ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​មន្រ្តី​ស.រ.អ.​ពិភាក្សា​អំពី​កិច្ចការ​ដែល​សម្រេច​បាន​នៅ​អ៊ីរ៉ាក់


ក្រោយ​ពីជម្លោះ​រយៈពេល​ជិត៩​ឆ្នាំ​កង​ទ័ពប្រយុទ្ឋ​របស់​សហរដ្ឋ​អាមេរិក​លែងនៅ​ក្នុង​ប្រទេសអ៊ីរ៉ាក់ (Iraq)​ទៀត​ហើយ។

សហរដ្ឋអាមេរិក​បាន​ចូល​ឈ្លានពាន​អ៊ីរ៉ាក់កាល​ពី​ខែ​មីនា​ឆ្នាំ​២០០៣ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាលរបស់ លោក ​សាដាម ហ៊ូសេន(Saddam Hussein) និង​ស្វែងរកអាវុធ​មហា​ប្រល័យ​ដែលត្រូវ​បានសង្ស័យ។ លោក សាដាម ហ៊ូសេនត្រូវ​បានទម្លាក់ពី​តំណែងប៉ុនែ្ត​អាវុធមហា​ប្រល័យរ​បស់លោក ​មិន​ដែល​ត្រូវ​បាន​រក​ឃើញ​ឡើយ។

លោក ចន បូលតុន (Jonh Bolton) អតីតឯកអគ្គរដ្ឋ​ទូតរបស់​សហរដ្ឋអាមេរិកប្រចាំ​នៅអង្គការ​សហប្រជាជាតិថ្លែង​ថា៖

កិច្ចការសំខាន់​ដែល​យើងសម្រេចបាននោះ​គឺ​ការ​ទម្លាក់ លោក​ សាដាម ហ៊ូសេន ពីមុខ​តំណែង និង​លុបបំបាត់​របប​របស់លោក ដែលបាន​បង្ក​ការ​គំរាម​កំហែង​ដល់​សន្តិភាព និង​សន្តិសុខ​អន្តជាតិ​ នៅ​ក្នុង​តំបន់ និងជាពិសេស ពិភពលោកតែ​ម្តង។ហើយ នោះជា​ការ​ពិតបើ​ទោះ​ជា​រឿងរ៉ាវចុងក្រោយ ស្ថិត​នៅ​លើ​អាវុធ​មហា​ប្រល័យ​ក៏​ដោយ​ ដែល​បញ្ជាក់​ថា ​របប​របស់លោក​បាន​បង្កការ​គំរាមកំហែង។

ប៉ុន្តែ លោកឧត្តមសេនីយ៍ ប្រេន ស្កូក្រូហ្វ (Brent Scowcroft)អតីត​ទីប្រឹក្សាសន្តិសុខ​ជាតិដែលបាន​ជំទាស់ទៅនឹង​ការ​ធ្វើ​អន្តរាគមន៏របស់​កងទ័ព​សហរដ្ឋ​អាមេរិក​នៅ​អ៊ីរ៉ាក់ ពិនិត្យមើល​រឿងនេះ​ តាម​ន័យ​ផ្សេង​មួយ​ទៀត។

ខណៈ​ដែល លោក ​សាដាម​បាន​ក្លាយ​ផ្នែកមួយនៃកិច្ចការ​ដ៏​គ្រោះថ្នាក់ប្រទេស​អ៊ីរ៉ាក់​ត្រូវ​បានបង្ក្រាប។ លោក សាដាម​មាន​មហិច្ឆតា​នៅ​ក្នុង​តំបន់ ប៉ុន្តែ លោក ​គា្មន​ផ្លូវ​ដើម្បី​អនុវត្ត​កិច្ចការនោះ​ទេ។ កងទ័ពរបស់​លោក​មានភាព​ទន់ខ្សោយ​ណាស់ដូច​ដែល​យើង​ស្តែងឲ្យ​ឃើញ នៅ​ពេល​ដែល​យើងវាយលុកចូល​ប្រទេសនោះ។ ហើយ លោក ​សាដាម​មិនបង្កការគំរាម​កំហែងខ្លាំងចំពោះតំបន់​ទេ។ ហើយ តម្លៃ​ដែល​យើងចំណាយដើម្បីលុបបំបាត់​ លោក ​សាដាម​ពិត​ជាខ្ពស់​ខ្លាំង​ណាស់។

កងទ័ព​សហរដ្ឋអាមេរិកជិត​៤ពាន់ ៥០០​នាក់ ត្រូវ​បានសម្លាប់ ហើយ​កងទ័ព​ប្រហែល​៣ម៉ឺននាក់ បាន​រង​របួស។ នៅ​ពេល​ជម្លោះ​នេះ​ឡើង​ដល់​ចំណុច​កំពូល​ ទាហាននិងកង​ទ័ព​ជើងទឹក​របស់សហរដ្ឋអាមេរិក​ប្រហែល ១សែន ៧ម៉ឺន​នាក់​ត្រូវ​បានបញ្ចូន​ទៅ​អ៊ីរ៉ាក់។ ជនជាតិ​អ៊ីរ៉ាក់​រាប់ម៉ឺននាក់ ​បាន​បាត់បង់​ជីវិត។ ទឹកប្រាក់ចំនួន​រាប់រយលាន​ដុល្លារ​ត្រូវ​បាន​ចំណាយ​លើ​កិច្ច​ប្រឹងប្រែងក្នុង​សង្រ្គាម។ ឥឡូវ​នេះ​បន្ទាប់​ពី​សង្រ្គាម​អស់​រយៈពេល​ជិត៩ឆ្នាំ​មក កងទ័ពប្រយុទ្ធ​របស់ ស.រ.អ. បាន​វិលត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួនវិញ​ហើយ។

លោក វីលៀម ខូហេន(William Cohen)អតីត​រដ្ឋមន្ត្រីការពារ​ជាតិ បានពិនិត្យទៅ​មើល​អ្វី​ដែល​អាច​សម្រេចបាន​ ក្នុង​កំឡុង​ពេល​អន្តរាគមន៏របស់​ស.រ.អ.នៅ​អ៊ីរ៉ាក់។

«យើង​បាន​ទទួល​ជោគជ័យ ដោយអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋអ៊ីរ៉ាក់​ចូលរួមក្នុង​ការបោះឆ្នោត។ ពន្លកនៃប្រជាធិបតេយ្យ​ ត្រូវ​បាន​រីកសុះសាយ ប៉ុន្តែថាតើពន្លកនោះ ​អាច​មាននិរន្តភាពដែរឬទេ គឺជាកិច្ចការដែល​ត្រូវ​រង់​ចាំ​មើល​តទៅ​ទៀត។ ប្រជា​ពលរដ្ឋអ៊ីរ៉ាក់​ត្រូវ​បានផ្តល់​ឱកាសឲ្យទទួលបាន​លទ្ធិ​ប្រជាធិតេយ្យដែលផ្ទុយ​ទៅ​នឹងរបប​គ្រប់គ្រងផ្តាច់ការ។ ថា​តើ​ពលរដ្ឋអ៊ីរ៉ាក់ ​មាន​លទ្ធភាព​ថែរក្សាលទ្ធិ​ប្រជាធិបតេយ្យ​ដែរឬអត់ គឺ​ជាបញ្ហា​របស់ពួកគេផ្ទាល់ ក្នុង​ការ​សម្រេចចិត្ត​ នៅពេល​នេះ»។

បើ​ក្រឡេក​មើលតួនាទី​របស់​សហរដ្ឋ​អាមេរិក នៅ​អ៊ីរ៉ាក់លោកឯក​អគ្តរដ្ឋ​ទូត​បូលតុន មានប្រសាសន៍​ថា ទីក្រុង​វ៉ាស៊ីនតោន​ប្រហែល​ជាមាន​វត្តមាន​យូរពេក​ដែលហួសពី​ការស្វាគមន៏​ទៅ​ទៀត។

«យើង​នឹងស្ថិត​ក្នុងលក្ខខណ្ឌប្រសើរ​ជាង​នេះចំពោះ​ការផ្ទេរការទទួល​ខុសត្រូវ​ផ្នែក​នយោបាយរបស់ប្រទេសអ៊ីរ៉ាក់​ទៅជនជាតិអ៊ីរ៉ាក់​វិញ​ឲ្យបាន​កាន់​តែ​ឆាប់​ជាង​នេះ។ ខ្ញុំ​គិត​ថា​ស្ថានភាពរបស់​យើង​ប្រហែល​ជា​ល្អ​ជាង​នេះ​ឆ្ងាយ​ណាស់ ប្រសិន​បើ​យើង​មិន​បាន​បង្កើត អាជា្ញធរ​បណ្តោះ​អាសន្នចម្រុះ ដែល​ជា​រដ្ឋាភិបាល​អន្តរកាលគាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ដើម្បី​ព្យាយាមនិង​ទទួល​ខុសត្រូវ​សម្រាប់​ពួក​យើង​ដើម្បីគ្រប់គ្រង​អ៊ីរ៉ាក់ ក្នុងរយៈពេលយូរ​ជាង​នេះ​។

សំរាប់​ថ្ងៃ​អនាគត លោក​ឧត្តមសេនីយ៍ ​ស្កូក្រូវ​បាន​មាន​ប្រសាសន៏​ដូច្នេះ​ថា៖

«ជំហានបន្ទាប់​សម្រាប់​ប្រទេស​អ៊ីរ៉ាក់ គឺ​ត្រូវ​ចុះ​សម្រុង​ជាមួយខ្លួន​ឯង​សិន។​អ៊ីរ៉ាក់​ជា​ប្រទេស​មួយ​ប្រកប​ដោយ​ភាពស្មុគស្មាញយ៉ាង​ខ្លាំង។ ប្រទេសនេះ បែក​ខ្ញែក​ដោយសារសាសនា​និង​ជនជាតិ។ ប្រទេសនេះ ជា​ប្រទេស​សម្បូរ​ភោគទ្រព្យប៉ុន្តែ​ភោគ​ទ្រព្យ​ទាំង​នោះ​មិន​ត្រូវបាន​ចែក​រំលែក​ស្មើគ្នា​នោះ​ទេ។ ប្រទេស​នេះ​ពិត​ជា​ត្រូវ​«រួបរួម​គ្នា»ច្រើន​ថែម​ទៀត ដែលចាំបាច់​ត្រូវដោះស្រាយ។

ចាប់​តាំង​ពី​ការ​ដកកង​ទ័ព​របស់សហរដ្ឋ​អាមេរិក ប្រទេស​អ៊ីរ៉ាក់​បាន​ប្រឈម​មុខនឹង​វិបត្តិ​នយោបាយ​កាន់​តែ​ខ្លាំង ហើយបាន​ក្លាយ​ជា​ទីតាំង​ទម្លាក់គ្រាប់បែករាប់​មិន​អស់។ ក្រុមមន្រ្តីសហរដ្ឋអាមេរិកបាន​ព្រមានថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ និងខែ​ខាងមុខសា្ថនភាព​នយោបាយ និង​សន្តិសុខ​នៅប្រទេស​អ៊ីរ៉ាក់​ អាចរំជើប​រំជួល៕

ប្រែសម្រួលដោយ ចាប ចិត្រា

XS
SM
MD
LG