ក្រសួងសុខាភិបាលបានឲ្យដឹងថាមនុស្សជាង៦០០នាក់ទៀត ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩ ខណៈអាជ្ញាធរ កំពុងចាប់ផ្តើមធ្វើតេស្តរហ័សឆាប់ដឹងលទ្ធផល។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃច័ន្ទនេះ ក្រសួងសុខាភិបាលបានឲ្យដឹងថាមនុស្ស៦២៤នាក់ បានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ មានចំនួន៦.៤៧០នាក់។
ករណីឆ្លងដែលប្រកាសនៅថ្ងៃច័ន្ទនេះ ភាគច្រើននៅរាជធានីភ្នំពេញ ដែលមានចំនួន៤៦៥នាក់ និងខេត្តព្រះសីហនុដែលមានចំនួន១៤៤នាក់។ក្រសួងសុខាភិបាលឲ្យដឹងទៀតថាករណីស្លាប់បានកើនឡើងដល់៤៥នាក់ហើយ។
បើតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ កម្មករកម្មការិនីរោងចក្រ និងអ្នកពាក់ព័ន្ធជិត១ពាន់នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ គិតចាប់ពីថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី១៧ ខែមេសា។ ករណីផ្ទុះការឆ្លងនៅផ្សារអូរឫស្សី មានអ្នកពាក់ព័ន្ធសរុបចំនួន៤១៣នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ គិតចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១៨ ខែមេសា។ ករណីផ្ទុះការឆ្លងនៅផ្សារចាស់ មានអ្នកពាក់ព័ន្ធសរុប២៨នាក់ ដែលត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ គិតមកដល់ថ្ងៃទី១៧ ខែមេសា។
ចំណែកករណីផ្ទុះឆ្លងនៅផ្សារដើមគ មានអ្នកពាក់ព័ន្ធសរុបចំនួន៨៨នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី១៨ ខែមេសា។
មន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថាខ្លួនកំពុងធ្វើតេស្តរហ័ស ដែលអាចដឹងលទ្ធផលក្នុងរយៈពេលខ្លី។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការនិងអ្នកនាំពាក្យម្នាក់នៃក្រសួងសុខាភិបាល បានប្រាប់សារព័ត៌មានFreshnewsថាក្រសួងកំពុងប្រើប្រាស់ឧបករណ៍តេស្ដរហ័ស ដែលចំណាយពេលត្រឹមតែ១០ទៅ១៥នាទី នឹងដឹងលទ្ធផល។
គួរបញ្ជាក់ថាការបន្តឆ្លងឡើងដល់ជាង៦០០នាក់នេះ ស្របពេលដែលទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានបិទខ្ទប់ទាំងស្រុង ក្នុងរយៈពេល២សប្តាហ៍ គឺរហូតដល់ថ្ងៃទី២៨ ខែមេសា៕