ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ម្លាឌិក​នៃ​ប្រទេស​ស៊ែប​និង​ការផ្សះផ្សា​ជាតិ


ប្រទេស​ស៊ែប​​បាន​ប្រកាស​ពី​ការចាប់​ខ្លួន​ជនសង្ស័យ​លើ​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​​​​ គឺឧត្តម​សេនីយយោធា​បូស្នៀ​ស៊ែប រ៉ាតកូ​ ម្លាឌីក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី២៦​ ខែឧសភា ឆ្នាំ២០១១ ដែល​​​ត្រូវ​​បាន​​តាម​រក​​ចាប់​​ខ្លួន​​បំផុត​​នៅ​ទ្វីប​អឺរ៉ុប។
ប្រទេស​ស៊ែប​​បាន​ប្រកាស​ពី​ការចាប់​ខ្លួន​ជនសង្ស័យ​លើ​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​​​​ គឺឧត្តម​សេនីយយោធា​បូស្នៀ​ស៊ែប រ៉ាតកូ​ ម្លាឌីក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី២៦​ ខែឧសភា ឆ្នាំ២០១១ ដែល​​​ត្រូវ​​បាន​​តាម​រក​​ចាប់​​ខ្លួន​​បំផុត​​នៅ​ទ្វីប​អឺរ៉ុប។

ប្រទេស​ស៊ែបបាន​ប្រកាស​ពី​ការចាប់​ខ្លួន​ជនសង្ស័យ​លើ​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាមដែលត្រូវ​បាន​តាម​រក​ចាប់​ខ្លួន​បំផុត​នៅ​ទ្វីប​អឺរ៉ុប កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍មុន​នៅ​ចំ​ថ្ងៃ​ដែលប្រមុខគោល​នយោបាយ​ការបរទេសរបស់​សហភាព​អឺរ៉ុប ​ស្ថិតនៅ​ក្នុង​ទីក្រុង​បេលហ្គ្រាដ (Belgrade) ដើម្បី​ពិភាក្សាអំពី​ការស្នើ​សុំ​របស់​ប្រទេស​នេះ​ចូល​ទៅ​ក្នុង​ក្រុម​របស់​តំបន់។ ក្រុមអ្នក​សង្កេត​ការណ៍​ ថ្លែង​ថា ​ការចាប់​ខ្លួនឧត្តម​សេនីយ៍​យោធា​បូស្នៀ​ស៊ែប ឈ្មោះ រ៉ាតកូ ម្លាឌីក ​នឹង​ជួយ​ជម្រះការព្រួយ​បារម្ភរបស់​អន្តរជាតិ​អំពីប្រទេស​ស៊ែប ​និង​គាំទ្រដំណើរការ​ផ្សះ​ផ្សា​របស់​ខ្លួន។

ក្រុម​អ្នក​កាសែត​នៅ​ឯ​សន្និសីទ​សារព័ត៌មាន ​ដែលលោក​ប្រធានាធិបតីស៊ែប បូរីស​ ថាឌីក (Boris Tadic) បាន​ប្រកាស​ព័ត៌មាន​ពីការ​ចាប់​ខ្លួន​នេះ​ បាន​ចោទ​សួរ​អំពី​ពេល​វេលានៃ​ការ​ប្រកាស​នេះ ​ដែល​ជា​ការស្នើ​ឡើង​ថា ​ការប្រកាស​នេះ ប្រហែល​ជា​មិន​មែន​ជារឿង​ចៃដន្យ​ទេ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ចរបស់​ប្រមុខ​គោល​នយោបាយ​ការបរទេសរបស់​សហភាព​អឺរ៉ុប លោកស្រី​ ខាធឺរីន អាស្តុន (Catherine Ashton) ​ទេ។ លោក ថាឌីក បាន​ច្រាន​ចោល​ការស្នើ​ឡើង​នោះ​ថា រដ្ឋាភិបាលគួរ​តែ​អាចសម្រេច​បាន​លឿន​ជាង​នេះ​បន្តិច។

«យើង​មិន​កំពុង​ធ្វើការ​គណនា​ថា​តើ​នៅ​ពេល​ណា ​និង​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ចេញ​សេចក្តី​ប្រកាស​នោះ​ទេ។ យើង​កំពុង​ធ្វើ​កិច្ចការ​នេះ ដោយសារ​យើង​ពិត​ជា​ជឿ​ថា កិច្ចការ​នេះស្រប​ទៅ​តាម​ច្បាប់​របស់​យើង។ នេះ​គឺ​ដោយ​សារ​តែពលរដ្ឋ​របស់​យើង​ គឺ​ជនជាតិ​ស៊ែប។ នេះ​គឺ​ដោយ​សារ​តែ​សេចក្តី​ថ្លៃ​ថ្នូរ​ខាង​សីលធម៌​សម្រាប់ប្រទេស​យើង និង​ពលរដ្ឋ​យើង។ ប៉ុន្តែនេះ​ជា​កិច្ចការ​សំខាន់​យ៉ាង​ខ្លាំងខាងការផ្សះ​ផ្សា​ រវាង​ប្រជាពលរដ្ឋដែល​កំពុង​រស់នៅ​ក្នុង​តំបន់​អតីតប្រទេស​យូហ្គោស្លាវី​ ដែល​ស្ថិតនៅ​ទ្វីប​អឺរ៉ុបភាគ​អាគ្នេយ៍​នេះ»។

ប្រទេស​ស៊ែបស្ថិត​នៅ​ក្រោម​ការដាក់​សម្ពាធយ៉ាងខ្លាំង​ក្លា ដើម្បីចាប់​ខ្លួន លោក ម្លាឌីក។ កាល​ពី​សប្តាហ៍​មុន រដ្ឋ​អាជ្ញា​កំពូល​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​សម្រាប់​អតីតប្រទេស​យូហ្គោ​ស្លាវី​ (International Criminal Tribunal for the former Yugoslavia) បាន​ព្រមាន​ថា វិធី​សាស្ត្រ​ដ៏​ម៉ឺង​ម៉ាត់ច្រើន​ថែម​ទៀត មាន​ភាពចាំបាច់​ក្នុង​ការស្វែង​រក លោក ម្លាឌីក។ ហើយ ​សហភាព​អឺរ៉ុប​ បាន​ភ្ជាប់​សមាជិកភាព​របស់​ប្រទេស​ស៊ែប ​ទៅ​នឹងការឃុំខ្លួនមេដឹកនាំ​យោធា ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទរៀប​ចំ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើបុរស ​និង​ក្មេងប្រុស​កាន់​សាសនា​អ៊ីស្លាម​ចំនួន​ជិត​៨​ពាន់​នាក់ នៅ​ស្រិប​ប្រ៊ីនីត​សា (Srebrenica) ដែល​ជា​ទី​ក្រុងបូស្នៀតូច​មួយនៅ​តាម​បណ្តោយ​ព្រំដែនរបស់​ស៊ែប។

ការ​សម្លាប់​រង្គាល​ក្នុង​ឆ្នាំ​១៩៩៥ មាន​សភាព​ធ្ងន់ធ្ងរ​បំផុត​នៅ​អឺរ៉ុប ចាប់​តាំងពី​ការកាប់​សម្លាប់​ជនជាតិ​ជ្វីបដោយពួក​ណាហ្សី (Nazi) ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ។

លោក រ៉េហ្វីក ហូដហ្សីក (Refik Hodzic) នៃ​មជ្ឈមណ្ឌល​អន្តរជាតិសម្រាប់​យុត្តិធម៌​អន្តរកាល​ (International Center for Transitional Justice) នៅក្នុង​ទីក្រុង​ញ៉ូវយ៉ក ​មាន​ប្រសាសន៍​ថា ​សម្ពាធ​នេះ ​ហាក់​ដូច​ជា​មាន​ប្រសិទ្ធភាព​ដែរ។

«ខ្ញុំ​មិន​គិត​ថា យើង​នឹង​ឃើញ​ការចាប់​ខ្លួន​លោក រ៉ាតកូ ម្លាឌីក នោះ​ទេ ប្រសិន​បើ​មិន​មាន​សម្ពាធ»។

តុលាការ​អន្តរ​ជាតិ​នៅ​ទីក្រុង​ឡាអេ ក្នុង​ប្រទេស​ហូឡង់ បាន​ចោទ​ប្រកាន់ លោក​ ម្លាឌីក កាល​ពី​ឆ្នាំ​១៩៩៥ ពី​បទ​សម្លាប់​រង្គាលនៅ​ស្រិបប្រ៊ី​នីតសា ​និង​អំពើ​ឃោរឃៅ ​ដែល​ប្រព្រឹត្ត​នៅ​ក្នុង​អំឡុង​ពេល​ឡោម​ព័ទ្ធ​ទីក្រុង​របស់​បូស្នៀ ឈ្មោះ សារ៉ាជីវ៉ូ (Sarajevo)។ លោក ហូដហ្សីក និយាយ​ថា រដ្ឋ​អាជ្ញា មិន​គ្រាន់​តែ​កំពុង​ស្វែងរក​ភស្តុតាង ដែល​ភ្ជាប់​ លោក​ ម្លាឌីក ទៅ​នឹង​បទ​ឧក្រិដ្ឋកម្ម​ទាំង​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ស្វែងរក​ព័ត៌មាន​ស្តីពី​ថា​តើ ​ឧត្តម​សេនីយ៍​រូប​នេះ ​អាច​គេច​ចេញ​ពី​ការចាប់​ខ្លួន​អស់​រយៈពេលដ៏យូរ​បែប​នេះ ​យ៉ាង​ដូចម្តេច​ទៀត​ផង។

«មាន​ការចោទ​ប្រកាន់​ផ្សេងៗ​គ្នា​ពី​សំណាក់​តុលាការ​នៅ​ទីក្រុង​ឡាអេ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយនៅ​ក្នុង​តំបន់ ​ដែល​ថា​គាត់​បាន​ទទួល​ការការពារ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នោះ ​ពី​សំណាក់​ក្រុម​យោធា​ស៊ែប និង​ស្ថាប័ន​រដ្ឋ។ ហើយ​ អង្គហេតុ​ដែលបានលាតត្រដាងឲ្យដឹងនោះ​គឺ​ថា ​មនុស្ស​ទាំងឡាយ​នៅ​ក្នុង​សហគមន៍ ​ដែល​គាត់​បាន​រស់​នៅ ហើយ​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ បាន​និយាយ​ថា យើង​មិន​ដែល​កត់​សម្គាល់​ឃើញ​មាន​អ្វី​ចម្លែក​ទេ ប៉ុន្តែឃើញ​មាន​វត្តមាន​ក្រុម​ប៉ូលីស​កាន់​តែ​ច្រើន​ឡើងៗ នៅ​ក្នុង​រយៈ​ពេលប៉ុន្មានខែ និង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ»។

លោក​ប្រធានាធិបតី​ស៊ែប មាន​ប្រសាសន៍​ថា​នឹង​មាន​ការស៊ើប​អង្កេត​ថា​តើ​ លោក ម្លាឌីក បាន​រស់​នៅដោយ​សេរីអស់​រយៈ​ពេល​១៥​ឆ្នាំ​យ៉ាង​ដូច​ម្តេច។ បញ្ហា​នេះ ​បាន​ប៉ះពាល់​ទៅ​លើ​ភាពបែកខ្ញែក​គ្នាយ៉ាង​ជ្រាល​ជ្រៅនៅ​ស៊ែប ​អំពី​ថា​តើ​ លោក ម្លាឌីក គួរ​ត្រូវបាន​កាត់ទោស​ដែរ​ឬទេ។

ការស្ទាប​ស្ទង់​មតិ ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​ក្រុមប្រឹក្សា​ជាតិ​សម្រាប់​កិច្ច​សហប្រតិបតិ្តការ​ (National Council for Cooperation) របស់​រដ្ឋាភិបាល ​ជាមួយ​តុលាការ​ទីក្រុង​ឡាអេ ​នៅ​ក្នុង​ខែនេះ បាន​និយាយ​ថា ៧៨​ភាគរយ​នៃ​អ្នក​ដែល​ត្រូវ​បាន​ស្ទាប​ស្ទង់​មតិ ​នឹង​មិន​រាយការណ៍​អំពី លោក ម្លាឌីក ទៅ​ឲ្យ​អាជ្ញាធរ​ឡើយ។

«បាទ ជន​ជាតិ​ស៊ែប​ជា​ច្រើន ពិត​ជា​បាន​ចាត់​ទុក លោក រ៉ាតកូ ម្លាឌីក ថា​ដូច​ជា​វីរៈ​បុរស»។

លោក ជេម ឃើលីនសេ (James Ker-Lindsay) ជា​អ្នកជំនាញ​មួយ​រូប នៅ​ឯ​វិទ្យាស្ថាន​អឺរ៉ុប​ នៅ​សាលាសេដ្ឋកិច្ច ​និង ​វិទ្យា​សាស្រ្ត​នយោបាយ ​ទីក្រុង​ឡុងដ៍(London School of Economics and Political Science)បាន​មាន​ប្រសាន៍​ថា៖

«ពួក​គេ​បាន​ក្រឡេក​ទៅ​មើល​ហេតុការណ៍ ដែល​បាន​កើត​ឡើង​នៅ​បូស្នៀ ហើយ​ជា​ជាងចាត់ទុក​រូបគាត់​ថា​ជា​មេដឹកនាំ​យោធា ដែល​ប្រព្រឹត្ត​អំពើ​ឈ្លាន​ពាន ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ចាត់​ទុក​រូបគាត់​ ថា​ជា​អ្នក​ជួយ​ការ​ពារប្រជាពល​រដ្ឋបូស្នៀស៊ែប​ទៅ​វិញ។ ដូច្នេះ ក្នុង​ន័យ​នេះ​គឺ​ថា មាន​ការគាំ​ទ្រដ៏​អាថ៌​កំបាំង​មួយ​ចំនួនចំពោះរូបគាត់»។

ប៉ុន្តែ លោកនិយាយ​ថា ជន​ជាតិ​ស៊ែបមាន​ការខ្វែង​គំនិត​គ្នា ដោយ​សារ​តែ​ថា ​ពួកគេ​យល់​ឃើញ​ថា អនាគត​ប្រទេស​របស់​ពួកគេ ​ត្រូវតែ​ជា​ផ្នែក​មួយ​របស់​ទ្វីប​អឺរ៉ុប។

«នេះ​មិន​មែន​ជាការនិយាយ​អំពី​ការ​បំភ្លេច​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​បូស្នៀ ឬ​តំបន់​បាល់កង់​ភាគ​ខាង​លិច​ទាំង​អស់ កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៩០នោះ​ទេ។ ប៉ុន្តែ​នេះជាការ​និយាយ​អំពី​ការទទួល​ស្គាល់​ថា ប្រទេស​ស៊ែប ត្រូវ​ជម្រះ​ចោល​ឲ្យ​អស់​សម្រាប់​រឿង​រ៉ាវនេះ ប៉ះ​ប៉ូវ​មក​វិញ​ និង​ធ្វើ​ដំណើរ​ទៅ​មុខ។ ហើយប្រជា​ពលរដ្ឋយល់​ថា លោក ម្លាឌីក ពិត​ជាបុគ្គល​ដ៏​សំខាន់​ខ្លាំង​ នៅ​ក្នុង​ដំណើការ​នោះ»។

សាច់​ញាតិ​ជនរងគ្រោះនៅ​ស្រិបប្រ៊ី​នីតសា បាន​ស្វាគមន៍ព័ត៌មាន​អំពី​ការចាប់​ខ្លួន លោក ម្លាឌីក ប៉ុន្តែបាន​រក្សា​នូវ​ការ​សំចៃ​មាត់​ខ្លះ។

លោកស្រី ខាដា ហូទិក (Kada Hotic) ជា​សមាជិក​មួយ​រូប​ក្នុង​សមាគម​មាតា​នៅ​ស្រិបប៊្រី​នីត​សា។

លោកស្រី ចោទ​ប្រកាន់​ប្រទេស​ស៊ែប​ ពី​បទ​លាក់​ទុក លោក ម្លាឌីក ដោយ​ចេតនា​ ដែល​លោក​ស្រី​ពិពណ៌នា​ លោក ម្លាឌីក ថា​ជា«សត្វ​ចម្លែក»។​ លោក​ស្រី ហូទិក ថ្លែង​ថា​ បើ​ទោះ​ជាឧត្តមសេនីយ៍​រូប​នេះ ​កំពុង​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​កាន់​តុលាការ​ លោក​ស្រី​ព្រួយ​បារម្ភ​ថា ការ​កាត់​ទោស​លើ​រូប​គាត់​ នឹង​បញ្ចប់​ទៅ​ដោយ​គ្មាន​សាល​ដីការ ដូច​ធ្លាប់​បាន​កើត​ឡើង​នៅ​ក្នុង​ករណីលោក ស្លូបូដាន​ មីឡូសេវិក។ អតីត​ប្រធានាធិបតីយូហ្គោស្លាវី​រូប​នេះ បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​មន្ទីរ​ឃុំ​ឃាំង​ កាល​ពី​ឆ្នាំ​២០០៦ មុន​ពេល​ដែលការកាត់ទោស​លើ​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម បាន​បញ្ចប់។

លោក រ៉ាដូវ៉ាន ការ៉ាហ្សីក (Radovan Karadzic) មេដឹកនាំ​នយោបាយ​បូស្នៀ​ស៊ែប​ក្នុង​អំឡុងពេល​សង្គ្រាម កំពុង​ត្រូវ​បាន​កាត់​ទោស​នៅ​តុលាការ​ទី​ក្រុង​ឡាអេ នា​ពេល​បច្ចុប្បន្ន​នេះ។

ការ​ធ្វើ​បត្យាប័ន​លោក ម្លាឌីក ទៅ​កាន់​តុលាការ​អន្តរ​ជាតិ អាច​ត្រូវការ​ពេល​រហូត​ដល់​មួយសប្តាហ៍។ សូម្បី​តែបន្ទាប់​ពី​គាត់​នៅ​ទីនោះ​ក៏​ដោយ លោក​ ហូដហ្សីក ថ្លែង​ថា រដ្ឋាភិបាលស៊ែប ត្រូវ​តែ​ប្រាប់ប្រជា​ពលរដ្ឋ​ថា ​រដ្ឋាភិបាល​បាន​បញ្ជូនលោក ម្លាឌីក ទៅកាន់​ពន្ធនាគារ​ ដោយ​សារ​តែ គាត់​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍ ​គឺមិន​គ្រាន់​តែ​ដោយ​សារតែ ​វា​ជា​ការ​ណ៍​ល្អ​សម្រាប់មុខ​មាត់​របស់​ប្រទេស​ប៉ុណ្ណោះ​ទេ។

ខណៈ​ពេល​ដែល​ដំណើការ​ផ្ទៃ​ក្នុង​របស់​ស៊ែប​ស្តី​ពី​ការផ្សះ​ផ្សា នៅ​មិនទាន់ជាក់លាក់​នៅឡើយ​ ទំនាក់​ទំនងជាមួយខាងក្រៅរបស់​ប្រទេស​នេះ ក៏​មិន​ទាន់​ច្បាស់​លាស់​ដែរ។ ជន​រត់​គេច​ខ្លួន​ស៊ែប​ចុងក្រោយ​ម្នាក់​ទៀត ត្រូវ​តុលាការ​ ​នៅ​ឯ​ទីក្រុង​ឡាអេ តាម​រក​ចាប់​ខ្លួន។ សហភាព​អឺរ៉ុប​ មិន​ទាន់​និយាយនៅ​ឡើយ​ទេ​ ​ថាតើទី​ក្រុង​បេលហ្គ្រាដ​ ក៏​ត្រូវ​ចាប់​ខ្លួនមេដឹកនាំ​នយោបាយ ឈ្មោះ ហ្គូរ៉ាន ហាដហ្សីក (Goran Hadizc) ដើម្បី​ចូល​រួម​ក្នុង​ក្រុម​នោះ​ដែរ​ឬ​ទេ ឬ​ក៏​ថា​តើឧក្រិដ្ឋ​ជន​សង្គ្រាមដែល​ជាប់​សង្ស័យ​ចំនួន​បី​នាក់​ក្នុង​ចំណោម​បួន​នាក់​ មាន​ភាពល្មមគ្រប់​គ្រាន់​ដែរ​ឬ​ទេ៕

ប្រែសម្រួល​ដោយ លី សុខឃាង

XS
SM
MD
LG