ប្រទេសទួរគីបានហាមឃាត់គេហទំព័រអ៊ីនធីណែតច្រើនជាងប្រទេសផ្សេងៗទៀតនៅក្នុងទ្វីបអឺរ៉ុប។ ឥឡូវនេះ រដ្ឋាភិបាល គ្រោងនឹងចាត់វិធានការគ្រប់គ្រងថ្មីៗបន្ថែមទៀត ដែលក្រុមមន្ត្រីនិយាយថា មានការចាំបាច់ក្នុងការការពារកុមារ។ ក្រុមអ្នករិះគន់ព្រួយបារម្ភថាការណែនាំថ្មីទាំងនេះតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងមួយក្នុងការគ្រប់គ្រងគេហទំព័រ។
រដ្ឋាភិបាលទួរគីបានហៅការគ្រប់គ្រងថ្មីរបស់ខ្លួនទៅលើប្រព័ន្ធអ៊ីនធឺណែតថាជាការប្រើប្រាស់អ៊ីនធឺណែតប្រកបដោយសុវត្ថិភាព។ វិធានការទាំងនេះនឹងចូលជាធរមាននៅក្នុងខែសីហា ហើយតម្រូវឱ្យអ្នកប្រើប្រាស់អ៊ីនធឺណែតទាំងអស់ត្រូវជ្រើសរើសយកប្រអប់សម្រង់ទិន្នន័យចម្រោះមួយក្នុងចំណោមបួនដែលដំណើរការដោយក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណែតរបស់ពួកគេ។ សាស្រ្តាចារ្យច្បាប់ យ៉ាមមែន អាកដឺនី (Yamman Akdeniz) នៅឯសាកលវិទ្យាល័យប៊ីលហ្គី (Bilgi) ក្នុងទីក្រុង អ៊ីស្តានប៊ូល និយាយថា វិធានការទាំងនេះបើកផ្លូវឱ្យមានការត្រួតពិនិត្យពីសំណាក់រដ្ឋាភិបាលទៅលើប្រព័ន្ធអ៊ីនធឺណែត។
«យើងមានការព្រួយបារម្ភថា រដ្ឋាភិបាលនឹងធ្វើការពង្រឹង និងបង្កើតហេដ្ឋារចនាសម្ព័ន្ធត្រួតពិនិត្យមួយ។ សូម្បីតែសម្រង់ទិន្នន័យធម្មតាក៏អាចចាត់ជាប្រព័ន្ធសម្រង់ទិន្នន័យចម្រោះមួយដែរហើយបញ្ហាគឺថារដ្ឋាភិបាលជាអ្នកតម្រូវឱ្យធ្វើ រដ្ឋាភិបាលគ្រប់គ្រង ហើយមិនមានប្រទេសផ្សេងទៀតនៅក្នុងសហភាពអឺរ៉ុបឬក្រុមប្រឹក្សាអឺរ៉ុប ដែលមានប្រព័ន្ធស្រដៀងគ្នានេះទេ។ ហើយសេចក្តីសម្រេចចិត្តក៏បាននិយាយផងដែរថា ប្រសិនបើជនណាម្នាក់ព្យាយាមគេចចេញពីប្រព័ន្ធនេះ នឹងទទួលរងវិធានការបន្ថែមទៀត»។
ក្រុមមន្រ្តីរដ្ឋាភិបាលនិយាយថា បទប្បញ្ញត្តិថ្មីនេះគឺត្រូវការជាចាំបាច់ដើម្បីការពារក្រុមគ្រួសារ ជាពិសេសកុមារ ពីរូបភាពអាសអាភាស។ ប៉ុន្តែ ក្រុមអ្នករិះគន់និយាយថា វាមិនមានភាពច្បាស់លាស់ទេ ថាតើគេហទំព័រមួយណាអាចត្រូវបានហាមឃាត់ ហើយដោយមូលហេតុអ្វី ហើយបទប្បញ្ញត្តិទាំងនេះក៏អាចត្រូវបានប្រើប្រាស់ ដើម្បីបំបិទសំឡេងគេហទំព័រនយោបាយផងដែរ។ ណាដាយ ម៉ាធឺ (Nadire Mater) គឺជាប្រធានគេហទំព័រសិទ្ធិមនុស្សរបស់ទួរគី ដែលមានឈ្មោះថា ប៊ីយ៉ាណែត (Bianet)។
លោកបានមានប្រសាសន៍ថា៖
«អ្វីៗអាស្រ័យទៅលើរដ្ឋាភិបាល អាស្រ័យទៅលើរដ្ឋមន្រ្តី អ្នកណាក៏គេអាចដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅបានដែរ។ នេះមិនមែនជាប្រជាធិបតេយ្យមួយនោះទេ។ យើងធ្លាប់បានជួបប្រទះនូវហេតុការណ៍បែបនេះពីមុនមក ពីព្រោះថា ពីមួយពេលទៅមួយពេល ក្រុមប៉ូលីសបានចែកចាយនូវបញ្ជីខ្មៅទាំងនេះ។ ហើយនៅក្នុងហាងអ៊ីនធឺណែតកាហ្វេឬក្រុមហ៊ុនមួយចំនួនយើងទទួលការត្អូញត្អែពីភ្ញៀវដែលបាននិយាយថាពួកគេមិនអាចចូលទៅអានគេហទំព័រប៊ីយ៉ាណែតបានទេ»។
គេហទំព័រប៊ីយ៉ាណែតរិះគន់រដ្ឋាភិបាលចំពោះការបង្កើតឱ្យមានវិធានការថ្មីដោយក្រិត្យច្បាប់ ជាជាងដោយការបោះឆ្នោតមួយនៅក្នុងរដ្ឋសភាហើយកំពុងធ្វើការជំទាស់ទៅនឹងការគ្រប់គ្រងថ្មីនេះតាមរយៈតុលាការ។ សេរីភាពអ៊ីនធឺណែតគឺជាកង្វល់មួយនៅក្នុងសហភាពអឺរ៉ុប ដែលប្រទេសទួរគីកំពុងស្វែងរកការចូលរួមជាសមាជិក។ ស្នងការសហភាពអឺរ៉ុបសម្រាប់ការពង្រីកសមាជិកភាព ស្តេហ្វាន ហ្វូល (Stefan Fule) បានគូសបញ្ជាក់អំពីកង្វល់ទាំងនោះ នៅចំពោះមុខសភាអឺរ៉ុបកាលពីដើមឆ្នាំនេះ។
«សេរីភាពសារព័ត៌មានមានន័យថាជាការធានាឱ្យបាននូវវេទិការមួយសម្រាប់សាធារណជនក្នុងការជជែកដេញដោលគ្នាដោយសេរីដែលរួមទាំងការជជែកដេញដោលតាមអ៊ីនធឺណែតផងដែរ។ សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុប បានគូសបញ្ជាក់ចំៗអំពីបញ្ហាទាំងនេះ»។
ការខ្វល់ខ្វាយគឺស្ថិតនៅជុំវិញ ប្រវត្តិនៃប្រទេសទួរគីដែលតុលាការបានហាមប្រាមគេហទំព័រច្រើនជាងប្រទេសផ្សេងៗទៀតនៅក្នុងសហភាពអឺរ៉ុប។ នៅក្នុងឆ្នាំ២០០៩ រដ្ឋបានបញ្ឈប់ការចេញផ្សាយតួរលេខ ប៉ុន្តែ តួរលេខចុងក្រោយត្រូវបានគេជឿជាក់ថាលើសពីចំនួន១២.០០០គេហទំព័រ។ ជាថ្មីម្តងទៀត លោកសាស្រ្តាចារ្យ អាកដឺនី បានថ្លែងអំពីរឿងនេះ។
«គេហទំព័រចំនួនរាប់ពាន់ត្រូវបានបិទ។ ទោះបីជារដ្ឋាភិបាលអះអាងថា ពួកគេមែនទែនទៅបិទការចូលមើលគេហទំព័រអាសអាភាស តែមានគេហទំព័រព័ត៌មានដែលមានទស្សនៈផ្ទុយចំនួនរាប់រយ ជាពិសេសគេហទំព័រដែលទាក់ទងនឹងការជជែកដេញដោលអំពីជនជាតិឃឺដ (Kurdish) ត្រូវបានបិទមិនឱ្យចូលមើលបាន ដោយសារហេតុផលនយោបាយ»។
ប្រែសម្រួលដោយ ឌីខាំ បូលី