មនុស្សយ៉ាងតិចបួននាក់បានស្លាប់នៅថ្ងៃពុធនេះបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងនៅភាគខាងជើងប្រទេសហ្វីលីពីន។
ទីភ្នាក់ងារភូគព្ភសាស្ត្រសហរដ្ឋអាមេរិកបាននិយាយថា ខេត្ត Abra នៅលើកោះ Luzon គឺជាចំណុចកណ្តាលនៃការរញ្ជួយដីកម្លាំងរំញ័រ៧,០លើជញ្ជីងរិចទ័រនៅជម្រៅរាក់ គឺជម្រៅតែ១០ គីឡូម៉ែត្រប៉ុណ្ណោះ។ អាជ្ញាធរហ្វីលីពីននិយាយថា មនុស្សយ៉ាងហោចណាស់ ៤៤ នាក់បានរងរបួសក្នុងគ្រោះមហន្តរាយនេះ។
អាជ្ញាធរនិយាយថា អគាររាប់សិបខ្នងបានដួលរលំ ឬរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទូទាំងខេត្ត Abra។ រូបថតដែលបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក Joy Bernos អភិបាលរងខេត្ត Abraបង្ហាញអ្នកស្រុក និងបុគ្គលិកឈរនៅខាងក្រៅមន្ទីរពេទ្យដែលមានដីក្រហូងនៅខាងមុខអគារបណ្តាលមកពីការរញ្ជូយនោះ។
ការរញ្ជួយដីនេះមានរលករញ្ជួយដល់រដ្ឋធានីម៉ានីលដែលមានចម្ងាយប្រហែល៣០០គីឡូម៉ែត្រភាគខាងត្បូងនៃចំណុចកណ្តាលរញ្ជួយដី។ ប្រធានាធិបតីលោក Ferdinand Marcos, Jr. បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថា ការរញ្ជួយដីនេះ«មានកម្លាំងខ្លាំង»ណាស់ ហើយបានបណ្តាលឱ្យចង្កៀងនៅក្នុងការិយាល័យរបស់លោករញ្ជួយ។ លោកប្រធានាធិបតី Marcos បាននិយាយថា លោកនឹងជិះយន្តហោះទៅកាន់ខេត្ត Abras នៅថ្ងៃព្រហស្បតិ៍ ដើម្បីពិនិត្យមើលការខូចខាត។
ហ្វីលីពីនដែលជាប្រទេសប្រជុំកោះនេះឋិតនៅអាស៊ីអាគ្នេយ៍ក្នុងតំបន់ «Ring of Fire» គឺក្រវ៉ាត់ភ្នំភ្លើងប៉ាស៊ីហ្វិកដែលមានចលនាភ្នំភ្លើងការរញ្ជួយដី ដោយសារល្បាក់ស្ថានដី។ ប្រទេសនេះក៏រងការបំផ្លិចបំផ្លាញជារៀងរាល់ឆ្នាំផងដែរដោយសារព្យុះប្រហែល ២០ក្នុងមួយឆ្នាំ ដែលធ្វើឱ្យហ្វីលីពីនក្លាយជាប្រទេសរងគ្រោះមហន្តរាយបំផុតក្នុងពិភពលោក៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press and Reuters