តុលាការខេត្តបាត់ដំបងនឹងបន្តបើកសវនាការជំនុំជម្រះសំណុំរឿងគ្រូពេទ្យបួនរូបដែលបើកគ្លីនិកគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលនៅក្នុងស្រុកចំនួនពីរនៅតាមខេត្តដែលស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា។
តុលាការខេត្តបាត់ដំបងនឹងបន្តបើកសវនាការជំនុំជម្រះលើសំណុំរឿងគ្រូពេទ្យបួនរូបនៅពាក់កណ្តាលខែមិថុនានេះទៀត បន្ទាប់ពីសវនាការលើកទីមួយមិនទាន់បានរកឃើញកំហុសសម្រាប់ការចោទប្រកាន់ទាក់ទងនឹងការបើកគ្លីនិកបីកន្លែងដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ នេះបើយោងតាមការបញ្ជាក់ពីមន្រ្តីប៉ូលិស និងព្រះរាជអាជ្ញាតុលាការខេត្តបាត់ដំបង។
ការធ្វើសវនាការកាត់ទោសនេះធ្វើឡើង បន្ទាប់ពីអាជ្ញាធរខេត្តបាត់ដំបងបានបើកយុទ្ធនាការចុះបង្រ្កាបគ្លីនិកចំនួនបីនៅក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក្សកាលពីចុងខែឧសភាកន្លងទៅនេះ ហើយបានឃាត់ខ្លួនគ្រូពេទ្យបួនរូប ដែលក្នុងនោះមានជនជាតិខ្មែរមួយរូប ចិនពីររូប និងចិនដើមកំណើតខ្មែរមួយរូប។
លោក ជេត វណ្ណី ស្នងការរងប៉ូលិសខេត្តបាត់ដំបងបានប្រាប់ VOA ខេមរភាសានៅថ្ងៃសុក្រនេះថា តុលាការនឹងបើកសវនាការម្តងទៀតនៅថ្ងៃទី១៨ ខែមិថុនា ខណៈពេលគ្រូពេទ្យទាំងបួនរូបមិនទាន់ត្រូវបានចោទប្រកាន់ក្នុងករណីណាមួយនៅឡើយ ហើយក៏នៅមានសេរីភាពដូចពលរដ្ឋទូទៅ។
«បាទ! បាទ! បាទ! ហ្នឹងគេមានត្រូវអីឃាត់គេកើត! បើយើងអត់ទាន់ជម្រៈធ្វើអីកើតផង អត់មាននៅក្នុងឃុំឃាំងបានទេបាទ»។
លោកបានបញ្ជាក់ថា តុលាការបានស្នើឲ្យអ្នកបកប្រែពិនិត្យទៅលើសញ្ញាប័ត្រវេជ្ជបណ្ឌិតដែលទទួលបានពីប្រទេសចិនរបស់គ្រូពេទ្យបួនរូបនេះ ដើម្បីពិនិត្យមើលថា តើសញ្ញាប័ត្រទាំងនោះត្រឹមត្រូវ ឬក៏មិនត្រឹមត្រូវដើម្បីតុលាការសម្រេចលើសំណុំរឿងនេះ។
«ប្រសិនបើជាយើងឃើញថា ការបកមកយ៉ាងជាក់លាក់អំពីបញ្ហាសញ្ញាប័ត្រនេះ អាហ្នឹងគាត់អាចយល់ថា យ៉ាងម៉េច អាហ្នឹងជាឆន្ទានុសិទ្ធិរបស់គាត់ បាទ។ គាត់ឃើញថា មិនត្រឹមត្រូវ ឬ ត្រឹមត្រូវនៅលើគាត់ បាទ!»
តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ដែលត្រូវបានធ្វើឡើងជាយូរមកហើយនោះ បានឲ្យដឹងថា វេជ្ជបណ្ឌិតមួយរូបក្នុងចំណោមបួនរូបនេះបានបើកគ្លីនិករបស់ខ្លួនអស់រយៈពេល១០ឆ្នាំមកហើយ ដោយពុំមានអាជ្ញាប័ណ្ណ ក៏ប៉ុន្តែមន្រ្តីតុលាការខេត្តបាត់ដំបងបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលទទួលការព្យាបាលពុំដែលមានបញ្ហាសុខភាពនោះឡើយ ក្រោយពីទទួលការព្យាបាលពីគ្លីនិកទាំងបីនេះ។
លោកនួន សាន ព្រះរាជអាជ្ញាតុលាការខេត្តបាត់ដំបង បានឲ្យដឹងថា តុលាការនឹងកំណត់ពេលសវនាការថ្មី បន្ទាប់ពីបានសួរដេញដោលគ្រូពេទ្យទាំងបួនរូបនោះ កាលពីម្សិលមិញ ប៉ុន្តែលោកបដិសេធមិនធ្វើអធិប្បាយលើការសួរដេញដោលនោះទេ។ លោកក៏ពុំធ្វើការអធិប្បាយផងដែរលើការបកប្រែសញ្ញាប័ត្ររបស់គ្រូពេទ្យទាំងបួនរូបនេះ។
«គេលើកប្រកាស គេលើកប្រកាសប្អូន។ លើកប្រកាសធម្មតាហ្នឹងច្បាប់ក៏អនុញ្ញាតឲ្យអញ្ចឹង។ ធម្មតាពេលសវនាការ ក្រោយពីការសួរដេញដោលចៅក្រមអាចសម្រេចភ្លាមដោយប្រកាសសាលក្រមភ្លាម ឬក៏លើកការប្រកាសសាលក្រមទៅពេលក្រោយ»។
គ្រូពេទ្យ ដែលសមត្ថកិច្ចឃាត់ខ្លួន ហើយអនុញ្ញាតឲ្យមានសេរីភាពវិញនោះ គឺមានគ្រូពេទ្យម្នាក់ជាជនជាតិចិនដើមកំណើតខ្មែរ ឈ្មោះកែវ សុវណ្ណ សុខយ៉ាន អាយុ៦៣ឆ្នាំ និងវ៉ាន់ថា ស៊ាងហេង អាយុ៣២ឆ្នាំ ជាជនជាតិខ្មែរ ហើយគ្រូពេទ្យទាំងពីរនាក់នេះជាអ្នកបើកគ្លីនិកមួយឈ្មោះថា សមាគមគ្រូពេទ្យគុណធម៌កម្ពុជា ដែលស្ថិតក្នុងស្រុកភ្នំព្រឹក្ស។ រីឯពីររូបផ្សេងទៀតកាន់លិខិតឆ្លងដែនសញ្ជាតិចិនគឺឈ្មោះម៉ា ភី អាយុ៤៨ឆ្នាំ ជាម្ចាស់គ្លីនិកចិន-កូរ៉េបើកទ្វារ២៤ម៉ោង ហើយនិងឈ្មោះគ័រ លីអាន អាយុ៥២ឆ្នាំ ជាមា្ចស់គ្លីនិកមិត្តភាពខ្មែរ-ចិន។
គួរបញ្ជាក់ផងដែរថា មានករណីចម្លងមេរោគអេដស៍ដ៏ច្រើននៅក្នុងភូមិរការ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីពាក់កណ្តាលខែធ្នូឆ្នាំ២០១៤ ហើយមកដល់ពេលនេះ ក្នុងចំណោមអ្នកភូមិរការសរុប២ពាន់នោះ មានអ្នកភូមិចំនួន២៥០នាក់ត្រូវបានរកឃើញថា មានផ្ទុកមេរោគនេះ។
ការចម្លងនេះគឺត្រូវបានគេសង្ស័យថា បង្កឡើងដោយគ្រូពេទ្យប្រចាំភូមិម្នាក់ ដែលធ្វើការចាក់ថ្នាំ និងចាក់សេរ៉ូម ដោយប្រើម្ជុលស៊ីរ៉ាំងរួមគ្នាក្នុងពេលព្យាបាលអ្នកជំងឺ។ គ្រូពេទ្យរូបនេះពុំមានលិខិតអនុញ្ញាតត្រឹមត្រូវដើម្បីព្យាបាលអ្នកជំងឺនោះទេ។ ក្រោយពីការផ្ទុះនៃការចម្លងមេរោគអេដស៍នោះមក រដ្ឋាភិបាលកម្ពុជាបានប្រកាសបង្រ្កាបសកម្មភាពព្យាបាលសុខភាព ដែលគ្មានអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាល៕