យោងតាមរបាយការណ៍ថ្មីមួយស្តីអំពីហានិភ័យសាកល របស់អង្គការវេទិកាសេដ្ឋកិច្ចពិភពលោកឱ្យដឹងថា វិបត្តិហិរញ្ញវត្ថុសាកលបាន«កាត់បន្ថយសមត្ថភាពរបស់ពិភពលោក» ក្នុងការដោះស្រាយបញ្ហាដ៏គួរឱ្យតក់ស្លុតទាំងឡាយ ដែលកើតមានឡើងជាបន្តបន្ទាប់។
នៅក្នុងរបាយការណ៍ស្តីអំពីហានិភ័យសាកលនៅក្នុងឆ្នាំនេះ វេទិកាសេដ្ឋកិច្ចពិភពលោកនិយាយថា បញ្ហាធំៗចំនួនពីរកំពុងតែធ្វើឱ្យហានិភ័យទាំងឡាយនៅទូទាំងពិភពលោកកាន់តែមានសភាពធ្ងន់ធ្ងរឡើង។
លោក ដានីញ៉ែល ហូវមែន (Daniel Hoffman) ដែលជាប្រធានផ្នែកសេដ្ឋកិច្ច នៃក្រុមផ្តល់សេវាកម្មហិរញ្ញវត្ថុ នៅ ទីក្រុងហ៊្សូរីច (Zurich) មានប្រសាសន៍ថា បញ្ហាមួយក្នុងចំណោមបញ្ហាទាំងពីរគឺភាពមិនស្មើគ្នាផ្នែកសេដ្ឋកិច្ច។
«ជាពិសេស នៅក្នុងបណ្តាប្រទេសទាំងឡាយ កំណើនសេដ្ឋកិច្ចបានបង្កើតឱ្យមានអ្នកចាញ់កាន់តែមានចំនួនច្រើនឡើងៗ និងអ្នកឈ្នះកាន់តែមានចំនួនតិចទៅៗ»។
លោកមានប្រសាសន៍ថា ការបែងចែកយ៉ាងខ្លាំងរវាងអ្នកមាននិងអ្នកក្រ ប្រហែលជាអាចនឹងនាំទៅដល់ចលាចលក្នុងសង្គម។ របាយការណ៍បានព្រមានអំពីការផុសឡើងនូវគំនិតជាតិនិយម លទ្ធិប្រជានិយម និងការបែកបាក់នៅក្នុងសង្គម។
លោកមានប្រសាសន៍ថា បញ្ហាធំទីពីរគឺថា អភិបាលកិច្ចសាកលកំពុងតែបរាជ័យ។
លោកបានលើកឧទាហរណ៍ថា នៅពេលវិបត្តិហិរញ្ញវត្ថុចាប់ផ្តើម ប្រទេសទាំងឡាយបានចាប់ផ្តើមធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហាទាំងនោះប៉ុន្តែការតាំងចិត្តនេះហាក់ដូចជារលាយបាត់ទៅវិញ។
«ឥឡូវនេះ ពីរឆ្នាំក្រោយមក យើងឃើញថា កម្លាំងនេះហាក់ដូចជាបានរលាយបាត់និងរសាត់ចេញទៅវិញបន្តិចម្តងៗ។ ហើយវាហាក់ដូចជាលែងមានឆន្ទៈនៃការសម្របសម្រួលជាសាកលមួយតទៅទៀតហើយ ក្នុងការដោះស្រាយមូលហេតុទាំងឡាយនៃវិបត្តិហិរញ្ញវត្ថុ ដែលមានផលប៉ះពាល់មកលើយើងយ៉ាងខ្លាំងកាលពីពីរឆ្នាំមុន»។
របាយការណ៍បានផ្តោតទៅលើចង្កោមនៃហានិភ័យមួយចំនួនដែលមានដូចជា៖អតុល្យភាពសាកលដែលរួមមានបំណុលរដ្ឋាភិបាលនិងអស្ថេរភាពរូបិយវត្ថុ សេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ ឧក្រិដ្ឋកម្មដែលមានការចាត់តាំង អំពើពុករលួយ និងពាណិជ្ជកម្មខុសច្បាប់ និងការដាក់សម្ពាធទៅលើប្រភពធនធាន ជាពិសេសទឹក ម្ហូបអាហារ និងថាមពល។
ក្រុមហ៊ុនផ្តល់ប្រឹក្សាដែលមានឈ្មោះថា អូលីវ័រ វីមែន គ្រុប (Oliver Wyman Group) បានរួមចំណែកដល់ការចងក្រងរបាយការណ៍នេះ។ ប្រធានក្រុមហ៊ុន លោក ចន ឌីហ្សីក (John Drzik) មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើតឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង ហើយពិភពលោកត្រូវតែធ្វើការជាមួយគ្នា ដើម្បីជំនះនូវផលប៉ះពាល់របស់វា។ លោកបានផ្តល់ជាឧទាហរណ៍មួយ។
«កាលពីរដូវក្តៅមុន ខណៈពេលដែលប្រទេសរុស្ស៊ីបានដាក់បម្រាមទៅលើការនាំចេញស្រូវសាឡី ដើម្បីការពារការផ្គត់ផ្គង់ម្ហូបអាហាររបស់ខ្លួន សកម្មភាពបែបនេះបង្កើតឱ្យមាននូវសកម្មភាពដូចគ្នាក្នុងទ្រង់ទ្រាយជាសាកលនៅក្នុងប្រទេសជាច្រើន ហើយអាចនាំទៅដល់អស្ថេរភាព និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយទាំងឡាយថែមទៀត»។
លោក ឌីហ្សីក មានប្រសាសន៍ថា វាមានវិធីទៅមុខមួយ ប៉ុន្តែ ការសម្របសម្រួលជាសាកលគឺជាគន្លឹះ។
«ខ្ញុំគិតថា អ្នកអាចអានរបាយការណ៍ឱ្យបានច្បាស់លាស់ ដែលថាមានរឿងរ៉ាវជាច្រើនដែលកំពុងត្រូវបានលាតត្រដាង និងថាហានិភ័យទាំងនេះអាចនឹងរីកធំឡើង ប្រសិនបើយើងទុកចោលដោយគ្មានការដោះស្រាយ»។
របាយការណ៍វិភាគចំនួន៥០ទំព័រស្តីអំពីគ្រោះមហន្តរាយសាកល ត្រូវបានបោះពុម្ពដោយអង្គការវេទិកាសេដ្ឋកិច្ចពិភពលោក ដែលជាអង្គការឯករាជ្យអន្តរជាតិមួយ ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហ្សឺណែវ។ របាយការណ៍នេះត្រូវបានចេញផ្សាយពីរសប្តាហ៍ មុនកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅក្នុងទីក្រុង ដេវ៉ូ ប្រទេសស៊្វីស៕
ប្រែសម្រួលដោយ ឌី ខាំបូលី