ក្រុមសង្គមស៊ីវិល និយាយនៅថ្ងៃអង្គារនេះថាវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល(LANGO)ជាតម្រូវការចាំបាច់ ដើម្បីបើកឱកាសឲ្យពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាលមានសិទ្ធិចងក្រងសមាគម និងអង្គការ ឬក៏បំពេញការងារងាយស្រួលជាងមុន ដោយគ្មានការរារាំងពីអាជ្ញាធរមូលដ្ឋាន។
នេះជាការលើកឡើងរបស់ក្រុមសង្គមស៊ីវិលក្នុងសិក្ខាសាលាមួយស្តីពីការធ្វើវិសោធនកម្មច្បាប់ស្តីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដោយមានការចូលរួមពីក្រុមមេដឹកនាំ តំណាងអង្គការសង្គមស៊ិវិល និងមន្ត្រីជាន់ខ្ពស់នៃការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លើកឡើងថា ដំណើរការចុះបញ្ជីសមាគមដែលនៅតំបន់ជនបទ មានភាពស្មុគស្មាញ ហើយត្រូវចាយវាយថវិកា ដែលមិនតម្រូវដោយច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល។លោកបញ្ជាក់ថានេះជាការបន្ថែមលើមាត្រាដែលមានភាពរឹតត្បិតជាច្រើននៅក្នុងច្បាប់ដែលបង្កើតតាំងពីឆ្នាំ២០១៥។ លោកកត់សម្គាល់ថាចំណុចរឹតត្បិតនៃច្បាប់នេះនឹងរាំងខ្ទប់ការចូលរួមរបស់ពលរដ្ឋក្នុងការអភិវឌ្ឍភូមិឃុំ។
«គោលនយោបាយវិមជ្ឈការ វិសហមជ្ឈការក្នុងការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋទៅបានទេបាទ? អត់ធ្វើបានទេ។ហើយបើចុះបញ្ជី មិនមែនចុះបញ្ជីនៅឃុំបានឯណា៎!ចុះបញ្ជីអង្គការសមាគម គឺមកចុះនៅមហាផ្ទៃបាទ។ គ្រាន់តែធ្វើដំណើរមក ហើយអ្នកនៅដាច់ស្រយាលចុងកាត់មាត់ញក ទៅធ្វើម៉េចបាទ?»
ការចុះបញ្ជីថ្មីត្រូវបង់ប្រាក់៣០ម៉ឺនរៀល ហើយការជូនដំណឹងអំពីការផ្លាស់ប្តូរទីតាំង ឬក្បាលម៉ាស៊ីនដឹកនាំអង្គការសមាគមត្រូវបង់២០ម៉ឺនរៀល។ ការបង់ប្រាក់នេះ គឺជាផ្នែកមួយនៃការបង់សេវារដ្ឋបាល។នេះបើតាមមន្រ្តីសង្គមស៊ីវិលដែលចូលរួមសិក្ខាសាលានេះ។
លោក យង់ គិមអេង មានប្រសាសន៍ថា៖«គ្រាន់តែមានឆន្ទៈ កម្លាំងដើម្បីចូលរួម គំនិតដើម្បីចូលរួម ប៉ុន្តែខ្វះធនធាន ខ្វះថវិកា។ គាត់មានលុយពីណា? មានតែរកលុយឯណា?ហើយអ្នកណាដែលស្ម័គ្រចិត្តចេញលុយ៣០ម៉ឺន(រៀល) ដើម្បីចុះបញ្ជីឧទាហរណ៍? ហើយធ្វើដំណើរមកបាទ ហើយមកប៉ុន្មានម៉ោងបាទ? ហ្នឹងគឺរឿងស្មុគស្មាញបាទ»។
លោក យង់ គិមអេង ឲ្យដឹងទៀតថា ការប្រើប្រាស់ពាក្យពេចន៍ ដូចជាលើកកម្ពស់សន្តិភាព ឬក៏ប្រជាធិបតេយ្យ សម្រាប់ការចុះបញ្ជីសមាគម និងអង្គការ ក៏ប្រឈមនឹងការចោទសួររបស់មន្ត្រីទទួលបន្ទុកសម្រាប់ការចុះបញ្ជីអង្គការសមាគមដែរ។
«គ្រាន់តែគ្នាដាក់ពាក្យថា លើកកម្ពស់សន្តិភាពលើកកម្ពស់ប្រជាធិបតេយ្យ ក៏មានមន្ត្រីហ្នឹងគាត់សួរ បាទ។ ខ្ញុំគិតថាប្រហែលជា មិនមែនជាឆន្ទៈរបស់ថ្នាក់លើ ឬក៏យ៉ាងណា ឬក៏ជា ការយល់ឃើញរបស់មន្ត្រីម្នាក់ៗ ក៏មិនដឹង។ ខ្ញុំមិនដឹងថា ម៉េច។ គាត់សួរថាចុះរាល់ថ្ងៃឲ្យមានសន្តិភាព បានៗត្រូវការលើកកម្ពស់? ហើយដល់ពេលហើយ លើកកម្ពស់ប្រជាធិបតេយ្យគាត់សួរថា ចុះឥឡូវអត់មានប្រជាធិបតេយ្យបានត្រូវការលើកកម្ពស់?...ការកែប្រែទាំងពាក្យពេចន៍របៀបហ្នឹងទៀតគឺអាហ្នឹងវាជាបញ្ហាមួយធំ »។
ក្រុមអង្គការសមាគមបានពិនិត្យឃើញថាមានមាត្រាចំនួន១៤សំខាន់ៗ ដែលត្រូវការកែប្រែ ដោយសារមាត្រាទាំងនេះ មានលក្ខណៈរឹតត្បិតលើការបង្កើត និងការប្រព្រឹត្តទៅរបស់អង្គការសមាគមនៅប្រទេសកម្ពុជា។
លោកកន សាវាង្ស មន្ត្រីអង្កេតការបោះឆ្នោតរបស់អង្គការខុមហ្រ្វែល លើកឡើងអំពីការកំណត់អព្យាក្រឹត្យរបស់អង្គការសមាគមចំពោះគណបក្សនយោបាយថា ជាចំណុចមិនច្បាស់លាស់ ហើយបានក្លាយជាសម្ពាធមកលើប្រតិបត្តិការរបស់អង្គការសមាគម។
«អ្នកនយោបាយមួយចំនួនបានលើកឡើងអំពីអង្គការសង្គមស៊ីវិល ដែលលោកបានបញ្ចេញ ដែលលោកបានធ្វើសកម្មភាព ទាក់ទងនឹងសិទ្ធិ ឬក៏លទ្ធិប្រជាធិបតេយ្យហ្នឹង តែងតែលើកឡើងទាក់ទងថា គណបក្ស អាដេញអង្គការពួកហ្នឹងគាំទ្រក្រុមនេះ ក្រុមនោះជាដើមអ៊ីចឹង»។
លោកប្រាប់វីអូអេនៅក្រៅបន្ទប់សិក្ខាសាលាបន្ថែមថា៖ «ឧទាហរណ៍ទាក់ទងអង្គការដែលគេហៅ សហគមន៍ព្រៃឡង់ដែលលោកបានការពារទីកន្លែងព្រៃឈើនៅក្នុងព្រៃឡង់ ប៉ុន្តែមានការលើកឡើងអំពីផ្សេងៗក្នុងការថាអង្គការហ្នឹងធ្វើឲ្យប៉ះពាល់អីផ្សេងៗទៅ អំពីអាជ្ញាធរ ឬមួយក៏អំពីរដ្ឋាភិបាល។ហ្នឹងហើយដែលជាចំណុចមួយដែលយើងមើលឃើញថា វាជាបញ្ហាប៉ះពាល់ទៅដល់ការអនុវត្តសកម្មភាព»។
លោកកន សាវាង្ស បញ្ជាក់ទៀតថា ចាប់តាំងពីច្បាប់នេះត្រូវបានដាក់ឲ្យចូលជាធរមាននោះ សកម្មភាពរបស់អង្គការសមាគមនៅតាមមូលដ្ឋាន ជារឿយៗស្ថិតក្រោមការឃ្លាំមើលរបស់អាជ្ញាធរ ដោយមានការចុះមកថតរូប ស្រង់បញ្ជីវត្តមាន និងតម្រូវឲ្យមានការជូនដំណឹងជាមុនដល់អាជ្ញាធរ មុនពេលអង្គការសង្គមស៊ីវិលធ្វើកម្មវិធីជួបជុំជាមួយពលរដ្ឋ។
ច្បាប់ស្តីពី«សមាគម និងអង្គការក្រៅរដ្ឋាភិបាល» ដែលមាន៩ជំពូក និង៣៩មាត្រា ត្រូវបានអនុម័តដោយរដ្ឋសភាជាតិ កាលពីខែកក្កដា ឆ្នាំ២០១៥បន្ទាប់ពីមានការតវ៉ាតាំងពីឆ្នាំ២០១៣មក។ ការតវ៉ាប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះបានធ្វើឡើងជាបន្តបន្ទាប់ពីសំណាក់អង្គការសង្គមស៊ីវិលមួយចំនួន។
កញ្ញា ប្រាក់ មុន្នីរត្ន ប្រធានសមាគមយុវជនខ្មែរ ប្រាប់វីអូអេ នៅក្រៅសិក្ខាសាលាស្តីពីវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលថាច្បាប់ដែលមានលក្ខណៈចម្រូងចម្រាសនេះ មិនបានលើកទឹកចិត្តយុវជនទាំងនៅថ្នាក់ខេត្ត និងរាជធានីឲ្យចូលរួមក្នុងកិច្ចការសង្គមនោះទេ។
«យុវជនខ្លះហ្នឹង គាត់គ្រាន់តែជានិស្សិតមួយដែលគាត់ចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិរបស់យើងអ៊ីចឹង។អ៊ីចឹងចង់មិនចង់ នៅពេលដែលយើងតម្រូវឲ្យគាត់មានការបង់ថវិកា ឬក៏គាត់មានរបាយការណ៍ផ្ញើជូនមួយចំនួនទៅកាន់រាជរដ្ឋាភិបាលអ៊ីចឹង វាធ្វើឲ្យពេលខ្លះ ដំណើការទាំងអស់ហ្នឹងមានផលវិបាកសម្រាប់គាត់»។
នាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតែងតែរិះគន់ច្បាប់នេះ ចាប់តាំងពីច្បាប់នេះស្ថិតក្នុងដំណាក់កាលព្រាងនៅឡើយ។លោកថា រហូតមកដល់ពេលនេះ មានអង្គការសមាគមជាតិនិងអន្តរជាតិជាង៥ពាន់កំពុងដំណើរការក្នុងប្រទេសកម្ពុជា។
«គ្រាន់តែថាៗទៅ!ធម្មតាចោទតាំងពីដើមរៀងមក។ គាត់មិនដែលថា មានច្បាប់ណាដែលគាត់ពេញចិត្តទេ។ គាត់ចោទតាំងពីមិនទាន់មានច្បាប់ ក៏ធ្វើច្បាប់ទៅ[ថា]រឹតបន្តឹងតែរហូតហ្នឹង! ប៉ុន្តែក៏ចេះតែមានដំណើរការរហូត។មកដល់ពេលនេះអង្គការក្រៅរដ្ឋាភិបាលមានជាង៥ពាន់ហើយ ថ្វីដ្បិតតែ[គាត់ថា] មានការមានការគាបសង្កត់ ឬចោទប្រកាន់អ៊ីចឹងមែន»។
វីអូអេមិនអាចសុំការអធិប្បាយបន្ថែមពីលោកមាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកខាងច្បាប់នេះ បានទេនៅថ្ងៃច័ន្ទនេះ ទាក់ទងនឹងការយកថ្លៃសេវានៃការចុះបញ្ជីអង្គការសមាគម និងការជូនដំណឹងនៃការផ្លាស់ប្តូររចនាសម្ព័ន្ធដឹកនាំអង្គការសមាគម។
អង្គការសង្គមស៊ីវិលលើកឡើងថា ទោះបីមានកិច្ចប្រជុំពិគ្រោះយោបល់ចំនួន៦លើក រវាងអង្គការសង្គមស៊ីវិល និងភាគីរដ្ឋាភិបាលទៅលើមាត្រារឹតត្បិតនានាក៏ដោយ ក៏មិនទាន់មានការព្រមព្រៀងលើចំណុចណាមួយនោះទេ។ មាត្រាទាំង១៤ដែលអង្គការសង្គមស៊ីវិលសុំកែប្រែ រួមមានមាត្រា១ មាត្រា៧ មាត្រា៨មាត្រា៣០ មាត្រា៣១ មាត្រា៣២ និងមាត្រា៣៥ជាដើម៕