អនុប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី Kamala Harris បាននិយាយថា អ្នកស្រីបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតប្រជែងនឹងលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ បន្ទាប់ពីទទួលបានសំឡេងឆ្នោតគ្រប់គ្រាន់ពីប្រតិភូគណបក្សប្រជាធិបតេយ្យ ដើម្បីក្លាយជាបេក្ខភាពប្រធានាធិបតីរបស់គណបក្ស។
ប្រធានសន្និបាតគណបក្សប្រជាធិបតេយ្យបានប្រកាសកាលពីថ្ងៃសុក្រថា អ្នកស្រី Harris មានសំឡេងឆ្នោតគ្រប់គ្រាន់ហើយ។ ដំណើរការបោះឆ្នោតតាមអ៊ីនធឺណិតមិនទាន់បញ្ចប់ទេ ហើយនឹងបន្តរហូតដល់ថ្ងៃចន្ទ ប៉ុន្តែក្រុមយុទ្ធនាការរបស់ អ្នកស្រី Harris បានអបអរលទ្ធផលនេះនៅថ្ងៃសុក្រ នៅពេលដែលអ្នកស្រីទទួលបានសំឡេងប្រតិភូភាគច្រើនគ្រប់គ្រាន់។
អ្នកស្រី Harris ថ្លែងថា អ្នកស្រី «មានកិត្តិយសក្នុងការក្លាយជាបេក្ខភាពសន្មត់របស់បក្សប្រជាធិបតេយ្យ»។
អ្នកស្រី Harris គឺជាស្ត្រីដំបូងគេដែលមិនមានសម្បុរសដែលឈរឈ្មោះតំណាងឲ្យបក្សដ៏ធំនៅក្នុងការបោះឆ្នោត។ សន្និបាតជាតិរបស់គណបក្សប្រជាធិបតេយ្យនៅទីក្រុង Chicago នឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែសីហា។