ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​សម្រេច​លែង​ឱ្យ​ពាក់​ម៉ាស់​នៅ​តាម​ទីសាធារណៈ ​ចំពេល​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ថយ​ចុះ​ខ្លាំង


រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​​ពាក់ម៉ាស់​​ ខណៈ​កម្ពុជា​កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)
រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​​ពាក់ម៉ាស់​​ ខណៈ​កម្ពុជា​កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​សម្រេច​ឱ្យ​ប្រជា​ពលរដ្ឋ​អាច​ដោះម៉ាស់​នៅ​តាម​ទី​សាធារណៈ​បាន​ បន្ទាប់​ពី​ចំនួន​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩​បង្ក​ដោយ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ ត្រូវ​បាន​ក្រសួង​សុខាភិបាល​រាយ​ការណ៍​ថា​ ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​ជាប់ៗ​គ្នា​នេះ។​

ជាមួយ​គ្នា​នេះ ​លោក​ ហ៊ុន សែន​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ទី៣​ឱ្យ​បាន​គ្រប់ៗ​គ្នា ​ដើម្បី​បង្កើត​ភាព​ស៊ាំ​ក្នុង​សហគមន៍ ​និង​ធ្វើ​ឱ្យ​ដំណើរការ​លែង​ពាក់ម៉ាស់​នេះ​ ទទួល​បាន​ជោគ​ជ័យ​សម្រាប់​ប្រទេស​កម្ពុជា។​

នៅ​ក្នុង​សារ​ជា​សំឡេង​មាន​រយៈ​ពេល​ជាង​១៥​នាទី ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ របស់​លោក​នៅ​ថ្ងៃ​អង្គារ​នេះ​ ​លោក ​ហ៊ុន សែន ​ថ្លែង​ថា៖​

«បង​ប្អូន​អាច​ជ្រើស​រើស​ ដោយ​ខ្លួន​ឯង​បន្ត​ពាក់ម៉ាស់​ត​ទៅ​ទៀត​ ឬ​ក៏​ឈប់​ពាក់ម៉ាស់​ នៅ​កន្លែង​ដែល​ចំហ​ ក្រៅ​ពី​កន្លែង​ដែល​មាន​ការ​បិទជិត។ ​ អត្ថន័យ​នៃ​កន្លែង​ដែល​មាន​ការ​បិទជិត​ ដែល​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ចង់​និយាយ​ គឺ​សំដៅ​ទៅ​លើ​បន្ទប់​នៃ​ការ​ប្រជុំ​ ដែល​មាន​ការ​បិទជិត​ ហើយ​មាន​ការ​ប្រើ​ម៉ាស៊ីន​ត្រជាក់​ ឬ​ក៏​នៅ​ក្នុង​រោង​ភាពយន្ត​ ដែល​មាន​មនុស្ស​នៅ​ទីនោះ​ ហើយ​ដែល​មានការ​បិទជិត​ប្រើ​ម៉ាស៊ីន​ត្រជាក់។ ​ ប៉ុន្តែ​ករណី​ដែល​មាន​ការ​លម្ហ ​ដូច ជា​ការ​នៅ​ក្នុង​អគារ​ដដែល​ ប៉ុន្តែ​មាន​លម្ហ​នៅ​ខាង​ក្រៅ ​អាច​ដោះ​ម៉ាស់​ចេញ។​ ហើយ​កាន់តែ​ច្បាស់​ទៅ​ទៀត​ នៅ​តាម​ផ្លូវ​សាធារណៈ​ នៅ​តាម​សួន​ច្បារ​ នៅតាម​កន្លែង​កម្សាន្ត​ផ្សេងៗ ​ដែល​មិន​មាន​ការ​បិទ​ជិត​ទេ​នោះ​ បង​ប្អូន​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ ពាក់​ម៉ាស់​ឬ​មិន​ពាក់​ម៉ាស់»។​

សេចក្តី​សម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​មិន​តម្រូវ​ឱ្យ​ប្រជា​ពលរដ្ឋ​ពាក់​ម៉ាស់​នៅ​តាម​ទី​សាធារណៈ​នេះ ​ធ្វើ​ឡើង​ក្រោយ​លោក​ទទួល​បាន​របាយ​ការណ៍​ពី​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ ​និង​ជា​អនុ​ប្រធាន​ប្រចាំ​ការ​នៃ​គណៈ​កម្មការ​ប្រឆាំង​កូវីដ​១៩ លោក ​អូន ព័ន្ធ​មុន្នីរ័ត្ន​ និង​មន្ត្រី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ អំពី​ការ​ថយ​ល្បឿន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

បើ​តាម​លោក ​ហ៊ុន សែន ​ ការ​មិន​តម្រូវ​ឱ្យ​ប្រជា​ពលរដ្ឋ​ពាក់​ម៉ាស់​នៅ​តាម​ទីសាធារណៈ​នេះ​គឺ​ដើម្បី​បង្កើត​បរិយាកាស​សប្បាយ​រីក​រាយ​ដល់​ប្រជា​ពលរដ្ឋ​ និង​ចូល​រួម​ចំណែក​សន្សំ​សំចៃ​សេដ្ឋ​កិច្ច​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ប្រើ​ប្រាស់​ម៉ាស់​នេះ ​និង​ដើម្បី​យក​ថវិកា​ទៅ​ប្រើ​ប្រាស់​គោល​ដៅ​ផ្សេង​ជំនួស​វិញ។​

លោក​ ហ៊ុន សែន ​កត់​សម្គាល់​បន្ត​ថា​ ជម្រើស​ល្អ​បំផុត​សម្រាប់​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​ការ​លែង​ពាក់​ម៉ាស់​នេះ​ទទួល​បាន​ជោគជ័យ​នោះ​គឺ​ប្រជា​ពលរដ្ឋ​ត្រូវ​តែ​ទទួល​ និង​ចាក់​វ៉ាក់សាំង​ដូស​ទី៣​ឱ្យ​បាន​គ្រប់ៗ​គ្នា​ពីព្រោះ ​ អ្នក​នៅ​សល់​មិន​ទាន់​បាន​ចាក់​ថ្នាំ​ដូស​ទី៣​មាន​ប្រមាណ​៦​លាន​៤​សែន​នាក់​ទៀត។​ លោក​បន្ថែម​ថា ប្រជា​ពលរដ្ឋ​ ក៏​អាច​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ទី​៤​ ហើយ​រដ្ឋាភិបាល​នឹង​ត្រៀម​បម្រុង​សម្រាប់​ចាក់​វ៉ាក់សាំង​ដូស​ទី​៥​ចំពោះ​មន្ត្រី​ជួរ​មុខ​ផង​ដែរ។​

លោក​ថ្លែង​ថា៖ ​«ប៉ុន្តែ​ដើម្បី​ធានា​នូវ​ភាព​រឹង​មាំ​សម្រាប់​ការ​បន្ត​និរន្តរ​ភាព​នៃ​ការ​មិន​ពាក់​ម៉ាស់ ​ហើយ​មិន​មាន​ជំងឺ​ឆ្លង​បន្ត​ទៀត​ ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ ...​ដូច​ចំណុច​ទី២ ​... ​អំពាវនាវ​ចំពោះ​ប្រជា​ពលរដ្ឋ​របស់​យើង សូម​ទទួល​យក​វ៉ាក់សាំង​ដូស​ទី៣​ ដោយ​ចាត់​ទុក​ថា​ ជា​ដូស​អប្បបរមា​កម្រិត​ទាប​បំផុត​នៅ​ក្នុង​ប្រទេស​របស់​យើង»។ ​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​ផង​នោះ ​បាន​សង្កត់​ធ្ងន់​ថា​ ​ការ​ប្រើ​ពាក្យ​«កាតព្វ​កិច្ច​ចាក់​វ៉ាក់សាំង​ដូស​ទី៣»​គឺ​មិន​ពាក់​ព័ន្ធ​ផ្លូវ​ច្បាប់​ទេ ​ហើយ​ប្រសិន​បើ​ពលរដ្ឋ​មិន​បាន​ចាក់​ គឺ​មិន​មាន​ច្បាប់​ណា​មួយ​ផាក​ពិន័យ​ ឬ​ត្រូវ​រង​វិធាន​ការ​រដ្ឋបាល​ និង​ដាក់​ទណ្ឌកម្ម​ណា​មួយ​នោះ​ទេ ពីព្រោះ​ការណ៍​នេះ​គ្រាន់​តែ​ជា​កាតព្វ​កិច្ច​សុខាភិបាល ​ដើម្បី​រក្សា​ភាព​ធន់​នៃ​សុខភាព​របស់​ប្រជា​ពលរដ្ឋ​ និង​ការ​ចូល​រួម​ការពារ​ជំងឺ​កូវីដ១៩​ និង​ការពារ​អាយុ​ជីវិត​ផ្ទាល់​ខ្លួន ​ដ៏ដូច​ជា​ក្រុម​គ្រួសារ​ជា​ដើម។

ប៉ន្តែ​ កាល​ពីថ្ងៃ​ទី​២៥​ខែ​មេសា​នេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ក្រើន​រំឭក​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​ ដូស​ទី៣ ​ឬ​ដូស​ជំរុញ​ជា​កាតព្វកិច្ច​ក្នុង​រាជធានី​ភ្នំពេញ ​ឱ្យ​បាន​ឆាប់​រហ័ស ​និង​ទាន់​ពេល​វេលា។​

ដំណាល​គ្នា​នឹង​ការ​ក្រើន​រំឭក​នេះ អភិបាល​រាជធានី​ភ្នំពេញ​ លោក​ ឃួង ស្រេង​បាន​សង្កត់​ធ្ងន់​ថា៖​ «ចំពោះ​បុគ្គល​ទាំង​ឡាយ​ណា​ ដែល​នៅតែ​បន្ត​គេច​វេះ​មិន​អនុវត្ត​កាតព្វ​កិច្ច​ទាក់ទង​នឹង​ការ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​ ដូស​ទី​៣ ​ឬ​ដូស​ជំរុញ​ដែល​ (ជា​វ៉ាក់សាំង​កាតព្វកិច្ច) ​ស្របតាម​ខ្លឹម​សារ​នៃ​សេចក្តី​ជូន​ដំណឹង​នេះ​ទេ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​ចាត់​វិធាន​ការ​រដ្ឋបាល​ ស្រប​តាម​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ពាក់ព័ន្ធ​ជាធរមាន»។​

បើ​តាម​សេចក្តី​ជូន​ដំណឹង​ដដែល​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ ក្នុង​ករណី​ចាំ​បាច់​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​ធ្វើ​ការ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​បណ្ណ​ចាក់​វ៉ាក់សាំង ​ដោយ​មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ណាម្នាក់​ដែល​គ្មាន​បណ្ណ​ចាក់​វ៉ាក់សាំង​ ឬ​បណ្ណ​ចាក់​វ៉ាក់សាំង​ដែល​គ្មាន​សុពលភាព​ដូស​ទី៣ ​ឬ​ដូស​ជំរុញ​ ចូល​ទៅ​បរិវេណ​ទីតាំង​បិទជិត​ ដូចជា​រោងចក្រ​ សហគ្រាស​ អាជីវ​កម្ម​ដ្ឋាន ​មណ្ឌល​កម្សាន្ត​ ​ផ្សារ​រដ្ឋ​ ផ្សារ​ឯក​ជន​ ផ្សារ​ម៉ាត ​ភោជនីយ​ដ្ឋាន​ អាហារ​ដ្ឋាន​ ហាង​កាហ្វេ ​និង​គ្រឹះ​ស្ថាន​សិក្សា​ជា​ដើម។ ​

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល ​អ្នកស្រី ​ឱ វណ្ណឌីន ​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ពាក់​ព័ន្ធ​នឹង​ការ​សម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ដែល​បើក​ផ្លូវ​ឱ្យ​ប្រជា​ពលរដ្ឋ​មិន​ពាក់​ម៉ាស់​នៅ​តាម​ទីសាធារណៈ​ទេ​ ដោយ​ស្នើ​ឱ្យ​អ្នក​ សារ​ព័ត៌មាន​របស់​សំឡេង​សហ​រដ្ឋ​អាមេរិកវីអូអេ ​ត្រឡប់​ទៅ​ស្តាប់​ប្រសាសន៍​នាយក​រដ្ឋមន្រ្តី​វិញ។​

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​អភិបាល​រង​រាជធានី​ភ្នំពេញ ​លោក ​កើត ឆែ​ និង​អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ​ម៉េត មាសភក្តី​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។​

ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណ​ធម៌ ​លោក ​អ៊ូច វុទ្ធី ​យល់​ថា​ការ​សាក​ល្បង​ឱ្យ​ប្រជា​ពលរដ្ឋ​លែង​ពាក់​ម៉ាស់​នៅ​តាម​ទីសាធារណៈ​នេះ​គឺ​ជា​រឿង​ល្អ​ ដែល​នឹង​ជួយ​សម្រួល​សេដ្ឋ​កិច្ច​គ្រួសារ​មួយ​ផ្នែក​របស់​ប្រជា​ពលរដ្ឋ។​

លោក​បញ្ជាក់​ថា៖​ «នេះ​ជា​រឿង​មួយ​ដែល​ល្អ​ដែរ។ វា​ជួយ​ទ្រទ្រង់​ផ្នែក​សេដ្ឋកិច្ច​ បើ​សិន​ជា​យើង​ដោះ​ម៉ាស់​ចេញ​ ហើយ​យើង​មិន​បាន​ទៅ​ទិញ​ម៉ាស់​ ដូច​កូវីដ​សាហាវៗ​ពីមុន​ហ្នឹង​ បាន​ន័យ​ថា​ វា​ជួយ​ដល់​សេដ្ឋ​កិច្ច​គ្រួសារ​យើង»។​

លោក ​អ៊ូច វុទ្ធី ​បន្ត​ថា​ ការ​ជំរុញ​របស់​រដ្ឋាភិបាល​ឱ្យ​ប្រជា​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ការឆ្លង​ជំងឺ​កូវីដ១៩​ដូស​ទី៣​ក៏​ជា​ការ​ល្អ​ប្រសើរ​ដែរ ​ហើយ​លោក​ថា ការ​លែង​ឱ្យ​ពាក់​ម៉ាស់​នេះ ​ទំនង​ជា​រដ្ឋាភិបាល​ចង់​ពិនិត្យ​បន្ថែម​ទៀត​នូវ​កម្រិត​នៃ​ការ​ឆ្លង​នេះ​កម្រិត​ណា ​និង​ត្រូវ​ព្យាបាល​យ៉ាង​ណា ​ឬ​វិធីសាស្ត្រ​ណា​បន្ត​ទៀត​នោះ​ដើម្បី​ឆ្លើយ​តប​នឹង​ជំងឺ​កាច​សាហាវ​មួយ​នេះ។​

អ្នក​ជំនាញ​សេដ្ឋកិច្ច​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លោក​គី សេរីវឌ្ឍន៍​កត់​សម្គាល់​ថា​ តាំង​ពី​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ជួប​ជុំ​សប្បាយ​ក្នុង​ថ្ងៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណីខ្មែរ​មក​មិន​ទាន់​មាន​ហានិភ័យ​ណា​មួយ​កើត​ឡើង​នោះ​ទេ​ ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​ទ្រង់ទ្រាយ​ធំ។​

បើតាម​អ្នក​ជំនាញ​សេដ្ឋកិច្ច​រូប​នេះ​ ការ​លែង​តម្រូវ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​តាម​ទីសាធារណៈ​ គឺ​ជា​រឿង​ល្អ ​ដើម្បី​ជំរុញ​ និង​បង្កើន​ការ​លក់​រាយ​របស់​ពលរដ្ឋ​ឱ្យ​មាន​សន្ទុះ​កើន​ឡើង​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​តាម​រយៈ​ទេសចរណ៍​ក្នុង​ស្រុក ​បើទោះ​បី​ជា​អ្នក​ទេស​ចរ​បរទេស​មិន​ទាន់​មក​កម្សាន្ត​កម្ពុជា​ច្រើន​យ៉ាង​ណា​ក៏​ដោយ។​

លោក​សង្ឃឹម​ថា ​ក្នុង​រដូវ​ក្តៅ​នេះ ​កម្ពុជា​នឹង​អាច​បង្កើត​បាន​នូវ​ភាព​ស៊ាំ​ជំងឺ​កូវីដ១៩​ នៅ​ក្នុង​សហគមន៍។​

លោក​ថ្លែង​ថា៖ ​«អ្វី​ដែល​រំពឹង​ទុក​គឺ​សង្ឈឹម​ថា​ វា​នឹង​បង្កើត​ភាព​ស៊ាំ​ឱ្យ​បាន​រឹងមាំ​ក្នុង​រដូវ​ក្តៅ​នេះ ​[ហើយ]​នៅ​ពេល​ណា​រដូវ​ត្រជាក់​មក​ដល់​ ភាព​ស៊ាំ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ អាច​នឹង​ទទួល​យក​បាន​នូវ​វីរុស។ ​ អ៊ីចឹង​ យើង​នឹង​អាច​ការពារ​បាន។​ ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​ជឿ​ថា​ រដ្ឋាភិបាល​នៅតែ​មាន​ការ​បង្ការ​ហានិភ័យ​ដែរ ​នៅ​ពេល​វា​មាន​ការ​ផ្ទុះ​ឡើង​វិញ។​ អ៊ីចឹង​ វិធាន​ការ​សុខាភិបាល​ វិធាន​ការ​ពាក់​ម៉ាស់​នេះ​នឹង​ត្រូវ​អនុវត្ត​ជាកាតព្វ​កិច្ច​វិញ»។​

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​សុខាភិបាល​ ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ បង្ក​ដោយ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ មាន​មិន​លើស​ពី​៣០​ករណី​ទេ​ក្នុង​មួយ​ថ្ងៃៗ​ គិត​ចាប់​តាំងពី​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​កាលពី​អំឡុង​ពាក់​កណ្តាល​ខែ​មេសា​នេះ។​

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា ករណី​ឆ្លង​ថ្មី​នៃ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​សម្រាប់​ថ្ងៃ​ទី​២៥​ខែ​មេសា​នេះ​មាន​តែ​២​នាក់​ប៉ុណ្ណោះ។​

គួរ​បញ្ជាក់​ថា ​កាលពី​ថ្ងៃ​ទី​១២​ ខែ​មេសា ​ឆ្នាំ​២០២២​នេះ ​ ក្រសួង​សុខាភិបាល​ បាន​យក​ខេត្ត​៤​ រួមមាន​ខេត្ត​រតនគិរី​ ខេត្ត​មណ្ឌល​គិរី ​ខេត្ត​ស្ទឹងត្រែង​ និង​ខេត្ត​ព្រះវិហារ​ ក្នុង​ការ​លើក​លែង​កាតព្វ​កិច្ច​ពាក់​ម៉ាស់​នេះ​មុន​គេ។ ​នេះ​គឺ​ជា​គំនិត​ផ្តួចផ្តើម​របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​ផង​ដែរ។​

លោក​ ហ៊ុន សែន​ឱ្យ​ដឹង​បន្ថែម​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា​ បាន​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​នៃ​ជំងឺ​កូវីដ១៩​ចំនួន​៣​ប្រភេទ​ផ្សេង​ទៀត​ តែ​លោក​ ជំរុញ​ឱ្យ​ក្រសួង​សុខាភិបាល​តាម​ដាន​ការ​វិវត្ត​ ការ​ប្រែ​ប្រួល​នានា​ ដើម្បី​អាច​ចាត់​វិធាន​ការ​បាន​ទាន់​ពេល ​និង​ត្រៀម​ឆ្លើយ​តប​នឹង​បញ្ហា​ទាំង​ឡាយ​ដែល​អាច​កើត​ឡើង​ជាយថា​ហេតុ៕

XS
SM
MD
LG