ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មាន​ទស្សនៈចម្រុះ​ចំពោះ​សុន្ទរកថា​លោក​ហ៊ុន សែន​ស្តី​ពី​ព្រំដែន

  • ហេង រស្មី

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែនបាន​ប្រើ​ពេល​វេលា​ជាង​ប្រាំ​ម៉ោង​ឆ្លើយ​បំភ្លឺ​ក្នុង​រដ្ឋ​សភារឿង​បញ្ហា​ព្រំ​ដែន។
ក្រុម​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុ​ង​ទី​ក្រុង​ភ្នំ​ពេញ​ដែល​មាន​រួម​ទាំង​និសិ្សត​ មន្ត្រី​ប៉ូលីស​ចរាចរ និង​អ្នក​លក់​ដូរ​បាន​សម្តែង​ការ​គាំ​ទ្រ​ចំ​ពោះ​ការ​អះ​អាង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ អំពី​បញ្ហា​បូរណ​ភាព​ទឹក​ដី​ជា​មួយ​វៀត​ណាម។ ដោយ​ពួកគេ​បាន​លើក​ឡើងថា នេះ​បាន​បង្ហាញ​ថា​ប្រទេស​ជិត​ខាង​មិន​បាន​រំលោភ​យក​ដីកម្ពុជា​ទេ។

«ពី​មុន​តាម​គេ​និយាយ​ថា យើង​កាត់​ដី​ឲ្យ​យួន​ គាត់​ជា​អា​យ៉ង។ យើង​គិត​ថា​គាត់​មិន​មែន​ធ្វើ​អញ្ចឹង​ទេ។ មនុស្ស​ម្នាក់​ៗ​យើង​អត់​ចង់​ឲ្យ​ដី​ទៅគេ​ទេ។ យើង​ចង់​បាន​ធំ​ដូច​គេ​ដូច​ឯង​ដែរ»។​
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ កាល​ពីថ្ងៃ​ព្រហស្បតិ៍​បាន​ប្រើ​ពេល​វេលា​ជាង​ប្រាំ​ម៉ោង​ដែល​មិន​ធ្លាប់​មាន​តាំង​ពី​លោក​បាន​ធ្វើ​ជា​មេដឹក​នាំ​កម្ពុជា​ទៅ​ឆ្លើយ​បំភ្លឺ​ក្នុង​រដ្ឋ​សភារឿង​បញ្ហា​ព្រំ​ដែនតាម​ការ​ស្នើ​សុំ​ពី​អ្នក​តំណាង​រាស្ត្រ​គណ​បក្ស​សម រង្ស៊ី។​

លោក​ហ៊ុន សែន​បាន​អះអាង​យ៉ាង​មាន​មោទនភាព​ថា កម្ពុជា​មិន​បាន​បាត់​បង់​ដី​ព្រំដែន​គោគ​សូម្បី​មួយ​ម៉ែត្រ ហើយ​ចំណែក​ឯ​ព្រំ​ដែន​ទឹក​សម្បី​តែ​មួយ​ដំណក់​ទឹក​ក៏​មិន​បាន​បាត់​បង់​ទៅ​ឲ្យ​វៀត​ណាម​ដែរ។ ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​លោក​បាន​ទទួល​ស្គាល់​ដែរ​ថា មាន​ភូមិ​មួយ​ចំនួន​របស់​កម្ពុជា​បាន​ចូល​ទៅ ​ក្នុង​ដី​របស់​វៀត​ណាម​ហើយ​ក៏មាន​ភូមិ​មួយ​ចំនួន​របស់​វៀតណាម​ចូល​ក្នុង​ដី ​របស់​កម្ពុជា​ផងដែរ។​

​លោក​បាន​បញ្ជាក់​ថា សរុប​ពី​ខេត្ត​កំពង់​ចាម​ ស្វាយរៀង​ ព្រៃវែង ​តាកែវ ​និង​ខេត្ត​កំពត​កម្ពុជា​បាន​ចូល​ដី​របស់​វៀតណាម​ប្រមាណ​៩១៦​ហិកតា​ចំណែក​ឯ​ វៀត​ណាម​បាន​ចូល​ដី​មក​ម្ពុជា​វិញ​ចំនួន​១២៤៣​,៩​ហិកតា។​

កំពុង​អង្គុយ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ជាមួយ​មិត្ត​ភក្តិ​នៅ​ហាង​កា​ហ្វេ​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ សុខា សាឌី អាយុ​២១​ជានិស្សិត​ឆ្នាំ​ទី​២​នៃ​សកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​ដែល​បាន​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​នូវ​ការ​អ​ត្ថា​ធិ​ប្បាយ​របស់​លោក​ហ៊ុន សែន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​ថា បូរណ​ភាព​ទឹក​ដី​មិន​បាន​បាត់​បង់។

លោក​បាន​មាន​ប្រសាន៏​ថា ពី​ពេល​មុន​យើង​មិន​បាន​ដឹង​ថា កម្ពុជា​មាន​ព្រំ​ប្រទល់​ប៉ុន្នាន​បាន​បាត់​បង់​ទេ ក៏​ប៉ុន្តែ​ក្រោយ​ពី​បាន​ស្តាប់​ប្រសាន៍​លោក​ហ៊ុន សែន​លោក​ជឿ​ជាក់​ថា កម្ពុជា​មិន​បាន​បាត់​បង់​ដី​ទេ។​

«ពី​មុន​តាម​គេ​និយាយ​ថា យើង​កាត់​ដី​ឲ្យ​យួន​ គាត់​ជា​អា​យ៉ង។ យើង​គិត​ថា​គាត់​មិន​មែន​ធ្វើ​អញ្ចឹង​ទេ។ មនុស្ស​ម្នាក់​ៗ​យើង​អត់​ចង់​ឲ្យ​ដី​ទៅគេ​ទេ។ យើង​ចង់​បាន​ធំ​ដូច​គេ​ដូច​ឯង​ដែរ»។​

សេរី មង្គល​ អាយុ​២១​ឆ្នាំ​និស្សិត​ឆ្នាំ​ទី​១​នៃ​សកល​វិទ្យា​ល័យ​ភូមិន្ទ​ និត្តិ​សាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋ​កិច្ច​បាន​និយាយ​ថា លោកឮ​គេ​និយាយ​ថា មាន​ភូមិ និង​ផ្នែក​ខ្លះនៃ​ខេត្ត​មួយ​ចំនួន​បាន​បាត់​បង់​ដោយ​សារវៀត​ណាម​រំលោភ​យក។ លោក​បាន​បញ្ជាក់​ថា​ដោយ​យោង​តាម​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​និង​ដោយ​មាន​អំណះ​អំណាង​ផែន​ទី​មួយ​ចំនួន​ផង​ធ្វើ​ឲ្យ​លោក​ជឿ​ជាក់​ថា​ព្រំ​ដែន​យើង​នៅ​ដ៏​ដែល។​

«ពិត​ជា​មិន​បាន​បាត់​បង់​ក៏​ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​មាន​ដី​ជាង​៩០០​ហិកតា​ខាង​កម្ពុជា​ចូល​ទៅ​វៀត​ណាម​ហើយ​ដី​ជាង​១.០០០​ហិចតា​ខាង​វៀត​ណាម​ចូល​មក​កម្ពុជា។​ក៏ប៉ុន្តែ​យោ​បល់​ខ្ញុំ​បើ​ដី​លយ​អញ្ចឹង​ហើយ​ យើង​មាន​តែ​ទៅ​ធ្វើ​តាម​ហ្នឹង​ទេ​ ប្រជា​ជន​របស់​ខ្មែរ​នៅ​តែ​កាន់​កាប់​របស់​ខ្មែរ​ទៅ​ វៀត​ណាម​នៅ​តែ​កាន់​កាប់​របស់​វៀតណាម​ទៅ​បាន​ហើយ​ កុំ​ឲ្យ​មាន​ការ​ជ្រៀត​ជ្រែក​តាម​ព្រំ​ដែន​ទៅ​ចប់​ហើយ»។​

លោក​កុច ណុប ដែល​ជា​មន្ត្រី​ប៉ូលីស​ចរាចរណ៍​មួយ​រូប​ដែល​កំពុង​ឈរ​យាម​នៅ​តាម​ផ្លួវ​មួយ​ក្បែរ​វិមាន​ឯក​រាជ្យ​បាន​និយាយ​ថា ការ​បក​ស្រាយ​របស់​លោក​ហ៊ុន សែន​បាន​ល្អ។​

«បើ​តាម​ការ​គាត់​បក​ស្រាយ​អត់​មាន​បាត់​បង់​ផង​។​ខ្ញុំ​គាំ​ទ្រ​មក​ពី​ត្រឹម​ត្រូវ»​។​

នៅ​ពេល​ដែល​ក្រុម​ប្រជា​ជន​មួយ​ចំនួន​បាន​សម្តែងការ​គាំ​ទ្រ​ប្រសាសន៍​របស់​លោក​ហ៊ុន​សែន​ក៏មាន​មួយ​ចំនួន​ទៀត​មិន​ហ៊ាន​បញ្ចេញ​យោ​បល់។​

អ្នក​លក់​កាសែត​មួយ​រូប​ក្បែរ​វត្ត​លង្កា​មិន​សូវ​ហ៊ាន​បញ្ចេញ​យោ​បល់​ទេ​ពាក់​ព័ន្ឋ​បញ្ហា​ព្រំ​
ដែន។ ក៏ប៉ុន្តែ​អ្នក​ស្រី​ធ្លាប់​ទៅ​ភូមិ​របស់​សម្តេច​ហេង​សំរិន​បាន​ឃើញ​ថា​មាន​ផ្ទៃ​ដី​មួយ​ចំនួន​ត្រូវ​បាន​វៀតណាម​រំលោភ​យក​។​

«​ខ្ញុំ​ទៅ​មើល​ខ្លួន​ខ្ញុំ​ផ្ទាល់​ដូច​ជា​នៅ​ភូមិ​កន្លែង​សម្តេច​ហេង សំរិន​ ខ្ញុំ​ឃើញ​ដូច​ជាមាន​ខិត​ចូល​មក​ដែរ​តែ​គាត់​និយាយ​ថា​ដូច​ជា​អត់​មាន​បាត់​បង់​ផង​។​ខ្ញុំមិនហ៊ានថា​ដែរ»។

លោក​បណ្ឌិត​ឡៅ ម៉ុង​ហៃ​អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​បាន​និយាយ​ថា​លោក​ហ៊ុន សែន​ហាក់​ដូច​ជា​ខ្ជាក់​រាល់​បញ្ហា​ទាំង​ប៉ុន្នាន​បញ្ចេញ​ឲ្យ​អស់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ជា​ជាងការ​បក​ស្រាយ​តាម​បច្ចេក​ទេស​អំពី​បញ្ហា​ព្រំ​ដែន។​

លោក​បាន​បញ្ជាក់​ថាកុំ​យក​បញ្ហា​ព្រំដែន​ទៅ​លាយ​ឡំ​ជា​រឿង​នយោ​បាយដែល​នាំឲ្យ​មាន​បញ្ហា​មិន​ច្បាស់​លាស់​អំពី​បូរណ​ភាព​ទឹក​ដី។

«​កុំ​ឲ្យ​មាន​កំហឹង​នេះ​ជា​ប្រយោជន៏​ជាតិ។ រឿង​អ្វី​បាន​ជា​យើង​មាន​កំហឹង។ ចោទ​ប្រកាន់​គ្នា​ឡើង​ចុះ​ៗ​ដោយ​ខឹង​។​គណ​បក្ស​ប្រឆាំង​ក៏​អញ្ចឹង​ដែរ​។​នេះ​ប្រយោជន៏​ជាតិ​ទាំង​អស់​គ្នា។ ព្រំ​ប្រទល់​ដែន​របស់​ផ្ទះ​អ្នក​ណាមួយ​ទេ​ របស់​ជាតិ​យើង​ទាំង​មូល»។​

លោក​បាន​មាន​ប្រសាន៍​ថា​នៅ​ពេល​ក្រោយ​គួរ​តែ​ទុក​ឱកាស​ឲ្យ​គណ​បក្ស​ប្រឆាំង​បាន​ចោទ​សួរ​ម្តង​មួយៗ​ដើម្បី​ចៀស​វាង​ការ​ឆ្លើយ​បំភ្លឺ​តែ​ម្នាក់​ឯង​ទើ​ប​ដឹង​ថា​ការ​ពិត​មាន​ទំហំ​ប៉ុណ្ណា៕​
XS
SM
MD
LG