ភ្នំពេញ៖ នៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះប្រជាពលរដ្ឋកម្ពុជាដែលមានឈ្មោះក្នុងបញ្ជីសរុបជាង៩,៦លាននាក់នឹងមានឱកាសធ្វើដំណើរទៅកាន់ហឹបឆ្នោតដើម្បីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលថ្មី នីតិកាលទី៥។
មន្ត្រីរៀបចំការបោះឆ្នោតនិងមន្ត្រីសង្គមស៊ីវិលរួមទាំងអ្នកនយោបាយ បានពិចារណាឡើងវិញពីសារៈសំខាន់នៃរូបមន្តសម្រាប់ធ្វើការបែងចែកអសនៈក្នុងរដ្ឋសភា។
លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា កម្ពុជានៅតែប្រើប្រព័ន្ធបោះឆ្នោតបែបសមាមាត្រដែលមានន័យថា ចំនួនអសនៈដែលទទួលបាន គឺសម្រាប់គណបក្សណាមួយគឺមិនមែនសម្រាប់បុគ្គលឈរឈ្មោះនោះទេហើយចំនួនអសនៈនេះគឺផ្អែកទៅតាមចំនួនសំឡេងឆ្នោតគាំទ្រដែលទទួលបាន។
«រូបមន្តនៃការចែកអសនៈនេះនៅអនុវត្តន៍ដដែល។ ប្រព័ន្ធបោះឆ្នោតជាប្រព័ន្ធសមាមាត្រ តែរូបមន្តបែងចែកអសនៈគឺរូបមន្តមធ្យមភាគខ្ពស់បំផុត»។
ការបែងចែកអសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុតគឺជារូបមន្តដែលអនុញ្ញាតឲ្យធ្វើការគណនាការបែងចែកអសនៈច្រើនដងក្នុងមណ្ឌលតែមួយក្នុងករណីដែលការបែងចែកអសនៈជំហានដំបូងមិនដាច់ស្រេច។
លោកទេព នីថា ពន្យល់បន្ថែម។
«គេយកចំនួនអសនៈរបស់គណបក្សដែលបានហើយហ្នឹងបូកនឹងមួយ ហើយបន្ទាប់មកគេចែកបន្តទៀត។ បើកាលណាឃើញចំនួនមធ្យមភាគខ្ពស់ហ្នឹង។អ្នកណាដែលខ្ពស់ជាងគេយើងឲ្យដោយផ្ទៀងផ្ទាត់ជាមួយនឹងអ្នកដលអត់បានអសនៈ។ ហើយអ្នកដែលមានមធ្យមភាគខ្ពស់ជាងគេយើងឲ្យទៅអ្នកនោះ។ យើងនឹងចែកបន្តទៀតរហូតអស់អសនៈក្នុងមណ្ឌល»។
យ៉ាងណាក៏ដោយសង្គមស៊ីវិលនិងមន្ត្រីគណបក្សជំទាស់មើលឃើញថារូបមន្តបែងចែកអសនៈនេះមិនបានជួយលើកទឹកចិត្តដល់គណបក្សដែលចូលរួមប្រកួតប្រជែងដណ្តើមសំឡេងឆ្នោតទេ។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅថា ខុមហ្វ្រែល ពន្យល់ថារូបមន្តនេះនឹងជួយផ្តល់ភាពចំណេញដល់គណបក្សធំៗដែលប្រមូលសំឡេងឆ្នោតបានច្រើន។
«ចែកហ្នឹងភាគច្រើនបានទៅគណបក្សធំៗដដែល។ ដូច្នេះសំណល់មិនបានដល់គណបក្សតូចៗទេ។បើទោះជាអ្នកណា(បក្សណា)មានសំណល់(សន្លឹកឆ្នោត)ច្រើនក៏ដោយបើសិនយកទៅគណនាគឺនៅតែចាញ់ដដែល។ តែបើនៅសម័យអ៊ុនតាក់ កាលណាគាត់មានសំណល់ច្រើនជាងគេ គេបោះឲ្យគាត់ភ្លាម»។
រូបមន្តបែងចែកអសនៈសភាដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជាដែលហៅកាត់ថា អ៊ុនតាក់ នៅឆ្នាំ១៩៩៣នោះ គឺក្រោយពីការបែងចែកអសនៈរួច សំឡេងឆ្នោតដែលនៅសល់របស់គណបក្សដែលទទួលបានអសនៈរួចនឹងត្រូវប្រគល់ទៅឲ្យគណបក្សណាដែលមានសំឡេងគាំទ្រនៅសល់ច្រើនជាងគេ។
ការបោះឆ្នោតនៅសម័យអ៊ុនតាក់គឺជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រជាលើកដំបូងក្រោយពីរបបខ្មែរក្រហម កាលពីខែឧសភា ឆ្នាំ១៩៩៣។ការបោះឆ្នោតនេះប្រព្រឹត្តទៅរយៈពេលប្រាំមួយថ្ងៃ។ ហើយមានគណបក្សជាប់ឆ្នោតចំនួនបួន គឺគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ដែលទទួលបានអសនៈចំនួន៥៨។ គណបក្សប្រជាជនកម្ពុជាបានអសនៈចំនួន៥១។ គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា បានអសនៈចំនួន១០ និងគណបក្សម៉ូលីណាកានិងអ្នកតស៊ូខ្មែរដើម្បីសេរីភាព ទទួលបានមួយអសនៈ។
ទោះជាយ៉ាងណារូបមន្តគណនាអសនៈក្នុងរដ្ឋសភាដែលមន្ត្រីអង្គការសង្គមស៊ីវិលនិងគណបក្សជំទាស់ហៅថាជារូបមន្តជួយជំរុញលទ្ធិប្រជាធិបតេយ្យក្នុងរដ្ឋសភានោះ ត្រូវបានផ្តាស់ប្តូរមករបៀបគណនាថ្មីចាប់តាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ។
លោកយ៉ែម បុញ្ញឫទ្ធិ គឺជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលជាគណបក្សជំទាស់ច្របាច់បញ្ចូលគ្នាដោយគណបក្សសិទ្ធិមនុស្សនិងគណបក្សសម រង្ស៊ី។ លោកយ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា រូបមន្តថ្មីនេះមិនសូវផ្តល់យុត្តិធម៌សម្រាប់គណបក្សតូចៗដែលទទួលបានសំឡេងគាំទ្រដែរនោះទេ។
«រូបមន្តនេះមិនមានយុត្តិធម៌ប៉ុន្មានទេពីព្រោះមធ្យមភាគខ្ពស់នេះមិនសមហេតុសមផលដែលយកសំឡេងឆ្នោតគិតជាអសនៈហើយ មកគិតចែកឡើងវិញសម្រាប់អសនៈដែលនៅសល់រហូតដល់អស់អសនៈ»។
ថ្វីបើដូច្នេះក្តីលោកជាម យៀប អ្នកតំណាងរាស្ដ្រចាស់វស្សារបស់គណបក្សប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ១៩៨១បានថ្លែងការពាររូបមន្តនេះ។
«អ៊ុនតាក់គឺរៀបចំតាមអ្វីដែលអ៊ុនតាក់បានសម្រេចជាមួយក្រុមប្រឹក្សាជាតិជាន់ខ្ពស់ហៅថា SNC។ ចំណែកឯការបោះឆ្នោតអណត្តិទី២គឺរាជរដ្ឋាភិបាលកម្ពុជា។ អញ្ចឹងច្បាប់នេះគឺច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាសុទ្ធសាធ ហើយមានស្តង់ដារអន្តរជាតិ»។
ទោះជាមានការថ្លែងការពារដូច្នេះក្តី ក៏មន្ត្រីសង្គមស៊ីវិល គណបក្សជំទាស់នានាចង់ឃើញកម្ពុជាកែប្រែរូបមន្តសម្រាប់គណនាអសនៈក្នុងរដ្ឋសភានិងចង់ឲ្យមានការបង្កើនចំនួនអសនៈក្នុងសភាជាន់ទាបនេះបន្ថែមទៀតឲ្យសមស្របទៅតាមចំនួនកើនឡើងនៃអ្នកមានសិទ្ធិបោះឆ្នោត៕