ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ប្រឆាំង​ជំងឺ​រាតត្បាត​ជា​សាកល​កំពុង​ធ្វើឡើង​ឱ្យ​ទាន់​ពេល​វេលា


រូបឯកសារ៖ អ្នកធ្វើដំណើរពាក់ម៉ាស​ នៅលើដងផ្លូវមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងអំឡុង​ជំងឺរាតត្បាតកូវីដ១៩ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។
រូបឯកសារ៖ អ្នកធ្វើដំណើរពាក់ម៉ាស​ នៅលើដងផ្លូវមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងអំឡុង​ជំងឺរាតត្បាតកូវីដ១៩ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

ប្រទេស​ជា​ច្រើនដែល​កំពុង​ព្យាយាមចរចា​បង្កើត​កិច្ចព្រមព្រៀងសាកល​ថ្មី​មួយ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នា​ពេល​អនាគត​នោះ​ បាន​ចាប់​ផ្តើម​បង្រួញ​ការ​ខ្វែង​គំនិត​គ្នាកាល​ពី​ថ្ងៃ​ទី​ ២៩ ​ខែ​មេសា​កន្លង​ទៅ​ និង​ប្រញាប់ប្រញាល់ដើម្បីសម្រេចឱ្យ​បាននូវ​កិច្ចព្រមព្រៀងនេះ។​

ប្រទេសចំនួន​ ១៩៤ ដែល​ជា​សមាជិកអង្គការ​សុខភាព​ពិភពលោក​ ​បាន​ត្រឡប់​មក​កាន់​ទី​ស្នាក់​ការ​ធំ​របស់​អង្គការ​នេះ នៅ​ក្នុងទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ ដើម្បីធ្វើការ​ចរចាជា​ចុងក្រោយមួយ​ ក្រោយ​ពី​ប្រឹងប្រែង​រយៈពេលពីរឆ្នាំ​ ​ក្នុង​ការ​បង្កើត​កិច្ចព្រមព្រៀង​ដ៏​សំខាន់​មួយ​ ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត ការ​ត្រៀមខ្លួន​ជា​មុន​ និង​ការ​ឆ្លើយតប ​បាន​ហួស​ពេល​កំណត់កាល​ពី​ខែ​មីនា​កន្លង​ទៅ​។ ​ប្រទេស​ទាំង​អស់​ដែល​បានចូលរួមក្នុង​កិច្ចប្រជុំ​បាន​ចាប់​ផ្តើម​ពិនិត្យ​មើល​មាត្រា​ទាំង ​៣៧ ​នៃសេចក្តី​ព្រាង​កិច្ចព្រមព្រៀង ដែល​ទើប​ចេញ​ផ្សាយ​ថ្មីមួយ​ ដែលមាន​កម្រាស់​ស្តើង​ជាង​មុននិងមាន​ប្រធាន​បទ​តឹងតែង​ជាច្រើន​ក្នុង​ពេល​ខាង​មុខ។

បើ​ទោះ​បី​ជាយ៉ាង​នេះ​ក្តី ​មាត្រា​មួយ​ចំនួន​ដែលបាន​ដាក់​ឆ្លងកាល​ពី​ថ្ងៃ​ទី ​២៩ ​ខែមេសា នៅ​តែ​ស្ថិត​ក្នុង​ការ​ពិភាក្សា​គ្នា​នៅ​ឡើយ​ ខណៈ​សម័យ​ប្រជុំនៅ​ថ្ងៃ​នោះ​បាន​ឈាន​ទៅ​ដល់ទី​បញ្ចប់​ ​ដោយអ្នកពិភាក្សា​នៅ​តាម​ក្រុមកំពុង​ព្យាយាម​ដើម្បី​ស្វែងរក​ដំណោះស្រាយ។

«ការពិភាក្សា​បាន​ប្រព្រឹត្ត​ទៅ​តាម​ការ​រំពឹង​ទុក។ ​រដ្ឋ​ជា​សមាជិក​ភាគច្រើន​បំផុត​បាន​បង្ហាញ​ថា យើង​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​នៅ​ក្នុង​អត្ថបទ​ថ្មី​នេះ​ ប៉ុន្តែក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ វា​នៅ​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ»។ ​នេះ​បើ​តាម​លោក​ Roland Driece សហប្រធាន​នៃ​ការ​ពិភាក្សាលើ​កិច្ចព្រមព្រៀង​នេះ​ ​ដែល​បាន​ប្រាប់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AFP។

ផលប៉ះពាល់​ដោយ​សារ​ជំងឺកូវីដ

​បំណងនៃ​កិច្ចពិភាក្សាគ្នា​នេះ​ ដែល​មាន​រយៈពេល​ ១២ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ហើយ​នឹង​ដំណើរការ​រហូត​ដល់​ថ្ងៃ​ទី ​១០​ ខែ​ឧសភា​ខាង​មុខ​នេះ​ គឺធ្វើ​ឱ្យទទួល​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ ដើម្បីឱ្យ​រួចរាល់សម្រាប់​ការ​អនុម័ត ដោយ​មហាសន្និបាត​ប្រចាំ​ឆ្នាំនៃ​រដ្ឋ​ជា​សមាជិក របស់​អង្គការ​សុខភាព​ពិភពលោក​ ​ដែល​នឹង​បើក​ធ្វើ​នៅ​ថ្ងៃ​ទី​ ២៧ ខែ​ឧសភា​ខាង​មុខ​នេះ។

ក្នុង​ខែ​ធ្នូ​ ឆ្នាំ​ ២០២១​ ផល​ប៉ះពាល់នៃ​ជំងឺកូវីដ​១៩​ ​ដែល​បាន​ធ្វើ​ឱ្យសេដ្ឋកិច្ច​រងគ្រោះ​ ប្រព័ន្ធ​សុខាភិបាល​ជាប់​គាំងគ្មានប្រសិទ្ធភាព​ និងធ្វើ​ឱ្យ​មនុស្ស​រាប់លាននាក់​បាន​ស្លាប់​នោះ​ បានជំរុញឱ្យ​ប្រទេស​ជា​ច្រើន​ស្វះស្វែង​រក​ការ​តាំងចិត្ត​នៃ​ក្របខណ្ឌ​ផ្លូវ​ច្បាប់​មួយ​ ដើម្បី​បង្ការ​មហន្តរាយ​ប្រហាក់​ប្រហែលគ្នានេះ​ក្នុង​ពេល​អនាគត។

ប៉ុន្តែ​ការ​ខ្វែង​គំនិតគ្នា​ដ៏​ធំ​បាន​រំលេច​ចេញ​យ៉ាង​ឆាប់រហ័ស​លើ​ការ​អនុវត្ត​យ៉ាង​ដូចម្តេចលើ​រឿងនេះ។ ការ​ខ្វែង​គំនិត​គ្នា​ជា​សំខាន់គឺ​ការ​ទទួល​បាន​ [វ៉ាក់សាំង​]ប្រើប្រាស់​និងសមភាព។ ​ការ​ចូល​ទៅ​រក​ប្រភព​ដើម​នៃ​វីរុស​ដែល​ត្រូវ​រក​ឃើញ​ក្នុង​ប្រទេស​មួយ​ចំនួន​ ​ការ​ប្រើប្រាស់​ផលិតផល​ទប់ទល់​នឹង​ជំងឺរាតត្បាត​ ដូច​ជា​វ៉ាក់សាំង​បង្ការ​ផ្សេងៗ​ ដែល​ត្រូវ​បាន​ផលិត​ឡើង ការ​ចែក​ចាយ​ដោយសមភាព ​មិន​គ្រាន់​តែ​ជា​ការ​សាកល្បង​ប្រឆាំង​នឹង​ជំងឺរាតត្បាត​ ការ​ព្យាបាលនិង​ការចាក់​វ៉ាក់សាំង​ការពារ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​ទៅ​លើ​មធ្យោបាយនៃ​ការផលិត​វ៉ាក់សាំង​ផង​ដែរ។

សេចក្តី​ព្រាងថ្មីនេះ​ ​ផ្តោត​លើ​ការបង្កើត​នូវក្របខណ្ឌ​ជា​មូលដ្ឋាន និង​ជំរុញលើ​ភាព​លម្អិត​ដែល​ស្មុគ្រស្មាញ​ឱ្យ​មាន​ការ​ពិភាក្សាគ្នា​បន្ថែម​ទៀត​រហូត​ដល់​ឆ្នាំ​ ២០២៦​ ជា​ពិសេស​ពីរបៀបដែល​ប្រព័ន្ធ​ចែក​រំលែក​ផលប្រយោជន៍​និង​ការ​ពិនិត្យ​វីរុស​ដើម​របស់​អង្គការ​សុខភាព​ពិភពលោក (PABS) ​អាចដំណើរការ​បាន​យ៉ាង​ណាក្នុង​ការអនុវត្ត​ជាក់ស្តែង​នោះ។ ​

ឯកភាព​អាហ្រ្វិក

រួម​ជាមួយ​ក្រុម​អាហ្វ្រិក ​ក្រុម​សមធម៌​នៃ​ប្លុក​ប្រទេស​ជាច្រើន​កំពុង​ព្យាយាមដើម្បីធានា​ថា ប្រទេស​កំពុង​អភិវឌ្ឍន៍​នឹង​មិន​ត្រូវ​គេ​កាត់ផ្តាច់​តាម​អំពើ​ចិត្តលើ​ការ​ផ្តល់​វ៉ាក់សាំង​បង្ការ​ ការ​ធ្វើ​តេស្ត​និង​ការ​ព្យាបាល​នោះ​ឡើយ។ ​

ក្រុម​រដ្ឋមន្ត្រី​សុខាភិបាលនៃ​សហភាព​អាហ្វ្រិក​ ​បាន​ចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា​កន្លង​ទៅ​ ដោយតាំង​ចិត្ត​ដើម្បីទទួល​បាននូវ «ភាព​ប្រាកដ​និយម​ខាង​ផ្លូវ​ច្បាប់​មួយ​ ​ដល់​អ្នកប្រើប្រាស់និង​អ្នក​ផ្តល់ពីប្រព័ន្ធ​ PABS ​របស់​អង្គការ​សុខភាព​ពិភពលោក។​ សេចក្តី​ថ្លែងការណ៍នេះ​បាន​និយាយ​ទៀតថា «​ប្រទេសក្នុង​ទ្វីបអាហ្រ្វិក​ត្រៀម​ខ្លួន​ជា​ស្រេច​ ដើម្បីបំពេញ​តួនាទី​របស់​ខ្លួន​ និង​ប្តេជ្ញាចិត្តក្នុង​ការចូលរួម​យ៉ាង​សកម្ម ក្នុងដំណើរ​ការចរចា​ដែល​កំពុងប្រព្រឹត្ត​ទៅ​នេះ»។​

​ពួកគេ​បាន​អំពាវនាវឱ្យ​មាន​យន្តការ​ផ្តល់​ហិរញ្ញប្បទាន​ជា​អន្តរជាតិ​មួយ ជាមួយ​នឹង​ការ​ផ្តល់​ថវិកា​កើន​ឡើងប្រកប​ដោយ​ចីរភាព​និង​ច្បាស់លាស់​ថ្មី​មួយ ពី​ប្រទេស​អភិវឌ្ឍន៍​ សម្រាប់​ការ​ត្រៀមខ្លួននិង​ការឆ្លើយ​តប​នឹងជំងឺ​រាតត្បាត។​ ប្រទេសឥណ្ឌូណេស៊ីជា​ប្រទេស​ដើរ​តួ​ដ៏​សំខាន់​មួយ​ ក្នុង​ក្រុមសមធម៌​នេះ។

​លោក Wiku Adisasmito ប្រធានក្រុម​ចរចា​ឥណ្ឌូណេស៊ីក្នុង​កិច្ចពិភាក្សាទីក្រុង​ហ្សឺណែវ បាន​និយាយ​ថា​ ​ផ្នែក​ទាំង​ពីរ​នៃ​ប្រព័ន្ធ PABS​ គឺការ​ត្រួតពិនិត្យលើ​វីរុស​ដែលត្រូវ​បាន​រកឃើញ​ និងការ​ចែក​រំលែក​នូវ​ផលប្រយោជន៍​ដូច​ជា​វ៉ាក់សាំង​បង្ការ​ជា​ដើម​ ត្រូវ​តែ​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​ស្មើភាព​គ្នា។​

​លោកបាន​ប្រាប់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AFP ថា៖​ «នេះ​ជា​ចំណុច​សំខាន់​ ដែល​មិនមែន​សម្រាប់​តែ​ប្រទេស​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះ​ទេ​ តែ​ក៏សម្រាប់ប្រទេស​កំពុង​អភិវឌ្ឍន៍​ភាគច្រើន​បំផុត​ដែរ»។

លោក​បន្ថែម​ទៀត​ថា៖​ «ប្រទេស​ទាំង​អស់​មិន​ស្មើ​គ្នា​ទេ​បើ​និយាយ​ដល់​សមត្ថភាព​ ហើយ​វីរុស​កើត​ឡើងតែនៅកន្លែងចំណុច​ក្តៅ»​ ដោយ​លោក​ពន្យល់​ថា​ ប្រទេស​កំពុង​អភិវឌ្ឍន៍​ត្រូវ​ការ​ការគាំទ្រ​ហិរញ្ញវត្ថុ ដើម្បី​បង្កើនការ​តាមដាន​ត្រួតពិនិត្យនៃ​ការ​លេចឡើង​នូវ​វីរុស​ដែល​មាន​គ្រោះថ្នាក់​ ដូច​ជា​ក្នុង​សត្វនិង​បរិយាកាស​ជា​ដើម។​

ក្នុង​ករណី​ដែលការពិភាក្សាត្រូវបាន​ធ្វើ​ឡើង​ក្នុង​ភាព​បន្ទាន់​ណា​មួយ ​ដូចជា​កាល​ពី​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ ​អង្គការ​សុខភាព​ពិភពលោក​បានបង្កើន​ការ​ព្រមានជុំវិញ​ការ​ហក់ឡើង​នៃជំងឺផ្តាសាយ​បក្សី H5N1​ដោយក្តី​បារម្ភ​ថា​នឹង​អាចមាន​អ្វី​កើត​ឡើង​ ​ប្រសិន​បើវាអាច​ឆ្លងពី​មនុស្ស​ទៅ​មនុស្ស»៕

ប្រែសម្រួល​ដោយ​លោក​ ជ្រា វណ្ណារិទ្ធ​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG