ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អាជ្ញាធរ​ហាមឃាត់​ពលរដ្ឋ​មិន​ឱ្យ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅដ្ឋាន


រូបឯកសារ៖ ពលរដ្ឋ​អ្នក​ក្រុង​ភ្នំពេញ​ដែល​ជា​អតីត​អ្នក​រស់​នៅ​សហគមន៍​បឹងកក់ បុរីកីឡា និង​សហគមន៍​ផ្សេងៗ​ទៀត ​មាន​កាន់​រូបសំណាក​ផ្ទះ​សម្បែង​ដើរ​ក្បួន​​​ពី​មុខ​សំណង់​ថ្មី​មួយ នៅ​ក្នុង​ឱកាស​ទិវា​សិទ្ធិ​​លំនៅដ្ឋាន​អន្តរជាតិ​​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​​៥ ខែ​តុលា ឆ្នាំ​២០១៥។
រូបឯកសារ៖ ពលរដ្ឋ​អ្នក​ក្រុង​ភ្នំពេញ​ដែល​ជា​អតីត​អ្នក​រស់​នៅ​សហគមន៍​បឹងកក់ បុរីកីឡា និង​សហគមន៍​ផ្សេងៗ​ទៀត ​មាន​កាន់​រូបសំណាក​ផ្ទះ​សម្បែង​ដើរ​ក្បួន​​​ពី​មុខ​សំណង់​ថ្មី​មួយ នៅ​ក្នុង​ឱកាស​ទិវា​សិទ្ធិ​​លំនៅដ្ឋាន​អន្តរជាតិ​​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​​៥ ខែ​តុលា ឆ្នាំ​២០១៥។

នៅថ្ងៃ​អង្គារនេះ​ ​ក្រុមមន្ត្រី​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ ​បាន​បង្ហាញ​ការ​បារម្ភ​សា​ជាថ្មី​ ​ចំពោះ​ការ​បន្ត​ធ្លាក់​ចុះ​នៃ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​ ​ក្នុង​ការ​សម្តែង​មតិ​ និង​ប្រមូលផ្តុំ​ដោយ​អហិង្សា​ ​ខណៈ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មួយ​ចំនួន​បន្ត​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ​ ​នា​ទិវាសិទ្ធិលំ​នៅដ្ឋាន​ពិភពលោក​កាលពី​ថ្ងៃទី​១ ខែ​តុលា​ ឆ្នាំ​២០១៨។​

លោក​អំ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ ​និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ​(Licadho)​ ​មាន​ប្រសាសន៍​ថា៖​

«នៅ​ម្សិលមិញ​នេះ​ ​ជាថ្ងៃ​ដើម​សប្តាហ៍​ទីមួយ​ ​ខែតុលា​ហ្នឹង​គឺ​ជា​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភព​លោក​ អ៊ីចឹង​ប្រជា​ពលរដ្ឋមួយ​ចំនួន​នៅតាម​បណ្តា​សហគមន៍​មួយ​ចំនួន ​គាត់​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភព​លោក។​ ​ហើយ​មាន​អាជ្ញាធរ​មួយ​ចំនួន​ហ្នឹង​ គាត់​យល់​ គាត់​ដឹង​គឺ​ គាត់​អនុញ្ញាត​ឲ្យ​ប្រជាពល​រដ្ឋ​ហ្នឹង​ប្រារព្ធ​ទិវាហ្នឹង។ ​ប៉ុន្តែ​អាជ្ញាធរ​មួយ​ចំនួន​គឺ​ព្យាយាម​រារាំង​ ​រឹតត្បិត​ថា​ ​មិនបាន​សុំច្បាប់​ ​ការ​ជួប​ជុំ​ហ្នឹង​មិនបាន​សុំច្បាប់​ ​មិន​បាន​ជូនដំណឹង​ ពីព្រោះ​កន្លែង​ខ្លះ​ ​គាត់ធ្វើ​ជា​ពិធី​បែប​សាសនា​អី​ ​យើង​មិន​គួរ​ណា​ឲ្យ​គាត់​ទៅ​សុំ​...អាហ្នឹង​គឺ​ជា​ការ​រឹតត្បិត​មួយ...​ទៅលើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​មួយ​បន្ថែម​ទៀត​ហើយ»។​

លោក​ស៊ឹង សែនករុណា​ ​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ​(Adhoc)​ ​មាន​ការ​បារម្ភ​អំពី​ការ​បាត់​បង់នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​គ្រាមាន​ការ​បន្តរឹតបន្តឹង​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ជួបជុំ​ ​ដែល​ផ្ទុយ​ពីរដ្ឋធម្មនុញ្ញ​របស់​ប្រទេស។​

លោក​មាន​ប្រសាសន៍​ថា៖​

«នា​រយៈពេល​ចុងក្រោយនេះ​ ប្រជាពលរដ្ឋ​មានការ​លំបាក​ខ្លាំង​ ចំពោះ​ការ​បញ្ចេញ​មតិ​របស់​ពួកគាត់​ ហ្នឹង​ ហើយ​ការ​ធ្វើ​សកម្មភាព​ផ្សេងៗ​ហ្នឹង​ត្រូវបាន​រាំងខ្ទប់​ ត្រូវបាន​រឹតត្បិត​ ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​ ដូច្នេះ​ យើង​មានការ​ព្រួយបារម្ភ​អំពី​ប្រទេស​កម្ពុជា​យើង​ហ្នឹង​ ថាតើ​ យើង​មិន​ដឹងថា ​តើ​យើង​ជា​ប្រទេស​មួយ​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​ ឬក៏​មិន​មាន​លទ្ធិប្រជាធិបតេយ្យ​ ពីព្រោះ​បើ​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​ គេ​បើក​នូវសិទ្ធិ​សេរីភាព​ទាំង​អស់​ហ្នឹង​ជូន​ប្រជាពលរដ្ឋ​ ក៏ប៉ុន្តែ​រយៈ​កាល​ចុងក្រោយ​នេះ​ យើង​ឃើញថា​ ហាក់​ដូច​ជា​ដើរ​ផ្ទុយ​ពីនេះ​បាទ»។​

កាលពីថ្ងៃ​ច័ន្ទ​ អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បាន​ចេញ​សេចក្តីប្រកាស​មួយ​ ដោយ​បាន​លើក​ឡើង​ថា​ សហគមន៍​យ៉ាង​តិច​ចំនួន​ពីរ​ ត្រូវបាន​អាជ្ញាធរ​ហាម​ឃាត់​ពី​ការ​ប្រារព្ធ​ទិវា​សិទ្ធិលំនៅ​ដ្ឋាន​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ​ ហើយ​សហគមន៍​ដទៃ​ទៀត​លុប​ចោល​គម្រោង​ប្រារព្ធ​ទិវា​នេះ​វិញ ដោយសារ​ភ័យ​ខ្លាច​ការ​បង្ក្រាប​ផ្សេងៗ។​

សេចក្តី​ប្រកាសនេះ​បន្ថែម​ថា៖

«សហគមន៍​នៅក្នុង​រាជធានី​ភ្នំពេញ​ រួមទាំង​សហគមន៍​បុរីកីឡា​ និង​សហគមន៍​បឹង​កក់​ បាន​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក​ ដោយការ​ប្រមូល​សំរាម​ សកម្មភាព​កុមារ​និង​ការ​ពិភាក្សា​គ្នា​លើ​សិទ្ធិ​លំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​ ប៉ុន្តែ​ត្រូវបាន​ឃ្លាំមើល​យ៉ាង​តឹងរឹង​ពី​សំណាក់​កង​សន្តិសុខ​ ដែល​ដូច​គ្នា​ការ​ប្រារព្ធ​ទិវានេះ​កាលពី​ឆ្នាំមុន​ៗ​ដែរ»។​

អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បាន​រំឭក​ទៀតថា​ កាលពីថ្ងៃ​សុក្រ​កន្លងទៅ​នេះ​ អាជ្ញាធរ​បាន​បញ្ឈប់​ការ​ប្រារព្ធ​ទិវាសិទ្ធិ​លំនៅដ្ឋាន​នៅសហគមន៍​ព្រែកតាគង់​៦០ម៉ែត្រ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅពេល​អ្នក​ទាំង​នោះ​ចាប់​ផ្តើម​ប្រមូល​សំរាម​ ដោយ​អាជ្ញាធរ​បាន​ចោទប្រកាន់​ការ​ជួបជុំគ្នា​នោះ​ថា​ខុស​ច្បាប់។​ តំណាង​សហគមន៍​ម្នាក់​ត្រូវបាន​ឃាត់​ខ្លួន​ និង​បង្ខំ​ឲ្យ​ផ្តិត​មេដៃ​លើ​លិខិត​មួយ​ ដោយ​សន្យា​ថា​ នឹង​មិន​រៀបចំ​ព្រឹត្តការណ៍​បែប​នេះ​ នៅ​ថ្ងៃ​ខាងមុខ​ទេ​ បើ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ។​

ទោះបី​មាន​សេចក្តី​រាយការណ៍​អំពី​រារាំង​បែបនេះក្តី​ ​នាយឧត្តម​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ ​បាន​មាន​ប្រសាសន៍​ការពារ​ចំណាត់​ការ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដោយ​លោក​បាន​អះ​អាង​ថា​ ​ប្រសិនបើ​ពលរដ្ឋ​បាន​សុំ​ការ​អនុញ្ញាត​ត្រឹមត្រូវ​នោះ​ ​ការ​រារាំងនឹង​មិន​អាច​កើត​ឡើង​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖​

​«ខ្ញុំដូច​ជា​បាន​ជម្រាប​ជូន​ ​ជារឿយ​ៗ​ហ្នឹង​រឿងការ​ធ្វើ​នេះ​ ធ្វើ​នោះ​ស្អីហ្នឹង​ ចង់​ស្អីៗ​មាន​ច្បាប់​ទាំង​អស់​ អត់​មាន​កន្លែងណា​ ​ដែល​យើង​អត់ច្បាប់​ទេ។​ ​ឧទាហរណ៍​ថា​ គាត់​សុំ​ធ្វើ​បុណ្យ​ ​ធ្វើ​អី​ចង់​ដើរហើរ​ មាន​ច្បាប់​បាតុកម្ម​តើ... រៀបចំ​តាម​ច្បាប់​ហ្នឹង​ទៅ​ទីមួយ។​ ​ហើយ​គាត់​លេង​ជួនកាល​ ​គាត់​ចង់​ធ្វើ​ ធ្វើ​គាត់​តែ​សេរីភាព​របស់​គាត់​ ត្រូវតែ​ធ្វើបាន​ គាត់​ជា​សិទ្ធិមនុស្ស​ ​សិទ្ធិ​អីចឹង​ទៅ»។​

លោក​មាន​ប្រសាសន៍​ចោទ​បុគ្គល​ខ្លះ​ថា​ ​បាន​យក​បញ្ហា​សិទ្ធិមនុស្ស​នេះ​ មក​លូកលាន់​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ។​ ​លោក​ថ្លែង​យ៉ាង​ដូច្នេះ៖​

«​ដូច​នែ​យើង​ដឹង​ទាំង​អស់​គ្នា​ហើយ អ្នកខ្លះ​គេ​យក​សិទ្ធិមនុស្ស​ ដើម្បី​ជា​ការ​លូកដៃ​ចូល​ការងារ​របស់​រដ្ឋ​ផ្សេងៗ​ក៏​មាន​ដែរ​ ហើយ​យក​ការងារ​សិទ្ធិមនុស្ស​ដើម្បី​ទៅ​លូកដៃ​ចូល​ការងារ​រដ្ឋ​របស់​អាជ្ញាធរ​យើង​ក៏មាន​ដែរ។ ចឹង​សុំ​ឲ្យ​បងប្អូន​ទាំង​អស់​ លោក​មេត្តា​ គួរ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ស្តីពី​ការ​ធ្វើ​បាតុកម្ម​ ​ដោយ​អហិង្សា​ ​មិន​ពិបាក​ស្អីទេ​ ដាក់​ពាក្យ​ទៅជូន​ទៅអាជ្ញាធរ​ស្រុកខណ្ឌ​ហ្នឹង​ទៅ​ តាម​ហ្នឹង​ទៅ​ ​មាន​ប៉ុន្មាននាក់​? ដើរប៉ុន្មាន​នាក់​? ត្រូវការ​ប៉ុន្មាននាក់​គេ​ឲ្យ​ ប៉ុន្តែ​ ឃើញ [មិន] ចង់​ ចង់​តែ​លើកតែបដា​ រិះគន់​ ការ​ខិត​ខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ គេម៉េច...[ទទួលបាន]​ ហើយ​ជជែក​គ្នា​ទៅ​ មិន​ពិបាក​ទេ»។​

ប៉ុន្តែ​លោក​អំ សំអាត​ ​ថ្លែងថា​ ​តាម​ច្បាប់ស្តី​ពីបាតុកម្ម​នោះ​ ​ពលរដ្ឋ​ត្រូវបាន​តម្រូវ​ឲ្យតែ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ប៉ុណ្ណោះ។​

«តាម​ការណ៍​ពិតទៅ​ក្នុងច្បាប់​បាតុកម្ម​ គេ​និយាយ​អំពីការ​ជូនដំណឹង​ មែន​ការ​សុំ​ទេ​ ការ​ជូន​ដំណឹង​អំពី​ ការ​ជួបជុំ​ការ​ប្រមូលផ្តុំ​ ដើម្បី​ទាមទារ​អី​មួយ​ ប៉ុន្តែ​អានេះ​ វាស្ថិត​នៅក្នុង​ពិធី​ការ​គោរព​ ការ​រំឭក​ និង​ការ​គោរព​អំពី​ទិវា​សិទ្ធិលំនៅ​ដ្ឋាន​ពិភពលោក​ដូច​ទិវា​សិទ្ធិមនុស្ស​ ទិវា​សិទ្ធិស្រ្តី​ ទិវា​សិទ្ធិកុមារ​ចឹង​ ពីព្រោះ​អានេះ​ ជាបទដ្ឋាន​អន្តរជាតិ​បាទ»។​

ចំណែក​លោក​ ​ស៊ឹង សែនករុណា​ ​និយាយថា​ អាជ្ញាធរ​ទំនង​ជា​ចង់​បិទបាំង​ពី​រូបភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល​តាម​ការប្រឹងប្រែង​ខ្ទ​ប់ពលរដ្ឋ​មិនឲ្យ​ប្រារព្ធ​ទិវា​សិទ្ធិលំនៅដ្ឋាន​ ដែល​ជា​ទិវាសាកល​នោះ។

«ការណ៍​ដែល​អាជ្ញាធរ​ធ្វើ​របៀបនេះ​ គឺ​ជារឿង​មួយ​ដែល​មិនចង់​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ហ្នឹង​ បាន​ធ្វើ​ពិធី​ហ្នឹង​ដើម្បី​ឲ្យ​អ្នកសារព័ត៌មាន​ ឬក៏​បណ្តាញ​សង្គម​អីហ្នឹង​បាន​ដឹង​ បានឮ​អំពី​បញ្ហា​របស់​ពួក​គាត់​ដែល​បាន​ជួបប្រទះ​អី​ជាដើម។ ក៏ប៉ុន្តែ​ ផ្ទុយ​ទៅវិញ​ ការ​រឹតត្បិត​បែបនេះ​ កាន់​តែ​ធ្វើឲ្យ​សារព័ត៌មាន​មាន​ការ​ចាប់​អារម្មណ៍​ ឬក៏​បណ្តាញ​សង្គម​ហ្នឹង​មាន​ការ​ចាប់​អារម្មណ៍​ផ្សព្វផ្សាយ​ទៅវិញ​ទេ។ បើសិន​ជាការ​សម្រប​សម្រួល​ឲ្យ​ពលរដ្ឋ​បាន​ធ្វើទៅវិញ​ នោះ​វាជា​រឿង​ដែល​ប្រសើរ ហើយ​វា​បាន​មុខមាត់​មក​ដល់​សមត្ថកិច្ច ឬក៏​ដ្ឋាភិបាល​ទៅទៀតបាទ»។​

អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០០នាក់​ នៃ​សហគមន៍​យ៉ាងតិច​៣០​ នៅ​ទូទាំង​ប្រទេស​ បាន​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​ ដើម្បី​បង្កើន​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​នៅ​ឆ្នាំ​នេះ​ ក្រោម​ប្រធាន​បទ «ការ​គ្រប់​គ្រង​កាកសំណល់​ក្នុង​ទីក្រុង»​ ក៏ដូចជា​ ប្រធានបទ​ប្រចាំ​ឆ្នាំ​ស្តីពី​«សិទ្ធិ​ទទួល​បាន​លំនៅដ្ឋាន​សមរម្យ»។ សកម្ម​ភាព​ទាំងនេះ​ កំពុង​ត្រូវបាន​រៀបចំ​ឡើង​រយៈពេល​មួយ​សប្តាហ៍​ គឺចាប់​ពីថ្ងៃ​ទី ២៨​ ខែ​កញ្ញា​ រហូតដល់​ថ្ងៃ​ទី​៥​ ខែ​តុលា​ ឆ្នាំ​២០១៨​ ដែល​អ្នក​ទាំងនោះ ភាគច្រើន​ជា​ជន​រងគ្រោះ​នៃ​ការ​រំលោភ​យក​ដីធ្លី​ និង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។​

ស្របពេល​មាន​ការ​រារំាង​ពី​សំណាក់​អាជ្ញាធរ​មិន​ឲ្យ​ពលរដ្ឋ​ប្រារព្ធ​ទិវា​សាកល​នេះ​នៅ​ទីក្រុង​ភ្នំពេញ​នោះ​ ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ​បាន​ឲ្យដឹង​ដែរ​ថា​ នៅ​ឯខេត្ត​សៀមរាប​ឯណោះ​ ​ការ​ជួបជុំ​របស់​សហគមន៍​មួយ​ត្រូវបាន​អាជ្ញាធរ​ក្នុង​តំបន់​ហាម​ឃាត់​ ដោយ​បាន​ចោទប្រកាន់​ការ​ជួបជុំ​គ្នា​នេះ​ថា​ខុស​ច្បាប់​ ​ទោះបី​ជា​អ្នក​ទាំងនោះ​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​ទាំងនោះ​ជាមុន​រួចហើយ។​

កាលពីថ្ងៃ​ច័ន្ទ សហគមន៍​ភ្នំក្រោម​ ​បាន​គ្រោង​ថា​ នឹង​ធ្វើការ​ដើរ​ជា​ក្បួន​ជុំវិញ​ទីតាំង​ដែល​អ្នក​ទាំងនោះ​រស់​នៅ​ ​ដើម្បី​ដើរ​រើស​សំរាម​ ក៏ដូច​ជា​ពិភាក្សា​អំពី​សិទ្ធិ​លំនៅដ្ឋាន។ ទោះ​បី​ជាយ៉ាង​ណា​ក៏​ដោយ​ សហគមន៍​នេះ​ត្រូវបាន​បង្ខំ​ឲ្យ​លុបចោល​ព្រឹត្តិ​ការណ៍​នេះ​វិញ​ ​ដោយសារតែ​ការ​គំរាម​កំហែង​ពី​ការ​បង្រ្កាប​ផ្សេងៗ​ បើ​សហគមន៍​នៅតែ​ចង់​ប្រារព្ធ​ទិវា​នេះ៕

XS
SM
MD
LG