ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

មនុស្ស​២​នាក់​ទៀត​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ​នៅ​​កម្ពុជា ក្នុង​នោះ​មាន​ផលិត​ករ​ភាព​យន្ត​ដ៏​ល្បី​ម្នាក់


លោក ម៉ៅ អាយុទ្ធ ដែល​ជា​ផលិត​ករ​ភាព​យន្ត​ល្បី​ឈ្មោះ​ម្នាក់និង​មាន​តំណែង​ជា​​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បានទទួលមរណភាពក្នុង​វ័យ​៧៧​ឆ្នាំ ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី​ ១៥ ខែមេសា ឆ្នាំ ២០២១។ (រូបថតពីបណ្តាញសង្គម)

ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​មនុស្ស​ ២ ​នាក់​ទៀតបាន​ស្លាប់ ដោយ​សារ​ជំងឺ​កូវីដ​១៩ ក្នុង​នោះ​មាន​លោក ម៉ៅ អាយុទ្ធ ដែល​ជា​ផលិត​ករ​ភាព​យន្ត​ល្បី​ឈ្មោះ​ម្នាក់ និង​មាន​តំណែង​ជារដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន។

ករណី​ស្លាប់​ចុង​ក្រោយ​ ២ ​នាក់​នេះ ​ធ្វើ​ឲ្យ​ចំនួនអ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ​១៩ ​ក្នុង​ប្រទេស​កម្ពុជា កើន​ឡើង​ដល់ ​៣៨ ​នាក់ ក្នុង​រយៈ​ពេលជិត ​២​ ខែនៃ​ការ​ផ្ទុះ​ឆ្លង​ក្នុង​សហគមន៍​ធ្ងន់​ធ្ងរ ចាប់​តាំង​ពី​ថ្ងៃ​ទី​ ២០ ខែ​កុម្ភៈ​មក។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិបាល​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ។

ក្រសួង​សុខាភិបាល​ឲ្យ​ដឹងថា ​បុរស​ទាំង​ ២ ​ដែល​ម្នាក់​អាយុ​ ៦៥ ​ឆ្នាំ និងម្នាក់​ទៀត​អាយុ ៧៧ ឆ្នាំ បាន​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរសូវៀត។ បុរស​វ័យ​ ៦៥ ​ឆ្នាំ ​ជាអ្នក​រស់​នៅ​ក្នុង​ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ ដែល​បាន​ចូល​មក​ទទួល​ការ​ព្យាបាល​នៅ​ថ្ងៃ​ទី​ ១៥ ខែ​មេសា ​នៅ​មន្ទីរ​ពេទ្យ​មិត្តភាពខ្មែរ-សូវៀត។ ចំណែកបុរស​វ័យ ​៧៧ ​ឆ្នាំ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​លោក ​ម៉ៅ អាយុទ្ធ មាន​ទីលំនៅ​នៅ​សង្កាត់​បឹង​រាំង​ ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ​និង​ជា​ផលិត​ករ​ភាព​យន្ត​ជើង​ចាស់​ម្នាក់។

លោក ​ម៉ៅ​ អាយុទ្ធ ដែល​បាន​ផលិត​រឿង ​«ស្តេច​កន» ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត តាំង​ពី​ថ្ងៃ​ទី​ ៥ ខែ​មេសា ដោយ​មានស្ថាន​ភាព​ហត់​ដង្ហក់​ខ្លាំង ​បន្ថែម​លើ​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​ជា​ជំងឺ​ប្រចាំ​កាយ​របស់​លោក។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា អ្នកទាំង ២ ​បាន​ស្លាប់នៅ​ថ្ងៃទី​ ១៥ ខែ​មេសា ដោយ​សារ​វីរុសកូរ៉ូណាដែលបង្កជា​ជំងឺ​កូវីដ​១៩ ធ្វើ​ឲ្យ​មានវិបត្តិ​ផ្លូវ​ដង្ហើម​ស្រួច​ស្រាវ ​និង​រលាក​សួត​ទាំង​សង​ខាង​ធ្ងន់​ធ្ងរ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិង​ជាអ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល ​មិន​ផ្តល់​អត្ថាធិប្បាយ​បន្ថែម​ទៅលើ​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​វីអូអេ​ ដោយ​បញ្ជាក់​ថា ​រាល់​ព័ត៌មាន​មាន​រាយ​ការណ៍​ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក៏​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារលោក ម៉ៅ អាយុទ្ធ​ ផង​ដែរ។ ចំណែក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មានលោក​ ខៀវ កាញារីទ្ធ​ ចាត់​ទុក​មរណភាពរបស់​លោក​ ម៉ៅ អាយុទ្ធ​ ថា​ជា​ការ​បាត់​បង់​ឥស្សរជន​ដ៏​ឆ្នើម​មួយ​រូប ​ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​បម្រើ​លើ​វិស័យ​សារព័ត៌មាន សិល្បៈ​ដែល​រួមចំណែក​ដល់​ការ​កសាង​និង​អភិវឌ្ឍ​ប្រទេស​ជាតិ។

គ្រា​ដែល​ការ​ឆ្លងជំងឺកូវីដ​១៩​ និង​ការ​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​បាន​បន្ត​កើនឡើង រដ្ឋាភិបាល​បាន​សម្រេច​បិទ​ខ្ទប់ទីក្រុង​ភ្នំពេញ​ និង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ​របស់​ខេត្ត​កណ្តាលយ៉ាងតក់​ក្រហល់​ កាល​ពី​យប់​ថ្ងៃ​ទី​ ១៤ ខែ​មេសា ​ដែល​ជា​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​បន្ថែម​នៃ​ជំងឺ​កូវីដ១៩។

ក្រុមមន្ត្រីសុខាភិបាលស្ថិតក្នុងឯកសណ្ឋានការពារពីការឆ្លងជំងឺកូវីដ១៩ ត្រៀមបញ្ជូនអ្នកជំងឺតេស្តវិជ្ជមានកូវីដ១៩ ទៅកាន់មណ្ឌលព្យាបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ ( ធីតា វីន/វីអូអេ)
ក្រុមមន្ត្រីសុខាភិបាលស្ថិតក្នុងឯកសណ្ឋានការពារពីការឆ្លងជំងឺកូវីដ១៩ ត្រៀមបញ្ជូនអ្នកជំងឺតេស្តវិជ្ជមានកូវីដ១៩ ទៅកាន់មណ្ឌលព្យាបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ ( ធីតា វីន/វីអូអេ)

លោក ហ៊ុន​ សែន លើក​ឡើង​ថា​ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​ក្នុង​ទីក្រុង​ភ្នំពេញ គួរ​ឲ្យបារម្ ភហើយ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​កុំ​ចាក​ចេញ​ពី​លំនៅដ្ឋាន។

លោក​មាន​ប្រសាសន៍​ថា៖ «សុំ​អង្វរករ​បង​ប្អូន​ប្រជា​ពលដ្ឋ​របស់​យើង​ខិតខំ​ឡើង​រួម​គ្នា​ ដើម្បី​បញ្ចប់នូវ​ព្រឹត្តិការណ៍​ដ៏គ្រោះ​ថ្នាក់។​ យើង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​មាត់​ជ្រោះ​នៃមរណៈ​ ហើយ​ប្រសិន​បើ​យើង​មិន​ប្រឹង​រួម​គ្នា យើង​នឹង​ឈាន​ទៅ​រក​មរណៈ​ពិត​ប្រាកដ​។ ដូច្នេះ​វិធី​តែមួយ​គត់ គឺរួមដៃ​គ្នា​ទាំង​រដ្ឋនិង​ប្រជា​ជន ​ជា​ពិសេស​ការ​គាំទ្រ​និង​ចូលរួម​របស់​ប្រជា​ជន»។

លោកនាយករដ្ឋ​មន្ត្រី​ក៏បានស្នើ​ឲ្យប្រជាពលរដ្ឋផ្អាក​ការលក់​គ្រឿងស្រវឹង​ក្នុងរយៈពេល​ ១៤ ថ្ងៃ ដែលជាផ្នែក​មួយ​នៃ​ការ​កាត់​បន្ថយ​បន្ថែម​ទៀត​នៃ​ការចម្លង​ជំងឺកូវីដ១៩។

«ខ្ញុំ​សំណូមពរ​មិនមែន​គ្រាន់​តែ​ទីក្រុងភ្នំពេញ​ទេ នៅ​តាម​ខេត្ត​នានា​ឥឡូវនេះ​កំពុង​តែការ​ស៊ីផឹក ​ហើយ​ដែល​គ្មាន​ការ​ត្រួត​ពិនិត្យ​បាន។ សម្រាប់​ក្រុម​ស៊ីផឹក​ខ្ញុំសុំអំពាវនាវ​សុំ​ឲ្យ​ទូទាំង​ប្រទេស​លក់​ដូរ​គ្រឿងស្រវឹង​ ដើម្បី​បញ្ចៀស​នូវ​ការ​ស៊ី​ផឹក ដោយ​គ្មាន​ការចាំបាច់​នៅ​តាម​ទីកន្លែង​ខ្លះ​ ហើយ​នៅ​ទីក្រុង​ភ្នំពេញ​គ្រឿង​ស្រវឹង​មិន​មែន​ចាត់​ទុក​ថា​ជាប្រភេទ​ស្បៀងមួយ​នោះ​ទេ។ ពិត​មែន​ហើយ​ គេ​ចាត់​ទុក​ថា ស្រា​ ឬប៊ីយ៉ែគឺ​ជា​ប្រភេទ​ស្បៀង ​ក៏​ប៉ុន្តែ​ខ្ញុំ​សុំ​ស្នើ​ឲ្យនៅក្នុងរាជធានីភ្នំពេញ​ផ្អាក​ការលក់​គ្រឿង​ស្រា​ផ្អាក ​ការ​លក់​ប៊ីយ៉ែនៅក្នុង​រយៈពេល ​១៤ ថ្ងៃ​នេះ»។​

លោក ​ទឹម វរ៉ា​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​សម្រប​សម្រួល​សកម្មភាព​សុខភាព ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​សម្រេច​របស់​រដ្ឋាភិបាល​ដែល​រឹត​បន្តឹង​ការធ្វើ​ដំណើរ​ក្នុង​និង​ចេញ​ក្រៅ​ក្រុង នឹង​អាច​កាត់​បន្ថយ​ការ​ឆ្លង​បន្ត​ទៀត។

លោក​បន្ថែម​ថា ​វិធាន​ការ​ផ្អាក​ការ​លក់​ដូរ​គ្រឿង​ស្រវឹង ដែល​ប្រកាស​ដោយ​លោក ហ៊ុន សែន ​ក៏​អាច​ជួយ​បាន​មួយ​ផ្នែក​ទៀត​នៃ​ការ​កាត់​បន្ថយ​ការ​ចម្លង​ជំងឺ​កូវីដ​១៩ ​នៅ​តាម​ខ្នងផ្ទះ​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​មួយ ​ឬ​ក៏​ទីតាំង​ជាក់លាក់​មួយ​នោះ។

លោក​មាន​ប្រសាសន៍​ថា៖ «រឿង​ការ​កាត់​បន្ថយ​ក៏មួយ​ចំណែក​ដែរ ព្រោះអី​តែ​នៅ​ផ្ទះ​នាំ​គ្នាហើយ​ហូប​ហើយ។ ហើយ​តែ​ហូប​សុរាគឺត​ពីផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​។ បើសិន​ជា​គាត់ហូប​នៅ​ក្នុង​ចំណោម​ក្រុម​គ្រួសា​គាត់​នៅ​ក្នុង​ផ្ទះ​មានអី។ ប៉ុន្តែ​តែហូបហ្នឹង​គឺឆ្លង​ពីផ្ទះ​មួយ​ទៅ​ផ្ទះមួយហៅ​ពី​ត​គ្នាហើយ។ អីចឹង ​វា​អាច​បង្កើត​នៅក្នុង​ការ​ឆ្លង​ចឹង​ដែរ។ អីចឹង​បាន​ជា​រដ្ឋាភិបាល​គាត់​បិទ​នូវ​ការ​លក់​គ្រឿង​ស្រវឹង​ហ្នឹង​គឺ​មធ្យោ​បាយ​មួយល្អ​មួយ​ដែរ»។

អ្នក​ជំនាញ​អង្គការ​សុខភាព​ពិភព​លោក​បានព្រមាន​ពី​មហន្តរាយ​ដែលនឹង​ខិត​ជិត​មក​ដល់ ​បើ​សិន​សាធារណ​ជន​ខកខាន​មិនបាន​បង្ហាញ​ការ​ទទួល​ខុស​ត្រូវខ្ពស់ចំពោះ​សុខ​សុវត្ថិភាព​គ្រួសារ​ ឬ​ក៏​សហគមន៍​ពួកគេ​ក្នុង​ការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ​១ ៩​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ ​ឬ​នៅ​ក្រោយ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​នេះ៕

XS
SM
MD
LG