សមាជិកយោធាហ្គីណេ បានធ្វើរដ្ឋប្រហារកាលពីថ្ងៃអាទិត្យដោយប្រកាសតាមទូរទស្សន៍ជាតិថា ពួកគេបានចាប់ខ្លួនលោកប្រធានាធិបតី Alpha Conde រំលាយរដ្ឋធម្មនុញ្ញ និងបិទព្រំដែនគោក និងអាកាស។
ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ក្រោយមករបបយោធា បានប្រកាសបម្រាមគោចរទូទាំងប្រទេស។
គេមិនច្បាស់ទេថា តើលោក Conde នៅទីណាកាលពីថ្ងៃអាទិត្យ។ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ខ្លួនបានទទួលវីដេអូដែលលោក Conde ពាក់អាវជ្រីវជ្រួញ និងខោខូវប៊យ ហើយអង្គុយលើសាឡុងហ៊ុំព័ទ្ធដោយទាហាន។ នៅពេលទាហានម្នាក់សួរក្នុងវីដេអូថា តើគាត់បានរងរបួសទេ លោក Conde មិនឆ្លើយទេ។
នៅខែតុលា លោកប្រធានាធិបតីបានជាប់ឆ្នោតអាណត្តិទី៣ បន្ទាប់ពីបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីអនុញ្ញាតឱ្យគាត់ឈរឈ្មោះម្តងទៀត។ ការបោះឆ្នោតដ៏ចម្រូងចម្រាសនោះ បានបង្កឲ្យ មានការតវ៉ាដោយហិង្សាទូទាំងប្រទេស។
លោកវរសេនីយ៍ឯក Mamady Doumbouy ជាអតីតកងទ័ពបារាំង បានបង្ហាញខ្លួនតាមទូរទស្សន៍ជាតិកាលពីថ្ងៃអាទិត្យ ដោយដណ្តប់ទង់ជាតិហ្គីណេ។ លោក Doumbouya បានថ្លែងថា៖ «យើងបានរំលាយរដ្ឋាភិបាល និងស្ថាប័ននានា។ យើងអំពាវនាវឱ្យបងប្អូនមានអាវុធក្នុងដៃ ចូលរួមជាមួយប្រជាជន»។
លោក Doumbouya បានលើកឡើងថា ការគ្រប់គ្រងមិនត្រឹមត្រូវរបស់រដ្ឋាភិបាលជាហេតុផលនាំឱ្យលោកធ្វើសកម្មភាពនេះ។ លោកហៅក្រុមទាហានរបស់លោកថា គណៈកម្មាធិការជាតិប្រមូលផ្តុំ និងអភិវឌ្ឍ (CNRD)។ គណៈកម្មាធិការនេះបាននិយាយតាមទូរទស្សន៍រដ្ឋកាលពីថ្ងៃអាទិត្យថា អភិបាលទាំងអស់ត្រូវបានជំនួសដោយមេដឹកនាំយោធា ប៉ុន្តែរដ្ឋមន្ត្រីទាំងអស់ដែលត្រូវចាកចេញពីតំណែង ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំមួយ នៅថ្ងៃចន្ទ នៅឯអគារសភា៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះ ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP Reuters និង AFP។