ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​បន្ត​បិទ​សាលា​រៀន និង​ការ​រកស៊ី​ផ្សេងៗ ទោះ​មិន​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​៣​សប្តាហ៍


លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលថ្លែងក្នុងសន្និសីទស្តីពីជំងឺកូវីដ១៩ នៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលថ្លែងក្នុងសន្និសីទស្តីពីជំងឺកូវីដ១៩ នៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ​លោក ​ម៉ម ប៊ុនហេង ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បញ្ជាក់​ថា ​អាជីវ​កម្ម​ផ្សេងៗ​ដែល​ប្រកាស​ឲ្យ​ផ្អាក​ដោយសារ​ជំងឺ​កូវីដ១៩ ​ត្រូវ​បន្ត​បិទ​ដដែល​ដើម្បី​ទប់​ស្កាត់​ការ​កើត​មាន​ករណី​ឆ្លង​ជាថ្មី​ ខណៈ​សាលា​រៀន​នៅ​ទូទាំង​ប្រទេស​ក៏​មិន​ទាន់​មាន​ការ​អនុញ្ញាត​ឲ្យ​បើក​ឡើង​វិញ​នៅ​ឡើយ។

ក្នុង​សន្និសីទ​ស្តីពី​ជំងឺ​កូវីដ១៩​នៅ​ទីស្តីការ​ក្រសួង​សុខាភិបាល ​លោក​ ម៉ម ប៊ុនហេង ​ថ្លែង​ថា ប្រជា​ពលរដ្ឋ​ត្រូវ​បន្ត​ប្រុង​ប្រយ័ត្ន ​និង​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ករណី​ឆ្លង​ថ្មី ​បើ​ទោះ​បី​ជា​កម្ពុជា​មិន​មាន​ករណី​ឆ្លង​ថ្មី​ក្នុង​រយៈ​ពេល​៣​សប្តាហ៍​ជាប់​គ្នា​ក្តី។ លោក​បន្ត​ថា​ អាជីវកម្ម​ជាច្រើន​ប្រភេទ​ដូចជា​ខារ៉ាអូខេ​និង​កន្លែង​ផ្សេងៗ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​បាន​ផ្អាក ​ត្រូវ​បន្ត​ផ្អាក ​ដោយ​មិន​ទាន់​មាន​ការ​កំណត់​ពេល​ជាក់​លាក់។​

«ត្រូវ​បន្ត​ចូលរួម​ទៀត​ ឲ្យ​ច្បាស់​ថា​យើង​ល្អ ​ត្រួត​ត្រា​បាន​ត្រឹម​ត្រូវ ​អាហ្នឹង​បាន​យើង​ប្រាកដ​ប្រជា។​ ហើយ​ដែល​សំខាន់​ទៅ​ទៀត​គឺ​ថា​ ​នៅ​ពេល​ណា​ដែល​យើង​មិន​មាន​វ៉ាក់​សាំង​ ​យើង​មិន​គួរ​សាក​ល្បង​ឲ្យ​មាន​ហានិភ័យ​មួយ​សារ​ទៀត​ទេ។​ តែ​ហានិភ័យ​មួយ​សារ​ទៀត​ យើង​ជួប​បញ្ហា​លំបាក​កាន់​តែ​ច្រើន»។​

រដ្ឋមន្រ្តី​សុខាភិបាល​រូប​នេះ​បន្ថែម​ថា​ សម្រាប់​សាលារៀន​គឺ​សម្រេច​លើ​ក្រសួង​អប់រំ​ ថា​នឹង​ត្រូវ​បើក​ឡើង​វិញ​នៅ​ពេល​ណា។

លោក ​ឌី ខាំបូលី ​អ្នក​នាំពាក្យ​ក្រសួង​អប់រំ ​ប្រាប់​ VOA​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ រហូត​មក​ដល់​ពេល​នេះ​ ក្រសួង​អប់រំ​មិន​ទាន់​សម្រេច​ថា​ នឹង​ត្រូវ​ឲ្យ​សាលា​រៀន​បើក​បង្រៀន​វិញ​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។​ លោក​បន្ត​ថា​ ក្រសួង​កំពុង​បន្ត​ពិភាក្សា​ជាមួយ​ក្រសួង​សុខាភិបាល ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​សម្រេច។​

ក្នុង​សន្និសីទ​កាល​ពី​ថ្ងៃ​ទី​១៦ ​ខែ​មីនា ក្រសួង​អប់រំ​បាន​ប្រកាស​ឲ្យ​គ្រឹះស្ថាន​សិក្សា​គ្រប់​ប្រភេទ ​ទាំង​រដ្ឋ​និង​ឯកជន​ចាប់ផ្តើម​ឈប់​សម្រាក​វិសម​កាល​តូច ​ដោយ​មិន​កំណត់​ពេល​ចូល​វិញ។ ​ កាល​ពី​ថ្ងៃ​ទី​៨​ខែ​មេសា ​ក្រសួង​ក៏​បាន​សម្រេច​ពន្យារ​ពេល​ប្រឡង​ថ្នាក់​ទី​៩​និង​ទី​១២។​

ក្នុង​សន្និសីទ​នោះ​ដែរ​ថា ​តំណាង​អង្គការ​សុខភាព​ពិភព​លោក​(WHO)​ប្រចាំ​នៅ​កម្ពុជា លោកស្រី​វេជ្ជបណ្ឌិត ​Li Ailan ​ថ្លែង​ថា​ ការ​បើក​កន្លែង​អាជីវ​កម្ម​ដែល​មាន​មនុស្ស​ចេញ​ចូល​ច្រើន ​ជាពិសេស​ខារ៉ា​អូខេ ​អាច​ប្រឈម​ហានិភ័យ​នៃ​ការ​ឆ្លង​ខ្ពស់។​

«យើង​បាន​រក​ឃើញ​ថា​ ការ​ចម្លង​កម្រិត​ខ្ពស់​ច្រើន​តែ​កើត​ឡើង​នៅ​ក្នុង​កន្លែង​ដែល​មាន​ខ្យល់​ចេញ​ចូល​មិន​សូវ​ល្អ កន្លែង​ដែល​មាន​មនុស្ស​ច្រើន ​កន្លែង​ដែល​មាន​ការ​ច្រៀង ​និង​ការ​និយាយ​ច្រើន​ និង​កន្លែង​ដែល​មាន​វិធាន​ការ​បង្ការ​មិន​ល្អ»។​

ចាប់​តាំង​ពី​កម្ពុជា​កើត​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​មក​ ​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ការ​ជួប​ជុំ​ទ្រង់​ទ្រាយ​ធំ​ ដូច​ជា​ការ​ប្រគំ​តន្រ្តី ​កន្លែង​ច្រៀង​កម្សាន្ត​ ខារ៉ាអូខេ​ ក្លឹប​កម្សាន្ត ​បៀរ​ហ្គាឌិន​ និង​កាស៊ីណូ ​និង​ផ្អាក​ការ​បង្រៀន​តាម​សាលារៀន​ជាដើម។ ​ក្រោយ​ការ​ប្រកាស​ផ្អាក​កន្លែង​ទាំង​នោះ គេ​ឃើញ​នៅ​តាម​ដង​ផ្លូវ​មាន​ភាព​ស្ងប់​ស្ងាត់ ​ហើយ​កន្លែង​អាជីវកម្ម​ជាច្រើន​បាន​បិទ​ទ្វារ​ជា​បន្ត​បន្ទាប់។​

ទាំង​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ​និង​តំណាង​អង្គការ​សុខភាព​ពិភព​លោក ​នៅ​តែ​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន​ដោយ​រក្សា​គម្លាត​និង​អនាម័យ​ ចៀស​វាង​ការ​ឆ្លង​ជំងឺ​កូវីដ១៩ជាពិសេស​ការ​ឆ្លង​ក្នុង​សហគមន៍។​

ក្រោយ​ប្រជា​ពលរដ្ឋ​ចាប់​ផ្តើម​ចេញ​ក្រៅ​ធ្វើ​ដំណើរ​និង​បើក​អាជីវ​កម្ម​ឡើង​វិញ​ នៅ​ពេល​ដែល​រដ្ឋាភិបាល​នៅ​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នោះ​ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ លោក ​ង៉ែត ជូ​បាន​លើក​ជា​សំណួរ​ថា ប្រសិន​បើ​រដ្ឋាភិបាល​បន្ត​ផ្អាក​ការ​រកស៊ី ​តើ​រដ្ឋាភិបាល​មាន​ការ​ជួយ​ពួក​គេ​របៀប​ណា?​

«បើ​ត្រូវ​បិទ​នោះ​វា​យូរ​ លើស​ពី​ពីរ​បី​សប្តាហ៍​ទៅ​មុខ​ទៀត នោះ​អ្វី​ដែល​យើង​ធ្លាប់​បាន​ឮ ​ធ្លាប់​បាន​ជជែក​គ្នា​រឿង​រដ្ឋាភិបាល​មាន​កញ្ចប់​ថវិកា​ពិសេស​ដើម្បី​ស្រោច​ស្រង់​ស្ថាប័ន ​ដូចជា​ក្រុមហ៊ុន​មាន​ផល​ប៉ះពាល់​ហ្នឹង​ ជាពិសេស​អ្នក​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​ទាំងអស់​ហ្នឹង ​គឺ​ត្រូវ​ទទួល​ការ​ឧបត្ថម្ភ​សម្រាប់​ការ​រស់​នៅ​របស់​ពួក​គាត់»។​

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលថ្លែងក្នុងសន្និសីទស្តីពីជំងឺកូវីដ១៩ នៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលថ្លែងក្នុងសន្និសីទស្តីពីជំងឺកូវីដ១៩ នៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)

គិត​ត្រឹម​ថ្ងៃ​ទី​៤​ ខែ​ឧសភា​នេះ ​កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​សរុប​ចំនួន​១២២​នាក់។ ​ក្នុង​នោះ​អ្នក​ជា​សះ​ស្បើយ​មាន​ចំនួន​១២០​នាក់​ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​២​នាក់។ បើ​តាម​មន្រ្តី​សុខាភិបាល ​ចាប់​តាំង​ពី​ខែ​មករា​មក​រហូត​មក​ដល់​ថ្ងៃ​ច័ន្ទ​នេះ ​សំណាក​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​មាន​សរុប​ចំនួន​១២.៣៧០​ ហើយ​ក្នុង​នោះ​មាន​មនុស្ស​ចំនួន​១០.៩៣៦​នាក់។​

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​លោក ​លី​ សូវ៉ាន់ ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​ មាន​ប្រសាសន៍​ថា​ ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ សំណាក​ដែល​ធ្វើ​តេស្ត​មាន​ចំនួន​៨០០​ ហើយ​ភាគ​ច្រើន​ជា​សំណាក​របស់​អ្នក​ដែល​មាន​ជំងឺ​សួត ​និង​ជំងឺ​ផ្តាសាយ។ លោក​បន្ត​ថា​ ចំនួន​សំណាក​នេះ​ថយ​ចុះ​ជិត​១​ពាន់​ បើ​ធៀប​នឹង​ការ​ធ្វើ​តេស្ត​សប្តាហ៍​មុន ​ដែល​មាន​ចំនួន​ជាង​១.៧០០។​

«អ្នក​ឈឺ​ជា​អស់​ហើយ! យើង​គ្មាន​ករណី​ថ្មី​ទេ។ ​ដូច្នេះ​យើង​តេស្ត​តែ​អ្នក​ករណី​សង្ស័យ​ អ្នក​ដែល​មាន​រលាក​សួត​សម្រាក​ពេទ្យ អ្នក​ដែល​ប៉ះពាល់​មួយ​ចំនួន​តូច​ដែល​នៅ​សេស​សល់ ហើយ​អ្នក​ដែល​នៅ​តាម​ដាន​ជំងឺ​របស់​គាត់ ​ហើយ​នឹង​ប្រព័ន្ធ​តាម​ដាន​របស់​យើង​ មាន​ប្រព័ន្ធ​តាម​ដាន​ជំងឺ​ផ្លូវ​ដង្ហើម​ និង​ជំងឺ​ផ្តាសាយ​ បើ​គាត់​នៅ​ពេទ្យ​ក៏​យើង​តម្រូវ​ឲ្យ​យក​ដែរ»។​

បើ​តាម​លោក​ លី​ សូវ៉ាន់​ អ្នក​ជា​សះស្បើយ​ចំនួន​១២០​នាក់​នៅ​បន្ត​ស្នាក់​នៅ​ដាច់​ដោយ​ឡែក​នៅ​ផ្ទះ​របស់​ពួក​គេ​រយៈ ពេល​១៤​ថ្ងៃ​ ហើយ​ពួក​គេ​ម្នាក់ៗ ​នឹង​ត្រូវ​ធ្វើ​តេស្ត​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​១៣​នៃ​រយៈ​ពេល​នៅ​ដាច់​ដោយ​ឡែក។​

លោក​បន្ថែម​ថា​ សម្រាប់​អ្នក​ដែល​កំពុង​ព្យាបាល​២​នាក់​ទៀត​គឺ​ជា​ជនជាតិ​ខ្មែរ ​ដែល​ម្នាក់​ជា​ស្រ្តី ​អាយុ​៣៦​ឆ្នាំ​និង​ម្នាក់​ទៀត​ជា​បុរស​ អាយុ​៧៥​ឆ្នាំ។ ​លោក​ថា​អ្នក​ជំងឺ​ទាំង​ពីរ​មាន​ជំងឺ​ផ្សេងៗ​ច្រើន ​ទើប​បណ្តាល​ឲ្យ​ពួក​គេ​កម្រ​ជា​សះ​ស្បើយ៕​

XS
SM
MD
LG