លោកទេសរដ្ឋមន្ត្រី វ៉ា គីមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាបានថ្លែង ប្រាប់វីអូអេក្នុងកិច្ចសម្ភាសន៍ជាពិសេសតាមទូរស័ព្ទកាលពីថ្ងៃអង្គារថា ប្រទេស កម្ពុជា និងប្រទេសវៀតណាមបានបោះបង្គោលព្រំដែនជិត២៩០បង្គោលហើយតាំងពីប្រទេសទាំងពីរបានចុះហត្ថលេខាលើសិទ្ធិសញ្ញាបំពេញបន្ថែមដ៏ចម្រូងចម្រាស់កាលពីឆ្នាំ២០០៥មក។
លោកបានអះអាងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃប្រទេសកម្ពុជានិងលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់ឌុង សម្ភោធបង្គោលព្រំដែនរួមលេខ៣១៤ ទោះបីជាប្រទេសទាំងពីរមិនទាន់បានបោះបង្គោលចប់ក្តី។ លោកថ្លែងថា បង្គោលលេខ៣១៤មានសារៈសំខាន់ ដោយសារជាបង្គោលចុងក្រោយនៃព្រំដែនគោក ហើយជាចំណុចចាប់ផ្តើមនៃព្រំដែនទឹករវាងប្រទេសទាំងពីរ ដែលភាគីទាំងពីរនៅបន្តដោះស្រាយតាមយន្តការណ៍ផ្សេងៗ។
លោកទេសរដ្ឋមន្ត្រី វ៉ា គីមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាបានបកស្រាយបំភ្លឺអំពីនយោបាយរបស់រដ្ឋាភិបាលទាំងពីរ កម្ពុជា វៀតណាម ទាក់ទងនឹងការផ្លាស់ប្តូរភូមិ និងទីតាំងមួយចំនួន តាមព្រំដែន ដើម្បីសម្របសម្រួល ក្នុងការដោះស្រាយនិងការបោះបង្គោលព្រំដែន។
លោក វ៉ា គីមហុងបានអះអាងថា ប្រទេសកម្ពុជា និងវៀតណាមគ្រោងបញ្ចប់ការបោះបង្គោលព្រំដែនគោកនិងកំណត់ព្រំដែនសីម៉ានៅបំណាច់ឆ្នាំ២០១២។ លោក សុខ ខេមរា នៃវីអូអេ បានសម្ភាសលោក វ៉ា គីមហុងតាមទូរស័ព្ទកាលពីថ្ងៃអង្គារក្រោយពីកម្ពុជាដាក់កម្មវិធីសម្ភោធបង្គោលព្រំដែន។ បទសម្ភាសន៍នេះក៏និយាយពីបញ្ហាចម្រូងចម្រាស់ខ្លះកើតឡើងទាក់ទងនឹងគោលនយោបាយផ្លាស់ប្តូរភូមិនិង ទីតាំងមួយចំនួនតាមព្រំដែន។ សូមអញ្ជើញស្តាប់កិច្ចសម្ភាសទាំងស្រុងដូចតទៅ៖