មនុស្សយ៉ាងហោចណាស់៤នាក់ ដែលរួមបញ្ចូលទាំងជនសង្ស័យថាជាអ្នកវាយប្រហារម្នាក់ និងមន្ត្រីប៉ូលិសម្នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់បាត់បង់ជីវិតនៅក្នុងការវាយប្រហារមួយនៅក្បែសភារបស់អង់គ្លេស ដែលក្រុមអាជ្ញាធរចាត់ទុកថាជាអំពើភេរវកម្ម។
លោកមេបញ្ជាការ BJ Harrington បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធនៅក្នុងទីក្រុងឡុងដ៍ថា៖«បើទោះបីជាយើងនៅតែបើកចិត្តឲ្យទូលាយទៅលើមូលហេតុនៃឧបទ្ទវហេតុនេះក៏ដោយក្តី ក៏ការស៊ើបអង្កេតប្រឆាំងនឹងអំពើភេរវកម្មពេញលេញមួយកំពុងធ្វើឡើងហើយ»។
ការស៊ើបអង្កេតកំពុងធ្វើឡើងដើម្បីបញ្ជាក់ថាមិនមានអ្នកវាយប្រហារណាបន្ថែមទៀត បើទោះបីជាក្រុមមន្ត្រីប៉ូលិសបានបញ្ជាក់ថា ការវាយប្រហារនេះបានធ្វើឡើងដោយអ្នកវាយប្រហារតែឯកឯងក៏ដោយក្តី។
សភាបានបិទទ្វារក្រោយអ្នកវាយប្រហារម្នាក់បានចាក់មន្ត្រីប៉ូលិសមួយរូប មុននឹងត្រូវបានបាញ់ដោយមន្ត្រីប៉ូលិសដទៃទៀតនៅសភា។ មន្ត្រីប៉ូលិសដែលរងរបួសក្រោយមកបានស្លាប់ដោយសារតែរបួសនោះ។ មនុស្សយ៉ាងហោចណាស់២នាក់ត្រូវបានសម្លាប់ ហើយ៨នាក់ផ្សេងទៀតបានរងរបួសដោយសារតែរថយន្តមួយបានបើកបុកមនុស្សជាច្រើននាក់នៅក្បែរស្ពាន Westminster។
មន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូបបានប្រាប់ VOA ថា ការវាយប្រហារនេះគឺជាការវាយប្រហារដែលមាន៣ដំណាក់កាល។
ដំបូងឡើយ វាចាប់ផ្តើមដោយមានរថយន្ត SUV មួយគ្រឿងបានបើកលើស្ពាន Westminster ក្បែរសភាជាន់ទាបរបស់អង់គ្លេស ឬដែលហៅថា House of Commons។ រថយន្ត SUV នោះបានជិះឡើងលើចញ្ចើមផ្លូវ ហើយបានបុកអ្នកថ្មើរជើងជាច្រើននាក់។
យោងតាមប្រភពប៉ូលិស រថយន្តនោះបានបុកអ្នកដំណើរថ្មើរជើងមួយចំនួនផ្សេងទៀតនៅក្បែររបងនៅកន្លែងមួយហៅថា Old Palace Yard។
មន្ត្រីប៉ូលិសជាន់ខ្ពស់បានថ្លែងថា៖ «អ្នកវាយប្រហារនោះក្រោយមកបានបុករបង ហើយប៉ះទង្គិចនឹងប៉ូលិសយាមមួយរូបដែលបានព្យាយាមបញ្ឈប់អ្នកវាយប្រហាររូបនោះ។ អ្នកវាយប្រហារនោះបានចាក់ប៉ូលិសនោះជាច្រើនដង។ ហើយមន្ត្រីប៉ូលិសផ្សេងទៀតបានបាញ់ជនវាយប្រហារនោះ»។
គេបានឮសំឡេងកាំភ្លើងនៅរសៀលម៉ោង ២:៣៨នាទី ម៉ោងនៅក្នុងទីក្រុងឡុងដ៍ នៅខាងក្នុងសភាជាន់ទាប ខណៈពេលដែលក្រុមតំណាងរាស្ត្រកំពុងជជែកដេញដោលគ្នាអំពីការធ្វើកំណែទម្រង់ទៅលើប្រាក់សោធននិវត្តន៍។ ក្រុមសាក្សីបានថ្លែងថា ពួកគេបានឮសំឡេងកាំភ្លើងប្រហែល៦គ្រាប់។
លោក Tawhid Tanim បានប្រាប់ VOA ថា៖ «ឧបទ្ទវហេតុនេះបានកើតឡើងក្នុងរយៈពេលមួយនាទី។ ខ្ញុំបានចេញពីកន្លែងធ្វើការរបស់ខ្ញុំ ហើយខ្ញុំបានឃើញរថយន្តនោះ ហើយខ្ញុំបានឮសំឡេងកាំភ្លើងផ្ទុះឡើង។ មនុស្សម្នានាំគ្នារត់»។
នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតី Donald Trump បាននិយាយជាមួយនឹងលោកស្រីប្រធានាធិបតីអង់គ្លេស Theresa May ហើយលោកស្រីបានរៀបរាប់ត្រួសៗអំពីស្ថានភាពនៅក្នុងទីក្រុងឡុងដ៍។
អ្នកនាំពាក្យសេតវិមាន លោក Sean Spicer បានថ្លែងថា៖ «យើងថ្កោលទោសចំពោះការវាយប្រហារនៅថ្ងៃនេះ នៅ Westminster ដែលចក្រភពអង់គ្លេសចាត់ទុកថាជាអំពើភេរវកម្ម ហើយយើងកោតសរសើរចំពោះការឆ្លើយតបយ៉ាងរហ័សរបស់ប៉ូលិសអង់គ្លេស ហើយដែលអ្នកដែលឆ្លើយតបដំបូងបានគ្រប់គ្រងស្ថានការណ៍នោះបាន»៕