រដ្ឋអាជ្ញានៃប្រទេសបារាំងកំពុងតែពិចារណាមើលការអះអាងអំពីប្រាក់សំណូក ដែលជាប់ពាក់ព័ន្ធនឹងសម្ព័ន្ធមិត្របីនាក់របស់លោកប្រធានាធិបតី នីកូឡាស សារកូស៊ី (Nicholas Sarkozy) នៅក្នុងរឿងអាស្រូវដែលកាន់តែរីកធំឡើង ហើយដែលគម្រាមធ្វើឲ្យខូចប្រយោជន៍ ដល់ការឈរឈ្មោះសម្រាប់អាណត្ដិទីពីររបស់លោក។
នៅប្រទេសបារាំង គេស្គាល់ហៅថា រឿង ការ៉ាឈី ឬ (Karachi affairs)។ រឿងអាស្រូវនេះជារឿងជំពាក់ទាក់ទិននឹងរឿងពុករលួយដែលកើតមានឡើងនៅឆ្នាំ១៩៩៥ នៅពេលដែលប្រទេសបារាំងលក់នាវាមុជទឹកបីគ្រឿងទៅឲ្យប្រទេស ប៉ាគិស្ថាន។ ក្រុមអ្នកស៊ើបអង្កេតបារាំងឥឡូវនេះស៊ើបអង្កេតអំពីការចោទថា ប្រាក់ចំណូល បានមកពីការលក់នាវាមុជទឹកនោះ ដែលពិតជាបានជួយផ្ដល់ប្រាក់សម្រាប់យុទ្ធនាការតំណែងប្រធានាធិបតី របស់អតីតនាយករដ្ឋមន្ដ្រី អេឌូអារដ៍ បាល់ឡាឌួរ(Eduard Balladur) នៃប្រទេសបារាំង ពីឆ្នាំ ១៩៩៣ដល់ឆ្នា១៩៩៥។ លោក ប្រធានាធិបតី នីកូឡាស សារកូស៊ីជារដ្ឋមន្ដ្រីទទួលបន្ទុកខាងកិច្ចការថវិកានៅពេលនោះ ហើយមានទំនាក់ទំនងជិតដិតជាមួយលោក បាល់ឡាឌួរ។ ក្រុមចៅក្រមថ្នាក់ក្រោម សង្ស័យដែរថាខសន្យានេះ ជាប់ពាក់ព័ន្ធនឹងការវាយប្រហារគ្រាប់បែកនៅប្រទេសប៉ាគិសស្ថាន ដែលបណ្ដាលឲ្យជនជាតិបារាំង១១នាក់ស្លាប់។
ឥឡូវនេះ បុរស់បីនាក់នោះ ដែលជិតស្និទ្ធជាមួយលោក សារកូស៊ី ជាប់ចោទ ក្នុងបទជាប់ពាក់ព័ន្ធនៅក្នុងការចោទរឿងប្រាក់សំណូកនោះ។ ប៉ូលីសបានចាប់បុរសពីរនាក់កាលពីអាទិត្យមុន ហើយបានដោះលែងពួកគេវិញក្រោយពីបានសាកសួរពួកគេ។ ក្រុមរដ្ឋអាជ្ញាក៏ប្រកាសផងដែរថា អស់លោកកំពុងស៊ើបអង្កេតការអះអាងថាបុរសទីបីគឺលោក ប៊្រីស អរតឺហ្វឺស៍ (Brice Hortefeux) អតីតរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទួលព័ត៌មានដោយខុសច្បាប់អំពីការស៊ើបអង្កេតនោះ ហើយឲ្យព័ត៌មានទៅបុរសម្នាក់ពីក្នុងចំណោមបុរសបីនាក់អំពីការទទួលសារភាពរបស់ភរិយារបស់លោកចំពោះប៉ូលីស គឺព្រះអង្គម្ចាស់ក្សត្រី ហេឡិន(Helen) នៃប្រទេស យូកូសឡាវី (Yugoslavie)។
«នៅក្នុងការធ្វើសម្ភាសន៍ជាមួយវិទ្យុ យូរ៉ុប វ័ន (Europe One) នៃប្រទេសបារាំង ព្រះអង្គម្ចាស់ក្សត្រិយ ហេឡិន ប្រកាន់ខ្ជាប់នូវពាក្យអះអាងរបស់ទ្រង់ដែលថាស្វាមីរបស់ទ្រង់វិលទៅផ្ទះវិញពីការធ្វើដំណើរ ដោយនាំយកវ៉ាលីសមួយចំនួនពេញទៅដោយប្រាក់។ ទ្រង់មានបន្ទូលថាទ្រង់មិនបានដឹងថាតើប្រាក់នោះបានមកពីណាទេ»។
នៅអាទិត្យមុនសេចក្ដីថ្លែងរបស់លោកប្រធានាធិបតីបារាំង បានប្រកែកចំពោះការជាប់ពាក់ព័ន្ធអ្វីទាំងអស់របស់លោក សារកូស៊ី នៅក្នុងរឿងនេះ ដោយបានថ្កោលទោស នូវអ្វីដែលខ្លួនពិព័ណ៌នាហៅថាជាការមួលបង្កាច់ ហើយនឹងការប្រើកលល្បិចផ្នែកនយោបាយយ៉ាងប៉ិនប្រសប់ ។
រដ្ឋាភិបាលនិយមស្ដាំកណ្ដាលរបស់លោក ក៏មានសម្ព័ន្ធមិត្រជិតដិតនៅជុំវិញលោកដែរ។
នៅក្នុងសេចក្ដីសម្ភាសន៍ផ្សាយតាមវិទ្យុបារាំង លោកស្រី សង់តាល់ជូអានណូ(Chantal Jouanno) រដ្ឋមន្ដ្រីទទួលបន្ទុកខាងកីឡា មិនព្រមធ្វើអត្ថាធិប្បាយអ្វីដោយផ្ទាល់ស្ដីអំពីរឿងនេះទេ។ ក៏ប៉ុន្ដែលោកស្រីក៏រិះគន់យ៉ាងខ្លាំងដែរចំពោះអ្វីដែលលោកស្រីហៅថាជាការប្រើកលល្បិចផ្នែកនយោបាយយ៉ាងប៉ិនប្រសប់ ប្រាំពីរខែប៉ុណ្ណោះមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។
លោក សារកូស៊ី កំពុងប្រឈមមុខនឹងប្រជាប្រិយភាពទាបក្នុងរយ:ពេលរាប់ខែហើយក្រុមគូប្រជែងរបស់លោក បានឆ្លៀតយកប្រយោជន៍អំពីរឿងអាស្រូវនេះយ៉ាងឆាប់រហ័ស។ លោក ម៉ារីន ឡឺប៉ង់ (Marine Le Pen) បេក្ខជនឈរឈ្មោះតំណែងប្រធានាធិបតីមកពីគណបក្សស្ដាំនិយមហួសថ្កោលទោសចំពោះអំពើពុករលួយនយោបាយដែលកំពុងតែកើតមានជាបន្ដទៅទៀតដូចគ្នានឹងសមាជិកនៃគណបក្សសង្គមនិយម ជំទាស់សំខាន់ដែរ។
លោកស្រី ម៉ារទីន អូប៊្រី (Martine Aubry) ប្រធានគណបក្សសង្គមនិយមដែលជាបេក្ខនារីឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតីម្នាក់ដែរនោះ ពិព័ណ៌នាហៅរឿងនោះថា ជារឿងមួយធ្ងន់ធ្ងរជាងគេនៅក្នុងប្រវត្ដិសាស្ដ្របារាំង។ លោកស្រីអំពាវនាវឲ្យមានការស៊ើបអង្កេតយ៉ាងពេញលេញ។
លោក សារកូស៊ី ឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតីបារាំងនៅឆ្នាំ២០០៧ ដោយបានសន្យាថា នឹងបង្កើតរដ្ឋាភិបាលល្អស្អាតស្អំ មួយ។ ប្រធានាធិបតីកាន់តំណែងមុនលោក គឺលោក ហ្សាក់ស៍ ឈីរ៉ាក់ (Jacques Chirac) ត្រូវបានតាមដានដោយសារការអះអាង អំពីអំពើពុករលួយមួយចំនួន ដែរក្នុងពេលវិជ្ជាជីវ:នយោបាយរបស់ដ៏យូរលង់របស់លោក។ នាបច្ចុប្បន្ននេះលោកត្រូវជំនុំជម្រះកាត់សេចក្ដីក្នុងបទពាក់ព័ន្ធនឹង អំពើពុករលួយខ្លះៗ។ ក៏ប៉ុន្ដែរដ្ឋអាជ្ញាបានសុំឲ្យតុលាការលុបចោលករណីរឿងលោក ឈីរ៉ាក់ ដោយមកពីការខ្វះភស្ដុតាងគ្រប់គ្រាន់៕
ប្រែសម្រួលដោយ កងស៊ីវន