ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសិក្សា​ស្រាវជ្រាវ៖ ក្នុង​ពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ទឹក​នៅ​តំបន់​ផ្កា​ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef មាន​កម្តៅ​ក្តៅ​បំផុត​ក្នុង​រយៈពេល​៤០០​ឆ្នាំ


រូបឯកសារ៖ ហ្វូង​ត្រី​ហែល​ពីលើ​ផ្កាថ្ម​នៅ​លើ​ថ្មប៉ប្រះទឹក Moore ក្នុង​តំបន់​សមុទ្រ Gunggandji Sea Country នៅ​ឆ្នេរ Queensland ភាគ​ខាង​កើត​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ ហ្វូង​ត្រី​ហែល​ពីលើ​ផ្កាថ្ម​នៅ​លើ​ថ្មប៉ប្រះទឹក Moore ក្នុង​តំបន់​សមុទ្រ Gunggandji Sea Country នៅ​ឆ្នេរ Queensland ភាគ​ខាង​កើត​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុង​អំឡុង​ចន្លោះ​ពី​ឆ្នាំ២០១៦​ដល់​ឆ្នាំ២០២៤​នេះ ផ្កាថ្ម​ប៉ប្រះទឹក Great Barrier Reef ដែល​ជា​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ផ្កាថ្ម​ប៉ប្រះទឹក​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក និង​ដែល​មាន​ជីវចម្រុះ​បំផុត​មួយ​បាន​ទទួលរង​នូវ​ព្រឹត្តិការណ៍​នៃ​ការប្រែ​ពណ៌​ផ្កាថ្ម​យ៉ាងខ្លាំង​។ នោះ​គឺ​ជា​ពេល​ដែល​សីតុណ្ហភាព​ទឹក​ឡើង​ក្តៅ​ខ្លាំង ហើយ​ផ្កាថ្ម​បាន​បណ្តេញ​សារាយ​ដែល​ផ្តល់​ពណ៌ និង​អាហារ​ដល់​ពួកវា​ចេញ ហើយ​ជួនកាល​បាន​ធ្វើ​ឱ្យ​ផ្កាថ្ម​ងាប់។ កាលពី​ដើម​ឆ្នាំ​នេះ ​រូបថត​ពី​លើ​អាកាស​ដែល​បង្ហាញ​នូវ​ផ្កាថ្ម​ប៉ប្រះ​ទឹក​ជាង​៣០០ នៅក្នុង​ប្រព័ន្ធ​នៅ​ឆ្នេរ​សមុទ្រ​ភាគឦសាន​នៃ​ប្រទេស​អូស្ត្រាលី បាន​រកឃើញ​ថា ផ្កាថ្ម​បាន​ប្រែពណ៌​នៅ​តំបន់​ទឹករាក់​ដែល​លាត​សន្ធឹង​លើ​ទំហំ​២​ភាគ​បី​នៃ​តំបន់​ថ្មប៉ប្រះ​ទឹក។ នេះ​បើ​យោង​តាម​អាជ្ញាធរ​ឧទ្យាន​ជាតិ Great Barrier Reef Marine Park Authority។

នៅក្នុង​អត្ថបទ​ស្រាវជ្រាវ​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី Natureកាលពី​ថ្ងៃទី៧ ខែសីហា បាន​ឱ្យ​ដឹង​ថា ក្រុមអ្នកស្រាវជ្រាវ​មកពី​សាកល​វិទ្យាល័យ Melbourne និង​សាកល​វិទ្យាល័យ​ផ្សេង​ទៀត​ក្នុង​ប្រទេស​អូស្ត្រាលី អាច​ប្រៀបធៀប​សីតុណ្ហភាព​ទឹក​សមុទ្រ​នា​ពេល​ថ្មីៗ​នេះ​ទៅ​នឹង​កំណត់ត្រា​ក្នុង​ប្រវត្តិសាស្រ្ត​ដោយ​ប្រើ​គំរូ​គ្រោង​ផ្កាថ្ម​ពី​ផ្កាថ្ម​នៅ​តំបន់​នោះ​ដើម្បី​បង្កើត​ទិន្នន័យ​សីតុណ្ហភាព​ផ្ទៃ​ទឹក​សមុទ្រ​ឡើងវិញ​ពី​ឆ្នាំ​១៦១៨ ដល់​ឆ្នាំ១៩៩៥។ ពួកគេ​បាន​ភ្ជាប់​ជាមួយ​ទិន្នន័យ​សីតុណ្ហភាព​ផ្ទៃ​ទឹក​សមុទ្រ​ពី​ឆ្នាំ​១៩០០ ដល់​ឆ្នាំ២០២៤។

ពួកគេ​បាន​សង្កេត​ឃើញ​ថា ជាទូទៅ​សីតុណ្ហភាព​មាន​ភាព​ថេរ​នៅ​មុន​ឆ្នាំ​១៩០០ និង​កម្តៅ​ឡើង​ថេរ​ពី​ខែមករា​ដល់​ខែមីនា​ពី​ឆ្នាំ១៩៦០ ដល់​ឆ្នាំ២០២៤។ ហើយ​ក្នុង​អំឡុង​ពេល​ ៥ ឆ្នាំ​នៃ​ការប្រែ​ពណ៌​នៅក្នុង​ទសវត្សរ៍​កន្លង​ទៅ​នេះ គឺ​ក្នុង​អំឡុង​ឆ្នាំ ២០១៦ ឆ្នាំ ២០១៧ ឆ្នាំ ២០២០ ឆ្នាំ ២០២២ និងឆ្នាំ ២០២៤នេះ សីតុណ្ហភាព​ក្នុង​ខែមករា និង​ខែ​មីនា គឺ​ខ្ពស់​ជាង​ពី​ឆ្នាំ​មុនៗ​ដោយ​រាប់​ចាប់​ពី​ឆ្នាំ១៦១៨។ ពួកគេ​បាន​ប្រើ​គំរូ​អាកាសធាតុ​ដើម្បី​សិក្សា​មើល​ថា​តើ​អត្រា​ឡើង​កម្ដៅ​ក្រោយ​ឆ្នាំ១៩០០ បណ្តាល​មក​ពី​មនុស្ស​ដែរ​ឬ​ទេ? ឆ្នាំ​តែ​មួយ​គត់​ដែល​ក្តៅ​ជិត​ដូច​ឆ្នាំ​នៃ​ការប្រែ​ពណ៌​ផ្កាថ្ម​ដ៏​ច្រើន​ក្នុង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ គឺ​ឆ្នាំ​២០០៤។

លោក Benjamin Henley ដែល​ជា​អ្នក​និពន្ធ​នាំមុខ​លើការ​ស្រាវជ្រាវ​នេះ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​គ្រប់គ្រង​ទីក្រុង​ប្រកប​ដោយ​និរន្តរភាព​នៅ​សាកល​វិទ្យាល័យ Melbourne បាន​និយាយ​ថា៖ «‍ផ្កាថ្ម​ប៉ប្រះទឹក​កំពុង​ស្ថិត​ក្នុង​ភាពគ្រោះថ្នាក់ ហើយ​ប្រសិនបើ​យើង​មិន​ផ្លាស់ប្តូរ​អ្វី​ដែល​កំពុងតែ​កើតឡើង​នៅក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ មនុស្ស​ជំនាន់​យើង​ទំនងជា​នឹង​បាន​ឃើញ​ការបាត់បង់​នៃ​អច្ឆរិយ​ធម្មជាតិ​ដ៏​អស្ចារ្យ​ទាំងនោះ។ ហើយ​ប្រសិនបើ​អ្នក​ដាក់​ភ័ស្តុតាង​ទាំងអស់​រួមគ្នា យើង​នឹង​ឃើញ​ថា កម្ដៅ​ខ្លាំង​កំពុង​កើតឡើង​ញឹកញាប់​ពេក​ដែល​មិន​អាច​ឱ្យ​ផ្កាថ្ម​ទាំងនោះ​សម្របខ្លួន និង​វិវត្តប្រកប​ដោយ​ប្រសិទ្ធភាព​បាន​ឡើយ»។

នៅ​ទូទាំង​ពិភពលោក ផ្កាថ្ម​គឺជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ការផលិត​អាហារ​សមុទ្រ និង​វិស័យ​ទេសចរណ៍។ អ្នកវិទ្យាសាស្ត្រ​បាន​និយាយ​ជា​យូរ​មក​ហើយ​ថា ការបាត់បង់​ផ្កាថ្ម​បន្ថែម​ទៀត​ទំនង​ជា​កើត​មាន​ដោយសារតែ​ការឡើង​កម្ដៅ​នា​ពេល​អនាគត នៅ​ពេល​ដែល​ពិភពលោក​ខិត​ជិត​ដល់​កម្រិត​នៃ​ការឡើង​កម្តៅ​ ១,៥ អង្សាសេ​ថែម​ទៀត​ដែល​វា​ជា​ចំនួន​ដែល​ប្រទេស​នានា​បាន​យល់ព្រម​នឹងគ្នា​ក្នុងការ​ព្យាយាម និង​រក្សា​នៅ​ក្រោម​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​ទីក្រុង​ប៉ារីស​ឆ្នាំ២០១៥។

អ្នក​និពន្ធនៃ​ការ​ស្រាវជ្រាវ​នេះ​បាន​និយាយ​ទៀត​ថា ទោះបីជា​ការឡើង​កម្តៅ​ផែនដី​ត្រូវបាន​រក្សា​នៅ​ក្រោម​គោលដៅ​នៃ​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​ទីក្រុង​ប៉ារីស​ដែល​អ្នកវិទ្យាសាស្ត្រ​និយាយ​ថា ទំនង​ជា​មិន​អាច​រក្សា​បាន​នោះ ក៏​ផ្កាថ្ម​ពី​៧០ភាគរយ​ទៅ​៩០ភាគរយ នៅ​ជុំវិញ​ពិភពលោក​អាច​នឹង​ត្រូវ​បាន​គំរាមកំហែង។ ជា​លទ្ធផល ផ្កាថ្ម​ប៉ប្រះ​ទឹក​នា​ពេល​អនាគត ទំនងជា​នឹង​មាន​ភាពចម្រុះ​តិច​ជាង​មុន​ដែល​រឿង​នេះ​កំពុង​កើត​ឡើង​រួច​ទៅហើយ ខណៈ​ដែល​ទឹក​សមុទ្រ​កាន់តែ​ក្តៅ។

លោក Michael McPhaden អ្នកវិទ្យាសាស្ត្រ​ជាន់ខ្ពស់​ផ្នែក​អាកាសធាតុ​នៅ​រដ្ឋបាល​មហា​សមុទ្រ​និង​បរិយាកាស​ជាតិ បាន​និយាយ​ថា ផ្កាថ្ម​ប៉ប្រះទឹក​កំពុង​វិវត្ត​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លង​មក​នេះ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ព្រឹត្តិការណ៍​ប្រែ​ពណ៌​ដូច​អ្វី​ដែល​អ្នកនិពន្ធ​នៃ​ការ​ស្រាវជ្រាវ​នេះ​បាន​គូស​បញ្ជាក់។ ក៏ប៉ុន្តែ សូម្បីតែ​ផ្កាថ្ម​ដែល​រឹងមាំ​បំផុត ក៏​ប្រហែល​ជា​មិន​អាច​ទប់ទល់​នឹង​សីតុណ្ហភាព​ដែល​គេ​រំពឹង​ថា​នឹង​កើនឡើង​រួមជាមួយនឹង​«ការកើនឡើង​ឥតឈប់ឈរ​នៃ​កំហាប់​ឧស្ម័ន​ផ្ទះកញ្ចក់​នៅក្នុង​បរិយាកាស‍​បាន​នោះ​ឡើយ»។

ផ្កាថ្ម​ប៉ប្រះទឹក Great Barrier Reef គឺជា​ធនធាន​សេដ្ឋកិច្ច​សម្រាប់​តំបន់​នេះ ហើយវាក៏​ជួយ​ការពារ​ទប់ទល់​នឹង​ព្យុះត្រូពិក​ដែល​មាន​កម្លាំង​ខ្លាំង​ផងដែរ។

លោក McPhaden បាន​និយាយ​ទៀត​ថា ដោយសារ​ផ្កាថ្ម​ដែល​ធន់​នឹង​កម្ដៅ​កាន់តែ​ច្រើន​ឡើង​មក​ជំនួស​ប្រភេទ​សត្វ​ដែល​ធន់​នឹង​កម្ដៅ​ទាប​នៅ​បាតសមុទ្រ​ដែល​មាន​សត្វ​និង​ផ្កាថ្ម​ចម្រុះ​ពណ៌​នោះ ធ្វើ​ឱ្យ​មាន​«ក្តីបារម្ភ​យ៉ាង​ខ្លាំង»​អំពី​ការរំពឹង​ថា​នឹង​មាន​ការបាត់បង់​ចំនួន​ប្រភេទ​សត្វ​ដ៏​ច្រើន​និង​ការថយចុះ​នៃ​តំបន់​ផ្កាថ្ម​ប៉ប្រះទឹក​ដ៏​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក។

លោក McPhaden បាន​និយាយ​ទៀត​ថា «វា​គឺជា​សញ្ញា​ព្រមាន​អំពី​គ្រោះថ្នាក់​ទាក់ទិន​នឹង​ការប្រែប្រួល​អាកាសធាតុ‍​នេះ»៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG