ការប្រយុទ្ធគ្នាដោយកាំភ្លើងជាផ្នែកមួយនៃវិបត្តិសុខភាពដែលកើតមានឡើងក្នុងរដ្ឋធានីប្រទេសលីប៊ី សព្វថ្ងៃមានប្រជាពលរដ្ឋមួយលានកន្លះកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់។
មន្ទីរពេទ្យហ្សាវីយ៉ា (Zawiya) ក្នុងកណ្តាលទីក្រុងទ្រីប៉ូលីមានឧបករណ៍ទំនើបៗ។ ប៉ុន្តែមន្ទីរពេទ្យនេះខ្វះខាតកត្តាមូលដ្ឋានមួយចំនួនដូចជាទឹកស្អាត និងវេជ្ជបណ្ឌិត។
លោកម៉ូហាម៉េត អេល ប៊ូសេហ្វ (Mohammed El Busef) ស្លៀករ៉ូបពេទ្យព័ណ៌ខៀវឈប់លើរបៀងអគារមន្ទីរពេទ្យដ៏មមាញឹកមួយ មានប្រសាសន៍ថា៖
«យើងត្រូវការទឹក។ មន្ទីរពេទ្យនេះគ្មានទឹកទេ»។
ប៊ូសេហ្វ (Busef) ជានិស្សិតវេជ្ជសាស្រ្តឆ្នាំទី ៥។ ប៉ុន្តែពេលដែលអ្នកយកព័ត៌មានពី វីអូអេ ទៅដល់មន្ទីរពេទ្យនោះ លោក ប៊ូសេហ្វ (Busef) គឺជាអ្នកទទួលបន្ទុកនៅទីនោះ។
«វេជ្ជបណ្ឌិតភាគច្រើនធ្វើការពី ៣០ ទៅ ៤០ ម៉ោង។ ដូច្នេះ ឥឡូវនេះពួកគេកំពុងតែសំរាន្ត»។
បុរសត្រូវរបួសម្នាក់ធ្វើដំណើរតាមរបៀងអគារមន្ទីរពេទ្យ។ គាត់ជាអ្នករងរបួសចុងក្រោយក្នុងចំណោមអ្នករងរបួសនៅក្នុងការប្រយុទ្ធគ្នានេះ ដែលគេបញ្ជូនមកកាន់ មន្ទីរពេទ្យនេះជាបន្តបន្ទាប់។លោកប៊ូសេហ្វ (Busef) និយាយថា៖«អ្នកជំងឺភាគច្រើននៅមន្ទីរពេទ្យនេះរងរបួសដោយសារអ្នកលបបាញ់កាំភ្លើង។ អ្នកខ្លះទៀតរងរបួសដោយសារការផ្ទុះផ្សេងៗ»។
នៅលើគ្រែមួយ អ្នកប្រយុទ្ធឧទ្ទាមម្នាក់មានរុំរបួសដែលត្រូវដោយអំបែងគ្រាប់បែកនៅជើងខាងស្តាំរបស់គាត់។ មុខរបស់គាត់ឡើងព័ណ៌លឿង ប៉ុន្តែគេរំពឹងថាគាត់អាចរស់បាន។
ចន្លោះពីរបន្ទប់បន្ទាប់ពីបន្ទប់នេះគឺជាកន្លែងដាក់សពមិនមានម៉ាស៊ីនត្រជាក់ ដោយនៅទីនោះ គេឃើញមានសាកសពចំនួនប្រាំ។
នៅពាសពេញទីក្រុង សាកសពរាប់រយនាក់នៅដេករណូករណែលកណ្តាលវាល ក្រោមសីតុណ្ហភាព ៣០ អង្សារសេ។
នៅក្នុងទីក្រុងទំនើបក្បែរឆ្នេរសមុទ្រម៉េឌីទែរ៉ាណេនេះ សេវាមួយចំនួនដូចជាទឹក អគ្គិសនី អ៊ីនធឺណែត ទូរស័ព្ទ និងការប្រមូលសំរាមមានការប្រែប្រួលជារឿយៗ ឬលែងមានតែម្តង។
លោក ម៉ាហ៍មូលដ៍ ស្ហេមម៉ាំ (Mahmould Shammam) រដ្ឋមន្រ្តីក្រសួងព័ត៌មានរបស់ក្រុមប្រឹក្សាជាតិអន្តរកាលនៃប្រទេសលីប៊ីបានឆ្លើយតបទៅនឹងការត្អូញត្អែរ ដោយធ្វើការព្រមានអ្នករស់នៅក្នុងទីក្រុងទ្រីប៉ូលីថា «កុំរំពឹងថាមានអព្ភូតហេតុ» ឲ្យសោះ។
« នៅតាមតំបន់ខ្លះ សាកសពមួយចំនួនត្រូវបានអាជ្ញាធរខាងសុខភាពយកចិត្តទុកដាក់ ហើយយើងសង្ឃឹមថានៅប៉ុន្មានម៉ោងខាងមុខនេះ យើងអាចដោះស្រាយបញ្ហានេះបានដោយមានការជួយជ្រោមជ្រែងពីក្រុមប្រឹក្សាជាច្រើន»។
ពីទីក្រុងញូវយ៉ក លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន កំពុងធ្វើការអំពាវនាវនៅជុំវិញពិភពលោកឲ្យផ្តល់ជំនួយដល់ប្រទេសលីប៊ី។
«ភ្លាមៗនោះ យើងបានស្នើសុំជំនួយមនុស្សធម៌ជាបន្ទាន់ ជាពិសេសជំនួយវេជ្ជសាស្រ្ត និងសេវាសាធារណៈមូលដ្ឋានមួយចំនួន ដូចជាទឹក និងអនាម័យ រួមទាំងការអប់រំផងដែរ»។
ស្របពេលជាមួយគ្នានោះដែរ បើគេត្រឡប់ទៅមើលមន្ទីរពេទ្យស្ថិតក្នុងអាកាសធាតុដ៏ក្តៅបែកផ្សែងក្នុងទីក្រុងទ្រីប៉ូលីវិញ គេឃើញថា មិនមានទឹកដើម្បី លាងជំរះឈាមចេញពីផ្ទៃឥដ្ឋការ៉ូនោះទេ។
លោកប៊ូសេហ្វ (Busef) ដែលជានិស្សិតពេទ្យនិយាយបន្តថា៖
«ពួកយើងទទួលបានសេរីភាព ដោយសារឈាមរបស់យើង»។
ផ្អែកលើស្ថានភាពប្រយុទ្ធគ្នាដោយកាំភ្លើងដែលកំពុងតែបន្ត មន្ទីរពេទ្យក្នុងទីក្រុងទ្រីប៉ូលីអាចប្រឈមនឹងលំហូរចូលរបស់អ្នកប្រយុទ្ធដែលត្រូវរបួសបន្ថែមទៀតជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃខាងមុខនេះ៕
ប្រែសម្រួលដោយ ភី សុភាដា