ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួយ​មនុស្សធម៌​អាទិភាព​សម្រាប់​វិបត្តិ​នៅ​លីប៊ី


ក្រុម​អ្នក​ប្រយុទ្ធ​លីប៊ី​​ប្រឆាំង​រដ្ឋាភិបាល​ អង្គុយ​​ជិត​​ភ្នក់​ភ្លើង​កំដៅ​ពេល​គេ​គ្រប់​គ្រង​ច្រក​ចេញចូល​មួយ​នៅ​ជាយស្រុក​ Nalut​ នៅ​ភាគ​នីរតី​ ប្រទេស​លីប៊ី នៅ​ថ្ងៃ​ទី​២៨​កុម្ភ: ឆ្នាំ​២០១១។
ក្រុម​អ្នក​ប្រយុទ្ធ​លីប៊ី​​ប្រឆាំង​រដ្ឋាភិបាល​ អង្គុយ​​ជិត​​ភ្នក់​ភ្លើង​កំដៅ​ពេល​គេ​គ្រប់​គ្រង​ច្រក​ចេញចូល​មួយ​នៅ​ជាយស្រុក​ Nalut​ នៅ​ភាគ​នីរតី​ ប្រទេស​លីប៊ី នៅ​ថ្ងៃ​ទី​២៨​កុម្ភ: ឆ្នាំ​២០១១។

ប្រទេស​បារាំង​និយាយ​ថា​ ជំនួយ​មនុស្សធម៌​ ហើយ​មិន​មែន​អន្ដរាគមន៍​យោធា​ទេ​ទើប​សម​ជា​អាទិភាព​ក្នុង​ការ​ដោះស្រាយ​អំពើ​ឃោរឃៅ​នៅ​ក្នុង​ប្រទស​លីប៊ី ​ចំពេល​ដែល​មាន​កិច្ច​ប្រឹងប្រែង​កាន់​តែ​ខ្លាំង​ដោយ​ក្រុម​ប្រឆាំង​លីប៊ី​ដើម្បី​បណ្ដេញ​មេ​ដឹកនាំ​ប្រទេស​យូរ​អង្វែង​ មូម៉ារ​ កាដាហ្វ៊ី​ (Moammar​ Gadhafi)​ ចេញ​ពី​តំណែង។

នៅ​ក្នុង​សេចក្ដី​សម្ភាសន៍​តាម​ទូរទស្សន៍​កាល​ពី​ថ្ងៃ​អង្គារ​ទី១​ខែ​កុម្ភៈ​ អ្នក​នាំ​ពាក្យ​របស់​រដ្ឋា​ភិបាល​បារាំង​ លោក​ ហ្វ្រង់ស្វ័រ បារ៉ូអាំង (Francois​ Baroin)​ ថ្លែង​ថា​ រដ្ឋាភិបាល​ទី​ក្រុង​បារីស​ស្លុត​ចិត្ដ​ចំពោះ​អំពើ​ឃោរ​ឃៅ​នៅ​ក្នុង​ប្រទេស​លីប៊ី​ ហើយ​បាន​ចាត់​ទុក​មេ​ដឹកនាំ​ប្រទេស​ ម៉ូម៉ារ​ កាដាហ្វ៊ី​ ថា​មិន​មាន​តុល្យភាព​នៅ​ក្នុង​ខួរក្បាល​ទេ។

តែ​លោក​ បារ៉ូអាំង ​ថ្លែង​ថា​ អន្ដរាគមន៍​យោធា​ដើម្បី​ទម្លាក់​លោក​កាដាហ្វ៊ី ​មិន​មែន​ជា​អាទិភាព​របស់​ប្រទេស​បារាំង​ទេ។​ តែ​អាទិភាព​របស់​បារាំង​គឺ​ជំនួយ​មនុស្សធម៌​ដើម្បី​ជួយ​ពលរដ្ឋ​លីប៊ី​សាមញ្ញ​ទៅ​វិញ​ទេ។

សេចក្ដី​កត់​សម្គាល់​របស់​លោក​ធ្វើ​ឡើង​ខណៈ​ដែល​សហរដ្ឋ​អាមេរិក​រុញច្រាន​ឲ្យ​មាន​វិធានការ​ដ៏​ខ្លាំង​ជាងមុន​ពី​អន្ដរជាតិ​ប្រឆាំង​រដ្ឋាភិបាល​ទី​ក្រុង​ទ្រីបូលី។ ​មន្ដ្រី​ទី​ក្រុង​វ៉ាស៊ីនតោន​ថ្លែង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ខ្លួន​នឹង​បញ្ជូន​នាវា​ចម្បាំង​និង​យន្ដហោះ​ឲ្យ​ទៅ​នៅ​ក្បែរ​ប្រទេស​លីប៊ី។ ​ប្រទេស​អង់គ្លេស​បាន​ជំរុញ​ឲ្យ​បង្កើត​តំបន់​គ្មាន​ការ​ហោះ​ហើរ​នៅ​លើ​ប្រទេស​អាហ្វ្រីក​ខាង​ជើង​មួយ​នេះ។

នៅ​ថ្ងៃ​អង្គារ ​ប្រទេស​បារាំង​បាន​បញ្ជូន​បរិក្ខារ​ពេទ្យ​និង​បុគ្គលិក​តាម​យន្ដ​ហោះ​២គ្រឿង​ទៅ​កាន់​ទី​ក្រុង​ បេងកាហ្ស៊ី (Benghazi) នៅ​ភាគ​ខាង​កើត​ប្រទេស​លីប៊ី​ដែល​កាន់កាប់​ដោយ​ក្រុម​បះបោរ។​ លោក​ បារ៉ូអាំង​ថ្លែង​ទៀត​ថា​ មាន​ជំនួយ​បន្ថែម​នឹង​មក​ដល់។​ ប្រទេស​បារាំង​បាន​ស្នើ​បញ្ជូន​ក្រុម​មួយ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ពាក់ព័ន្ធ​នឹង​ការ​បង្រ្កាប​របស់​មេ​ដឹកនាំ​លីប៊ី​អ្នក​ប្រឆាំង​រដ្ឋាភិបាល។

ជា​ទូទៅ​សហភាព​អឺរុប​បាន​ប្រកាស​បំរាម​ហាម​ឃាត់​មិន​ផ្ដល់​អាវុធ​និង​ហាម​មិន​ចេញ​ទិដ្ឋាការ​ប្រឆាំង​ប្រទេស​លីប៊ី។ ​នៅ​ក្នុង​ទី​ក្រុង​ហ្សឺណែវ​ (Geneva) ​កាល​ពី​ថ្ងៃ​ច័ន្ទ នាយិកា​ខាង​កិច្ចការ​គោល​នយោបាយ​ការ​បរទេស​របស់​សហភាព​អឺរុប​ គឺ​លោក​ស្រី ​កាថារីន​ អ៊ែស្ហថិន (Catherine ​Ashton) ថ្កោល​ទោស​អ្វី​ដែល​លោក​ស្រី​ពិពណ៌នា​ថា​ជា​«បទ​រំលោភ​ធ្ងន់ធ្ងរ​មក​លើ​សិទ្ធិ​មនុស្ស»​ដែល​ប្រព្រិត្ដ​ធ្វើ​ដោយ​រដ្ឋាភិបាល​កាដាហ្វ៊ី។

«អំពើ​ឃោរឃៅ​និង​ការ​សង្កត់​សង្កិន​ត្រូវ​តែ​ឈប់។ ​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​អំពើ​ឃោរឃៅ​ត្រូវ​យក​មក​ឲ្យ​តុលាការ​កាត់ទោស»។

បារាំង​និង​ អង់គ្លេស​បាន​ស្នើ​ឲ្យ​បើក​សន្និសីទ​កំពូល​ជា​បន្ទាន់​ ដើម្បី​ពិភាក្សា​អំពី​ការ​បះបោរ​នៅ​ក្នុង​ប្រទេស​លីប៊ី​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​រយ​នាក់​ស្លាប់​ និង​របួស​ រុញ​ច្រាន​ឲ្យ​ជន​បរទេស​ច្រើន​សន្ធឹក​គេច​ចេញ​ពី​ប្រទេស​លីប៊ី៕

ប្រែ​សម្រួល​ដោយ​ អ៊ូ ធួក

វីដេអូថ្មីៗបំផុត

XS
SM
MD
LG