លោក Slobodan Praljak អតីតមេបញ្ចាការយោធាបូស្ន៊ីក្រូអាដបានស្លាប់កាលពីថ្ងៃពុធបន្ទាប់ពីផឹកសារធាតុពុលនៅក្នុងបន្ទប់តុលាការក្រុងឡាអេរ៍ភ្លាមៗបន្ទាប់ពីចៅក្រមអង្គការសហប្រជាជាតិម្នាក់បានសម្រេចកាត់ទោសឲ្យលោកជាប់ពន្ធនាគារ២០ឆ្នាំចំពោះឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងជនជាតិបូស្ន៊ីកាន់សាសនាឥស្លាម នេះយោងតាមទីភ្នាក់ងារព័ត៌មានរបស់រដ្ឋក្រូអាដ។
ពួកអាជ្ញាធរអនុវត្តច្បាប់ហូឡង់បានប្រកាសក្នុងបន្ទប់តុលាការនៅឯតុលាការឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់ការកាត់ទោសអតីតឧក្រិដ្ឋជនយូហ្គោស្លាវីរូបនេះបន្ទាប់ពីលោក Praljak បានផឹកសារធាតុពុលក្នុងដបហើយបានស្រែកថា «ខ្ញុំមិនមែនជាឧក្រិដ្ឋជនសង្គ្រាមទេ»។
បន្ទាប់ពីចៅក្រមបានផ្អាកសវនាការហើយបានកោះហៅឲ្យបុគ្គលិកពេទ្យដែលស្ថិតនៅអគារតុលាការនោះបានចូលក្នុងបន្ទប់តុលាការដើម្បីធ្វើការព្យាបាល។ឆ្មាំការពារតុលាការម្នាក់បាននិយាយថា លោក Praljak បានទទួលការព្យាបាលអស់រយៈពេលជាងមួយម៉ោងបន្ទាប់ពីចុងចោទនោះបាននិយាយថា លោកបានផឹកសារធាតុពុល។
ព្រឹត្តិការណ៍នេះបានកើតមានឡើងនៅពេលដែលតុលាការឧក្រិដ្ឋកម្មសង្គ្រាមរបស់អង្គការសហប្រជាជាតិបានកាត់ទោសលោក Praljik និងពួកមេដឹកនាំនយោបាយនិងយោធាបូស្ន៊ីក្រូអាដ៥នាក់ទៀតដែលត្រូវបានកាត់ឲ្យជាប់ទោសនៅឆ្នាំ២០១៣ពីបទឧក្រិដ្ឋកម្មសង្គ្រាមក្នុងទសវត្សរ៍១៩៩០។
សេចក្តីសម្រេចនេះជាការសម្រេចចុងក្រោយដោយតុលាការដែលត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣។ តុលាការមានគម្រោងនឹងបិទសវនាការនៅពេលដែលអាណត្តិរបស់ខ្លួនផុតកំណត់នៅចុងឆ្នាំនេះ៕