ជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ាជាប្រធានបទគ្របដណ្តប់ជំនួបដំបូងរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានឆ្នាំនេះ នៅក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃសុក្រ ដោយអ្នកការទូតកំពូលឥណ្ឌូណេស៊ីនិយាយថា រដ្ឋជាសមាជិកបានពិភាក្សាគ្នាដោយស្មោះត្រង់អំពីបញ្ហានេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីដែលជាប្រធានកិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅឆ្នាំនេះបាននិយាយថា ប្លុកនេះបានជំរុញឱ្យមានកិច្ចសន្ទនារវាងបណ្តាភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយអាស៊ានបានពិភាក្សាស៊ីជម្រៅអំពីបញ្ហានេះកាលពីថ្ងៃសុក្រ។
បន្ទាប់ពីថ្លែងបើកកិច្ចប្រជុំជាមួយសមភាគីរបស់លោកស្រីនៅក្នុងតំបន់ដែលពួកមេដឹកនាំយោធាមីយ៉ាន់ម៉ាបានត្រូវគេរារាំងមិនឱ្យចូលរួមនោះ លោកស្រី Retno Marsudi បានថ្លែងប្រាប់សន្និសីទកាសែតថា៖ «ជំនួបនេះនឹងផ្តោតលើការពិភាក្សាបញ្ហាមីយ៉ាន់ម៉ានៅក្នុងលក្ខណៈបើកចំហ ស៊ីជម្រៅ និងស្មោះត្រង់ដូចគ្រួសារតែមួយ»។
ចាប់តាំងពីការដណ្តើមអំណាចដោយរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈកាលពី២ឆ្នាំមុន ពួកយោធាមីយ៉ាន់ម៉ាបានធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងភាពចលាចល និងអំពើហិង្សា ហើយមិនបានអនុវត្តផែនការសន្តិភាពរបស់អាស៊ាន ដែលរួមមានការបញ្ឈប់ជម្លោះ ហើយចាប់ផ្តើមការសន្ទនានោះទេ។
លោកស្រី Retno បាននិយាយទៀតថា ការកាត់បន្ថយអំពើហិង្សា និងការអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌នឹងក្លាយជាគន្លឹះមួយដើម្បីធ្វើឱ្យប្រាកដថា ការពិភាក្សានោះអាចចាប់ផ្តើមបាន។
ឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ាន បានសន្យាថា ខ្លួនមិនបណ្តោយឱ្យក្លាយជាចំណាប់ខ្មាំងនៃបញ្ហាមីយ៉ាន់ម៉ាទេ។ ក៏ប៉ុន្តែ ប៉ុន្មានថ្ងៃបន្ទាប់ពីពួកយោធាបានប្រកាសពន្យារការគ្រប់គ្រងក្នុងគ្រាអាសន្ន អាស៊ានបានប្រឈមសំណួរដ៏លំបាកថា តើត្រូវដោះស្រាយវិបត្តិនោះយ៉ាងដូចម្តេច នៅពេលដែលការរកាំចិត្តបានកើនឡើងដោយសារពួកយោធាមិនអនុវត្ត អ្វីដែលហៅថា ផែនការ៥ចំណុចដែលពួកគេបានព្រមព្រៀងគ្នា។
មេដឹកនាំយោធាបានត្រូវគេរារាំងមិនឱ្យចូលរួមក្នុងជំនួបជាន់ខ្ពស់របស់អាស៊ានទេ ក៏ប៉ុន្តែការចូលរួមនៅកម្រិតផ្សេងទៀតកំពុងពិភាក្សានៅឡើយ។ នេះបើតាមលោក Sidharto R. Suryodipuro។
មន្ត្រីការបរទេសឥណ្ឌូណេស៊ីដែលបាននិយាយនៅខាងក្រៅជំនួបនោះកាលពីថ្ងៃសុក្រ។
លោកបាននិយាយទៀតថា៖ «សម្រាប់ជំនួបផ្សេងទៀត បញ្ហានេះនឹងត្រូវបន្តពិគ្រោះ។ ក៏ប៉ុន្តែ តាមគោលការណ៍គឺថា នៅពេលនេះ មិនមានភាគីណាមួយមានភាពស្របច្បាប់អង្គុយនៅអាសនៈរបស់មីយ៉ាន់ម៉ាទេ»។
កាលពីដើមសប្តាហ៍មុន ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោកមានគម្រោងបញ្ជូនឧត្តមសេនីយ៍កំពូលម្នាក់ដើម្បីជួបជាមួយពួកមេដឹកនាំយោធាមីយ៉ាន់ម៉ានៅក្នុងការប៉ុនប៉ងទាក់ទងឱ្យពួកគេចរចាអំពីអន្តរកាលប្រជាធិបតេយ្យ។
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបដិសេធពុំព្រមផ្តល់សេចក្តីលម្អិតបន្ថែមទៀតអំពីបេសកជនយោធារបស់ខ្លួនទេ ក៏ប៉ុន្តែប្រធានាធិបតីឥណ្ឌូណេស៊ីបាននិយាយថា លោកសង្ឃឹមថា លោកឧត្តមសេនីយ៍នោះនឹងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាឱ្យបានឆាប់តាមដែលអាចធ្វើបាន៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន