មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់នៅក្នុងប្រទេសអាល្លឺម៉ង់និយាយថា ចាប់ពីឆ្នាំ២០២៦តទៅ ប្រទេសអាល្លឺម៉ង់នឹងចាប់ផ្តើមដកគ្រឿងបម្លាស់សំខាន់ៗដែលផលិតដោយក្រុមហ៊ុនគមនាគមន៍ចិន Huawei និងZTE ពីបណ្តាញ5Gដ៏សំខាន់របស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង អ្នកស្រី Nancy Faeser ថ្លែងថាអាល្លឺម៉ង់ចង់ដកចោលគ្រឿងបម្លាស់របស់ខ្លួនចេញពីបណ្តាញ 5G ដ៏សំខាន់របស់ខ្លួន នៅមុនចុងឆ្នាំ២០២៦។ បន្ទាប់មក គ្រឿងបម្លាស់របស់ក្រុមហ៊ុន Huawei និង ZTE នឹងត្រូវហាមប្រាមទាំងស្រុង។ លើសពីនេះទៀត «ប្រព័ន្ធចាត់ចែងសំខាន់ចាំបាច់» ផលិតដោយក្រុមហ៊ុនទាំងពីរនោះ សម្រាប់ការប្រើប្រាស់ប្រព័ន្ធ 5G និងបណ្តាញដឹកជញ្ជូន នឹងត្រូវតែយកចេញឱ្យអស់ មុនចុងឆ្នាំ២០២៩។
ក្រសួងមហាផ្ទៃអាល្លឺម៉ង់បាននិយាយថាសេចក្តីសម្រេចនេះ បានធ្វើឡើងក្រោយពីមានការពិភាក្សាកាលពីពេលថ្មីៗ ជាមួយក្រុមហ៊ុនប្រើប្រាស់បណ្តាញ 5G របស់ប្រទេសអាល្លឺម៉ង់ គឺក្រុមហ៊ុន Deutsche Telekom, Vodafone និងTelefonica។ ក្រសួងមហាផ្ទៃអាល្លឺម៉ង់ថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទាំង៣ នឹងត្រូវចុះហត្ថលេខានៅពេលខាងមុខ។
គ្រោះថ្នាក់បច្ចុប្បន្ន គូសបញ្ជាក់អំពីសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដែលរឹងមាំជាពិសេស នៅពេលដែលមានការប្រឈមនឹងគ្រោះថ្នាក់ពីការបំផ្លិចបំផ្លាញ និងចារកម្ម។
នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ សហរដ្ឋអាមេរិក បានអំពាវនាវឲ្យសម្ព័ន្ធមិត្តអឺរ៉ុប ដូចជាចក្រភពអង់គ្លេស និង ស៊ុយអែត ដាក់បំរាម ឬ កំណត់លើឧបករណ៍របស់ក្រុមហ៊ុននៅក្នុងបណ្តាញទូរគមនាគមន៍របស់ពួកគេ ដោយលើកឡើងអំពីការព្រួយបារម្មណ៍ថារដ្ឋាភិបាលក្រុងប៉េកាំង អាចយកទៅប្រើប្រាស់ដើម្បីធ្វើអំពើចារកម្មអនឡាញ ឬមួយក៏បន្ទុចបង្អាក់ប្រព័ន្ធគមនាគមន៍សំខាន់ៗ។ ក្រុមហ៊ុន Huawei បានច្រានចោលការចោទប្រកាន់ទាំងនោះ៕