ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សំណើ​សង់​វិហារ​អ៊ីស្លាម​​​នៅ​ក្រុង​ញូយ៉ក​ទាក់​ទាញ​អារម្មណ៍​ព្រឹទ្ធសមាជិក​​សរអា​


ការ​ដេញ​ដោល​យោបល់​គ្នា​នៅ​មាន​បន្ត​ ស្តី​ពី​ការ​ស្នើ​សង់​ព្រះវិហ៊ារ និង​មជ្ឈមណ្ឌលអ៊ីស្លាម​មួយ​ នៅ​ជិត​ទី​សោក​សៅ​ Ground​ Zero​ កន្លែង​ដែល​ក្រុម​ភេរវជន​បាន​វាយ​ប្រហារ​កាល​ពី​ថ្ងៃទី​១១​ ខែ​កញ្ញា​ ឆ្នាំ​២០០១​ នៅ​ក្រុង​ញូយ៉ក។​ សមាជិក​ព្រឹទ្ធសភា​សំខាន់​ពីរ​រូបជាអ្នក​ដែល​ចូល​ប្រឡូក​ចុង​ក្រោយនៅ​ក្នុង​ជម្លោះ​នេះ​ដែរ។

គម្រោងការ​សាង​សង់​អគារ​នៅ​ក្នុង​ស្រុកកម្រ​បង្កើត​ឲ្យ​មាន​ការ​ដេញ​ដោល​យោបល់​គ្នា​យ៉ាង​រំជើប​រំជួល​ចិត្ត​ដូច្នេះ​ណាស់។​ តែ​សំណើ​សុំ​សង់​វិហារ​អ៊ីស្លាមនៅ​ចម្ងាយ​ប៉ុន្មាន​ផ្លូវ​ពី​ទី​ដែល​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ធ្លាប់​ឈរ​ស្កឹម​ស្កៃ​នៅទីនោះ​ បាន​ប៉ះទង្គិច​ទៅ​លើអារម្មណ៍​ប្រជាពលរដ្ឋ​អាមេរិកាំង​ជា​ច្រើន ​ហើយ​និង​បង្ក​ឲ្យ​មាន​ការ​ដេញ​ដោល​យោបល់​គ្នា ​អំពី​បញ្ហា​ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​រក​តុល្យភាព​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ស្រុក ​ស្រួល​ចិត្ត​ជា​មួយ​នឹង​ការ​ផ្តេជ្ញា​ជា​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​អាមេរិក​ទៅ​លើ​ការ​គោរព​សេរីភាព​ខាង​សាសនា។

លោក​ Jack Reed ​សមាជិកព្រិទ្ធសភាគណៈបក្យ​ប្រជា​ធិបតេយ្យ ពី​រដ្ឋ​រ៉ូដ​អាយឡិន​ បាន​ថ្លែង​ដូច​អត្ថាធិប្បាយ​ថ្មីៗ​នេះ​របស់​ប្រធានាធិតីអូបាម៉ាដែរ​ ​ដោយ​បញ្ជាក់​ពី​សិទ្ធិ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ​របស់​ប្រជា​ពលរដ្ឋ​ទាំង​អស់​គ្នា ​សំរាប់​ការ​គោរព​សាសនា​របស់​ខ្លួន។

«ខ្ញុំ​គិត​ថាលោក​ប្រធានាធិបតី​ធ្វើ​ត្រូវ ​ដែល​លោក​ចង្អុល​បញ្ជាក់ថា​ទំនាម​ទម្លាប់​របស់​យើង ​ធ្លាប់​បាន​ក្រសោប​អនុគ្រោះ​សាសនា​ទាំង​អស់។ ​ហើយ​ខ្ញុំ​គិត​ថា ​លោក​ប្រធានាធិបតី ​ក៏​បាន​ទទួល​ស្គាល់​ថា ការ​ដេញ​ដោលយោបល់​គ្នា​នេះ​គឺ​បណ្តាល​ឲ្យ​ជន​រង​គ្រោះនិង​គ្រួសារ​ មាន​ការ​ឈឺ​ចាប់​ខ្លាំង​ និង​ធ្វើ​ឲ្យ​នឹក​ដល់កាលៈទេសៈ​ថ្ងៃ​ ១១​កញ្ញា​ឆ្នាំ ២០០១​ ដ៏​មហន្តរាយ​នោះ​ផង​ដែរ»។

លោក Reed ​បាន​និយាយនៅ​បណ្តាញ​ទូរទស្សន៍​ “Fox News Sunday”​ កាល​ពី​ថ្ងៃ​ សៅរ៍​ទី​១៤​សីហា​ថា ប្រធានាធិបតី​ អូបាម៉ា​បាន​ថ្លែង​ម្តង​ទៀតពី​រឿង​លោក​ការ​ពារ​សេរីភាព​សាសនា តែ​បាន​បន្ថែម​ថា​លោក​មិន​មែន​ធ្វើ​អត្ថាធិប្បាយពី​គតិ​បណ្ឌិត​នៃ​ការ​សង់​វិហ៊ារ​អិស្លាម​នៅ​បូរីញ៉ូយ៉ក​នោះ​ទេ។​ ចំណែកព្រិទ្ធសមាជិក​ John​ Cornyn​ ពី​រដ្ឋ​ Texas​ មិន​ចូលចិត្ត​គំនិត​នេះ​ទេ។

«រឿង​នេះ​គឺ​មិន​មែន​រឿង​សេរីភាព​សាសនា​ទេ​ ពីព្រោះ​យើង​ទាំង​អស់​គ្នា​គោរព​សិទ្ធិ​អ្នក​ទាំង​អស់​ណា​ដែល​គោរព​សាសនា​ យោង​ទៅ​តាម​មនសិការ​របស់​គេ។​ ប៉ុន្តែខ្ញុំ​គិត​ថា​មិនសមនឹងគតិ​បណ្ឌិត​ទេ​ ដែលទៅ​សង់វិហ៊ារ​អិស្លាម​នៅ​ទី​ដែលមាន​មនុស្ស៣ពាន់​នាក់​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារភេរវកម្ម​មួយ​នោះ។​ ហើយ​ចំពោះ​ខ្ញុំ នេះ​ជា​សញ្ញា​បង្ហាញ​ថារដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តុននិងសេតវិមានហាក់​ដូច​ជា​មិន​ផ្ជាប់​ខ្លួន​ជា​មួយ​ប្រជា​ពលរដ្ឋ​អាមេរិកាំង​ទូ​ទៅ​នៃ​សរអា​ទេ»។

សមាជិក​ព្រឹទ្ធសភា​ Reed​ ថ្លែង​ថា​ គឺ​ជា​ផល​ប្រយោជន៍​នៃប្រទេស​អាមេរិក​ក្នុង​ការ​ធ្វើ​ជា​គំរូ​មួយ​នៃការ​អនុគ្រោះ​សាសនា​ ហើយ​និង​ឲ្យ​មាន​ការ​រួមរស់​នៅ​ជិត​គ្នា​បាន​ដោយ​សន្តិភាព​រវាង​សាសនាផ្សេងៗ​ ជា​ពិសេសដោយ​មក​ពី​ការ​ចូល​ជំពាក់ទាក់​ទិន​បន្ត​របស់​សរអានៅ​អាហ្វហ្កានីស្ថាន។

«យើង​បាន​បញ្ជូនទាហាន​ជើង​គោក​ កងម៉ារីន​ កង​កម្លាំងទ័ពពិសេស​ក្មេងៗ​ ទៅ​ក្នុង​ភូមិ​ជា​ច្រើននៅ​អាហ្វហ្កានិស្ថាន​ ដើម្បី​ព្យាយាម​រក​ឲ្យ​ឃើញ​ផល​ប្រយោជន៍​ដូច​គ្នា​ជា​មួយ​ក្រុម​អិស្លាម​ ដើម្បីដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​នូវភាព​ខុស​គ្នា​សើៗ​ដែល​អាច​ផុស​ឡើង។​ ហើយ​បើ​យើង​ធ្វើ​ដូច្នេះ​មិន​កើត​ទេ​នៅ​សរអានោះ​យើង​នឹង​មាន​ការ​លំបាក​ខ្លាំង​នៅ​អាហ្វហ្កានិស្ថាន​មិន​ខាន»។

រដ្ឋាភិបាល​ក្នុង​តំបន់​ជា​អ្នកផ្តល់​ច្បាប់អនុញ្ញាត​ខាង​សំណង់។​ លោក​ Michael​ Bloomberg​ អភិបាលក្រុង​ញូវយ៉ក​ បានសំដែង​ការ​គាំទ្រ​របស់​លោក​ ចំពោះ​ការ​ស្នើ​សុំ​សង់​វិហ៊ារ​អិស្លាម ​ថា​ជា​យាន​មួយ​សម្រាប់​ផ្ជាប់​ភាព​ផ្សេងៗ​គ្នា ​នៅ​ក្នុង​បុរីញ៉ូយ៉ក៕

XS
SM
MD
LG