុការណ៍នេះ នៅក្នុងភាពយន្ត។ ពិតណាស់ថា ស្ត្រីតិចជាងពាក់កណ្តាលមានរោគសញ្ញាបែបនេះ។ រោគសញ្ញាមិនមានលក្ខណៈទូទៅដូចគ្នាទេ។ វាអាចគ្រាន់តែឆ្អល់ក្តៅចុងដង្ហើម ឬអាចហត់ខ្លាំង ឬអាចគ្រាន់តែឈឺធ្គាម ឬឈឺដៃខ្លះៗប៉ុណ្ណោះ»។
លោកស្រី អ៊ីលីណា ភីណា (Ileana Pina) សាស្ត្រាចារ្យខាងវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ ខេស វ៉េស្ទន រីហ្ស៊វ (Case Western Reserve University) នៅទីក្រុង ឃ្លីវលែនដ៍ (Cleveland) រដ្ឋ អូហៃអូ (Ohio) មានប្រសាសន៍ថា ស្ត្រីខ្លួនឯងត្រូវមានការទទួលខុសត្រូវក្នុងការយល់ដឹងឲ្យបានច្រើនអំពីកត្តាគ្រោះថ្នាក់ទាំងឡាយ និងសាកសួរគ្រូពេទ្យរបស់ខ្លួននូវសំណួរត្រឹមត្រូវ។ លោកស្រី ភីណា មានប្រសាសន៍ថា៖
«បើការវាស់កម្រិតជាតិខ្លាញ់ក្នុងឈាមរបស់លោកអ្នកមិនទាន់បានធ្វើ ត្រូវសុំឲ្យគ្រូពេទ្យពិនិត្យ។ វាស់កម្រិតជាតិស្ក ជាតិគ្លុយកូស ត្រូវមើលថា តើទំហំចង្កេះរបស់លោកអ្នកប៉ុណ្ណា និងត្រូវពិនិត្យគ្រប់កត្តាទាំងអស់ ដែលអាចនឹងឲ្យលោកអ្នកមានបញ្ហា»។
ក្រុមអ្នកជំនាញខាងបេះដូង បានកត់សម្គាល់ថា ស្ត្រីជាញឹកញាប់ ធ្វេសប្រហែសនឹងការថែទាំសុខភាពផ្ទាល់ខ្លួន ដោយរវល់ថែទាំគ្រួសារ។ អ្នកចូលរួមប្រជុំបានផ្តល់ការណែនាំតាមបទដ្ឋានដែលបានអនុវត្តនៅគ្រប់ទីកន្លែង ទៅដល់បុរស និងស្ត្រីស្មើៗគ្នាថា ហាមជក់បារី រឹតត្បឹតការទទួលទានស្រា ហាត់ប្រាណ និងទទួលទានអាហារមានសុខភាព។ គ្រោះថ្នាក់នៃការមិនអើពើនឹងការណែនាំ មិនគ្រាន់តែបង្កឲ្យស្លាប់ភ្លាមៗ ឬស្លាប់មុនអាយុប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការកាត់បន្ថយគុណភាពជីវិតរស់នៅដែរ ប្រសិនបើបេះដូងបាត់បង់លទ្ធភាពនៃការបូមឈាមបន្តិចម្តងៗនោះ។ ដូចដែលវេជ្ជបណ្ឌិតម្នាក់បានកត់សម្គាល់ថា វាមិនគ្រប់គ្រាន់ទេដែលមានគ្រូពេទ្យតែម្នាក់ធ្វើការណែនាំ អ្នកជំងឺត្រូវជឿលើការណែនាំនោះផងថា វាជាការពិត និងត្រូវធ្វើតាមការណែនាំនោះ។
ប្រែសម្រួលដោយ នុច សារីតា