មេដឹកនាំមកពីបណ្តាប្រទសមានសេដ្ឋកិច្ចសំខាន់បំផុតចំនួន២០ ដែលបានកំណត់ទិសដៅ ដើម្បីកាត់បន្ថយឱនភាពរបស់រដ្ឋាភិបាល បានចចារគ្នាស្តីពីបទបញ្ញាតិហិរញ្ញវត្ថុដ៏តឹងរឹងជាងមុន និងសម្របសម្រួលទៅលើសំណើយកពន្ធពីធនាគារ។ Jim Randle នៃវីអូអេ ធ្វើសេចក្តីរាយការណ៍ពីទីក្រុងតូរ៉ង់តូ ជាកន្លែងដែលកិច្ចប្រជុំ ជី២០ បានបញ្ចប់កាលពីថ្ងៃអាទិត្យ។
មេដឹកនាំ ជី២០ និយាយថា ការងើបឡើងវិញនៃសេដ្ឋកិច្ចសាកល មានភាពផុយស្រួយ និងប្រឈមមុខនឹងកិច្ចការដ៏លំបាក ដោយរាប់បញ្ចូលទាំងឱនភាពរបស់រដ្ឋាភិបាលដែលចេះតែកើនឡើង។
វិបត្តិនៅប្រទេសក្រិច បានបង្ហាញអំពីថាតើឱនភាពដ៏ធំធេងអាចធ្វើឲ្យអ្នកខ្ចីប្រាក់ព្រួយបារម្ភប៉ុណ្ណា ដែលថាពួកគេនឹងមិនអាច ទទួលប្រាក់សំណងវិញ ហើយរារាំងពួកគេមិនឲ្យខ្ចីបំណុលថ្មីៗ ដែលធ្វើឲ្យរាំងស្ទះដល់សេដ្ឋកិច្ច។
លោកនាយករដ្ឋមន្រ្តីកាណាដា ស្ទីវហ្វិន ហាបភឺ (Stephen Harper) បានទទូចសុំឲ្យសហការីរបស់លោកនៅក្នុងបណ្តាប្រទេសជឿនលឿន ធ្វើការកាត់បន្ថយឱនភាពរបស់ខ្លួនចំនួនពាក់កណ្តាលនៅរយៈពេលបីឆ្នាំ ក៏ប៉ុន្តែក៏បានទទូចសុំឲ្យពួកគេធ្វើការកាត់បន្ថយដោយភាពប្រយ័ត្នប្រយែងដែរ។
«ទីនេះ គឺជាខ្សែពួរយ៉ាងតឹងមួយ ដែលយើងត្រូវតែដើរពីលើ។ ដើម្បីធានាបាននូវការងើបឡើងវិញ វាជាការសំខាន់ ដែលយើងត្រូវអនុវត្តន៍តាមផែនការជួយសង្គ្រោះមានស្រាប់ ដែលយើងទាំងអស់គ្នាបានប្តេជ្ញាចិត្តកាលពីឆ្នាំមុន ប៉ុន្តែស្របជាមួយគ្នានេះដែរ ប្រទេសជឿនលឿនទាំងឡាយ ត្រូវតែបញ្ជូនសារឲ្យបានច្បាស់ ដែលថា ដោយសារតែផែនការជួយសង្គ្រោះរបស់យើងបានផុតកាលកំណត់ទៅហើយ យើងនឹងផ្តោតទៅលើការធ្វើយ៉ាងណាឲ្យកន្លែងសារពើពន្ធរបស់យើង មានរបៀបរៀបរយ»។
ទស្សនៈ របស់លោកហាបភឺ គឺថាការកាត់បន្ថយឱនភាពតិចពេក ឬយឺតពេក នាំឲ្យប៉ះពាល់ដល់ភាពជឿទុកចិត្តរបស់អ្នកវិនិយោគទុន។ ប៉ុន្តែ ប្រសិនបើប្រទេសទាំងឡាយ ធ្វើការកាត់បន្ថយស៊ីជម្រៅពេក ឬឆាប់រហ័សពេក ប្រទេសទាំងនោះអាចប្រថុយប្រថាននឹងការបាត់បង់ការជួយសង្រ្គោះសេដ្ឋកិច្ចប្រកបដោយសក្តានុពល ដែលកើតមានឡើងដោយសារការចំណាយរបស់រដ្ឋាភិបាល ជាអ្វីដែលក្រុមអ្នករិះគន់និយាយថា អាចជម្រុញសេដ្ឋកិច្ចរបស់សាកលឲ្យធ្លាក់ចុះវិញ។
សេចក្តីថ្លែងការណ៍រួមគ្នាចុងក្រោយរបស់មេដឹកនាំ ជី២០ ដែលបានសម្រេចជាសម្ងាត់ដោយមេដឹកនាំទាំងអស់ ក៏បានធ្វើការសម្រុះសម្រួលទៅលើសំណើសំរាប់ការយកពន្ធសាជាថ្មីលើធនាគារ។
ក្នុងពេលមានវិបត្តិហិរញ្ញវត្ថុសាកលឡើងដល់កម្រិតកំពូល ក្រុមហ៊ុនហិរិញ្ញវត្ថុជាច្រើន ត្រូវបានជួយសង្រ្គោះដោយរដ្ឋាភិបាល ដែលប្រើប្រាស់ប្រាក់របស់អ្នកបង់ពន្ធ។
អ្នកគាំទ្រដល់ការយកពន្ធលើធនាគារនិយាយថា ឧស្សាហកម្មហិរិញ្ញវត្ថុ គួរដាក់លុយចូល ដើម្បីជួយទប់ទល់នឹងការចំណាយក្នុងវិបតិ្តនាពេលអនាគត។ ក្រុមអ្នករិះគន់លើគំនិតយកពន្ធ បានឲ្យដឹងថា កិច្ចការនេះនឹងក្លាយជាគុណវិបត្តិសំរាប់ធនាគារនៅក្នុងប្រទេសទាំងឡាយណា ដែលដាក់ចេញនូវគំនិតពន្ធនេះ ហើយធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ។ ហើយគំនិតនេះ ត្រូវបានជំទាស់យ៉ាងខ្លាំងក្លាពីសំណាក់ធនាគារ។
ក៏ប៉ុន្តែ លោក ដាវីដ ហ្សរ (David Shorr) នៃមូលនិធិស្តានលី (Stanley Foundation) មានប្រសាសន៍ថា សំណើនេះធ្វើឲ្យមានការចាប់អារម្មណ៍ផ្នែកខាងនយោបាយដ៏ទូលំទូលាយ។
«នៅក្នុងកម្រិតនយោបាយ មានកំហឹងឆាបឆេះឡើងចំពោះអ្វីដែលបានកើតឡើង។ ចូរពិនិត្យមើលថាតើសាធារណជន ត្រូវរស់នៅជាមួយនឹងផលវិបាកនៃមុខជំនួញប្រកបដោយ ភាពប្រថុយប្រថានទាំងឡាយ ដែលឧស្សាហកម្មហរិញ្ញវត្ថុ បានធ្វើឡើង»។
ដូច្នេះ មេដឹកនាំ ជី២០ បានសម្រុះសម្រួលគ្នា ដោយដាក់ចេញនូវប្រាក់ដើមដ៏សំខាន់ៗ ដែលឧស្សាហកម្មហរិញ្ញវត្ថុ គួរតែចំណាយទៅលើវិបត្តិក្នុងពេលអនាគត ប៉ុន្តែទុកឲ្យប្រទេសនីមួយៗមានសេរីភាពក្នុងការរកមធ្យោបាយ ដើម្បីរៃអង្គាសប្រាក់។
មេដឹកនាំទាំងអស់ក៏បានពិភាក្សាអំពីសេចក្តីត្រូវការ ដើម្បីឲ្យមានមធ្យោបាយប្រសើរជាងមុនក្នុងការដាក់បញ្ញាតិលើក្រុមហ៊ុនហរិញ្ញវត្ថុ ហើយណែនាំឲ្យក្រុមអ្នកជំនាញធ្វើការកែសម្រួលសំណើនេះ សម្រាប់ការជួបប្រជុំ ជី២០ ក្នុងខែវិច្ឆិកា នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
លោក ចន ខើតុន (John Kirton) នៃសាកល វិទ្យាល័យតូរ៉ង់តូ (University of Toronto) ដែល ជាអ្នកជំនាញស្តីពីកិច្ចប្រជុំ ជី២០ មានប្រសាសន៍ថា សំណើដ៏សំខាន់បំផុត គឺតម្រូវឲ្យធនាគារបញ្ចេញប្រាក់សមាមាត្ររបស់ខ្លួនតិចជាងមុន និងរក្សាទុកច្រើនជាងសំរាប់ប្រាក់បម្រុង។
"ដូច្នេះ ប្រសិនបើវិបត្តិថ្មីមួយកើតមានឡើង ធនាគារទាំងអស់នឹងមានសាច់ប្រាក់ ច្រើនជាងមុននៅក្នុងដៃ ដើម្បីការពារសំរាប់ពេលវេលាអាក្រក់ណាមួយ"។
មានសំណើច្រើនដែរ ដើម្បីដាក់បញ្ញាតិទៅលើឥទ្ធិពលឆ្លង ដែលជាកិច្ចការជំនួញខាងហរិញ្ញវត្ថុដ៏ស្មុគស្មាញ ដែលត្រូវបានស្តីបន្ទោសចំពោះការធ្លាក់ចូលកាន់តែជ្រៅទៅក្នុងវិបត្តិហរិញ្ញវត្ថុជាសកល។
ក្នុងអំឡុងកិច្ចប្រជុំជាអន្តរជាតិ អ្នកគាំទ្រមួយចំនួនចំពោះជនក្រីក្រ បានត្អូញត្អែរថា ជី២០ និងក្រុមនៃប្រទេសមានឧស្សាហកម្មនាំមុខគេចំនួន៨ ឬជី៨ មិនបានធ្វើកិច្ចការច្រើនថែមទៀត ដើម្បីជួយពលរដ្ឋដែលងាយរងគ្រោះបំផុតរបស់ពិភពលោកទេ។
មេដឹកនាំ ជី៨ បានសន្យាថានឹងបរិច្ចាគប្រាក់ចំនួន៥ពាន់លានដុល្លារ ក្នុងអំឡុង៥ឆ្នាំទៀត ដើម្បីជួយកាត់បន្ថយចំនួនស្រ្តី ដែលស្លាប់ក្នុងពេលសម្រាលកូន នៅជុំវិញពិភពលោក។
ប៉ុន្តែលោក រ៉ូប៊ើត ហ្វក់ស៍ (Robert Fox) នាយកប្រតិបត្តិនៃអង្គការសប្បុរសធម៌អុកហ្វាមរបស់ប្រទេសកាណាដា (Oxfam Canada) បានពិពណ៌នាការសន្យានេះថាមានចំនួនតិចតួច បើប្រៀបធៀបជាមួយនឹងថវិកា ចំនួន១៧ លាន លាន ដុល្លារ ដែល ប្រទេសធំៗ បានប្រើដើម្បីជួយស្រោចស្រង់ធនាគារក្នុងពេលមានវិបត្តិហរិញ្ញវត្ថុឡើងដល់កំពូល៕
ប្រែសម្រួលដោយលី សុខឃាង។