វ៉ាស៊ីនតោន៖ ជម្ងឺគ្រុនចាញ់សម្លាប់មនុស្សប្រមាណមួយលាននាក់រាល់ឆ្នាំ ភាគច្រើនកុមារនៅក្នុងទ្វីបអាហ្វ្រិក។ កិច្ចប្រឹងប្រែងជាច្រើនដើម្បីកំចាត់ជម្ងឺនេះបានផ្តោតទាំងស្រុងទៅលើការការពារទល់នឹងសត្វមូសដែលចម្លងប៉ារ៉ាស៊ីតនៃជម្ងឺគ្រុនចាញ់។ ការប្រើមុងដេក និងកម្មវិធីកំចាត់មូសផ្សេងទៀតបានទទួលជោគជ័យ ប៉ុន្តែនៅពេលនេះមានក្រុមមួយនៃក្រុមអ្នកស្រាវជ្រាវ សរអ កំពុងស្រាវជ្រាវតាមវិធីផ្សេងទៀត គឺតាមរយៈការប្តូរពន្ធុសត្វមូសមួយបែបមិនឲ្យចម្លងជម្ងឺ។
លោក Michael Riehle អ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Arizona ពន្យល់ថា ប៉ារ៉ាស៊ីតនៃជម្ងឺគ្រុនចាញ់ដែលបង្កើតកូនចៅនៅក្នុងសត្វមូស មានមួយផ្នែកនៃជីវិតរបស់វាដែលធ្វើឲ្យវាអាចរងគ្រោះថ្នាក់ជាពិសេស។
«យើងដាក់ទិសដៅតម្រង់ទៅលើប៉ារ៉ាស៊ីតជម្ងឺគ្រុនចាញ់ នៅពេលវាចូលទៅក្នុងពោះវៀនតូច។ ហើយយើងជ្រើសយកដំណាក់កាលនេះ ពីព្រោះថាជាដំណាក់កាលដែលប៉ារ៉ាស៊ីតជម្ងឺគ្រុនចាញ់មានចំនួនតិចបំផុត»។
តាមពិតមានប៉ារ៉ាស៊ីត Plasmodium តែពីរបីឡូប៉ុណ្ណោះ។ លុះណាតែគេសម្លាប់វា បើមិនដូច្នោះទេវាអាចកើតបន្ថែមដល់ទៅរាប់ម៉ឺននៅក្នុងខ្លួនសត្វមូសហើយចម្លងទៅមនុស្សម្នាក់ទៀតនៅពេលដែលមូសនោះហើរទៅខាំអ្នកនោះ។ ដូច្នេះលោក Riehle និងសហសេវិករបស់លោកបានបង្កើតវិធីកែប្រែពន្ធុមួយដែលបំបែកមុខងារសំខាន់ៗនៅក្នុងខ្លួនសត្វមូស មានរួមទាំងការឆ្លើយតបនៃគ្រឿងការពារខ្លួននិងអាយុកាលរបស់សត្វមូស។ សត្វមូសដែលកែប្រែពន្ធុឆាប់ងាប់ជាងមុនមានន័យថា ពួកវាមានពេលតិចដើម្បីខាំមនុស្សរងគ្រោះម្នាក់ទៀត ដោយសារការប្តូរពន្ធុសម្រាប់សម្លាប់ប៉ារ៉ាស៊ីតនៅក្នុងពោះវៀនតូចរបស់សត្វមូស។ ប៉ុន្តែ លោក Riehle ទទួលស្គាល់ថា គេពុំដឹងប្រាកដថាតើការផ្លាស់ប្តូរនេះមានដំណើរការដូចម្តេចទេ។
«រឿងមួយដែលយើងចង់ដឹងគឺ ថាតើវាមានដំណើរការដូចម្តេចខ្លះទៅ។ យើងមានគំនិតខ្លះ អំពីរបៀបដែលប៉ារ៉ាស៊ីតត្រូវបានសម្លាប់ ប៉ុន្តែយើងពិតជាមិនដឹងប្រាកដទេនៅត្រង់ចំណុចនេះ។ ហើយដូច្នេះ ការសិក្សាតទៅមុខកំពុងវែកញែកឲ្យដឹងថា តើពន្ធុនេះធ្វើអ្វីខ្លះឲ្យប្រាកដនៅក្នុងខ្លួនសត្វមូសដើម្បីសម្លាប់ប៉ារ៉ាស៊ីតជម្ងឺគ្រុនចាញ់។ ហើយកិច្ចការនេះ វាអាចជួយយើងឲ្យបង្កើតសត្វមូសដែលមិនចម្លងជម្ងឺគ្រុនចាញ់ ឲ្យមានប្រសិទ្ធិភាពជាងមុន»។
ប្រសិនបើពួកគេបានជោគជ័យ សត្វមូសដែលមិនចម្លងជម្ងឺគ្រុនចាញ់ អាចជាអាវុធមួយមានអនុភាពនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺសម្លាប់មនុស្សមួយបាន បើសិនជាគេអាចយកវាទៅអនុវត្តបានដោយពិតប្រាកដមែននោះ។
លោក Riehle និយាយថាសត្វមូសដែលប្តូរពន្ធុ អាចយកទៅកែប្រែបន្ថែមទៀត ដើម្បីឲ្យវាបណ្តេញសត្វមូសដែលមានប៉ារ៉ាស៊ីតជម្ងឺគ្រុនចាញ់ចេញឱ្យអស់។
«គំនិតនេះគឺថា លោកអ្នកផ្តល់ដល់សត្វមូសនូវយន្តការម្យ៉ាងដែលធ្វើឲ្យមូសទាំងនោះមានប្រៀបក្នុងការប្រជែងគ្នានៅក្នុងតំបន់រហោឋាន ។ ហេតុដូច្នេះ នៅពេលណាលោកអ្នកពន្លែងមូសទាំងនោះ ពួកវាអាចប្រកួតឈ្នះពួកមូសព្រៃ ហើយរយៈពេលកន្លងទៅមុខជាច្រើនឆ្នាំ វាប្រាកដជាអាចជំនួសពួកមូសជម្ងឺគ្រុនចាញ់ចេញទាំងអស់បាន»។
ការបង្កើតសត្វមូសកែប្រែពន្ធុដើម្បីការពារការចម្លងជម្ងឺគ្រុនចាញ់ជារឿងមួយ។ ការកែប្រែមូសដែលប្តូរពន្ធុដើម្បីដេញមូសប៉ារ៉ាស៊ីតឲ្យវិនាស អាចជារឿងមួយទៀត។ ហើយអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Arizona លោក Michael Riehle ទទួលស្គាល់ដូចដែលលោកបាននិយាយថា មានឧបសគ្គមួយចំនួនដែលត្រូវពុះពារដើម្បីឲ្យបានសម្រេចតាមគោលបំណង។ នៅក្នុងព្រឹត្តិការណ៍ណាក៏ដោយ លោកនិយាយថា គេនឹងប្រើពេលយ៉ាងតិច១០ឆ្នាំ មុននឹងសត្វមូសដែលកែប្រែពន្ធុអាចចេញពីមន្ទីរពិសោធន៍បាន។
លោក Riehle បានពណ៌នាវិធីថ្មីហើយប្លែកអំពីការការពារការរាលដាលជម្ងឺគ្រុនចាញ់នេះ នៅក្នុងទស្សនាវដ្តីឈ្មោះ Plos Pathogens។
ប្រែសម្រួលដោយ នុច សារីតា