ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ត្រី​​សូម៉ុង​ ដែល​​ត្រូវ​​បង្កាត់​ផ្ដូរពូជ  អាច​​​បរិភោគ​បាន​


ក្រុមហ៊ុន ​AquaBounty ​បាន​បន្ថែម​ពូន្ឋុលូតលាស់ពីរ​ យក​ចេញ​ពី​ត្រី​សូម៉ុង​ពីរប្រភេទ ​នៅក្នុង​សមុទ្រ​អ៉ាត្លង់តិច​ ដែល​ធ្វើ​ឲ្យ​ត្រី​ឆាប់​ធំ​ជាង​ត្រី​សូម៉ុង​ធម្មតា​ទ្វេ​ដង​​។
ក្រុមហ៊ុន ​AquaBounty ​បាន​បន្ថែម​ពូន្ឋុលូតលាស់ពីរ​ យក​ចេញ​ពី​ត្រី​សូម៉ុង​ពីរប្រភេទ ​នៅក្នុង​សមុទ្រ​អ៉ាត្លង់តិច​ ដែល​ធ្វើ​ឲ្យ​ត្រី​ឆាប់​ធំ​ជាង​ត្រី​សូម៉ុង​ធម្មតា​ទ្វេ​ដង​​។

នៅ​ពេល​ឆាប់​ៗ​នេះ​ ប្រភេទ​ត្រី​ សូម៉ុង​ ដែល​គេ​បាន​បង្កាត់​ផ្ដូរពូជឡើង​តាម​មធ្យោបាយ​វិស្វកម្ម ​អាច​ក្លាយទៅ​ជា​ត្រីដែលគេអាច​បរិភោគ​បាននៅ​លើតុបាយ​។ ​ទី​ភ្នាក់ងារ ​US​ Food​ and ​Drug Administration កាល​ពី​ថ្ងៃ​ទី​១៩​ ដល់​ទី ​២១ ​ខែសីហា​ បាន​ពិចារណាយល់​ព្រម​មក​លើ​ត្រី​ប្រភេទថ្មីនេះ​។ ក្រុមហ៊ុន​ដែល​បង្កាត់​ពូជ​ត្រី​សូម៉ុង​នេះនិយាយ​ថា ​នេះ​មាន​ន័យ​ថា ​អតិថិជនអាចបរិភោគត្រី​ដែល​មាន​សុខភាព​ល្អ ​លក់​នៅ​លើទីផ្សារ។​ តែ ​ក្រុម​អ្នក​ប្រឆាំង​និយាយ​ថា គេនៅ​ពុំទាន់​បានសិក្សាគ្រប់សព្វ​នៅ​ឡើយ​ទេ ​អំពី​សុខភាព ​និង​សុវត្ថិភាព​បរិដ្ឋាន។

ត្រី​នោះ​មាន​ខ្លាញ់​តិច ​តែ​មាន​ប្រេង​ល្អ​ច្រើន​ក្នុងខ្លួន​របស់​វា។ ត្រី​សូម៉ុង ជា​ត្រី​មាន​ប្រជា​ប្រិយភាព​ខ្ពស់​ទី​បី​នៃ​អាហារ​សមុទ្រ​ នៅ​ក្នុង​សរអ។ ប្រទេស​អាមេរិក​ បាន​ទិញ​ចូល​ត្រី​សូម៉ុង ​សាច់លឿង​ មានទឹក​ប្រាក់​ប្រមាណ ​មួយ​ពាន់​លាន​ដុល្លារកាល​ពីឆ្នាំ​មុន​។​ គេ​រំពឹង​ថា​ សេចក្ដី​ត្រូវ​ការ​នោះ​ មាន​កាន់​តែ​ច្រើន ​នៅ​ជុំវិញ​ពិភព​លោក​។ ប្រធានរបស់​ក្រុម​ហ៊ុន​ចិញ្ចិម​ត្រី​ Aqua​Bounty ​Technologies លោក Ronald Stot​ish ​បាន​ថ្លែង​ប្រាប់ ​វីអូអេ ​កាល​ពី​ដើម​ឆ្នាំនេះថា៖

«យើង​រំពឹង​ថា ​នៅ​ពេល​ដែល​ពិភពលោក​ មាន​មនុស្ស​កាន់​តែ​ច្រើនគេ​ត្រូវ​ការ​កាន់​តែ​ច្រើន​នូវ​ប្រភព​ប្រូតេអ៊ីនមាន​គុណភាព​ខ្ពស់។ ត្រីអាចធ្វើអាហារឲ្យ​ទៅ​ជា​ប្រភពប្រូតេអ៊ីន​ ដ៏មាន​ប្រសិទ្ឋភាពបំផុត​»។

ហេតុ​ដូច្នេះ​ហើយក្រុមហ៊ុន ​AquaBounty ​បាន​បន្ថែម​ពូន្ឋុលូតលាស់ពីរ​ យក​ចេញ​ពី​ត្រី​សូម៉ុង​ពីរប្រភេទនៅក្នុង​សមុទ្រ​អ៉ាត្លង់តិច​។ ត្រី​បង្កាត់​ថ្មីនេះ​ ​បាន​កើន​ទំហំ​ ពេញ​អាយុ ក្នុង​រយៈ​ពេល​តែពាក់កណ្ដាល​នៃត្រីសូម៉ុងធម្មតា។​ នេះ​ ​ជា​ការ​ចំណេញ​ពេល​ច្រើន​ដល់​ក្រុមហ៊ុន​ចិញ្ចឹម​ត្រី។ ​ហើយ​ការពិសោធន៍រ​បស់​ក្រុមហ៊ុនបង្ហាញ​ឲ្យ​ដឹង​ថា ​ត្រី​នោះ​មិន​មាន​គ្រោះថ្នាក់​ដល់​ការ​បរិភោគទេ ហើយមានរស​ជាតិ​ដូច​ត្រីសូម៉ុង​ធម្មតា​។ ទី​ប្រឹក្សា​វិទ្យាសាស្រ្ដរបស់​អង្គការ ​Food ​and ​Drug Administration មិន​បាន​ជំទាស់​នឹង​ការ​បង្កាត់​ពូជត្រីសូម៉ុងប្រភេទ​ថ្មីនោះ​ទេ​។

តែអ្នក​ប្រឆាំងប្រមាណ ​៥០​ នាក់ ​បាន​ធ្វើ​ការ​តវ៉ា ​កាល​ពីថ្ងៃទី ​១៦ខែ​ សីហា​ នៅ​មុខ​សេតវិមាន​។​ ​Wenonah Hauter​ សមាជិក​ម្នាក់របស់ក្រុមគំាទ្រ​ Food​ Water ​Watch ​និយាយ​ថា អង្គការ​ FDA ​មិន​បាន​សិក្សាគ្រប់គ្រាន់ដិត​ដល់​ អំពីត្រីនោះ​នៅ​ឡើយ​ទេ​។

«ហេតុ​អ្វីបាន​ជា​គេ​យក​ការ​សិក្សា​ ៣ ​ដោយមាន​ឧទាហរណ៍តូចតាច​ធ្វើជាទិន្នន័យ​ ​ដែលសាធារណជនមិន​អាច​មើល​ដឹង​បាន​ហើយការ​សិក្សាមួយ​មាន​អាយុកាលតែ ១៩​ ឆ្នាំ​ប៉ុណ្ណោះ​នោះ? គេ​មិនមាន​ដំណើរ​ការ​ពិត​ប្រាកដ ​ដើម្បី​ពិនិត្យលើ​ការ​ប៉ះពាល់​សុវត្ថិភាព​នៃអាហារ​នោះ​ទេ»។

បន្ថែមពី​លើ​សុវត្ថិភាព​អាហារ ​លោក ​Hauter ​និយាយ​ថា ប្រភេទ​ត្រីសូម៉ុង​ថ្មី​ អាច​ចេញ​រួច​ពី​ទីកន្លែង​ចិញ្ចឹមត្រី​ ហើយ​ចូល​មក​បំផ្លាញត្រី​សូម៉ុង​រស់​នៅ​តាម​ធម្មជាតិ។

ក្រុមហ៊ុន​ AquaBounty​ បាន​ឆ្លើយ​ទៅវិ​ញ​ថា ​ត្រីនោះ ​សឹង​តែទាំង​អស់ ​មិនអាច​បង្កើត​កូនចៅបាន​ទេ។ ​ហើយ​ត្រី​សូម៉ុង​នោះ​ ​ត្រូវបានចិញ្ចឹមក្នុង​អាង នៅ​ក្នុងកសិដ្ឋានឆ្ងាយ​ពី​ទឹក​សមុទ្រ ​ដែលមិន​អាច​ឲ្យ​ត្រីនោះចេញ​ពីអាង​ទឹក​បាន​ឡើយ​។

លោក ​Hauter ​និយាយ​ឆ្លើយ​តបទៅវិញ​ថា ​ករណី​នេះ​ប្រហែលកើតមាន​នៅក្នុង​ សរអ ​មែន​។

«យើង​ដឹង​ហើយ​ថា ​ក្រុម​ហ៊ុន​ចិញ្ចឹមត្រីនៅ​ក្នុង​ប្រទេស​ចិន និងអាស៊ី ​មាន​ចិត្ដ​ចង់​ធ្វើ​ច្នោះ​ដែរ​ តែ​គេ​មិន​មាន​ឈ្មោះ​ល្អ ​ក្នុង​ការគោរព​ច្បាប់​នោះ​ទេ​។ ហើយ​យើង​មានការ​ព្រួយបារម្ភ​ថា ​ត្រីនោះ ​អាចរត់​រួច​ ចេញពីអាងចិញ្ចិមត្រី​»​។

មន្ដ្រី​នៃ​ក្រសួង ​FDA​ បាន​ជួប​ពិ​ភាក្សា​អំពី​រឿងនេះ​ នៅចុងខែកញ្ញានេះ​ ដើម្បី​ពិចារណា​ថា ​តើ​អនុញាតិ​ឲ្យ​ត្រី​របស់​ក្រុមហ៊ុន ​AquaBounty លក់​នៅក្នុង​ទីផ្សារដែរ ឬទេ? ​បើសិន​ជា​ត្រីសូម៉ុង​នោះ​ដាក់លក់​ក្នុង​ផ្សារ​ វា​នឹង​ប្រឈមមុខ​នឹងអនាគត​មិន​ច្បាស់លាស់ ​ដោយសារតែ​សាធារណជន ​នៅមានមន្ទិល​សង្ស័យ ​ចំពោះ​ត្រីកើត​ឡើង​ពីវិស្វកម្មនេះ។

តែប្រធានរ​បស់អង្គការ​ Biotechnology Industry លោក​ David​ Edwards​ ថ្លែង​ថា ​ពេលវេលា​នឹង​នាំ​ឲ្យ​មានការប្រែប្រួល​។

លោក ​Edwards ដែល​លោក​មិនខ្វាយខ្វល់ចំពោះ​សុវត្ថិភាពនោះ មានប្រសាសន៍ថា៖

«នេះ​គ្រាន់​តែជា​បច្ចេកវិជ្ជាថ្មី​ទំនើប​តែ​ប៉ុណ្ណោះ។ វា​ជាអ្វីមួយ​ដែលសាធារណជន​មានឱកាស​នឹង​រៀនសូត្រ​ ហើយ​អាច​ពិសា​រ​សាកល្បង។ ខ្ញុំ​យល់​ថា ​នេះ​ជាអ្វី​មួយ​ដែល​សាធារណជន ​នឹង​សរសើរជាមិនខាន។ បើសិន​ជា​អង្គការ ​FDA ​និយាយថា ​មិន​មាន​គ្រោះថ្នាក់​ទេ ហើយ​ទិន្នន័យ​ បង្ហាញ​អំ​ពី​សុវត្ថភាព ខ្ញុំ​ពិត​ជា​ទៅ​បរិភោគត្រី​នោះ​ជា​មិន​ខាន»។

គេ​រំពឹង​ថា ​អង្គការ ​FDA ​នឹងធ្វើ​សេចក្ដី​សម្រេច ​នៅចុងរដូវ​ស្លឹក​ឈើជ្រុះ​នេះ​។ បើ​សិន​ជា​បានទទួលការយល់​ព្រមនោះ ត្រីសូម៉ុង​របស់ក្រុមហ៊ុន​ AquaBounty អាចនឹងត្រូវឃើញលក់​ក្នុង​ទី​ផ្សារ ​ក្នុង​រយៈ​ពេលពីរ​ឆ្នាំទៀត​នេះ៕

ប្រែ​សម្រួលដោយលោក​ អូ ធួក

XS
SM
MD
LG