ការរីករាយរំជើបរំរជួលរបស់អ្នកវិនិយោគចំពោះដំណឹងនៃវ៉ាក់សាំងថ្មីមួយរបស់ក្រុមហ៊ុនអាមេរិក Moderna កាលពីដើមសប្តាហ៍នេះដែលបាននាំឲ្យផ្សារហ៊ុនកើនឡើង បានថយចុះវិញកាលពីថ្ងៃពុធ ក្រោយពីមានរបាយការណ៍ថ្មីមួយថាការសាកល្បងទ្រង់ទ្រាយតូចនៃវ៉ាក់សាំងថ្មីនេះ មិនផ្តល់ទិន្ន័យគ្រប់គ្រាន់ដើម្បីគេអាចដឹងអំពីប្រសិទ្ធភាពវាទេ។
ផ្សារហ៊ុននៅអឺរ៉ុបបានជួញដូរក្នុងតម្លៃចម្រុះកាលពីថ្ងៃពុធ ដោយផ្សារហ៊ុនហៅក្រុងឡុងកើន០,១% ប៉ុន្តែផ្សារនៅក្រុងប៉ារីសចុះ០.១%ដែរ។ ទីផ្សារនៅអាស៊ីភាគច្រើនបានជួញដូរក្នុងតម្លៃខ្ពស់ជាងមុន ដោយផ្សារ Nikkei នៅប្រទេសជប៉ុនបានកើនរហូតដល់០,៧%។ ប៉ុន្តែផ្សារហ៊ុននៅសៀងហៃបានធ្លាក់ចុះ ០,៥%។
ផ្សារហ៊ុននៅជុំវិញពិភពលោកបានកើនឡើង ដោយសារដំណឹងកាលពីថ្ងៃច័ន្ទថាលទ្ធផលពីសាកល្បងដំបូងលើអ្នកជំងឺកូវីដ១៩មួយចំនួនបង្ហាញថាវ៉ាក់សាំងហាក់មានប្រសិទ្ធភាព។ ប៉ុន្តែគេហទំព័រសុខភាព Stat News បានរាយការណ៍កាលពីថ្ងៃអង្គារថាអ្នកជំនាញថាទំហំនៃការសាកល្បងនេះមិនគ្រប់គ្រាន់ដើម្បីអាចសន្និដ្ឋានអំពីប្រសិទ្ធិភាពនៃវ៉ាក់សាំងថ្មីនេះទេ។
ព័ត៌មានថ្មីនេះក៏បានធ្វើឲ្យផ្សារហ៊ុនទាំងបីនៅផ្សារ Wall Street របស់សហរដ្ឋអាមេរិកធ្លាក់តម្លៃវិញពេលបិទផ្សារកាលពីថ្ងៃអង្គារ៕