តុលាការខេត្តបាត់ដំបងនឹងបើកសវនាការជំនុំជម្រះគ្រូពេទ្យបួនរូបក្នុងសំណុំរឿងរដ្ឋប្បវេណីនៅដើមខែមិថុនាខាងមុខនេះ ទាក់ទងនឹងការបើកគ្លីនិកដោយគ្មានអាជ្ញាបណ្ណ។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីតុលាការខេត្តបាត់ដំបង។
ការសម្រេចបើកសវនាការជំនុំជម្រះគ្រូពេទ្យទាំងបួននាក់ក្នុងសំណុំរឿងរដ្ឋប្បវេណីនេះគឺធ្វើឡើង ក្រោយពីអាជ្ញាធរខេត្តបាត់ដំបងចុះទៅបិទគ្លីនិកបីកន្លែង ដែលបានបើកដោយគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល ក្នុងស្រុកចំនួនពីរនៃខេត្តដែលនៅភាគខាងលិចនៃប្រទេសកម្ពុជា។
លោក នួន សាន ព្រះរាជអាជ្ញាតុលាការខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមសមត្ថកិច្ចពុំបានរកឃើញពិរុទ្ធភាពរបស់គ្រូពេទ្យទាំងបួនរូបនេះទេ ពីព្រោះពួកគេគ្រាន់តែបើកគ្លីនិកដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «ទណ្ឌកម្មពន្ធនាគារដូចមិនមាន មានតែពិន័យជាប្រាក់»។
កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រុមសមត្ថកិច្ចចម្រុះក្នុងខេត្តបាត់ដំបងបានចុះទៅបិទគ្លីនិកទាំងបីនេះនៅក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក្ស ហើយបានឃាត់ខ្លួនគ្រូពេទ្យបួនរូប ដែលក្នុងនោះមានជនជាតិខ្មែរមួយរូប ចិនពីររូប និងចិនដើមកំណើតខ្មែរមួយរូប។
លោកព្រះរាជអាជ្ញាបានបន្តថា គ្រូពេទ្យសញ្ជាតិចិន និងខ្មែរទាំងបួននាក់នេះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ បន្ទាប់ពីការសាកសួរដោយអាជ្ញាធរខេត្តរួចហើយ៖
«យើងតម្រូវឲ្យគាត់ត្រឡប់ទៅលំនៅដ្ឋានវិញទៅ ដោយយើងគ្រាន់តែដកហូតស្អីមួយ យើងអាចឃាត់គាត់បាន ដូចជាលិខិតឆ្លងដែនសម្រាប់អ្នកបរទេស ហើយអ្នកក្នុងស្រុកយើង អញ្ចឹងត្រូវមានការធានា។ យើងគិតថា មិនមានបញ្ហាអីទេ បើគាត់ទៅ គាត់គង់ត្រឡប់មកវិញទេ»។
គួរបញ្ជាក់ផងដែរថា មានករណីចម្លងមេរោគអេដស៍ដ៏ច្រើននៅក្នុងភូមិរការ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីពាក់កណ្តាលខែធ្នូឆ្នាំ២០១៤ ហើយមកដល់ពេលនេះ ក្នុងចំណោមអ្នកភូមិរការសរុប២ពាន់នោះ មានអ្នកភូមិចំនួន២៥០នាក់ត្រូវបានរកឃើញថា មានផ្ទុកមេរោគនេះ។
ការចម្លងនេះគឺត្រូវបានគេសង្ស័យថា បង្កឡើងដោយគ្រូពេទ្យប្រចាំភូមិម្នាក់ ដែលធ្វើការចាក់ថ្នាំ និងចាក់សេរ៉ូម ដោយប្រើម្ជុលស៊ីរ៉ាំងរួមក្នុងពេលព្យាបាលអ្នកជំងឺ។ គ្រូពេទ្យរូបនេះពុំមានលិខិតអនុញ្ញាតត្រឹមត្រូវដើម្បីព្យាបាលអ្នកជំងឺនោះទេ។
ក្រោយពីការផ្ទុះនៃការចម្លងមេរោគអេដស៍នោះមក រដ្ឋាភិបាលកម្ពុជាបានប្រកាសបង្រ្កាបសកម្មភាពព្យាបាលសុខភាព ដែលគ្មានអាជ្ញាបណ្ណពីក្រសួងសុខាភិបាល៕