ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​ចិន​៤នាក់​ត្រូវបាន​សម្លាប់ ហើយ​ថ្នាំញៀន​មួយចំនួន​ត្រូវបាន​រឹបអូស​ក្នុង​ប្រតិបត្តិការ​បង្រ្កាប​គ្រឿងញៀន​នៅ​ហ្វីលីពីន


រូបឯកសារ៖ ភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន​ហ្វីលីពីន (PDEA) និង​ប៉ូលិស បាន​ចុះ​ឆែកឆេរ​ផ្ទះ​មួយ​រក​ជន​ដែល​គេ​សង្ស័យ​ថា​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​ក្រុង Taguig ខាងត្បូង​ទីក្រុង​ម៉ានីល កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
រូបឯកសារ៖ ភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន​ហ្វីលីពីន (PDEA) និង​ប៉ូលិស បាន​ចុះ​ឆែកឆេរ​ផ្ទះ​មួយ​រក​ជន​ដែល​គេ​សង្ស័យ​ថា​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​ក្រុង Taguig ខាងត្បូង​ទីក្រុង​ម៉ានីល កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។

អ្នករត់​ពន្ធ​គ្រឿង​ញៀន​ជន​ជាតិ​ចិន​៤​នាក់​ ត្រូវ​បាន​សម្លាប់​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញហើយ​ថ្នាំ​ញៀន​មេតាហ្វីតាមីន (methamphetamine) ចំនួន​៥០០​គីឡូក្រាម ​ត្រូវ​បាន​រឹប​អូស​នៅ​ក្នុង​ប្រតិបត្តិការ​បង្រ្កាប​មួយ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ភាគ​ខាងជើង​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប៉ូលិស​ហ្វីលីពីន​ ដែល​បាន​ពណ៌នាប្រតិបតិ្តការ​នោះ​ថា ជា​ការ​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ណាកូទិក​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​ហ្វីលីពីននៅ​ឆ្នាំ​២០២១​នេះ។ នេះ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

គ្រឿង​ញៀន​ដែល​រឹប​អូស​បាន​ក្នុង​កិច្ចប្រតិបតិ្តការ​បង្ក្រាប​នោះ ត្រូវ​បាន​ប៉ាន់តម្លៃ​ថា​ មានចំនួន​ជា​ទឹក​ប្រាក់​ប្រមាណ​ជិត​៧០​លាន​ដុល្លារ។ ថ្នាំ​ញៀន​ទាំង​នេះ ​ត្រូវ​បាន​ឈ្មួញលាក់ក្នុង​ទូក​តូចៗ​របស់​ពួក​គេ​ នៅ​ក្នុង​ដែន​ទឹក​អន្តរជាតិ​ ហើយ​រត់​ពន្ធ​ចូល​មក​ក្នុង​ប្រទេស​ហ្វីលីពីន។ នេះ​បើតាមការ​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​ប៉ូលិសជាតិ​ហ្វីលីពីន។

ឈ្មួញ​ជួញដូរ​គ្រឿង​ញៀនម្នាក់​ដែល​ត្រូវ​បានបាញ់​សម្លាប់​ មាន​ឈ្មោះ​ថា Xu Youha ដែល​ប៉ូលិស​និយាយ​ថា ជា​ឈ្មួញគ្រឿង​ញៀន​ខុស​ច្បាប់ដ៏​សកម្ម​ម្នាក់​ក្នុង​ប្រទេស​ហ្វីលីពីន​ ហើយ​ត្រូវ​បាន​ស្ថិត​ក្នុង​ការតាម​ដានឃ្លាំ​មើលក្នុង​ពេល​កន្លង​មក។

ប្រតិបតិ្តការ​បង្ក្រាប​តាម​រយៈ​ការ​ទិញ​ដូរ​មួយ​នេះ កើត​មាន​ឡើង​នៅ​ក្នុង​សណ្ឋាគារ​មួយកន្លែង​ ក្នុង​ទីក្រុង Candelaria ខេត្ត Zambales ក្នុង​ប្រទេស​ហ្វីលីពីន។ លទ្ធផល​នៃ​ការ​បង្ក្រាប​នោះ​ ឈ្មួញ​គ្រឿង​ញៀន​៤​នាក់​ ត្រូវ​បាន​សម្លាប់​ ដោយ​ពួក​គេ​បាន​បាញ់​តដៃ​ជា​មួយ​ក្រុម​ប្រតិបត្តិការបង្រ្កាប​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ព្យាយាមដើម្បី​រត់​គេច​ខ្លួន។ នេះ​បើតាម​ការ​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ប៉ូលិស។

ប៉ូលិស​ហ្វីលីពីន​ជឿ​ជាក់ថា ថ្នាំ​ញៀន​ទាំង​នេះ​ នឹង​ត្រូវ​គេ​យក​ទៅ​ចែក​ចាយ​បន្ត​នៅ​លើកោះ Luzon ដែល​ជា​ដែន​កោះ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​ហ្វីលីពីន។

ក្រុម​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កំពុង​ស្វះស្វែង​ធ្វើការ​ស៊ើបអង្កេត​យុទ្ធនាការ​ប្រឆាំង​ថ្នាំ​ញៀន​ដែល​អង្គការ​សិទ្ធិ​មនុស្ស​និយាយ​ថា បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់៕

XS
SM
MD
LG