ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹក​នាំ​ចិន​មិនដឹង​អំពី​ការ​សាក​ល្បង​យន្ត​ហោះ​ប្រយុទ្ធ​របស់​ខ្លួន


យន្តហោះ​នេះ​ត្រូវ​បាន​រាយការណ៍​មក​ថា​ជា​យន្តហោះ​ចម្បាំង​ថ្មី​របស់​ចិន​ប្រភេទ stealth fighter ដែល​គេ​ឃើញ​នៅ​ក្រុង Chengdu ខេត្ត Sichuan ក្នុង​រូបថត​ដេល​ថត​នៅ​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​២០១១ និង​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ Kyodo នៅ​ថ្ងៃ​ទី​៨​មករា។ ស្ថាប
យន្តហោះ​នេះ​ត្រូវ​បាន​រាយការណ៍​មក​ថា​ជា​យន្តហោះ​ចម្បាំង​ថ្មី​របស់​ចិន​ប្រភេទ stealth fighter ដែល​គេ​ឃើញ​នៅ​ក្រុង Chengdu ខេត្ត Sichuan ក្នុង​រូបថត​ដេល​ថត​នៅ​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​២០១១ និង​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ Kyodo នៅ​ថ្ងៃ​ទី​៨​មករា។ ស្ថាប

មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការពារ​ប្រទេស​សហ​រដ្ឋ​អាមេរិក​ថ្លែង​ថា​ ​មេ​ដឹក​នាំ​ស៊ីវិល​ចិន​មិន​បាន​ដឹង​អំពី​ការ​ហោះ​ហើរ​សាក​ល្បង​លើក​ទី​មួយ​នៃ​យន្ត​ហោះ​ប្រយុទ្ធថ្មី​របស់​ចិន​កាល​ពី​ថ្ងៃ​អង្គារ​ទេ​ ​នៅ​ពេល​ដែល​លោក​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​សរអា​ រ៉​បឺត ហ្គេតស៍​ (Robert​ Gates)​ បាន​សួរ​អំពី​រឿង​នេះ​ ​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជា​មួយ​លោក​ប្រធានាធិបតី​ ហ៊ូ​ ជិនតៅ​ (Hu​ Jintao)។

ស្ថាន​ការណ៍​នេះ​បណ្តាល​ឲ្យ​មាន​សេចក្តី​ព្រួយ​បារម្ភ​ក្នុង​បណ្តា​មន្រ្តី​សរអា​ ​ព្រោះ​វា​បានលេច​ចេញ​មក​នៅ​ក្នុង​ទស្សនកិច្ច​ផ្លូវ​ការរបស់​លោក​រដ្ឋ​មន្រ្តី​ និង​នៅ​ពេល​តែ​មួយ​សប្តាហ៍ប៉ុណ្ណោះ​មុន​កិច្ច​ប្រជុំ​របស់​លោក​ប្រធានាធិបតី​ ហ៊ូ​ ជា​មួយ​លោក​ប្រធានាធិបតី​សរអា​ បារ៉ាក់​ អូបាម៉ា​ (Barack​ Obama)​ នៅ​ក្រុង​វ៉ាស៊ីនតោន។

នៅ​ក្រោម​លក្ខ​ខណ្ឌមិន​បញ្ចេញ​ឈ្មោះ​ ​មន្រ្តី​សរអា​រូប​នេះ​បានពោល​ថា​ ​នៅ​ពេល​ដែល​លោក​រដ្ឋ​មន្រ្តី​ ហ្គេតស៍ ​បាន​សួរ​អំពី​ការ​សាកល្បង​នេះ​ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជា​មួយ​ប្រធានាធិបតី​ ហ៊ូ​ នៅ​រសៀល​ថ្ងៃ​អង្គារ​ «គេ​ឃើញ​ច្បាស់​ថា​ ​គ្មាន​មន្រ្តី​ស៊ីវិល​ណា​ម្នាក់​នៅ​ក្នុង​បន្ទប់​នោះ​បាន​ដឹង​អំពី​រឿង​នេះ​ទេ»។ លោក ហ៊ូ​ ជា​មន្រ្តី​ស៊ីវិល​ម្នាក់​ ​ហើយ​ក៏​ជា​ប្រធាន​គណៈកម្មការ​យោធា​កណ្តាល​របស់​ប្រទេស​ចិន​ដែរ។

លោក​រដ្ឋ​មន្រ្តី​ ហ្គេតស៍​ មិន​បាន​និយាយ​ថា​ ​លោក​ហ៊ូ​ មាន​ការ​ភ្ញាក់​ផ្អើល​ទេ​ ​ក៏​ប៉ុន្តែ​លោក​បាន​និយាយ​ជា​មួយ​អ្នក​យក​ព័ត៌មាន​អំពី​សេចក្តី​ព្រួយ​បារម្ភ​របស់​លោក​ចំពោះ​លទ្ធភាព​នៃ​ការ​មិន​ទាក់​ទង​គ្នា​រវាង​មេ​ដឹកនាំ​ស៊ីវិល​និង​យោធា​ និង​លទ្ធភាព​ដែល​ថា​ ​យោធា​ចិន​ជួន​កាល​ធ្វើ​សកម្មភាពដោយ​ឯករាជ្យ​តែ​ឯង។

«ខ្ញុំ​បារម្ភ​អំពី​រឿង​នេះ​ជា​យូរ​មក​ហើយ​ ​ហើយ​និយាយ​ដោយ​ត្រង់​ទៅ​ ​នេះ​ជា​ហេតុ​ផល​មួយ​ដែល​ខ្ញុំ​ភ្ជាប់​សារៈសំខាន់ទៅ​និង​កិច្ច​ចរចា​រវាង​ភាគី​ទាំង​សងខាង ដែល​មាន​មន្រ្តី​ស៊ីវិល​ផង​និងមន្រ្តី​យោធា​ផង»។

នៅ​ក្នុង​ទស្សនកិច្ច​នេះ​ ​លោក ហ្គេតស៍​បាន​ស្នើ​ឲ្យ​មាន​កិច្ច​ចរចា​យុទ្ធសាស្រ្ត​ជា​ឧភតោភាគី​មួយ​រវាង​ស៊ីវិល​និង​យោធា​ ​ក៏​ប៉ុន្តែ​មន្រ្តីចិន​គ្រាន់​តែ​សន្យា​ថា​ នឹង​សិក្សា​អំពី​គំនិត​នេះ។​ លោក​ ហ្គេតស៍​ ថ្លែង​ថា​ ​លោក​សង្ឃឹម​ថា​ ​លោក​នឹង​បាន​ទទួលកិច្ច​ព្រម​ព្រៀង​លើសំណើ​របស់​លោក​ នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ។

លោក​ ហ្គេតស៍ បន្ថែម​ថា​ ​លោក​ ហ៊ូ​ បាន​បញ្ជាក់​ជម្រាប​លោក​ថា​ ​ពេល​វេលា​សាក​ល្បង​យន្ត​ហោះ​ប្រយុទ្ធ​នេះ​មិន​ទាក់​ទង​នឹង​ទស្សនកិច្ច​របស់​លោក​ទេ​ ​ហើយ​លោក​រដ្ឋ​មន្រ្តី​ពោល​ថា​ លោក​ជឿ​តាម​ពាក្យ​របស់​លោក​ប្រធានាធិបតី។​ ក៏​ប៉ុន្តែ​នៅ​ពេល​ឆ្លើយ​សំណួរ​អ្នក​កាសែត លោក​ ហ្គេតស៍​ ​ថ្លែង​ថា​ ​ការពន្យារ​ពេល​ការ​សាកល្បង​នេះ​ជា​ការសមរម្យ​ជាង។​ ហើយ​សេចក្តី​សម្រេច​របស់​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​ទៀត​ដែល​រាយ​ការណ៍អំពី​ការ​ភ្ញាក់​ផ្អើល​របស់​លោក​ប្រធានាធិបតី​ ហ៊ូ​ បង្ហាញ​ថា​ ​គណៈប្រតិភូ​អាមេរិកាំង​មិន​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ជា​មួយ​ពេល​វេលា​នៃ​ការ​សាក​ល្បង​នេះ។

បញ្ហា​ចុង​ក្រោយ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​មន្រ្តី​សរអា​និង​ចិន​បាន​ខំ​ដាក់​ទំនាក់​ទំនង​យោធារបស់​ខ្លួន​នៅ​ក្នុង​ពន្លឺ​ជា​វិជ្ជមាន​មួយ​ ​ទោះ​បី​ជា​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​កាន់​តែ​ច្រើន​ឡើង​ក៏​ដោយ។​ លោក​ ហ្គេតស៍​ មាន​ប្រសាសន៍​ថា​ ​មន្រ្តី​ចិនបង្ហាញ​ឲ្យ​ដឹង​ថា​ ​ពួក​គេ​នឹង​មិន​បញ្ឈប់​កិច្ច​ចរចា​និង​ការ​ប្តូរ​មន្រ្តី​ការងារនៅ​ក្នុង​វិស័យ​យោធា​ ដើម្បី​តវ៉ា​ប្រឆាំង​ការ​លក់​អាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​ ឬ​គោល​នយោបាយ​ដទៃ​ទៀត​ដែល​ចិន​មិន​យល់​ស្របជា​មួយ​នោះ​ទៀត​ទេ។​ ក៏​ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​ ​ទស្សនកិច្ចថ្នាក់​ខ្ពស់ ​ ដូចជា​ទស្សនកិច្ច​មួយ​នេះ​ ​អាច​ទទួល​ផល​ប៉ះ​ពាល់។​ ហើយ​លោក​ ហ្គេតស៍ បាន​ទទួល​ស្គាល់​ជា​សាធារណៈ​អំពីសេចក្តី​ព្រួយ​បារម្ភ​របស់​ចិន​ចំពោះការ​លក់​អាវុធ​ ដោយ​និយាយ​ថា​ ​សរអា​អាច​សុខ​ចិត្ត​កាត់​បន្ថយ​ចំនួន​នៅ​ពេល​អនាគត​ បើ​សិន​ណា​ជា​ភាព​តាន​តឹង​រវាង​កោះ​តៃវ៉ាន់​ និង​ចិន​ដី​គោក​នឹង​ចុះ​ថយ។

នៅ​ថ្ងៃ​អង្គារ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ លោក​ ហុង​ ឡេ (Hong​ Lei) បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ ឲ្យ​សរអា​គោរព​អធិបតេយ្យភាព​របស់​ចិន​ ដើម្បី​រក្សា​ការពារ​ទំនាក់​ទំនង​យោធា​រវាង​ប្រទេស​ទាំង​ពីរ។

លោក​ ហុង ​បាន​អំពាវនាវ​ឲ្យ​មាន​«វិធានការ​មាន​ប្រសិទ្ធិភាព​និង​ជា​ដុំ​កំភួន»​ ដើម្បី​ជៀស​វាងភាព​រកាំ​រកូសនៅ​ក្នុង​ទំនាក់​ទំនង​យោធា​រវាង​សរអា​និង​ចិន​ ដែល​ជា​ការ​ថ្លែង​យោង​យ៉ាង​ច្បាស់​ទៅ​រក​សេចក្តី​ប្រាថ្នា​របស់​ចិន​ដែល​ចង់​ឲ្យ​សរអា​បញ្ចប់​ការ​លក់​អាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់។

ទោះ​បី​ជា​មាន​ភាព​តាន​តឹង​យ៉ាង​ច្បាស់តទៅ​ទៀត​ក៏​ដោយ​ ក៏​លោក​រដ្ឋ​មន្រ្តី​ ហ្គេតស៍​ ពណ៌នា​ថា​ ​កិច្ច​ចរចា​របស់​លោក​នៅ​ក្រុង​ប៉េកាំង​ជា​កិច្ច​ចរចា ​«វិជ្ជមាន​ណាស់»​ ​ក៏​ប៉ុន្តែ​លោក​មាន​ព្រមាន​ថា​ ​ការ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​យោធា​រវាង​សរអា​និង​ចិន​មាន​ភាព​ប្រសើរ​ជាង​មុន​នឹង​ត្រូវ​ចំណាយ​ពេល​វេលា។

«នេះ​ជា​វេទិកា​មួយ​ដែល​យើង​ត្រូវ​លេង​ល្បែង​យូរ។​ នេះ​មិន​មែន​ជា​វិស័យ​មួយ​ដែល​ខ្ញុំ​គិត​ថាយើង​នឹង​ឃើញ​ដំណោះ​ស្រាយ​ឆាប់​រហ័ស​ ឬ​ចំណង​ជើង​ធំៗ​នៅ​ក្នុង​សារព័ត៌មាន​ទេ ក៏​ប៉ុន្តែ​ជា​ការ​ជឿន​លឿន​ប្រកប​ដោយ​ការវិវត្ត​នៃ​ការ​ទាក់​ទង​និង​សកម្មភាព​ជា​មួយ​គ្នា»។

លោក​ ហ្គេតស៍​ ថ្លែង​ថា​ ​លោក​សង្ឃឹម​ថា​ ​កិច្ច​ចរចា​យុទ្ធសាស្រ្ត​ដែល​លោក​បាន​ស្នើ​នឹង​ជួយ​ដំឡើង​ការ​យល់​ដឹង​ទៅ​វិញ​ទៅ​មក​អំពី​គោល​បំណង​និង​យុទ្ធសាស្រ្ត​របស់​ប្រទេស​និមួយៗ​ នៅ​ពេល​ដែល​ប្រទេស​ចិន​បន្ត​ការ​លូត​លាស់​ផ្នែក​យោធា​របស់​ខ្លួន​យ៉ាង​ឆាប់​រហ័ស​តទៅ​ទៀត​ហើយ​សរអា​ចាត់​វិធានការ​ដើម្បី​ធ្វើការ​ទប់ទល់​នឹង​ការ​លូត​លាស់​នេះ។​ ក៏​ប៉ុន្តែ​លោក​ ហ្គេតស៍​ បន្ថែម​ថា​ លោក​មិន​ស្វែង​រក​កិច្ច​ចរចា​ជាក់​លាក់ណា​មួយ​អំពី​ការ​ត្រួត​ត្រា​គ្រឿង​អាវុធ​ទេ។​ លោក​គ្រាន់​តែ​ចង់​ឲ្យ​មាន​ការ​ទាក់​ទងផ្នែក​យោធា​ដ៏​ខ្ជាប់​ខ្ជួន​មួយ​ ឲ្យ​បាន​ដូច​គ្នា​នឹង​ការ​ទាក់​ទង​ខាងការណ៍​សម្ងាត់​រវាង​សរអា​និង​ចិន​ ដែល​លោក​ថ្លែង​ថា​ ​លោក​មាន​ការ​ជំពាក់​ទាក់​ទង​ជា​មួយ​នៅ​ពេល​ដែល​លោក​ធ្វើ​ជា​នាយក​ទី​ភ្នាក់​ងារ​ស៊ើប​ការណ៍​កណ្តាល​ (Central Intelligence Agency)​ របស់​សរអា​នោះ​តែ​ប៉ុណ្ណោះ៕

ប្រែសម្រួលដោយកែរ​ យ៉ាន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG