ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) អំពាវនាវឲ្យបេក្ខជនឈរឈ្មោះបោះឆ្នោតទាំងអស់ គោរពគោលការណ៍ស្មើភាពគ្នា រក្សាជំហរអព្យាក្រឹត និងបញ្ចៀសការប្រើប្រាស់ឥទ្ធិពលក្នុងតំបន់រដ្ឋបាលដែលខ្លួនកំពុងកាន់កាប់។ ជាពិសេសមិនត្រូវប្រើសម្បត្តិរដ្ឋដើម្បីធ្វើការឃោសនារកសំឡេងឆ្នោតនោះទេ។ នេះបើយោងតាមសេចក្តីណែនាំរួមរបស់ក្រសួងមហាផ្ទៃ និងគ.ជ.ប ដែលចេញផ្សាយជាសាធារណៈកាលពីដើមសប្តាហ៍នេះ។
យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នឹងផ្តើមពីថ្ងៃទី ២០ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា។ គណបក្សនយោបាយចំនួន ១២ នឹងចូលរួមក្នុងការធ្វើយុទ្ធនាការឃោសនានេះ។
លិខិតរបស់ក្រសួងមហាផ្ទៃនិងគ.ជ.ប បានណែនាំឲ្យមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ ដែលបានឈរឈ្មោះជាបេក្ខជន មានសិទ្ធិធ្វើសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោត។ តែបេក្ខជនទាំងនោះ ត្រូវគោរពគោលការណ៍ស្មើភាពគ្នា ក្នុងការឃោសនាដូចបេក្ខជនដទៃទៀត ដោយមិនត្រូវប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងតំបន់រដ្ឋបាលដែលខ្លួនកាន់កាប់ ហើយមិនត្រូវប្រើប្រាស់មធ្យោបាយ សម្ភារៈ និងថវិកា របស់រដ្ឋបាលឃុំសង្កាត់ ទៅបម្រើសកម្មភាពរបស់គណបក្សនយោបាយណាមួយ ឬបម្រើសកម្មភាព យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយឡើយ។
សម្រាប់ស្មៀនឃុំ សង្កាត់ លិខិតនោះបានណែនាំឲ្យពួកគេ ត្រូវប្រកាន់អាកប្បកិរិយា និងត្រូវយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ស្តីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល រីឯមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ដែលមានបំណងចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយ ឬជាបេក្ខជន ត្រូវដាក់ពាក្យសុំឈប់សម្រាកការងារទៅមេឃុំ ចៅ សង្កាត់សាមី ដើម្បីចូលរួមក្នុងសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយនោះ។ ហើយក្នុងអំឡុងពេលនៃការឈប់សម្រាកពីការងារដើម្បីចូលរួមក្នុងសកម្មភាពឃោសនាបោះឆោ្នត មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ មិនមែនជាមន្ត្រីដឹកនាំភូមិឡើយ។
ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតនៅប្រទេសកម្ពុជាថ្លែងថា លិខិតណែនាំរបស់ស្ថាប័នរដ្ឋាភិបាល និងគ.ជ.ប នឹងនៅតែមិនអាចទប់សា្កត់ភាពមិនប្រក្រតីនៃការប្រើធនធានរបស់រដ្ឋដើម្បីធ្វើយុទ្ធនាការបោះឆ្នោត ដោយសារតែ គ.ជ.ប ពុំបានអនុវត្តច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឲ្យបានពេញលេញ។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា (និកហ្វិច) ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា៖
«អត់មានការផាកពិន័យអីទេកន្លងមកអញ្ចឹង ច្រើនមានគ្រាន់តែស្តីបន្ទោស មានដែរគ្រាន់តែថា ព្រមានអី គ្រាន់តែស្តីបន្ទោស។ បានដូចពិន័យអីៗដែលឲ្យអនុវត្តតាមច្បាប់ត្រឹមត្រូវហ្នឹង អត់ដែលមានទេបាទ»។
លោកនិយាយថា គ.ជ.បត្រូវចាត់វិធានការច្បាប់តឹងរ៉ឹង ដើម្បីហាមឃាត់មន្ត្រីភូមិឃុំប្រើប្រាស់សម្បត្តិរដ្ឋសម្រាប់បម្រើផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ឬគណបក្សនយោបាយខ្លួន។
លោក សំ គន្ធាមី បញ្ជាក់ថា៖
«បើសិនជា គ.ជ.ប បច្ចុប្បន្ននេះចាត់វិធានការម៉ឺងម៉ាត់ដោយតាមច្បាប់ នឹងអាចកាត់បន្ថយបានច្រើន នែ៎ចំពោះ អាការប្រើប្រាស់ធនធានរដ្ឋ ឬក៏ថវិកា ឬពេលវេលាក្តី ដែលទៅធ្វើការគណបក្សហ្នឹងបានកាត់បន្ថយច្រើនបាន»។
VOA មិនទាន់អាចទាក់ទងលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់មានចែងទោសប្បញ្ញត្តិសម្រាប់ទប់ស្កាត់សកម្មភាពល្មើស ក្នុងការប្រើប្រាស់ធនធានរដ្ឋដើម្បីធ្វើយុទ្ធនាការឃោសនានយោបាយ។
មាត្រា ១៨៦ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់បានចែងថា៖
«ត្រូវព្រមានជាលាយលក្ខណ៍អក្សរ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះជនណាដែលប្រើប្រាស់សម្ភារៈ មធ្យោបាយដឹកជញ្ជូន ដែលជាសម្បត្តិរបស់រដ្ឋ ដើម្បីធ្វើសកម្មភាពឃោសនា ឲ្យគណបក្សនយោបាយណាមួយ ឬបេក្ខជនណាមួយ។ ក្នុងករណីដែលនៅតែមិនគោរពតាមការព្រមានខាងលើ ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០រៀល ទៅ១០.០០០.០០០រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋដើម្បីធ្វើសកម្មភាពឃោសនានយោបាយ ត្រូវដឹងថា បានកើតឡើងនៅក្នុងការបោះឆ្នោតនាពេលកន្លងមក ដោយរថយន្តរបស់រដ្ឋត្រូវបានគេប្រើសម្រាប់ការចែកអំណោយសម្រាប់យុទ្ធនាការឃោសនារបស់គណបក្សនយោបាយ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍន៍សង្គម ចាត់ទុកថា សេចក្តីណែនាំរបស់រដ្ឋាភិបាលនិងគ.ជ.ប នឹងមិនអាចត្រូវបានគោរពដោយអ្នកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនោះទេ ព្រោះសេចក្តីណែនាំនោះ គ្រាន់តែជាការដាស់តឿន។ លោកប្រាប់ VOA បន្ថែមថា ការឃោសនាបោះឆ្នោត នឹងមិនមែនជាចលករសំខាន់ក្នុងការទាញសំឡេងឆ្នោតនោះឡើយ ដោយហេតុថា ម្ចាស់ឆ្នោតបានឃ្លាំមើលស្ថានភាពសង្គម និងត្រៀមរួចរាល់ទៅហើយសម្រាប់ការជ្រើសរើសគណបក្សនយោបាយ ដែលពួកគេទុកចិត្តសម្រាប់ការដឹកនាំឃុំសង្កាត់។
អ្នកវិភាគរូបនេះពន្យល់ថា៖
«យុទ្ធនាការឃោសនាពីរអាទិត្យនេះ ខ្ញុំមើលទៅដូចជាមិនជាសំខាន់អីប៉ុន្មានទេ គ្រាន់តែធ្វើឲ្យតែវាល្មមៗទៅបានហើយ ព្រោះអីការផ្លាស់ប្តូររបស់មនុស្ស បើមានគឺ គេមានរួចស្រេចទៅហើយបាទ មិនមែនថា ដោយសារតែថាឥទ្ធិពលអីនៃការឃោសនាពីរអាទិត្យចុងក្រោយ»។
ក្នុងការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះ គណបក្សនយោបាយចំនួន១២ បានចុះឈ្មោះចូលរួមប្រកួតប្រជែង។ ក្នុងចំណោមគណបក្សទាំង ១២នោះ គឺមានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិប៉ុណ្ណោះ ដែលបានដាក់បេក្ខជនចូលរួមប្រកួតប្រជែងនៅគ្រប់ឃុំសង្កាត់ចំនួន ១.៦៤៦ ទូទាំងប្រទេស។
គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងចំនួនទាំង១២ កំពុងរៀបចំគោលនយោបាយ យុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីឃោសនារកសំឡេងឆ្នោតក្នុងរយៈពេល១៤ថ្ងៃមុនថ្ងៃបោះឆ្នោតដើម្បីយកជ័យជម្នះលើគូប្រជែងនយោបាយ។
ក្នុងការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ មានបេក្ខជនប្រុស ស្រីសរុបចំនួន ៩៤.៥៩៥ នាក់ នឹងចូលរួមប្រកួតប្រជែង ដើម្បីដណ្តើមអំណាចក្នុងកម្រិតមូលដ្ឋាន។ បេក្ខជនបុរស និងបេក្ខជនស្រ្តី របស់គណបក្សធំៗពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវគេរំពឹងថា នឹងជាគូប្រកួតប្រជែងសំខាន់ក្នុងការបោះឆ្នោតនេះ៕