ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះ​អ្នក​រាជានិយម​កាន់​តែ​ជ្រៅ​ ខណៈ​លោក​ញឹក ប៊ុនឆៃ​ត្រូវ​ដក​ពី​ហ្វ៊ុនស៊ិនប៉ិច


លោក​ ញឹក​ ប៊ុនឆៃ​ អង្គុយ​នៅ​កណ្តាល​ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ឯ​គេហដ្ឋាន​នៅ​ក្នុង​ការ​ធ្វើ​សន្និសីទ​ព័ត៌មាន​​ អំពី​ការ​ដើរ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​ការ​បង្កើត​គណបក្ស​រួបរួម​ជាតិ​​ ​នៅ​គេហដ្ឋាន​របស់​លោក​ ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ​ ខ័ណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ពុធ​ទី​ ៣​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៦​។ (ហ៊ុល រស្មី/VOA Khmer)
លោក​ ញឹក​ ប៊ុនឆៃ​ អង្គុយ​នៅ​កណ្តាល​ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ឯ​គេហដ្ឋាន​នៅ​ក្នុង​ការ​ធ្វើ​សន្និសីទ​ព័ត៌មាន​​ អំពី​ការ​ដើរ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​ការ​បង្កើត​គណបក្ស​រួបរួម​ជាតិ​​ ​នៅ​គេហដ្ឋាន​របស់​លោក​ ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ​ ខ័ណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ពុធ​ទី​ ៣​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៦​។ (ហ៊ុល រស្មី/VOA Khmer)

ជម្លោះ​រវាង​អ្នក​រាជានិយម​បាន​ចាប់​ផ្តើម​ឡើង​កម្តៅ​កាន់​តែ​ខ្លាំង​​ ខណៈ​ដែល​ភាគី​ម្ខាង​ គឺ​លោក​ ញឹក​ ប៊ុនឆៃ​ អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ប្រកាស​បង្កើត​គណបក្ស​នយោបាយ​ថ្មី។

ជម្លោះ​រវាង​អ្នក​រាជានិយម​បាន​ចាប់​ផ្តើម​ឡើង​កម្តៅ​កាន់​តែ​ខ្លាំង ខណៈ​ដែល​ភាគី​ម្ខាង​ គឺ​លោក​ ញឹក​ ប៊ុនឆៃ​ អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ប្រកាស​បង្កើត​គណបក្ស​នយោបាយ​ថ្មី។ ចំណែក​ឯ​ភាគី​ម្ខាង​ទៀត​ដែល​ស្មោះ​នឹង​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ​ ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ គឺ​លោក​ សាយ​ ហាក់ ​ប្រកាស​បញ្ចប់​តំណែង​លោក​ ញឹក ប៊ុនឆៃ។

ការ​ប្រកាស​របស់​លោក​ សាយ ហាក់​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​កើត​មាន​នៅ​ក្រោយ​ពេល ដែល​ព្រះ​អង្គម្ចាស់​ នរោត្តម ​រណឫទ្ធិ​ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រសួង​មហាផ្ទៃ​ប្រឆាំង​លោក​ ញឹក​ ប៊ុនឆៃ​ ដែល​បាន​ព្យាយាម​ប្រើ​ស្លាកសញ្ញា​ចាស់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច មក​សម្គាល់​គណបក្ស​«រួបរួមជាតិ»​ របស់​ខ្លួន។​

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ឯ​ទីស្នាក់​ការ​គណបក្ស​ហ៊្វុនស៊ិិនប៉ិច​ ស្ថិត​នៅក្នុង​សង្កាត់​ជ្រោយចង្វារ​ ខ័ណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ លោក​ សាយ ហាក់​ មាន​ប្រសាសន៍​ថា​ គណបក្ស​នឹង​ចាត់​វិធានការណ៍​ដក​ដំណែង​របស់​លោក ញឹក ឆៃ​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​

លោក​បញ្ជាក់​ថា៖​ «ឥឡូវ​គាត់​បើក​គណបក្ស​ យើង​ត្រូវ​មាន​វិធានការ​ ហើយ​គណបក្ស​អត់ឲ្យ​អ្នក​អនុប្រធាន​មួយ​ទៅ​បើក​គណបក្ស​មួយ​ទៀត​ ដែល​មាន​ឈ្មោះ​នៅ​ហ៊្វុន​ស៊ិនប៉ិច»។

នៅ​មុន​ការ​ធ្វើ​សន្និសីទ​ព័ត៌មាន​របស់​លោក​ សាយ​ ហាក់ ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​ ញឹក ប៊ុនឆៃ​ កាល​ពីថ្ងៃ​ពុធ​ បាន​ចោទ​ប្រកាន់​ព្រះ​អង្គម្ចាស់​ នរោត្តម រណឫទ្ធិ ​ថា មាន​ភាព​ជា​អ្នក​ដឹកនាំ​អត្តនោម័តិនិយម​ ដែល​អាច​នាំ​ទៅ​រក​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ និង​បង្ក​ឲ្យ​មាន​បក្ស​ពួក​និយម​ នំា​ឲ្យ​ខូច​ដល់​ប្រយោជន៍​ជាតិ​ ប្រសិន​បើ​គណ​បក្ស​រាជានិយម​នេះ​ឡើង​ដឹក​នាំប្រទេស។​

លោក សាយ ហាក់​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ​ បាន​ប្រកាន់​ជំហរ​ការពារ​ភាព​ស្អាត​ស្អំ​របស់​ព្រះ​អង្គម្ចាស់​ នរោត្តម ​រណឫទ្ធិ ថា​ ព្រះអង្គ​ម្ចាស់​ ពុំ​មាន​ព្រះ​បំណង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ដូច​ការ​ចោទ​ប្រកាន់​របស់​លោក​ ញឹក​ ប៊ុនឆៃ​នោះ​ទេ។​ លោក​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា​ ព្រះ​អង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ​ ក៏​ពុំ​មាន​ព្រះបំណង​បណ្តេញ​សមាជិក​ណា​ម្នាក់​ចេញ​ពី​គណបក្ស​ដែរ។ តែ​ព្រះ​អង្គ​គ្រាន់​តែ​ចង់​ដឹង​អំពី​ហេតុ​ផល​នៃ​ការ​បាត់​បង់​ទីស្នាក់ការ​នានា​របស់​គណបក្ស​ក្នុង​ពេល​ព្រះ​អង្គ​ពុំ​នៅ​គង់​ជា​ប្រធាន​គណបក្ស។

រូប​ឯកសារ៖ ព្រះអង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​មាន​បន្ទូល​ក្នុង​អង្គសន្និសីទ​កាសែត​ដែល​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​របស់​ព្រះ​អង្គ​នៅ​សង្កាត់​ទន្លេ​បាសាក់ ក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ០៥ ខែមករា​ឆ្នាំ២០១៥។ (ហេង រស្មី/VOA)
រូប​ឯកសារ៖ ព្រះអង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​មាន​បន្ទូល​ក្នុង​អង្គសន្និសីទ​កាសែត​ដែល​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​របស់​ព្រះ​អង្គ​នៅ​សង្កាត់​ទន្លេ​បាសាក់ ក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ០៥ ខែមករា​ឆ្នាំ២០១៥។ (ហេង រស្មី/VOA)

ព្រះ​អង្គម្ចាស់ ​នរោត្តម​ រណឫទ្ធិ​ ព្រះ​ជន្ម​៧២​វស្សា​ ធ្លាប់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទី១ ​នៅ​ក្រោយ​ការ​បោះឆ្នោតឆ្នាំ​១៩៩៣​ និង​ជា​គូប្រជែង​កម្លាំង​យោធា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ដែល​ជា​នាយក​រដ្ឋមន្ត្រី​ទី២​នា​ពេល​នោះ។​ ព្រះអង្គ​ក៏​ធ្លាប់​ធ្វើ​ជា​ប្រធាន​សភា​ផង​ដែរ​ ក្រោយ​ពី​ព្រះអង្គ​បាន​បាត់បង់​ការ​គាំទ្រ​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី។​

គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទទួល​បាន​ការ​គាំទ្រ​ដោយ​សំឡេង​ច្រើន​លើស​លប់​នៅ​ក្នុង​ការ​បោះឆ្នោត​ ដែល​រៀបចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ (អ៊ុនតាក់) កាល​ពី​ឆ្នាំ​១៩៩៣​ ដោយ​ទទួល​បាន​អាសនៈ​ចំនួន​៥៨។ អាសនៈ​របស់​គណបក្ស​នយោបាយ​រាជានិយម​មួយ​នេះ​បាន​ថយ​ចុះ​ជា​បន្តបន្ទាប់​រហូត​ដល់​សូន្យ​ នៅ​ក្នុង​ការ​បោះឆ្នោត​នា​ឆ្នាំ​២០១៣​ ដោយ​សារ​គណបក្ស​នេះ​បាន​បែកបាក់​ផ្ទៃ​ក្នុង​យ៉ាង​ធ្ងន់​ធ្ងរ។

បន្ទាប់​ពី​ព្រះ​អង្គ​ម្ចាស់​ នរោត្តម ​រណឫទ្ធិ​ ត្រូវ​បាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ធ្វើ​បក្ស​ប្រហារ​បណ្តេញ​ព្រះ​អង្គ​ចេញ​ពី​ប្រធាន​គណបក្ស​កាល​ពី​ឆ្នាំ​២០០៦​ ព្រះ​អង្គបាន​សម្រេច​បង្កើត​គណបក្ស​ជា​បន្ត​បន្ទាប់។​ គណបក្ស​ចុង​ក្រោយ​ដែល​ព្រះអង្គ​បង្កើត​ឡើង​នោះ​មាន​ឈ្មោះថា​ «គណបក្ស​សង្គម​រាស្រ្ត​រាជាធិបតេយ្យ»។

ក៏​ប៉ុន្តែ​ មក​ដល់​ដើម​ ខែ​មករា​ ឆ្នាំ​២០១៥​ ព្រះអង្គ​បាន​យាង​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​វិញ​ បន្ទាប់​ពី​ការ​ទទួល​ស្គាល់​ពី​សមាជិក​សមាជិកា​ភាគ​ច្រើន​នៅ​ក្នុង​គណបក្ស។​ អ្វីៗ​បាន​ប្រែប្រួល​ម្តង​ទៀត​នៅ​ខែ​មករា​ឆ្នាំ​នេះ​ ដោយ​លោក​ ញឹក​ ប៊ុនឆៃ បាន​ប្រកាស​ដើរ​ចេញ​ពី​ព្រះអង្គ​ ហើយ​ថែម​ទាំង​យក​កេរដំណែល​ ​ស្លាក​សញ្ញា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មក​ប្រើ​ទៀត​ផង។​

ការណ៍​នេះ​ ពុំ​បាន​ធ្វើ​ឲ្យ​ព្រះ​អង្គម្ចាស់​សប្បាយ​ទឹក​ព្រះ​ទ័យ​នោះ​ទេ​ ហើយ​ព្រះអង្គ​បាន​ធ្វើ​ពាក្យ​បណ្តឹងទៅ​ក្រសួង​មហា​ផ្ទៃ​ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ។

នៅ​ក្នុង​ពាក្យ​បណ្តឹង​របស់​ព្រះអង្គ​ចុះ​ថ្ងៃ​ទី៣​ ខែ​កុម្ភៈ ផ្ញើ​ជូន​លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ព្រះ​អង្គ​បាន​សរសេរ​ថា៖​«គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ ចាត់​ទុក​និមិត្តសញ្ញា​វិមាន​ឯករាជ្យ​ជា​ស្លាក​សញ្ញា​ដែល​គណបក្ស​ធ្លាប់​ប្រើ​ប្រាស់​សម្គាល់​ជា​រៀង​រហូត​មក​ថា ​ជា​ចំណែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​កំណើត​របស់​ខ្លួន​ ហើយ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ណា​ឬ​គណបក្ស​ណា​យក​ទៅ​ប្រើប្រាស់​បាន​ដែរ»។

ការ​ធ្វើ​ពាក្យ​បណ្តឹងរបស់​ព្រះអង្គម្ចាស់​ នរោត្តម ​រណឫទ្ធិ​ ធ្វើ​ឡើង​ចំ​ថ្ងៃ​ ដែល​អតីត​មេទ័ព​របស់​ព្រះអង្គ​ គឺ​លោក​ ញឹក​ ប៊ុនឆៃ​ ធ្វើ​សន្និសីទ​ព័ត៌មាន​ប្រកាស​ដើរ​ចេញ​ពី​ព្រះអង្គ។​ នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​នោះ​ លោក​ ញឹក​ ប៊ុនឆៃ​ បាន​ពន្យល់​ពី​ការ​ប្រើ​ស្លាកសញ្ញា​ចាស់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​យ៉ាង​ដូច្នេះ​ថា៖

«ដូច​ខ្ញុំ​បាន​ជម្រាប​ហើយ​ថា​ ពួកយើង​ខ្ញុំ​ភាគច្រើន​នោះ​គឺ​ថា​ អ្នក​ដែល​ធ្លាប់​បាន​ដង្ហែ​(តាម)​សម្តេច​ព្រះ​នរោត្តម​ សីហនុ​ សម្តេចឪ​ សម្តេចតា​ ក្នុង​ចលនា​តស៊ូ​រំដោះ​ប្រទេស​ជាតិ​ ដែល​រណសិរ្ស​ហ៊្វុនស៊ិនប៉ិច​ហ្នឹង​ហើយ។​ អញ្ចឹង​បាន​សញ្ញា​នេះ​ វា​ជា​សញ្ញា ដែល​ពួក​យើង​ខ្ញុំ​ហ្នឹង​បាន​ចូលរួម​ ក្នុង​ការ​ដង្ហែ​ ក៏​ដូច​ជា​បង្កើត​សញ្ញា​ហ្នឹង​មក​ ដែល​យើង​ខ្ញុំ​យក​សញ្ញា​នេះ​មក​ដាក់»។

VOA​ ព្យាយាម​សុំ​ការ​អធិប្បាយ​បន្ថែម​ពី​លោក​ ញឹក​ ប៊ុនឆៃ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ តែ​នៅ​មិន​ទាន់​អាច​ទាក់​ទង​បាន។​ VOA​ ក៏​ពុំ​អាច​ទាក់​ទង​លោក​នាយ​ឧត្តមសេនីយ៍​ ខៀវ​ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ ដើម្បី​សុំ​ការ​អធិប្បាយ​ពី​បណ្តឹង​របស់​ព្រះអង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ​ដែរ។

ទោះ​បី​ជា​មិន​មាន​ការ​ឈ្លោះ​ទាស់​ទែង​គ្នា​រវាង​ លោក​ ញឹក​ ប៊ុនឆៃ​ និង​ព្រះអង្គ​ម្ចាស់​ នរោត្តម ​រណឫទ្ធិ​ ក៏​ដោយ​ គណបក្ស​រាជានិយម​ដែល​ស្រុត​ចុះ​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​កម្ពុជា​ មើល​ឃើញ​ថា​ ពុំ​មាន​ឱកាស​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត​ នោះ​ឡើយ​ ព្រោះ​គណបក្ស​នេះ​ មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​គោល​នយោបាយ​ថ្មី​ណា​មួយ​ដើម្បី​ទាញ​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត​នោះ​ទេ។​

អ្នក​វិភាគ​ថា​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ក៏​ដូច​ជា​គណបក្ស​តូចៗ​ឯ​ទៀត​ បាន​ត្រឹម​តែ​លេង​នយោបាយ​ ដើម្បី​កំដរ​គណបក្ស​ធំៗ​ប៉ុណ្ណោះ៕

XS
SM
MD
LG