សកម្មភាពរបស់បុគ្គលិកក្លាហានម្នាក់នៅក្នុងហាងលក់គ្រឿងទេស Kosher នៅក្នុងក្រុងប៉ារីស ដែលបានរងការវាយប្រហារដោយជនប្រដាប់អាវុធម្នាក់ បានធ្វើឲ្យបុរសវ័យក្មេងមួយរូបទទួលសញ្ជាតិបារាំងមុនពេលកំណត់។
លោក Lassana Bathily បាននិយាយប្រាប់វីអូអេនៅក្នុងសេចក្តីសម្ភាសន៍មួយកាលពីថ្ងៃសៅរ៍ថា លោកប្រធានាធិបតីបារាំង Francois Hollande បានហៅទូរស័ព្ទមកលោក ហើយបានសន្យាថានឹងផ្តល់សញ្ជាតិបារាំងឲ្យលោក។
លោក Bathily ដែលជាបុរសកាន់សាសនាអ៊ីស្លាមម្នាក់អាយុ២៤ឆ្នាំមកពីប្រទេស ម៉ាលី ដែលបានលាក់ក្រុមអតិថិជននៅក្នុងបន្ទប់ដាក់សាច់ឱ្យកកនៅក្នុងជាន់ក្រោមនៃហាងលក់ម្ហូបអាហារនោះ នៅមុនលោករត់គេចខ្លួនទៅប្រាប់ប៉ូលិសអំពីការវាយប្រហារ បាននិយាយថាសាសនារបស់អ្នកដែលលោកបានជួយសង្គ្រោះមិនមែនជាបញ្ហាសម្រាប់រូបលោកទេ។
លោក Bathily បានថ្លែងប្រាប់ផ្នែកផ្សាយជាភាសា Bambara នៃវីអូអេថាសកម្មភាពទាំងនេះរបស់លោក «គ្មានទាក់ទិនអ្វីនឹងជំនឿសាសនាទេ» ដោយលោកបាននិយាយបន្ថែមថា ក្រុមអតិថិជនទាំងនោះជាមនុស្ស «ស្លូតត្រង់» ដែល «មិនបានធ្វើអ្វីខុសទេ»។
លោក Bathily បានត្រូវកោតសរសើរ ថាជាវីរបុរសម្នាក់ដោយសារសកម្មភាពលោកនៅពេលមានការវាយប្រហារភេរវកម្មនោះ៕