ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ហ្វីលីពីន​ស្នើ​កម្ពុជា​ឲ្យ​សហការ​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឆ្លង​ដែន


លោក​​ហ៊ុន សែន​ ​ចាប់​ដៃ​ស្វាគមន៍​ ​ប្រធានាធិបតីហ្វីលីពីន​ ​លោក​ រ៉ូឌ្រីហ្គោ ឌូតឺតេ​(Rodrigo Duterte)​ នៅ​វិមាន​សន្តិភាព​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេលពីរ​ថ្ងៃ​របស់​ ​លោក​ Duterte​ ​ក្នុង ប្រទេស​កម្ពុជា។​​រូប​ថត​ថ្ងៃ​ទី​១៤​ខែធ្នូ​ឆ្នាំ២០១៦។​ (នៅ វណ្ណារិន/VOA)

ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ថ្លែង​បន្ត​ថា​ លោក​ Duterte ​ក៏​បាន​ស្នើ​ឲ្យ​ រដ្ឋាភិបាល​កម្ពុជា​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​ដែល​រួមមាន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន។

លោក​ រ៉ូឌីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតី​ហ្វីលីពីន​ដែល​ល្បី​ល្បាញ​ខាង​ការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿង​ញៀន បាន​ស្នើ​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​លោក ហ៊ុន​ សែន ឲ្យ​បន្ត​កិច្ច​សហការលើ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន នៅ​ថ្ងៃ​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​ចំនួន​ពីរ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

​លោក​ Duterte​ វ័យ​៧១​ឆ្នាំ​ បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​កាល​ពី​ចុងខែ​មិថុនា​កន្លងទៅ​នេះ។ នៅមុន​លោក​ចូល​កាន់​កាប់​តួនាទី​ជា​ប្រធានាធិបតី លោក​ Duterte ​បាន​សន្យា​និង​ស្បថ​ថា​ នឹង​កម្ចាត់​អំពើ​ពុក​រលួយ​ និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ ជាពិសេស​បញ្ហា​គ្រឿង​ញៀន។

​ការ​ស្នើ​របស់​លោក​ Duterte ឲ្យ​ភាគី​កម្ពុជា​បន្ត​កិច្ច​សហការ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កើត​មាន​ឡើង​ នៅ​ក្នុង​ជំនួប​របស់​លោក​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន ដែល​បាន​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​ពុធ។

​លោក​ អ៊ាង សុផល្លែត​ ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​ជំនួប​ដែល​ធ្វើឡើង​អស់​រយៈពេល​ជាង​មួយ​ម៉ោង​ថា​ ក្រៅ​ពី​សំណើ​នោះ លោក​ Duterte​ ក៏​ស្វាគមន៍​ការ​ស្នើ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ពាក់​ព័ន្ធ​នឹង​ការ​វិនិយោគ​ក្នុង​ឧស្សាហកម្ម​ផលិត​ស្រូវ​អង្ករ​ក្នុង​ប្រទេស​កម្ពុជា។

លោកអ៊ាង សុផល្លែត​ ជំនួយការ​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌​មាន​ក្រោយ​ពី​ជំនួប​ទ្វេភាគី​រវាង​លោក​ហ៊ុន សែន​ ​និង​ ​លោក​ប្រធានាធិបតី​ហ្វីលីពីន​ ​ រ៉ូឌ្រីហ្គោ ឌូតឺតេ​ (Rodrigo Duterte)​ ​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាលពី​ថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។
លោកអ៊ាង សុផល្លែត​ ជំនួយការ​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌​មាន​ក្រោយ​ពី​ជំនួប​ទ្វេភាគី​រវាង​លោក​ហ៊ុន សែន​ ​និង​ ​លោក​ប្រធានាធិបតី​ហ្វីលីពីន​ ​ រ៉ូឌ្រីហ្គោ ឌូតឺតេ​ (Rodrigo Duterte)​ ​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាលពី​ថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។

ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ថ្លែង​បន្ត​ថា​ លោក​ Duterte​ក៏​បាន​ស្នើ​ឲ្យ​ រដ្ឋាភិបាល​កម្ពុជា​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​ដែល​រួមមាន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន។

«ឯកឧត្ដម​ Rodrigo​ ក៏បាន​លើក​ទឹកចិត្ត​ឲ្យ​ភាគី​ខាង​ក្រសួង​ប៉ូលិស​ សន្តិ​សុខ​ និង​ក្រសួង​មហាផ្ទៃសហការ​គ្នា​លើ​បញ្ហា​សន្តិ​សុខ​លើ​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​ បញ្ហា​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន»។

លោក​ អ៊ាង​ សុផល្លែត​ បាន​ឲ្យដឹង​បន្ត​ទៀត​ថា​ ភាគី​កម្ពុជា​ និង​ហ្វីលីពីន​មិន​បាន​បញ្ជាក់​លម្អិត​អំពី​ផែន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជួញដូរ​គ្រឿង​ញៀន​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ឡើយ។ ក៏ប៉ុន្តែ ​លោក​ឲ្យដឹង​ថា​ ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ចំនួន​បួន​ ដែល​គ្រប​ដណ្ដប់​លើបញ្ហា​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​ឆ្លង​ដែន​ កីឡា​ និង​ទេសចរណ៍។

​លោក​បញ្ជាក់​បន្ថែម​ថា​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​ ក្រៅ​ពី​ស្នើ​ឲ្យ​ភាគី​ហ្វីលីពីន​មក​បោះ​ទុន​វិយោគ​លើ​ឧស្សាហកម្ម​ផលិត​ស្រូវ​អង្ករ​ក្នុង​ប្រទេស​កម្ពុជា​ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឲ្យ​លោក​ប្រធានាធិបតី​ហ្វីលីពីន​ ពិចារណា​លើ​ការ​បង្កើត​ការហោះ​ហើរ​ដោយ​ផ្ទាល់​ពី​ប្រទេស​ហ្វីលីពីន​មក​ប្រទេស​កម្ពុជា ​ដើម្បី​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរណ៍​ហ្វីលីពីនមក​ទស្សនា​កម្ពុជា។

ក្នុង​អំឡុង​ពេល​នៃ​ការ​កាន់​តំណែង​ជិត៦​ខែ​របស់​លោក ​អង្គ​ការ​សហ​ប្រជាជាតិ​ សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ បាន​រិះគន់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​ ដោយសារ​មនុស្ស​ប្រមាណ​ជា​៦ពាន់នាក់​បាន​ស្លាប់​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​របស់​ប្រធានាធិបតី​រូប​នេះ។

មុន​មួយ​ថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Duterte​ មកកាន់​កម្ពុជា​ ​ជនជាតិ​ហ្វីលីពីន​៥នាក់​បាន​ចេញ​មក​តវ៉ា​ ដោយ​បិទ​មុខ​មិន​បង្ហាញ​អត្តសញ្ញាណ​នៅ​ខាង​មុខ​ព្រះបរមរាជវាំង​ ដើម្បី​ផ្ញើ​សារ​ប្រឆាំង​នឹង​យុទ្ធនាការ​គ្រឿង​ញៀន​របស់​លោក។​

បន្ទាប់​ពី​ពួក​គេ​តវ៉ា​តែ​ប៉ុន្មាន​នាទី​ ដោយ​មាន​ការ​លើក​បដា​ឲ្យ​លោក Duterte បញ្ឈប់​ការ​សម្លាប់​មនុស្ស​ដោយ​សារ​ការ​ជួញដូរ​ និង​កា​រ​ប្រើប្រាស់​គ្រឿងញៀន​ និង​ទាមទារ​ឲ្យ​លោក​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​ជាដើម​នោះ ពួកគេ​ក៏​បាន​ចាក​ចេញ​ពីមុខ​ព្រះបរមរាជវាំង​ភ្លាមៗ។

លោក​ មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ភាគី​ហ្វីលីពីន​ និង​កម្ពុជា​អាច​នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​បញ្ជូន​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន ប្រសិន​បើ​ក្រុម​ជួញ​ដូរ​ទាំងនោះ​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ប្រភព​ចេញ​ពី​ប្រទេស​ហ្វីលីពីន។

លោក​និយាយ​ថា​ ប្រទេស​កម្ពុជា​ នឹង​មិន​ចំណេញ​អ្វី​ពី​ការ​បញ្ជូន​ក្រុម​ជួញដូរ​គ្រឿង​ញៀន​ តែ​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ជួយ​ហ្វីលីពីន ​កម្ចាត់​ក្រុម​ឧក្រិដ្ឋ​ជន​ជួញដូរ​គ្រឿង​ញៀន។

«យើង​អត់មាន​ចំណេញ​អី​ទេ​ ព្រោះ​អានេះ​ជា​ការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ស្រុក​គេ​ ហើយ​គេ​តាម​ចាប់​បណ្ដាញ​គ្រឿង​ញៀន​ ដែល​វា​គេច​រួច​គេច​ខ្លួន​ ឬ​ក៏​មក​បង្កប់​រកស៊ី​នៅ​ស្រុក​យើង​បាទ។ អញ្ចឹង​យើង​អត់​មាន​ចំណេញ​អី​ទេ។ យើង​គ្រាន់​តែ​បាន​ត្រឹម​ថា​ ជួយ​ប្រទេស​ជា​មិត្ត​ហ្នឹង​ឲ្យ​បំពេញ​តួនាទី​របស់​គេ​ មាន​ប្រសិទ្ធិ​ភាព​ហើយ​ បើ​សិន​ជា​យើង​ធ្វើ​ត្រូវ​ មិន​ត្រូវ​ យើង​ជា​អ្នក​ខូច​ឈ្មោះ​ដោយសារ​ជួយ​គេ​បាទ»។

ប្រជាពលរដ្ឋជិះកាត់ការតុបតែងរូបថតដើម្បីទទួលទស្សនកិច្ចផ្លូវរដ្ឋនៃប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គូ ឌើទើតេ (Rodrigo Duterte) (រូបឆ្វេង) និងព្រះមហាក្សត្រកម្ពូជាព្រះករុណាព្រះបាទនរោត្តម សីហមុនី (រូបស្ដាំ) នៅរវាងមហាវិថីសុធារស និងមហាវិថីព្រះសីហនុ រាជធានីភ្នំពេញ កាលពី​ថ្ងៃទីច័ន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។
ប្រជាពលរដ្ឋជិះកាត់ការតុបតែងរូបថតដើម្បីទទួលទស្សនកិច្ចផ្លូវរដ្ឋនៃប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គូ ឌើទើតេ (Rodrigo Duterte) (រូបឆ្វេង) និងព្រះមហាក្សត្រកម្ពូជាព្រះករុណាព្រះបាទនរោត្តម សីហមុនី (រូបស្ដាំ) នៅរវាងមហាវិថីសុធារស និងមហាវិថីព្រះសីហនុ រាជធានីភ្នំពេញ កាលពី​ថ្ងៃទីច័ន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។

កាល​ពី​ពេល​កន្លង​មក​ អាជ្ញាធរ​កម្ពុជា​បាន​បើក​ការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿង​ញៀន​ ដោយ​រឹបអូស​បាន​ចំនួន​ថ្នាំ​ញៀន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ និង​ចាប់​បាន​មេ​ក្លោង​ជួញដូរ​គ្រឿង​ញៀន​ផង​ដែរ។

នៅ​ក្នុង​ការ​បង្ក្រាប​មួយ​ដែល​បាន​កើត​ឡើង​កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៦ មេ​ក្លោង​គ្រឿងញៀន​ម្នាក់ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ម្នាក់​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ការ​បាញ់​តដៃ​គ្នា។​

​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ លោក​ Duterte បាន​ចូល​គាល់​ព្រះមហាក្សត្រ​ខ្មែរ​ព្រះ​បាទ​នរោត្តម​ សីហមុនី​ ហើយ​បាន​បន្ត​ដំណើរទៅ​ដាក់​កម្រង​ផ្កា​នៅ​វិមាន​ឯករាជ្យ។

ជំនួយការ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ បាន​ឲ្យដឹង​ថា​ ម្ដាយ​លោក​ប្រធានាធិបតី Duterte ធ្លាប់​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ ដើម្បី​ទស្សនា​ប្រាង្គ​ប្រសាទ​អង្គរវត្ត​កាលពី​៣០​ឆ្នាំមុន​ផង​ដែរ។​

ដោយឡែក​ រដ្ឋាភិបាល​កម្ពុជា​ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​ បាន​ចេញ​ផែនការ​ស្ដីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី១​ ដែល​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​មួយ​ ខែ​មករា​ ដល់​ថ្ងៃ​ទី​២០​ ខែ​មិថុនា​ ឆ្នាំ​២០១៧។​ នេះ​បើ​យោង​ទៅតាម​លិខិត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ចេញ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃពុធ​នេះ៕

XS
SM
MD
LG